លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានក្លាយជាប្រមុខរដ្ឋាភិបាលបរទេសដំបូងដែលបានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចពីរដ្ឋាភិបាលស៊ីវិលនៅដើមខែកុម្ភៈឆ្នាំ២០២១ដោយរដ្ឋប្រហារយោធា។ ទស្សនកិច្ចរយៈពេល២ថ្ងៃកាលពីថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២នេះ បានដិតដាមដោយការប្រឆាំងពីសហគមន៍មីយ៉ាន់ម៉ាទាំងក្នុងនិងក្រៅប្រទេសបើទោះបីជាថ្នាក់ដឹកនាំកម្ពុជាថ្លែងថាវាជាការជួយស្វែងរកវិធីសម្រុះសម្រួលបញ្ចប់ហិង្សាមុននឹងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញបន្ទុក។
ក្រុមអ្នកការទូតបរទេសនិងអ្នកវិភាគនានាក៏ដូចជាសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថា រដ្ឋបុរសកម្ពុជាដែលពេលនេះកំពុងកាន់តំណែងជាប្រធានប្តូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) កំពុងតែខិតខំប្រឹងប្រែងបង្កើតមរតកនយោបាយមួយសម្រាប់ខ្លួនលោកផ្ទាល់មុននឹងលាចាកចេញពីនយោបាយនិងជាការបង្ហាញថាកម្ពុជាបានប្រែក្លាយពីរដ្ឋបរាជ័យមួយដែលទទួលជំនួយហិរញ្ញវត្ថុនិងយោបល់ពីសហគមន៍អន្តរជាតិទៅជាប្រទេសដែលដើរតួនាទីដ៏សំខាន់ក្នុងឆាកអន្តរជាតិ។ ពួកគេថ្លែងថាមហិច្ចតាផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ដែលបានកាន់អំណាចនៅកម្ពុជារយៈពេល ៣៧ ឆ្នាំកំពុងតែធ្វើឲ្យអាស៊ានខូចកេរ្តិ៍ឈ្មោះនិងឈានទៅបែកបាក់គ្នា។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន សម្រេចបានសេចក្តីប្រកាសរួមមួយដែលមានការប្រកាសជាឯកតោភាគីដោយរបបយោធាមីយ៉ាន់ម៉ាក្នុងការពន្យារបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ គឺពេញមួយអាណត្តិដែលកម្ពុជាធ្វើជាប្រធានប្តូរវេនរបស់អាស៊ានការអនុញ្ញាតឲ្យចែកចាយជំនួយមនុស្សធម៌ដល់គ្រប់ភាគីដោយមិនមានការរើសអើងនិងសំខាន់បំផុតគឺការអនុញ្ញាតឲ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចជួបជាមួយនឹងគ្រប់ភាគីដើម្បីសម្របសម្រួលបន្ធូរបន្ថយបញ្ហាហើយនេះជាអ្វីដែលប្រេសិតមុនក្រោមការដឹកនាំរបស់ប្រទេសព្រុយណេមិនអាចសម្រេចបាន។
ប៉ុន្តែបន្ទាប់ពីប្រតិភូកម្ពុជាចាកចេញមិនដល់ប៉ុន្មានម៉ោងផងពួកយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសលើរដ្ឋធានី Loikaw ដែលជារដ្ឋធានីនៃរដ្ឋ Kayah ដោយបានបណ្តាលឲ្យពលរដ្ឋជាច្រើនពាន់នាក់ត្រូវរត់ចេញពីលំនៅដ្ឋាន។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបានទទួលស្គាល់ថាបញ្ហារបស់មីយ៉ាន់ម៉ាមានលក្ខណៈស្មុគស្មាញ៖ «មិនមែនជាការងាយស្រួលទេដូចខ្ញុំបានលើកឡើងកន្លងមកហើយថាបញ្ហាមីយ៉ាន់ម៉ាមិនអាចដោះស្រាយរួចតាមរយៈទស្សនកិច្ចមួយដងពីរដងឬបីដងឬរហូតដល់មួយអាណត្តិឯណោះក៏ទេដែរ។ មិនអាចឆាប់ៗបែបនេះបានទេ។ អ៊ីចឹងយើងត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់និងត្រូវការភាពជាក់ស្តែង។ យើងដោះស្រាយបញ្ហាតាមភាពជាក់ស្តែង»។
ក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ាទើបតែអនុញ្ញាតឲ្យមានការគ្រប់គ្រងដោយរដ្ឋបាលស៊ីវិលនៅឆ្នាំ២០១១ក្រោយពីខ្លួនបានដឹកនាំអស់រយៈពេល៤៩ឆ្នាំ។ ក្រុមយោធារំពឹងថាការដឹកនាំតាមបែបស៊ីវិលនេះនឹងមានរដ្ឋបាលមួយដែលស្របគ្នានឹងខ្សែញាក់របស់ខ្លួន។ នៅឆ្នាំ២០១៥គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi (អោង សានស៊ូជី)បានឈ្នះក្នុងការបោះឆ្នោតដោយសេរីបន្ទាប់ពីមីយ៉ាន់ម៉ាអាក់ខានរៀបចំការបោះឆ្នោតចំនួន២៥ឆ្នាំ។ ក្រុមយោធាមីយ៉ាន់ម៉ានិងគណបក្សរណបបានចាញ់កម្លាំងប្រជាធិបតេយ្យយ៉ាងចាស់ដៃបើទោះបីជាបានប្រើប្រាស់រដ្ឋធម្មនុញ្ញចងយ៉ាងណាដើម្បីធានាវត្តមានក្រុមយោធាក្នុងរដ្ឋបាលស៊ីវិល។ នៅក្នុងការបោះឆ្នោតនៅចុងឆ្នាំ២០២០គណបក្សរបស់អ្នកស្រី Aung San Suu Kyi បានឈ្នះឆ្នោតជាថ្មីដោយសំឡេងភ្លូកទឹកភ្លូកដី។នៅចំថ្ងៃដែលរដ្ឋាភិបាលថ្មីគ្រោងស្បថចូលកាន់តំណែងក្រុមយោធាក៏បានធ្វើរដ្ឋប្រហារដោយចោទថាមានការលួចបន្លំសន្លឹកឆ្នោតយ៉ាងខ្លាំងក្នុងការបោះឆ្នោតហើយបានចាប់ឃុំមេដឹកនាំរដ្ឋាភិបាលដែលបានជាប់ឆ្នោតដែលមានរួមទាំងអ្នកស្រី Aung San Suu Kyi ផង។
អ្វីដែលមេដឹកនាំយោធាត្រូវការនៅពេលនេះគឺភាពស្របច្បាប់ចំពោះរដ្ឋប្រហារបស់ខ្លួនបន្ទាប់ពីត្រូវផាត់ចេញពីកិច្ចប្រជុំកំពូលរបស់អាស៊ានកាលពីចុងឆ្នាំមុន។ ទន្ទឹមនឹងនោះមេដឹកនាំយោធាមីយ៉ាន់ម៉ាគឺលោក Min Aung Hlaign (មីន អោងឡាំង) ក៏បានរងការថ្កោលទោសពីអន្តរជាតិនិងទណ្ឌកម្មចំពោះតួនាទីរបស់ពួកយោធាក្នុងការវាយប្រហារលើជនជាតិភាគតិចជាពិសេសជនជាតិរ៉ូហ៊ីងយ៉ា។ របបយោធាបានសន្យាម្តងជាពីរដងថានឹងរៀបចំការបោះឆ្នោតឡើងវិញហើយប្រគល់អំណាចដល់ការគ្រប់គ្រងរបស់ជនស៊ីវិល។ ពួកយោធាបានកំណត់ថានឹងរៀបចំការបោះឆ្នោតជាតិនៅខែសីហាឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែការសន្យានេះមិនត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សមីយ៉ាន់ម៉ាជឿទេ។
លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ដែលសមស្របនឹងស្ថានការណ៍នេះ។ ការណ៍នេះដោយសារលោក ហ៊ុន សែន មានបទពិសោធន៍ទាំងលើផ្នែកយោធានិងនយោបាយដោយក្នុងនោះមានការធ្វើរដ្ឋប្រហារដោយជោគជ័យក្នុងខែកក្កដាឆ្នាំ១៩៩៧និងបានកាច់ចង្កូតកម្ពុជាឆ្លងផុតវិបត្តិនោះហើយឈានទៅឈ្នះឆ្នោតនៅឆ្នាំ១៩៩៨។នៅពេលថ្មីៗនេះទៀតសោតតុលាការកំពូលកម្ពុជាដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែនថែមទាំងបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រជិតពាក់កណ្តាលប្រទេសនិងធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងប៉ុន្តែបានទទួលរងទណ្ឌកម្មអន្តរជាតិតិចតួចបំផុត។ ដូច្នេះហើយលោក ហ៊ុន សែនមានបទពិសោធន៍ច្រើនដែលអាចផ្តល់ជាមេរៀនដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាបាន។
លោក Thitinan Pongsudhirak សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជូឡាឡុងកនបានកត់សម្គាល់ថា៖ «នេះប្រហែលជាធម្មជាតិរបស់សម្ព័ន្ធជនផ្តាច់ការហើយដែលយើងឃើញលោក ហ៊ុន សែន ទៅជួបនឹងលោក Min Aung Hlaing»។
កម្ពុជាធ្លាប់តែទទួលការណែនាំពីសហគមន៍អន្តរជាតិដោយមានប្រទេសក្នុងតំបន់ដែលមានដូចជាថៃឥណ្ឌូណេស៊ីនិងសិង្ហបុរីជាដើម។ ប៉ុន្តែពេលនេះជាឱកាសដែលកម្ពុជាដើរតួនាទីក្នុងនាមជាអ្នកសម្របសម្រួលដល់ប្រទេសក្នុងតំបន់វិញម្តង។ លោកហ៊ុន សែនបានរំលឹកម្តងហើយម្តងទៀតថាកិច្ចព្រមព្រៀងចំនួន៥ចំណុចដែលមេដឹកនាំអាស៊ានបានសម្រេចរួមគ្នាកាលពីខែមេសាឆ្នាំ២០២១ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាគឺជាគំនិតដើមរបស់លោក។
ស្ថានការណ៍នៃប្រទេសមីយ៉ាន់ម៉ានៅពេលនេះស្រដៀងគ្នានឹងស្ថានការណ៍កម្ពុជាកាលពីជិត២៥ឆ្នាំមុនដែលអាស៊ានបានពន្យារពេលកម្ពុជាចូលជាសមាជិកបន្ទាប់ពីរដ្ឋប្រហារដែលលោកហ៊ុន សែនបានធ្វើ។ រីឯអង្គការសហប្រជាជាតិបានព្យួរអាសនៈកម្ពុជាមួយរយៈ។ ដូច្នេះគ្មានអ្នកណាយល់ចិត្តអ្នកដែលបានរងសម្ពាធពីអង្គការតំបន់និងអង្គការពិភពលោកដូចលោក ហ៊ុន សែន មានចំពោះលោក Min Aung Hlaingនៅពេលនេះទេ។ ហើយស្របពេលដែលកម្ពុជាកំពុងមានឋានៈជាប្រធានប្តូរវេនរបស់អង្គការថ្នាក់តំបន់នេះគឺត្រូវតែដោះស្រាយបញ្ហាដដែលដោយវិធីសាស្ត្រផ្សេង។ នោះគឺវិធីរបស់លោក ហ៊ុន សែន ដែលមិនតាមអភិក្រមរបស់អាស៊ានដែលផ្តោតលើជំហររួម។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះលោក ហ៊ុន សែន មិនបានជួបជាមួយនឹងអ្នកស្រីAung San Suu Kyi ដែលកំពុងជាប់ពន្ធនាគារទេដោយសារតែគ្មានការអនុញ្ញាតពីក្រុមយោធា។ កម្ពុជាថ្លែងថាខ្លួនមិនសុខចិត្តជល់នឹងជញ្ជាំងដែលមិនអាចបុកបំបែកបាននោះទេ។នេះបើតាមការថ្លែងរបស់លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។
អ្នកវិភាគបស្ចិមប្រទេសខ្លះថាលោក ហ៊ុន សែន គឺជាមនុស្សដែលចូលចិត្តប្រថុយប្រថាននិងជាបីតានៃការគេចយករួចខ្លួន។ ជាពិសេសនៅពេលដែលលោកបានភៀសខ្លួនចេញពីរបបខ្មែរក្រហមទៅប្រទេសវៀតណាមក្នុងឆ្នាំ១៩៧៧និងក្រោយពីបានធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ដែលបានទម្លាក់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិនាយករដ្ឋមន្ត្រីទី១ដែលបានជាប់ឆ្នោតស្របច្បាប់។ នេះបើតាមការរៀបរាប់របស់លោក Peter Maguire អ្នកស្រាវជ្រាវស្តីពីរបបខ្មែរក្រហម។
ការប្រថុយប្រថានរបស់លោក ហ៊ុន សែន ក៏បានស្តែងចេញឲ្យឃើញក្នុងការចរចាជាមួយនឹងក្រុមខ្មែរក្រហមដែលឈានទៅដល់ការរំលាយរចនាសម្ព័ន្ធយោធានិងនយោបាយរបស់ក្រុមខ្មែរក្រហមនៅចុងទសវត្សរ៍១៩៩០ដោយប្រើគោលនយោបាយឈ្នះ-ឈ្នះរបស់លោក។ នេះជាអ្វីដែលលោកហ៊ុន សែនបានចែករំលែកជាមួយនឹងលោក Min Aung Hlaing។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជានិងមីយ៉ាន់ម៉ា។
អ្នកការទូតនៃរដ្ឋាភិបាលបង្រួបង្រួមជាតិមីយ៉ាន់ម៉ានិងសកម្មជនសិទ្ធិមនុស្សនានាថាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែនគឺជាការផ្តល់ការទទួលស្គាល់ដល់របបយោធាមីយ៉ាន់ម៉ានិងមានលក្ខណៈលម្អៀង។ ពួកគេបានតវ៉ានៅក្នុងប្រទេសនិងនៅក្រៅប្រទេសប្រឆាំងនឹងដំណើរទស្សនកិច្ចនោះ។
លោក ប្រាក់ សុខុន ដែលទទួលភារកិច្ចជាបេសកជនពិសេសរបស់ប្រធានប្តូរវេនអាស៊ានក៏បានថ្លែងថាកម្ពុជាក៏ស្ទើរតែចត់បាយដែរក្រោមសម្ពាធពីក្រុមពលរដ្ឋមីយ៉ាន់ម៉ានិងការដាក់គ្រាប់បែកនៅស្ថានទូតកម្ពុជានិងការផ្ទុះគ្រាប់បែកខ្យល់ចំនួនពីរគ្រាប់នៅក្បែរស្ថានទូត។
ក្នុងឆ្នាំ២០១២ក្រោមការដឹកនាំរបស់កម្ពុជាក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានខកខានមិនអាចចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៤៥ឆ្នាំនៃអង្គការតំបន់នេះដោយសារតែបញ្ហាសមុទ្រចិនខាងត្បូងដែលមានជាប់ពាក់ព័ន្ធជម្លោះរវាងសមាជិកអាស៊ានមួយចំនួននិងប្រទេសចិន។ កម្ពុជារងការចោទប្រកាន់ថាបានលម្អៀងទៅចិន។ រីឯដំណើរទៅប្រទេសមីយ៉ាន់ម៉ាលើកនេះត្រូវបានលោកសាស្ត្រាចារ្យThitinan Pongsudhirakនៃសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃលើកឡើងថាផលដែលលោកហ៊ុន សែនទទួលបាននេះគឺក្រោមការចំណាយរបស់អាស៊ានដែលអាចធ្វើឲ្យអាស៊ានកាន់តែបាត់កិត្តិយសបន្ថែម។
លោក Thitinan Pongsudhirak មានជំនឿថាអ្វីដែលលោក ហ៊ុន សែន ធ្វើនេះគឺដើម្បីបន្សល់កេរ្តិ៍ឈ្មោះជាចុងក្រោយមុនពេលលោកដកខ្លួនចេញពីឆាកនយោបាយនិងប្រគល់តំណែងនោះទៅកូនប្រុសច្បងរបស់លោកគឺលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។ លោក ហ៊ុន ម៉ាណែត ក៏មានវត្តមានក្នុងដំណើរទស្សនកិច្ចការងារនោះដែរ។
លោក Thitinan Pongsudhirak បានបន្ថែមថា៖ «ច្បាស់ណាស់ថាគាត់ចង់បន្សល់ទុកនូវកេរដំណែលមួយហើយគាត់បានបន្តតំណែងទៅលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់គាត់ហើយនេះនឹងក្លាយជាយុគសម័យចុងក្រោយរបស់គាត់ក្នុងនាមជាប្រធានអាស៊ានក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា។ គាត់ចាស់ហើយ ហេតុអ្វីគាត់ធ្វើបែបនេះ? នេះមិនមែនជាកេរដំណែលល្អទេ»។
អ្នកការទូតជើងចាស់ដូចជាលោក Kasit Piromya (កាសិត ភីរម្យ)អតីតរដ្ឋមន្ត្រីការបរទេសថៃមើលឃើញថាករណីភូមាគឺជាចំណុចចាប់ផ្តើមនៃការបែកបាក់អាស៊ានជាពិសេសអាស៊ានពិបាករកចំណុចរួមក្នុងការប្រឆាំងនឹងបញ្ហានានាដែលតំបន់នេះជួបប្រទះហើយវាបានចាប់ផ្តើមតាំងពី១០ឆ្នាំមុនក្រោមការដឹកនាំរបស់កម្ពុជា។
លោក Kasit Piromya បានបន្ថែមថា៖ «ខ្ញុំគិតថាករណីវិបត្តិនៅប្រទេសភូមាបានបញ្ជាក់ថាអាស៊ានលែងជួយអ្វីបានទៀតហើយពីព្រោះពួកគេលែងមានមនោគមវិជ្ជាឬទស្សនាទានរួមអំពីអ្វីដែលជាគ្រោះថ្នាក់ទៀតហើយ។ ដូច្នេះពួកគេសម្របតាមអ្វីដែលជាចំណុចទាបបំផុតដើម្បីឲ្យគ្រប់គ្នាអាចទទួលយកបាន»។
អាស៊ានមានសមាជិក១០ប្រទេសប៉ុន្តែពាក់កណ្តាលនៃក្រុមនេះមានការដឹកនាំមិនតាមលទ្ធិប្រជាធិបតេយ្យ។កម្ពុជាបានឈានមកដល់ដឹកនាំតាមបែបផ្តាច់ការ។ ថៃដឹកនាំដោយក្រុមយោធាពាក់កណ្តាលនិងប្រជាធិបតេយ្យពាក់កណ្តាល។វៀតណាមនិងឡាវជាប្រទេសកុម្មុយនីស្តនិងមីយ៉ាន់ម៉ាទើបតែបានបំផ្លាញរដ្ឋាភិបាលប្រជាធិបតេយ្យនិងគ្រប់គ្រងដោយពួកយោធាដោយបំផ្លាញក្តីសង្ឃឹមដែលបានកសាងក្នុងរយៈពេល១០ឆ្នាំកន្លងមក។
កិច្ចប្រជុំដំបូងរបស់អាស៊ានក្រោមការដឹកនាំរបស់កម្ពុជាដែលគ្រោងធ្វើនៅថ្ងៃទី១៨និង១៩ខែមករាត្រូវពន្យារពេលដោយមិនទាន់កំណត់កាលបរិច្ចេទថ្មី។ ក្រសួងការបរទេសកម្ពុជានិយាយថារដ្ឋមន្ត្រីអាស៊ានខ្លះថាពិបាកចូលរួម។ កម្ពុជាបានអញ្ជើញរដ្ឋមន្រ្តីការបរទេសដែលតែងតាំងដោយក្រុមយោធាមីយ៉ាន់ម៉ាគឺលោក Wunna Maung Lwin ឲ្យចូលរួម។
ឥណ្ឌូណេស៊ីធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ហើយថាគឺអាស៊ានគួរតែអនុញ្ញាតឲ្យតំណាងមីយ៉ាន់ម៉ាមិនមែនគណបក្សនយោបាយចូលរួមប្រជុំប៉ុណ្ណោះដរាបណាបើមិនមានការអនុវត្តតាមកិច្ចព្រមព្រៀង៥ចំណុចដែលរួមមានការបញ្ចប់ហិង្សាការចរចាគ្រប់ភាគីផ្តល់ជំនួយមនុស្សធម៌និងបើកលទ្ធភាពឲ្យប្រេសិតប្រធានអាស៊ានធ្វើដំណើរចរចា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវទ្វេគ្រោះដែលលោកត្រូវជួបក្នុងឋានៈជាប្រធានអាស៊ាន។ ក្នុងកម្មវិធីសម្ពោធផ្លូវមួយកាលពីថ្ងៃចន្ទបន្ទាប់ពីត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ាបានពីរថ្ងៃលោកហ៊ុន សែនថ្លែងថាក្នុងនាមជាប្រធានប្តូរវេនអាស៊ានទោះបីជាលោកធ្វើក៏ខុសហើយមិនធ្វើក៏ខុសដែរ។ ដូច្នេះជម្រើសរបស់លោកមានតែធ្វើការចរចាជាមួយនឹងមេដឹកនាំយោធានៅមីយ៉ាន់ម៉ា។
លោក ហ៊ុន សែន បានថ្លែងថា៖ «បើខ្ញុំនៅស្ងៀមអត់ធ្វើសកម្មភាពរឿងមីយ៉ាន់ម៉ាវានៅតែដដែលហ្នឹង។ ដល់ពេលខ្ញុំទៅធ្វើគេថាខ្ញុំខុស។ ខ្ញុំមិនធ្វើក៏គេថាខុស។ អីចឹងធ្វើទៅវាល្អជាងមិនធ្វើហើយលទ្ធផលនឹងចេញតាមក្រោយវាមិនចេញក្នុងមួយថ្ងៃពីរថ្ងៃទេ»។
បើទោះបីជាគេមិនដឹងថាតើការដោះស្រាយករណីមីយ៉ាន់ម៉ាអាចចេញជាលទ្ធផលយ៉ាងណាហើយតាមទំនងគឺអាចនឹងបន្តទៅដល់ប្រធានប្តូរវេនបន្ទាប់គឺឥណ្ឌូណេស៊ីក៏ដោយ ប៉ុន្តែអ្វីដែលលោកហ៊ុន សែនធ្វើនៅពេលនេះបានបន្ថែមមរតកនយោបាយថ្មីមួយទៀតសម្រាប់ខ្លួនលោកផ្ទាល់និងកម្ពុជាក្នុងការដើរតួនាទីជាមេដឹកនាំថ្នាក់តំបន់៕