ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​បុរាណ​វិទូ​​ស្នើ​ឱ្យ​ខ្មែរ​នៅ​ក្រៅស្រុក​រួម​គ្នា​ស្រាវជ្រាវ


ប្រាសាទ​អង្គរ​វត្ត
ប្រាសាទ​អង្គរ​វត្ត
រដ្ឋ​ធានី​វ៉ាស៊ីនតោន៖ ក្រោយពី​បាន​រកឃើញ​កំណប់​ដ៏​មហាសាល​ខាង​ផ្នែក​ប្រវត្តិ​សាស្រ្ត​គឺ​ឧស្សាហកម្ម​រ៉ែ​ដែក​ខ្មែរ​តាំង​ពី​សម័យ​មុន​អង្គរ​ ការងារបន្ទាប់​របស់​លោក​សាស្រ្តាចារ្យ​ធុយ ចាន់​ធួន គឺ​ពន្យល់​ដល់​សហគមន៍​ខ្មែរ​ឱ្យ​បាន​ដឹង​ពី​អ្វី​ដែល​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ហើយ​ត្រូវ​បាន​កប់​បាត់​ក្នុងស្លាកស្នាម​នៃ​ប្រវត្តិសាស្រ្ត។

ក្នុង​ការ​ធ្វើ​បទបង្ហាញ​ដ៏​កម្រ​មួយ​ដល់សហគមន៍​ខ្មែរ​នៅ​ក្រុង​អាណាន់ដែល​ រដ្ឋ​ Virginia កាលពី​ដើម​ខែ​កក្កដា ​លោក​សាស្រ្តាចារ្យ​ធុយ ចាន់​ធួន​បញ្ជាក់​ថា​កម្ពុជា​បាន​ធ្វើឧស្សាហកម្ម​រ៉ែ​ដែក​តាំង​ពី​សម័យ​មុន​អង្គរ​ដែល​ជា​សម័យ​រុងរឿង​លាត​សន្ធឹង​ពី​សតវត្សរ៍​ទី​៩​ដល់​ទី​១៥​ហើយផលិត​ផលដែកនោះត្រូវ​បាន​គេ​ប្រើ​សម្រាប់​គោល​បំណង​វប្បធម៌​ សាសនា​និង​យោធា។
លោកបាន​បញ្ជាក់​ប្រាប់​វីអូអេ​ពី​សារៈ​សំខាន់​នៃ​រ៉ែ​ដែក​នោះថា៖
«គឺ​គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​ពន្លៀក​ រណា​ផ្សេងៗសម្រាប់​ចិត​ថ្ម​ កាត់​ថ្ម សម្រាប់​ធ្វើ​អង្គរវត្ត​និង​ប្រាសាទ​ធំៗ។ ទន្ទឹមនឹង​នេះ​គេយក​ដែក​ទៅ ធ្វើ​សព្វាវុធ​គ្រប់​ប្រភេទ​សម្រាប់​ការពារ​ទឹកដី​ឬ​ក៏​វាយ​បក​នឹង​ខ្មាំង​សត្រូវ​វិញ»។

កាលពី​ឆ្នាំ​២០១០ លោក​សាស្រ្តាចារ្យ​ធុយ​ ចាន់​ធួន​បាន​ក្លាយ​ជា​អ្នក​ស្រាវ​ជ្រាវ​ខ្មែរ​ទីមួយ​ដែល​បាន​រកឃើញ​ភស្តុតាង​ជា​គំនរ​អាចម៍​ដែក​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ និងព្រះវិហារ​។

គេ​ដឹង​គ្រប់​គ្នា​ថា​កម្ពុជា​ធ្លាប់​ជា​អាណាចក្រ​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ តាម​រយៈ​ការបន្សល់ទុក​មរតក​វប្បធម៌​ប្រវត្តិ​សាស្រ្ត​ជាច្រើន​ដូច​ជា​ប្រាសាទ​អង្គរវត្ត​ជាដើម។ ប៉ុន្តែ​មាន​អ្នកស្រាវ​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​អាច​រក​ឃើញ​ពី​ប្រភព​ដែល​ជំរុញ​ឱ្យ​កម្ពុជា​ឈាន​ដល់​សករាជ​កំពូល​នេះ។

ប៉ុន្តែ​លោកសាស្រ្តាចារ្យ​ពន្យល់​ថា​ឧស្សាហកម្ម​ដែកជា​គន្លឹះដ៏សំខាន់​មួយ​ដែរក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ឈាន​ដល់​អំណាច​កំពូល​ក្នុង​តំបន់។
លោក​បញ្ជាក់​ថា៖

«អញ្ចឹង​ហើយ​នេះ​ជា​សម្មតិ​កម្ម​ថា​ប្រសិនបើ​គ្មាន​កន្លែង​ឧស្សាហកម្ម​រ៉ែដែក​ធំៗរបស់​ខ្មែរ​ទេ​យើង​មិន​អាច​មាន​អ្វី​ សាងសង់​អង្គរវត្ត​ឬ​ក៏​អាណាចក្រ​ខ្មែរ​បាន​ទេ»។
ក្នុង​ពេល​បំពេញ​បេសកកម្មនៅ ​សហរដ្ឋ​អាមេរិក​លោក​សាស្រ្តាចារ្យ​ ធុយ ចាន់​ធួន បាន​ជួប​ជាមួយ​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​តាម​រដ្ឋ​នានា​ ​ដោយ​មាន​ការ​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី ១.២១០​ឆ្នាំ​នៃ​អាណាចក្រ​អង្គរ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ីអាថល​ រដ្ឋ​វ៉ាស៊ីនតោន។ លោក​យល់​ថា​ការគាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ​នៅ ​ក្រៅ​ប្រទេស​មាន​សារៈ​សំខាន់​ណាស់។

«គឺ​យើង​ទៅ​ធ្វើ​ការ​ទាំង​អស់​គ្នា​។ យើង​ទៅ​ស្រាវជ្រាវ​ទាំង​អស់​គ្នា​គឺ​ដើម្បី​សង្គមខ្មែរ​មិនមែន​ដើម្បី​ខ្លួន​ខ្ញុំ​ឬ​អ្នក​ណា​មួយ​នោះ ​ទេ ​គឺ​សង្គម​ជាតិ​យើង។ អីចឹង​ខ្ញុំ​សង្ឃឹម​ថា​ខ្មែរយើង​មាន​សន្តិភាព​យើង​ចាប់​ផ្តើម​តាម​របៀប​ហ្នឹង។ សង្គ្រាម​ឈប់​បាញ់​គ្នា​ មាន​សន្តិភាព​ផ្លូវចិត្ត​ សន្តិភាព​ប្រវត្តិសាស្រ្ត​។ យើង​ចាប់​ផ្តើម​ធ្វើ​ការ​ទាំង​អស់​គ្នា»។

បើ​ទោះ​បី​ជា​បាន​កំណត់​ជា​ជំហាន​ដំបូង​ពី​យុគសម័យ​នៃ​ឧស្សាហកម្ម​រ៉ែ​ដែក​របស់​ខ្មែរប៉ុន្តែ​លោក​សាស្រ្តាចារ្យ​នៅ​បន្ត​ស្វែង​រក​ស្ថាប័ន​ធំៗ​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​ជួយ​ដល់​ការ​ធ្វើ​ពិសោធ​បន្ថែម​ទៀត​ដើម្បី​កំណត់​កាលបរិច្ឆេទ​ឱ្យ​កាន់​តែ​ច្បាស់​លាស់​ដោយ​សារ​ការ​ស្រាវជ្រាវ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ៕
XS
SM
MD
LG