លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកប្រើប្រាស់ផលិតផលឱសថបុរាណចិនមួយប្រភេទ ដើម្បី«ការពារ»ខ្លួន ទោះមន្ត្រីក្រសួងសុខាភិបាលធ្លាប់បានព្រមានមិនឲ្យសាធារណជនអំពីការប្រើប្រាស់ឱសថនានាបង្ការជំងឺកូវីដ១៩ក៏ដោយ។
ថ្លែងក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអំពីស្ថានភាពកូវីដ១៩នៅកម្ពុជា លោក ហ៊ុន សែន ដែលកំពុងធ្វើចត្តាឡីស័កថ្ងៃទី១៣ នៅភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បាននិយាយថា លោកបានប្រើប្រាស់ឱសថប្រភេទថ្នាំគ្រាប់ Lianhua Qingwen នាពេលកន្លងមក។
អំឡុងពេលនិយាយពីវិធានការនានាដែលបានដាក់ចេញ ក្នុងការទប់ស្កាត់កូវីដ១៩ លោក ហ៊ុន សែន បាននិយាយអំពីការប្រើប្រាស់ថ្នាំព្យាបាលថា៖
«កន្លងទៅនេះ ខិតខំរក ហើយកន្លងទៅក៏បានរកឃើញហើយ ថ្នាំ រកឃើញហើយ ថ្នាំ ដែលសូម្បីតែនៅឌូបៃ អារ៉ាប់អេមីរ៉ាត់ និងនៅមជ្ឈឹមបូព៌ា គេប្រើថ្នាំរបស់ចិនហ្នឹងតែម្ដង ដែលលេបរាល់ថ្ងៃ។ ខ្ញុំក៏លេបដែរ ហើយខ្ញុំមានថ្នាំចិន មុននឹងចេញដំណើរទៅណា ត្រូវលេបថ្នាំហ្នឹង ទោះបីមិនឈឺក៏ដោយ ត្រូវតែលេបការពារបន្ថែម»។
កាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលធ្លាប់បានព្រមានពីការប្រើប្រាស់ឱសថក្រៅវេជ្ជបញ្ជាព្យាបាល ចំពោះមហាជនដែលចង់បង្ការខ្លួនពីជំងឺកូវីដ១៩។
វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងកាលពីថ្ងៃទី២៤ ខែមិថុនា នៅក្នុងពិធីមួយថា តាមទិន្នន័យស្រាវជ្រាវរបស់អ្នកជំនាញជាតិនិងអន្តរជាតិ មិនទាន់មានឱសថណាអាចត្រូវបានប្រើប្រាស់ដើម្បី«ការពារ»មនុស្សពីជំងឺកូវីដ១៩ ក្រៅតែពីថ្នាំចាក់បង្ការ ឬវ៉ាក់សាំងនោះឡើយ។
«ក្រៅតែពីវ៉ាក់សាំង គឺមិនទាន់មានឱសថណា ដែលបានបញ្ជាក់ថា ជាឱសថសម្រាប់ការពារជំងឺកូវីដ១៩ទេ អ៊ីចឹងសូមបងប្អូនកុំផ្អើល»។
អ្នកស្រី ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងផងនោះបានបន្ថែមថា៖
«ហើយសួរថាបើយើងទៅទិញថ្នាំមក ថ្នាំហ្នឹងលេបទៅ វាអត់ការពារយើងបានទេ ហើយបែរទៅជាថ្នាំនោះ វានឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយើងទៅវិញទេ ដោយសារតែយើងមិនដឹងថា ខ្លួនយើងនោះឈឺកូវីដមែន ឬមិនមែន នែស៎ ចាស៎»។
មន្ត្រីរូបនេះបានបន្តថា៖ «មិនមែនយើងភ័យឆ្លង ហើយមិនអនុវត្តវិធានការការពារ តែយើងបែរជាទៅទិញថ្នាំយកមកការពារខ្លួន! សួរថាការពារបានទេ? អត់បានទេ។ ថ្នាំដែលបងប្អូនទិញយកមកហ្នឹង ខ្ញុំសូមបញ្ជាក់ជូន មិនមែនជាថ្នាំសម្រាប់ការពារទេ ការពារអត់បានទេ។ បងប្អូនលេបទៅ លេបទៅ ដល់តែបងប្អូនចប់ពីលេបថ្នាំ ពីព្រោះថ្នាំនេះ មិនអាចលេបជាប់មួយខែ ពីរខែ បីខែនោះទេ ចាស៎ វាមានកម្រិតនៃការប្រើប្រាស់របស់វា»។
ការថ្លែងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ របស់អ្នកស្រី ឱ វណ្ណឌីន នៅទីស្ដីការក្រសួងសុខាភិបាល ត្រូវបានធ្វើឡើងចំពេលមានការលក់ចែកចាយឱសថបុរាណចិនប្រភេទថ្នាំគ្រាប់ Lianhua Qingwen នៅតាមឱសថស្ថាន និងលើបណ្ដាញសង្គម ដែលនាំឱ្យក្រសួងសុខាភិបាលឈានដល់ចេញសេចក្ដីជូនដំណឹងព្រមានថែមទៀតផង នៅថ្ងៃទី២៦ ខែមិថុនា កន្លងទៅ។
វីអូអេមិនទាន់អាចទាក់ទងអ្នកស្រី ឱ វណ្ណឌីន ដើម្បីសុំការបំភ្លឺបន្ថែមនៅឡើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយការហៅទូរស័ព្ទទៅកាន់លេខរបស់អ្នកស្រី ត្រូវបានចុចបិទ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក៏មិនទាន់អាចទាក់ទងសុំបាននៅឡើយដែរ នាថ្ងៃព្រហស្បតិ៍នេះ។
បណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានចោទសួរអំពីការបញ្ជូនសារផ្សេងគ្នារបស់មន្ត្រីរដ្ឋាភិបាល ដែលអាចនាំឱ្យមហាជនមានការពិភាល់យល់ច្រឡំ និងបង្កើតបញ្ហាប្រឈម«ធំធេងណាស់»ដល់ការប្រយុទ្ធប្រឆាំងនឹងកូវីដ និងបញ្ហាសុខភាពសាធារណៈ។
បណ្ឌិត សេក សុជាតិថ្លែងថា៖ «ហើយជាទូទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងវិស័យជំនាញ ជាពិសេសនៅក្នុងក្រសួងសុខាភិបាល គួរតែមានសំឡេងតែមួយ ពីព្រោះអី សំឡេងតែមួយរបស់ពួកគាត់ ធ្វើឱ្យកម្ពុជាមានទំនុកចិត្ត ការជឿជាក់គ្នា ហើយដឹងច្បាស់អំពីហានិភ័យអំពីអ្វីដែលពួកគាត់កំពុងប្រយុទ្ធប្រឆាំង វាមានស្ថានភាព ឬហានិភ័យកម្រិតណា»។
បណ្ឌិត សេក សុជាតិ បានបន្ថែមថា៖ «តែបើពួកគាត់មានភាពស្រពេចស្រពិល ឬប្រទាំងប្រទើសគ្នាដូចសព្វថ្ងៃ ក្រសួងនិយាយផ្សេង រាជរដ្ឋាភិបាលនិយាយផ្សេង វាហាក់ដូចជាពួកគាត់ មានតែរចនាសម្ព័ន្ធ តែពួកគាត់អត់បានធ្វើការជាមួយគ្នាទេ»។
អ្នកតាមដានបញ្ហាសង្គមរូបនេះ បានលើកទឹកចិត្តឱ្យមាន ការត្រួតពិនិត្យ គ្រប់គ្រងព្យាបាល ការរាលដាលជំងឺកូវីដ១៩ ដោយមានការពិគ្រោះបច្ចេកទេសឱ្យបានដិតដល់ជាមួយនឹងអង្គការសុខភាពពិភពលោកស្របតាមនិយាមវិទ្យាសាស្ត្រអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអាយុ៦៨ឆ្នាំ និងបានទទួលថ្នាំចាក់បង្ការជំងឺកូវីដ១៩ ប្រភេទ AZD1222 ផលិតដោយក្រុមហ៊ុន AstraZeneca និងវិទ្យាស្ថាន Serum ដោយចាក់ដូសទី១ នៅថ្ងៃទី៤ ខែមីនា និងដូសទី២ នៅថ្ងៃទី២០ ខែមេសា។
កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវបានកាសែតក្នុងស្រុកដកស្រង់សម្ដី ដែលលោកបញ្ជាក់អំពីអត្រាជាសះស្បើយខ្ពស់នាពេលថ្មីៗនេះ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលថា មកពីការប្រើប្រាស់ឱសថបុរាណចិន Lianhua Qingwen នេះផ្ទាល់តែម្ដង។
ឱសថប្រភេទថ្នាំគ្រាប់ Lianhua Qingwen ត្រូវបានផលិត និងចែកចាយដោយសហគ្រាសឱសថ Yiling Pharmaceutical ដែលមានមូលដ្ឋាននៅខេត្ត Hebei ប្រទេសចិន និងធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាល ឬ SARS កាលពីឆ្នាំ២០០៣។
តាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ថ្នាំនេះត្រូវបានតម្រូវឱ្យប្រើប្រាស់ក្នុងការលាងសម្អាតសួត បញ្ចុះកម្ដៅ ជាពិសេសក្នុងរោគផ្ដាសាយធំ ហើយត្រូវលេបបីពេលក្នុងមួយថ្ងៃ និងមួយពេល៤គ្រាប់។ ក្នុងករណីលេបបីថ្ងៃហើយមិនធូរស្រាល អ្នកលេបត្រូវទៅមន្ទីរពេទ្យព្យាបាល។
ប្រភពពីគេហទំព័រក្រុមហ៊ុនផលិតក៏បានបន្ថែមដែរថា អ្នកដែលមានជំងឺបេះដូង ក្រលៀន និងជំងឺរ៉ាំរ៉ៃផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំនេះនោះទេ បើសិនជាមិនមានការពិគ្រោះ និងចេញវេជ្ជបញ្ជាពីគ្រូពេទ្យ។
ក្រសួងសុខាភិបាលបានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់ឱសថ Lianhua Qingwen នេះនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមេសាមក គឺបួនថ្ងៃមុនពេលរដ្ឋាភិបាលចិន បានប្រគល់ឱសថនេះចំនួន៨៨.០០០ប្រអប់ ជាជំនួយដល់ក្រសួងសុខាភិបាល កាលដើមខែឧសភា។
ក្រុមហ៊ុន Dynamic Pharma របស់កម្ពុជាដែលបានអះអាងថា ខ្លួនជាតំណាងចែកចាយផ្ដាច់មុខនៃឱសថបុរាណចិនខាងលើនេះ ក៏បានប្រគល់ឱសថនេះចំនួន៥ម៉ឺនប្រអប់បន្ថែម ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA ដែលដឹកនាំដោយកូនប្រុស និងកូនប្រសារលោក ហ៊ុន សែន ផងដែរ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។
ក្នុងសុន្ទរកថាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដដែល លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងសុខាភិបាល ទិញឱសថ Lianhua Qingwen នេះបន្ថែមផងដែរ ដើម្បីប្រើប្រាស់ជាបន្សែបន្សំក្នុងចំណោមថ្នាំនានា ដែលបើកជូនអ្នកជំងឺកូវីដ១៩ នៅមណ្ឌលសម្រាកព្យាបាលនានា៕