លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាក់ជាថ្មីថា ជំហររបស់កម្ពុជា គឺត្រូវចូលរួមបោះឆ្នោត មិនមែនធ្វើអនុបវាទឡើយ នៅក្នុងវេទិកាអន្តរជាតិនានាដែលត្រូវបង្ហាញការសម្រេចចិត្តលើសង្រ្គាមនៅអ៊ុយក្រែន។
លោក ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីរបស់លោកត្រូវបោះឆ្នោតប្រឆាំងការឈ្លានពាននានា បើតម្រូវឱ្យមានការសម្រេចចិត្ត។ ប៉ុន្តែលោកមិនបាននិយាយចំៗចំពោះការឈ្លានពានរបស់រុស្ស៊ីឡើយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១(ក្រុងតាខ្មៅ-ជ្រៃធំ) កាលពីព្រឹកថ្ងៃពុធ លោក ហ៊ុន សែន បានថ្លែងថា បន្ទាត់នយោបាយការបរទេសរបស់កម្ពុជាមិនស្ថិតនៅក្នុងសំឡេងអនុបវាទឡើយ ហើយកម្ពុជាមិនគាំទ្រចំពោះការដែលប្រទេសមួយយកកម្លាំងទ័ពទៅលុកលុយប្រទេសមួយផ្សេងនោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «យើងបានបញ្ជាក់ជំហររបស់យើងច្បាស់ហើយ បន្ទាត់នយោបាយការបរទេសយើងយ៉ាងម៉េច យើងអត់មាននៅអនុបវាទទេ ហើយយើងមិនគាំទ្រចំពោះការឈ្លានពានណាមួយពីប្រទេសមួយទៅកាន់ប្រទេសមួយទេ អត់ទេ»។
បើតាមលោក ហ៊ុន សែន មានប្រទេសមួយចង់ឱ្យកម្ពុជាកុំចូលរួមបោះឆ្នោត ដោយរក្សាជំហរអនុប្បវាទ។ លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ប្រទេសណាមួយឡើយ។
លោក ហ៊ុន សែន បន្តថា៖ «ព្រោះយើងមានភាពជាតំណាងទៅហើយ ភាពជាតំណាងមាន១១សំឡេង។ គេបបួលឱ្យយើងអនុបវាទ អត់ទេ! ១១សំឡេងបោះគាំទ្រទាំងអស់ ព្រោះរឿងនេះមិនមែនជារឿងតូចតាចទេ។ រឿងបង្កើតឡើងនូវទម្លាប់អាក្រក់លើពិភពលោក អ្នកខ្លាំងគឺវាយអ្នកខ្សោយ អ៊ីចឹងបើថ្ងៃក្រោយ អ្នកខ្លាំងវាយអ្នកខ្សោយ វាយមកលើយើង នរណាជួយយើងទៀត?»។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ថ្លែងគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា៖ «ដូច្នេះការគាំទ្រណាមួយទៅលើនយោបាយឈ្លានពានទៅលើរដ្ឋដទៃឬក៏រដ្ឋធំមួយឈ្លានពានទៅលើរដ្ឋតូចមួយឬក៏រដ្ឋណាក៏ដោយ វាជាអំពើខុសច្បាប់ ហើយការគាំទ្រកម្ពុជានេះ ខ្ញុំយល់ថាជារឿងមួយត្រឹមត្រូវ ជាជម្រើសរវាងសន្តិភាព និងសង្គ្រាម រវាងដំណោះស្រាយដោយប្រើប្រាស់នូវយន្តការការទូតដោយសន្តិវិធី និងការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម»។
គួរបញ្ជាក់ថាកាលពីដើមខែមីនា នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (អ.ស.ប) កម្ពុជាបានចូលរួមបង្ហាញសំឡេងរបស់ខ្លួន ដោយអនុម័តនូវសេចក្តីសម្រេចជាដំណោះស្រាយ ដែលទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន។ កាលនោះ ប្រទេសសមាជិកអ.ស.ប សរុបចំនួន១៤១បានបោះឆ្នោតគាំទ្រ ប្រទេសចំនួន ៥បានបោះឆ្នោតប្រឆាំង និងប្រទេសចំនួន៣៥ ទៀតបានបោះឆ្នោតអនុបវាទ ឬមានន័យថាជាប្រទេសនៅស្ងៀមជាកណ្តាល។ ហើយនៅក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានបោះឆ្នោតអនុបវាទ គេឃើញមានប្រទេសចិន និងសមាជិកអាស៊ានពីរប្រទេស គឺឡាវ និងវៀតណាម៕