ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឥណ្ឌា​គ្រោង​កសាង​សំណង់​ចម្លង​ប្រាសាទ​អង្គរវត្ត


ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា

ឥណ្ឌា ៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​បាន​ផ្សាយ​ថា​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​អង្គការ​ Trust ​Hindu មួយ​របស់​ឥណ្ឌា​បានចាប់​ផ្តើម​ធ្វើ​គម្រោង​ការ​១០​ឆ្នាំ​មួយដើម្បី​កសាង​សំណង់​ចម្លង​មួយ​នៃ​ប្រាសាទ​អង្គរ​វត្ត​នៃ​ប្រទេស​កម្ពុជា​នៅ​តាម​ដង​ទន្លេ​គង្គា។​

ពិធី​បញ្ចុះ​បឋម​សីលា​បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ផ្ទៃ​ដី​ទំហំ​១៦​ហិកតា​នៅ​ក្នុង​រដ្ឋ​ប៊ីហារ​ ​នា​ប៉ែក​ខាង​កើត​ប្រទេស​ឥណ្ឌា​ដែល​នៅ​ទី​នោះ​អង្គការ​ Trust ​នេះ​គ្រោង​នឹង​បង្កើត​ជា​ថ្មី​នូវ​ប្រាសាទ​ដ៏​ធំ​សម្បើមនេះ​និង​រូប​ចម្លាក់​នានា​លើ​ផ្ទាំង​ថ្ម។​

ពួក​អ្នក​រៀប​ចំ​បាន​និយាយ​ថា​ពួក​គេ​ចង់​ឱ្យសំណង់​ថ្មី​នេះ​ជា​ប្រាសាទ​ហិណ្ឌូ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។​ តំបន់​អង្គរ​ដែល​បាន​ត្រូវ​បញ្ចូល​ជា​កន្លែង​មួយ​របស់​អង្គការ​ UNESCO ​មាន​សំណល់​នៃ​រាជធានី​ច្រើន​ក្នុង​ជំនាន់​ចាប់​តាំង​ពី​ចក្រភព​អង្គរ​មក​ហើយ​ជា​កន្លែង​មួយ​ដែល​ក្រុម​អ្នក​ទេសចរ​ចូល​ចិត្ត​ទៅ​ទស្សនា​ផង​ដែរ​។​

ប្រាសាទ​អង្គរវត្ត​បាន​ត្រូវ​សង់​ឡើង​ដើម្បី​ឧទ្ទិស​ជា​ដំបូង​សម្រាប់​ព្រះ​វិស្ណុ​ដែល​ជា​ព្រះអាទិទេព​នៃ​សាសនា​ហិណ្ឌូ​ ក្នុង​សតវត្សរ៍​ទី​១២ ​ហើយ​បន្ទាប់​មក​ប្រាសាទ​នេះ​បាន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើការ​គោរព​បូជា​ខាង​ព្រះ​ពុទ្ធ​សាសនា​វិញ។​

លោក​គីហ្សរ គូណាល់​ Kishore Kunal ​លេខាធិការ​របស់​អង្គការ​ ប៊ីហារ ម៉ាហាវៀរ ម៉ានឌៀរ ត្រាស់ Bihar Mahavir Mandir Trust បាន​និយាយ​ប្រាប់​ AFP​ តាម​ទូរស័ព្ទ​ថា​ «​សំណង់​នេះ​ជា​អាគារ​ចម្លង​នៃ​ប្រាសាទ​អង្គរ​វត្ត​ដោយ​សង់​ខ្ពស់​ជាង​ប្រាសាទ​ដើម​បន្តិច»។​

លោកគូណាល់​ បាន​ថ្លែង​ថា​ផែនការ​នេះ​គឺ «បង្កើត​ជា​ថ្មី​នូវ​ភាព​ធំធេង​និង​ភាព​រុងរឿង​ត្រចះត្រចង់​នៃ​ប្រាសាទ​អង្គរ​វត្ត» ​នៅ​ជិត​ក្រុង​ហាជីពួរ ស្ថិត​នៅ​២៥​គ.ម.​ពី​ធានី​ប៉ាន់តា នៃ​រដ្ឋ​ ប៊ីហារ។

ចិន៖ លោក​នាយក​រដ្ឋមន្ត្រី​ចិន ​វេន ជាបាវ​ បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បន្ត​បង្កើន​សមត្ថភាព​របស់​ក្រុម​យោធា​របស់​ខ្លួន​ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​កាន់​តែ​ធំ​ដោយ​ក្រោម​ការ​ត្រួតត្រា​របស់​គណបក្ស​កុម្មុយនិស្តយ៉ាង​តឹងរ៉ឹង​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​កង​យោធពលមាន​លក្ខណៈ​បដិវត្ត​និង​កាន់​តែ​ទំនើប​ជាង​មុន។​

អ៊ីស្រាអែល៖ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ បេនយ៉ាមីន នេតានយ៉ាហ៊ូ ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​សហរដ្ឋ​អាមេរិក​ថា​លោក​មាន​ការ​ប្តេជ្ញា​«​មុតមាំ​រឹង​ដូច​ថ្ម»​ចំពោះ​សន្តិសុខ​នៃ​ប្រទេស​អ៊ីស្រាអែល ​នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​ជួប​គ្នា​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​ដូច​ម្តេច​ដើម្បី​បញ្ចៀស​កុំឱ្យ​ប្រទេស​អ៊ីរ៉ង់​ក្លាយ​ទៅ​ជា​រដ្ឋមាន​អាវុធ​បរមាណូ។​

អាស៊ីអាគ្នេយ៍៖ ទីភ្នាក់ងារ​ព័ត៌មានបារាំង​ AFP ​បាន​ផ្សាយ​ថា​ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ផែនការកសាង​រោង​ចក្រ​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​វែង​ជាង​គេ​នៃ​ទ្វីប​អាស៊ី​អាគ្នេយ៍​អាច​មាន​ផល​ជា​មហន្តរាយ​ដល់​ធនធាន​ត្រី​ធំ​បំផុត​ក្នុង​ពិភពលោក​ហើយ​ត្រូវ​តែ​ពិចារណា​សា​ជា​ថ្មី។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​បាន​និយាយ​ថា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​គូស​បញ្ជាក់​អំពី​មុខ​នាទី​របស់​អាមេរិកនៅ​អាហ្វហ្គានីស្ថាន ​នៅ​ក្រោយ​ពេល​ដែល​ក្រុម​ទាហាន​អាមេរិកាំង​ចាក​ចេញ​ពី​ប្រទេស​នេះ ​មាន​ការ​រអាក់​រអួល។​

រុស៊្សី​៖ ពួក​អ្នក​សង្កេតការ​អឺរ៉ុប​បាន​និយាយ​ថា​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​រុស្ស៊ីបាន​ត្រូវ​រៀបចំ​យ៉ាង​ច្បាស់​លាស់​ដើម្បី​ធ្វើឱ្យ​លោក​នាយករដ្ឋមន្ត្រី​ វ៉្លាដឹមៀរ ពូទីន ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី។​

XS
SM
MD
LG