ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា ដើម្បី​សង្គ្រោះ​ជីវិត មិន​មែន​មក​សម្លាប់​នោះ​ទេ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​​លោក​ Pham Minh Chin នាយករដ្ឋមន្ត្រី​​វៀតណាម​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥​ឆ្នាំ​នៃ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​តស៊ូ​រំដោះ​ជាតិ»​​ពី​​របប​ ប៉ុល ពត» នៅ​​ខេត្ត​ត្បូង​ឃ្មុំ​ ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ២០២២។ (Facebook/Cambodian PM Hun Sen)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​​លោក​ Pham Minh Chin នាយករដ្ឋមន្ត្រី​​វៀតណាម​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥​ឆ្នាំ​នៃ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​តស៊ូ​រំដោះ​ជាតិ»​​ពី​​របប​ ប៉ុល ពត» នៅ​​ខេត្ត​ត្បូង​ឃ្មុំ​ ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ២០២២។ (Facebook/Cambodian PM Hun Sen)

នៅ​ក្នុង​ខួប​៤៥​ឆ្នាំ​នៃ​ដំណើរ​ស្វែង​រក​ជំនួយ​ពី​កង​ទ័ព​វៀតណាម លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ បាន​ថ្លែង​ថា ​កង​ទ័ព​វៀតណាម​ចូល​ទឹកដី​កម្ពុជា កាល​ពី​ជាង​៤០​ឆ្នាំ​មុន គឺ​ដើម្បី​ផ្តួល​រំលំ​របប​កាប់​សម្លាប់​ដោយ​ក្រុម​ខ្មែរ​ក្រហម និងសង្គ្រោះ​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា មិន​មែន​ជា​ការ​ចូល​មក​ឈ្លាន​ពាន ឬ​ក៏​សម្លាប់​ប្រជា​ជន​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥​ឆ្នាំ​នៃ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​តស៊ូ​រំដោះ​ជាតិ» ចេញ​ពី​«របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត» ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ២០២២។

លោក ហ៊ុន សែន​ បាន​អះអា​ង​ថា ​អង្គការ​សហ​ប្រជាជាតិ តាម​រយៈ​តុលាការ​ខ្មែរ​ក្រហម បាន​សម្រេច​កាត់​ទោសក្រុម ប៉ុល ពត ដែល​នេះ​បញ្ជាក់​ថា​ការ​ចូល​មក​របស់​កង​ទ័ព​វៀតណាម និង​ការ​សុំ​ជំនួយ​ពី​កង​ទ័ព​វៀតណាម មិន​ខុស​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «នេះ​ជា​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​តែ​ម្តង​ថា​ ទង្វើ​របស់​វៀតណាម​ត្រឹម​ត្រូវ។ បើ​ទង្វើ​វៀតណាម​មិន​ត្រឹម​ត្រូវ​ មិន​ចាំ​បាច់​កាត់​ទោស​ពួក​ខ្មែរ​ក្រហម​ធ្វើ​អី។ មនុស្ស​មួយ​ចំនួន​ចោទ​ថា​ខ្ញុំ​ជា​អ្នក​ទៅ​ដឹក​ដៃ​កង​ទ័ព​វៀតណាម​ឱ្យ​មក​សម្លាប់​ប្រជា​ជន​កម្ពុជា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ស្លាប់​ដោយ​កង​ទ័ព​វៀតណាម?»។

លោក ហ៊ុន សែន បន្ត​ថា​ប្រសិន​បើ​វៀតណាម​ចង់​បាន​ទឹក​ដី​កម្ពុជា ពួកគេ​នឹង​ទន្ទ្រាន​យក​កាល​ពី​៤០​ឆ្នាំ​មុន នៅ​ពេល​ដែល​កង​ទ័ព​របស់​គេ​ចូល​មក​ទឹក​ដី​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គ្មាន​សិទ្ធិ​ដើម្បី​ប្រគល់​ដី​ឱ្យ​វៀតណាម​សូម្បី​មួយ​មីលីម៉ែត្រ ហើយ​ខ្ញុំ​ក៏​មិន​ចង់​បាន​ទឹកដី​វៀតណាម សូម្បី​មួយ​មីលីម៉ែត្រ។ សូម​ឱ្យ​តែ​ត្រូវ​ទៅ​តាម​ក្បួន​ខ្នាត​ដែល​អាណានិគម​និយម​បារាំង​បាន​បន្សល់​ទុក​ទៅ​បាន​ហើយ។ខ្ញុំ​អត់​ត្រូវ​ការ​អី​ទេ ហើយ​វៀតណាម​ក៏​មិន​ត្រូវ​ការ​យក​ដី​យើង ឯ​យើង​ក៏​មិន​ត្រូវ​ការ​យក​ដី​វៀតណាម​ដែរ»។»

បើ​តាម​លោក ហ៊ុន សែន កង​ទ័ព​វៀតណាម​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា ក្នុង​ឆ្នាំ​១៩៨៩ មុន​ពេល​កម្ពុជា​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សវនាការ​នៃ​តុលាការ​ខ្មែរ​ក្រហម​កាល​ពី​កន្លង​ទៅ មេដឹកនាំ​ខ្មែរ​ក្រហម​បាន​អះអាង​ថា ​វៀតណាម​ជា​សត្រូវ​របស់​កម្ពុជា ហើយ​វៀតណាម​ទន្ទ្រាន​ដី​កម្ពុជា​ផង​ដែរ។

លោក នួន​ ជា អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា​ប្រទេស​វៀតណាម​មាន​គំនិត​ចង់​ធ្វើ​ចៅហ្វាយ​ឬ​ក៏​គ្រប់គ្រង​លើ​ប្រទេស​តូចៗ ជា​ពិសេស​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា​ វៀតណាម​បាន​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​ជាច្រើន​លើក​ច្រើន​សា និង​មាន​ការ​បង្កប់​គិញ​ផ្សេងៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ផ្តួល​រំលំ​របប​នេះ​ផង​ដែរ។

លោក​ នួន​ ជា និ​យាយ​ថា៖ «នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៧ វៀតណាម​បាន​វាយ​ប្រហារ​ដោយ​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ឈ្លាន​ពាន​កម្ពុជា​ប្រជា​ធិបតេយ្យ តែ​ត្រូវ​បាន​វាយ​បក​វិញ​ពី​កង​ទ័ព​កម្ពុជា​ប្រជាធិបតេយ្យ។ តែ​នៅ​ខាង​ភូមិ​ភាគ​បូព៌ា​ មាន​កង​ទ័ព​កម្ពុជា​ប្រជាធិប​តេយ្យ​មួយ​ចំនួន​រត់​ចោល​ជួរ​ដោយ​មាន​ពួក​ក្បត់​បង្កប់​ក្នុង​កងទ័ព បង្កប់​បម្រើ​នយោបាយ​បំបែក​បំបាក់​របស់​វៀតណាម។ ឆ្នាំ​១៩៧៨ ខែ​វិច្ឆិកា វៀតណាម​កុម្មុយនីស្ត​បាន​ខំ​ព្យាយាម​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​មាន​ វ៉ន វ៉េត ចូលរួម​តែ​ត្រូវ​បរាជ័យ»។

នៅ​ក្នុង​ពិធី​រំឭក​ខួប​៤៥​ឆ្នាំ​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញឈិញ (Pham Minh Chin) បាន​ថ្លែង​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន ថា​វៀតណាម​និង​កម្ពុជា គឺ​ជា​«មិត្ត​ដ៏​យូរ​អង្វែង» «ស្មោះស្ម័គ្រ​»ចំពោះ​គ្នាទៅ​វិញ​ទៅ​មក និង​ចេះ​ជួយ​គ្នា​នៅ​គ្រា​លំបាក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥​មក​ម្ល៉េះ។ លោក​បន្ថែម​ថា​របប ​ប៉ុល ពត ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ បាន​បំផ្លាញ​នូវ​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​វាយ​ឈ្លាន​ពាន​យក​កោះ​មួយ​ចំនួន​របស់វៀតណាម ក្នុង​ឆ្នាំ​១៩៧៥ ព្រម​ទាំង​បាន​សម្លាប់​ជីវិត​របស់​ប្រជាជនវៀតណាម​ជាច្រើន​រយ​នាក់​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖ «នៅ​ពេល​នោះ ទោះ​បី​មាន​សិទ្ធិ​វាយ​បក​ និង​អាច​កម្ទេច​ពួក​ឈ្លាន​ពាន​បាន​ទាំង​ស្រុង​ក៏​ដោយ ក៏​ប៉ុន្តែ​វៀតណាម​នៅ​រក្សា​ភាព​អត់​ធ្មត់​ជា​ទី​បំផុត ដើម្បី​ការពារ​សន្តិភាព​ និង​ចៀស​សង្គ្រាម​ដែល​មិន​ចង់​បាន ដែល​អាច​បង្ក​ការ​ខាត​បង់​ដល់​ប្រជា​ជន​ ហើយ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ ជាមួយ​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​នៃ​ការ​តស៊ូ មិន​ចេះ​ឱន​ក្បាល​ ស្រឡាញ់​សន្តិភាព មិន​ចុះ​ចាញ់​កម្លាំង​ឃោរឃៅ ប្រជា​ជន​កម្ពុជា​នឹង​ក្រោក​ឡើង​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ចូល​ធ្វើ​ទាហាន​ក្នុង​កង​ទ័ព​របស់​ខ្មែរ​ក្រហម តាម​ការ​អំពាវ​នាវ​របស់​អតីត​ព្រះមហាក្សត្រ​ នរោត្តម ​សីហនុ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ស្វែង​រក​ជំនួយ​ពី​វៀតណាម បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា​លោក​បាន​ប្តូរ​ជីវិត ក្នុង​ដំណើរ​តស៊ូ​រំដោះ​កម្ពុជា​ចេញ​ពី​របប​កាប់​សម្លាប់ ហើយ​លោក​ថា​ជោគ​ជ័យ​នោះ មិន​មែន​ជា​ជោគ​ជ័យ​ផ្តាច់​មុខ​របស់​លោក​ឡើយ ប៉ុន្តែ​វា​ជា​ជោគ​ជ័យ​របស់​ប្រជាជន​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG