ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុនសែន​ថា លោក​​មិន​ខ្វល់​នឹង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​អ្វីគ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA)


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអ.ស.បនៅក្រុង Nonthaburi ប្រទេសថៃ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអ.ស.បនៅក្រុង Nonthaburi ប្រទេសថៃ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​នៅថ្ងៃពុធ​និយាយថា លោកមិន​ខ្វល់​នឹង​ការ​គំរាម​កំហែង​របស់​សហ​ភាព​អឺរ៉ុប ​ដែល​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធដោយ​សារតែបញ្ហា​សិទ្ធិ​មនុស្ស ទេ​លោក​លើក​ឡើង​ថា ​ការចាក​ចេញ​របស់​អង់គ្លេស​ពីសហភាព​អឺរ៉ុប​នឹង​បន្ធូរបន្ថយ​ឥទ្ធិពល​ទណ្ឌ​កម្ម។

សហភាព​អ៊ឺរ៉ុប​បាន​គំរាម​ដក​ការ​អនុគ្រោះ​ពន្ធ​អ្វីគ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA)​ ពី​កម្ពុជា ​បន្ទាប់ពី​របាយ​ការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​បាន​រក​ឃើញ​ថា​ ​រដ្ឋាភិបាល​របស់​លោក​ហ៊ុនសែន​បាន​បង្ក្រាប​ក្រុម​ប្រឆាំង​ សង្គម​ស៊ីវិល​និង​ប្រព័ន្ធផ្សព្វផ្សាយ។ ​

សហភាព​អឺរ៉ុប​ទុល​ពេលឲ្យ​កម្ពុជា​ត្រឹម​ថ្ងៃទី​១២​ខែធ្នូ ដើម្បី​ឆ្លើយតប​នឹង​ការចោទ​ប្រកាន់នេះ។​

ក្នុងពិធី​ចែក​សញ្ញាប័ត្រ​នៅ​រាជធានី​ភ្នំពេញ ​លោក​ហ៊ុនសែនបាន​និយាយ​ថា​ លោក​មិនខ្វល់​ទេ ​ប្រសិន​បើគេចង់​ធ្វើអ្វីក៏​ធ្វើចុះ​។ លោក​ហ៊ុន សែនដែលកាន់​អំណាច​ជាង​៣៤ ឆ្នាំ ​បាន​និយាយ​ថា​លោក​ជឿ​ថា ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប​នឹង​បន្ធូរ​បន្ថយ​សម្ពាធ​ទណ្ឌកម្ម​មក​លើកម្ពុជា ​ពីព្រោះ​អង់គ្លេស​នឹង​បន្តទិញ​ទំនិញ​ពី​កម្ពុជា​ទោះ​បី​ជា​សហភាព​អឺរ៉ុប​សម្រេច​ដក​ក៏​ដោយ។

លោក​ហ៊ុនសែន​មាន​ប្រសាសន៍​ថា «យើង​កំពុង​តាម​ដាន​ Brexit ​ដោយ​សារតែ​ការ​នាំចេញ​សរុប​ទៅ​សហគមន៍​អ៊ឺរ៉ុប​យើង​នាំ​ចេញច្រើន​ជាង​គេ​ទៅអង់គ្លេស»។​ លោក​បានមាន​និយាយ​ថា​ «បន្ទាប់​ពី​ការ​ចាក​ចេញ ​សេដ្ឋកិច្ច​អង់គ្លេស​នឹងនៅតែល្អ​ហើយនឹង​អាច​បញ្ជា​ទិញ​កាន់​តែ​ច្រើន​ពី​កម្ពុជា»។​

សហភាព​អ៊ឺរ៉ុប​នាំចូល​ជិតពាក់​កណ្តាល​នៃការ​នាំចេញ​របស់កម្ពុជា​ ដោយ​អាឡឺម៉ង់ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់់​កម្ពុជា​គឺមាន​ប្រហែល​១១​ភាគរយ​ ​រីឯ​ចក្រភព​អង់គ្លេស​ជា​ប្រទេស​នាំចូល​ច្រើន​បំផុតទី​២​គឺ​មាន​៨ភាគរយ។​

ប្រទេស​លោកខាង​លិចបាន​ថ្កោល​ទោស​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​កឹម សុខា​តាំងពី​ឆ្នាំ​២០១៧ ​មុនពេល​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ត្រូវ​បាន​រំលាយ​នៅមុន​ការ​បោះ​ឆ្នោត​ឆ្នាំមុន។

លោកកឹមសុខាត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះកាលពីខែមុន ប៉ុន្តែត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​នយោបាយ​ទេ។ ការជំនុំជម្រះសំណុំ​រឿង​របស់​លោក​គ្រោង​ធ្វើ​នៅថ្ងៃទី១៥​ខែមករា៕

XS
SM
MD
LG