ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគមរោងចក្រកាត់ដេរ GMAC ស្នើសហភាពអឺរ៉ុបកុំឲ្យដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ EBA


Refugee puppet Little-Amal makes an appearance outside the Ukrainian Embassy to highlight the plight of people feeling the Russian invasion of Ukraine, in London.
Refugee puppet Little-Amal makes an appearance outside the Ukrainian Embassy to highlight the plight of people feeling the Russian invasion of Ukraine, in London.

សមាមគម​រោងចក្រ​កាត់​ដេរនៅ​​កម្ពុជា​​យល់​ថា​ ការ​ប្រកាស​នេះ​បាន​ធ្វើឲ្យ​​វិស័យឯក​ជន​ កម្មករ​ ​និង​អ្នកបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​មានការ​តក់​ស្លុត​និង​អាច​បង្កផល​ប៉ះពាល់​ជា​អវិជ្ជមាន​រយៈ​ពេល​វែង​លើ​ផលិតកម្ម​កាត់ដេរ​របស់​កម្ពុជា។

​គ្រា​ដែល​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ដក​ពន្ធ​អនុគ្រោះ​លើ​ទំនិញ​កម្ពុជា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំពោះ​ការ​ដើរ​ថយ​ក្រោយ​នៃ​ប្រព័ន្ធ​នយោបាយ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ ​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​ក្រុម​មេដឹកនាំ​របស់សហគមន៍​អឺរ៉ុប​កុំ​ឲ្យ​ចាត់​វិធានការ​ណា​មួយ​មក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​ ដែល​ពួកគេ​អះអាង​ថា​ វិធានការ​ណា​មួយ​នោះ​នឹង​បង្ក​ផល​ប៉ះពាល់​លើ​ជីវិតកម្មករ​និង​ដំណើរ​ការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា។

ក្រុមអ្នកនាំ​ចេញ​សម្លៀកបំពាក់​នៅ​ប្រទេស​កម្ពុជា​ ​បាន​ទទូច​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​ដែល​ពួក​គេ​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យូរអង្វែង​មក​លើ​ឧស្សាហកម្ម​កាត់ដេរ​ដែល​កំពុង​ផ្តល់​ការងារ​ដល់​ប្រជារាស្ត្រ​ខ្មែរយ៉ាង​ហោច​ណាស់៧០ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។​ ​នេះ​បើយោង​តាម​លិខិត​របស់​សមាគមរោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅកាត់ថា​ ​(GMAC)​ ​ដែល VOA ​ទទួល​បាន។ ​

​សហគមន៍​អឺរ៉ុប​ដែល​ក្រុម​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​អះអាង​ថា​ ជាទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កាត់​ដេរកម្ពុជា​នោះ​ បាន​គំរាម​ដក​ការ​អនុគ្រោះពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​តាម​កម្មវិធី​ពាណិជ្ជកម្ម​ដែល​គេ​សា្គល់​ថា​ ​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សពា្វវុធ»​ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ដំណើរការ​ប្រជាធិបតេយ្យ​ ​សេរី​ពហុបក្ស​នៅ​កម្ពុជា។​

លិខិត​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​ចុះ​ហត្ថលេខា​ដោយ​លោក​ ខេន លូ​ ​(Ken Loo)​ ​អគ្គលេខាធិការ​សមាគម​នេះ​ ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​ ​ដែល​បាន​ផ្ញើ​ជូន​ទៅ​អ្នកស្រី ​Cecilia Malmstrom​ ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​និង​បាន​ចម្លង​ជូន​ក្រុម​មន្ត្រី​របស់​សហភាព​អឺរ៉ុបផ្សេង​ទៀត​ ​បាន​ពណ៌នា​ពី​ស្ថានភាព​របស់​វិស័យ​កាត់​ដេរ​ នៅកម្ពុជា​ ដែល​មិន​ត្រឹម​តែ​ផ្តល់​ការ​ងារ​ដល់​ក្រុមកម្មករ​នោះ​ទេ​ តែ​ថែម​ទាំង​បាន​ជួយ​ពលរដ្ឋ​ប្រមាណ​២លាន​នាក់​ផ្សេង​ទៀត​ ​ហើយ​ជា​រៀរាល់​ខែ​ ប្រាក់​ចំនួន​១៥០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បើក​ជូនកម្មករ។​ GMAC ក៏​បាន​កត់​សម្គាល់​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​របស់​ពួកគេ​ទៅ​សហភាព​អឺរ៉ុប​ គឺ​មាន​ដល់​ទៅ​ជាង​៤៦ភាគរយ​ ហើយ​បាន​តាំងចិត្ត​ថា​នឹង​បង្កើន​ចំនួន​នៃ​ការ​នាំ​ចេញ​ទៅ​ឆ្នាំ​ខាង​មុខ​ទៀត។

សមាគម​រោងចក្រកាត់​ដេរ​នៅកម្ពុជាក៏​បាន​រៀបរាប់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធិ​កម្មករ​និង​ការ​អនុវត្ត​កតិការ​សញ្ញា​ផ្សេងៗ​ជាច្រើន​ទៀត​ ​ដែល​នឹង​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការងារ​ ការ​ការពារ​បរិស្ថាន​ អភិបាល​កិច្ច និងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។​

អម​ជាមួយ​នឹង​ការ​រៀបរាប់​អំពី​ការ​ប្តេជ្ញា​ចិត្តនេះ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ពី​ការបារម្ភ​របស់​ខ្លួន​ ​ចំពោះ​ការ​ប្រកាស​ថ្មី​របស់​សហភាព​អឺរ៉ុប​ ​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ពីការ​ព្យួរ​ទុក​ជា​បណ្តោះ​អាសន្ន​នៃ​គំនិត​ផ្តួចផ្តើម​ ​ «គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែ​សពា្វវុធ»​ ​ហៅ​កាត់​ថា​ ​EBA។

សមាមគម​រោងចក្រ​កាត់​ដេរនៅកម្ពុជាយល់​ថា​ ការ​ប្រកាស​នេះ​បាន​ធ្វើឲ្យវិស័យឯក​ជន​ កម្មករ​ ​និង​អ្នកបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​មានការ​តក់​ស្លុត​និង​អាច​បង្កផល​ប៉ះពាល់​ជា​អវិជ្ជមាន​រយៈ​ពេល​វែង​លើ​ផលិតកម្ម​កាត់ដេរ​របស់​កម្ពុជា។​

លិខិតរបស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«ការ​ផ្អាក​បណ្តោះ​អាសន្ន​នូវ​ EBA​ ​ឬ​ក៏​ការ​ដាក់​ទណ្ឌ​កម្ម​ឯកតោ​ភាគី​រយៈពេល​ខ្លី​ណា​មួយ​ អាច​នឹង​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​ជីវិត​កម្មករ​របស់​ពួក​យើង​និង​គ្រួសារ​របស់​ពួកគេ។​ រាល់​ការ​រីកចម្រើន​របស់​កម្ពុជា​ ​ដែល​សម្រេច​បាន​ក្នុងរយៈពេល​២ទសវត្សរ៍​មក​នេះ​ តាមរយៈ​កិច្ច​ខិតខំ​របស់​រាល់​អ្នកពាក់​ព័ន្ធ​ ដោយ​រាប់​បញ្ចូល​ទាំង​ដៃគូ​អភិវឌ្ឍន៍​ ដូចជា​សហភាព​អឺរ៉ុប​អាច​នឹង​ត្រូវ​បានបំផ្លាញ​ចោល​យ៉ាង​ឆាប់​រហស័»។​

លិខិត​ដដែលបាន​បន្ត​ទៀត​ក្នុង​តាម​ន័យ​ដើម​ថា៖​

«ហេតុដូច្នេះ​ យើង​អំពាវនាវ​ឲ្យ​អ្នក​មាន​ការ​សម្រេច​ចិត្ត​និង​វិធានការ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​គិតគូ​ដ៏​ត្រឹមត្រូវ។ ​GMAC​ ​ត្រៀមរួចរាល់​ក្នុងការ​ផ្តល់​ឲ្យ​អ្នក​នូវ​ការណ៍​ពិត​បន្ថែម​ទៀត​ ក្នុង​អំឡុង​ពេល​នៃការ​ត្រួតពិនិត្យ​របស់អ្នក»។​

សមាគម​រោងចក្រ​កាត់​ដេរនៅកម្ពុជា​ ហៅកាត់ថា​ (GMAC )​ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ ​ក្នុង​ការ​បន្តធ្វើ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​លក្ខណៈ​ទ្វេភាគី​ជាមួយ​សហភាព​អឺរ៉ុប​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត​ផង​ដែរ។​

កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​២០១៨នេះ​ ​សហគមន៍​អឺរ៉ុប​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ​ដោយសារតែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

អ្នកស្រី​ ​Cecilia Malmstrom​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ប្លុក​ថា​ ស្ថានភាព​កម្ពុជា​«គួរ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង‍»​ដោយ​ឃើញ​យ៉ាង​ច្បាស់​ពី​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ ហើយ​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ជឿ​ជាក់​បាន​ថា​នឹង​មាន​ការ​ប្រសើរ​ឡើង​ឡើយ។

អ្នក​ស្រី​ ​Malmstrom​ ក៏​បានឲ្យ​ដឹងបន្ថែម​ថា​ បេសកកម្ម​ថ្មីៗ​មួយ​របស់​សហភាព​អឺរ៉ុប​ទៅ​ប្រទេស​កម្ពុជា​ «បង្ហាញ​ថា​មាន​ការ​រំលោភ​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ពលកម្ម​ និង​សេរីភាព​នៃ​ការ​ជួប​ជុំ។ បញ្ហា​នេះ​បន្ថែម​ទៅ​នឹង​បញ្ហា​ធំៗ​ជាច្រើន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​និង​ការ​រឹប​អូស​ដីធ្លី»។​

បន្ថែម​លើ​ការ​អធិប្បាយ​របស់​អ្នកស្រី​ ​Malmstrom ស្ថាន​បេសកកម្ម​ការ​ទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​បន្ថែម​ពី​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​បណ្តោះ​អាសន្ន​ដែល​នឹង​ធ្វើឡើង​ជា​ពីរ​ដំណាក់កាល។​

បើ​តាម​នីតិវិធី​គឺ​ក្រោយ​ពេល​ដែល​គណៈកម្មការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​ចិត្ត​នោះ​ ដំណើរការ​នៃ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​នឹង​ចាប់ផ្តើម​ដោយ​មាន​ការ​តាម​ដាន​រយៈ​ពេល​៦ខែ​ដំបូង​សិន។ ​នៅ​ក្នុង​អំឡុង​ពេល​នេះ ​គណៈកម្មការ​ដដែល​នឹង​ទុក​ពេល​ឱ្យ​ប្រទេស​កម្ពុជា​សហការ​និង​ប្រមូល​រាល់​ព័ត៌មាន​ចាំបាច់។ បន្ទាប់​ពី​នេះ​គឺ​នឹង​មាន​រយៈ​ពេល​៦ខែ​ទៀត​ដើម្បី​សរសេរ​របាយ​ការណ៍​ស្តី​ពី​ការ​រក​ឃើញ​នានា​ដើម្បី​បញ្ចប់​ដំណើរការ​ ដែល​គណៈកម្មការ​នឹង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ជាថ្មី​ថា​ត្រូវ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ឬ​យ៉ាងណា។

លោក​ ខេន លូ​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​សារ​លោក​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែងថា​ ​ការ​រីក​ចម្រើន​មួយ​ផ្នែក​របស់​ពលរដ្ឋកម្ពុជា​អាច​នឹង​មាន​ការ​បាត់​បង់​ ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ព្យួរ​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ដល់​ការ​នាំចេញ​របស់​កម្ពុជា។​ ​លោក​អះអាង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ក៏​អាច​នឹង​ចុះ​ថមថយ​ផងដែរ។

«អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់ បើកាល​ណា​ដក​មែន​ វា​ផល​ពិបាក​ទីមួយ​គឺ​កម្មករ​ មួយ​ចំណែក​ណា​ ដែល​ដក​ហ្នឹង​គឺ​អត់​មាន​ការងារ​ធ្វើ​ ហើយ​អត់​ការងារ​ធ្វើ​វាអត់​មានប្រាក់​ចំណូល​ ហើយ​ក្រុមហ៊ុន​និង​កម្មករ​អាច​នឹង​មាន​ជម្លោះ​ ​នៅ​ពេល​ដែល​វា​មានការ​ដក​ ដាក់​អីចឹង​ទៅ វា​ធ្វើ​ឲ្យ​មាន​ជម្លោះ​គ្នា​រឿង​ការ​ទូទាត់​លុយ​ហ្នឹង​ទៅ​ហើយ​កំណើន​សេដ្ឋកិច្ច​ហ្នឹង​ក៏​ប្រហែល​ជា​មិន​បាន​គ្រប់​តាម​អាច​ថា​៧ភាគរយ​អី​កើត​ទេ»។​

ក៏​ប៉ុន្តែ​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ ​VOA​ ​នៅថ្ងៃអង្គារនេះ​ថា​កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នឹង​នៅ​បន្ត​រឹងមាំ​ ​ដោយ​ហេតុ​ថាកម្ពុជា​រក​បាន​ចំណូល​ផ្សេង​ទៀត​ក្រៅ​ពី​វិស័យ​កម្មន្ត​សាល ​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

«យើង​មាន​បង្កើន​ចំណូល​របស់​យើង​ដទៃ​ទៀត​ ក្រៅពី​ឧស្សាហកម្ម​កម្មន្តសាល​ហ្នឹង​បាទ»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ​រដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​ការ​ជាមួយ​សហភាព​អឺរ៉ុប​ ទៅ​លើបញ្ហា​ពន្ធ​អនុគ្រោះ EBAនេះផងដែរ។​

«រាជ​រដ្ឋាភិបាល​កំពុង​តែ​បន្ត​ការ​ជជែក​គ្នានិង​ដោះស្រាយ​នូវ​ភាព​ចម្រូង​ចម្រាស​ យើង​មាន​រយៈ​ពេល​១៨ខែ​ទៀត​ ក្នុង​ការ​បញ្ចប់​ ឬ​ការ​ដក​ពន្ធ​មួយ​ចំណែក​ណា​មួយ​ អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ពល​រដ្ឋ​កម្ពុជា​ហ្នឹង​មាន​កំណើន​ចំណូល​ វា​ច្រើន​ជាង​១៥០០​ដុល្លារ​ ​ហ្អា​នោះជាលក្ខខណ្ឌ​មួយ​ដែល​យើង​ត្រូវបាត់បង់​ EBA​ ​មិនមែនបាន​សេចក្តី​ថា​បាត់បង់​ទាំងស្រុង​ទេ​ បាត់​បង់​ចំណែក​ណាមួយ​ ដោយ​សារ​កំណើន​ ​ចំណូល​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​បាទ»។ ​

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ដែលបានចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យដឹងថា​ រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​បាន​ផ្គត់​ផ្គង់​ទំនិញ​ឲ្យ​ក្រុមហ៊ុន​ម៉ាកល្បី​ពិភពលោក​ជាច្រើន​រួម​មាន​ ​Gap Inc (GPS.N) និង​ក្រុមហ៊ុនរបស់​ស៊ុយអែត​ ​H & M Hennes & Mauritz AB (Hmb.ST)​ ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​Nike (NKE.N) ​ក្រុមហ៊ុន​ ​Puma និង​ Adidas (ADSGn.DE) ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។ តាម​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប កាលពីឆ្នាំ​២០១៧​ កម្ពុជា​បាននាំ​ចេញ​ទំនិញ​មានតម្លៃ​ជិត​៦ពាន់​លានដុល្លារ​នៅ​កាន់​សហភាព​អឺរ៉ុប។​

សេចក្តី​រាយការណ៍​ដដែល​បាន​ដកស្រង់​ការ​ស្រាវជ្រាវ​មួយ​របស់​ភ្នាក់ងារ ​Moody’s​ ​ដែល​បាន​រក​ឃើញ​ថា ​ការ​បាត់បង់​ដ៏​មាន​សក្តានុពល​នៃ​ការ​អនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ ​នឹង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ផ្នែក​ឥណទាន​របស់​កម្ពុជា។ ​ភ្នាក់​ងារ​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ថ្លៃចំណាយ​ដែល​បណ្តាល​មក​ពី​ការ​ជាប់ពន្ធ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធភាព​នៃ​ការ​ប្រកួត​ប្រជែង​ការ​នាំ​ចេញ​របស់​កម្ពុជា​ លុះ​ត្រា​តែផលិតភាព​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ ដើម្បី​ទូទាត់​នឹង​ការ​ចំណាយ​ដែល​កើន​ឡើង​ថ្មី​បន្ថែម​ទៀតនោះ៕​

XS
SM
MD
LG