ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ចំអក​លោក​រង្ស៊ី​ថា​ វង្វេងវង្វាន់​រឿងរិះគន់​​សញ្ញាបត្រ​​ក្រៅ​ប្រទេស


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​នៅថ្ងៃពុធនេះ​បានថ្លែង​ចំអក​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​សម រង្ស៊ី​ដែល​និយាយ​មិន​សម​ទំនង​ចំពោះ​ប្រភេទ​សញ្ញាបត្រ​ដែល​ចេញ​ដោយ​មហា​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមរិក​និង​ចក្រភពអង់​គ្លេសឲ្យ​និស្សិត​បរទេស​ក្នុង​នោះ​មាននិស្សិត​កម្ពុជា​ក្រោយ​បញ្ចប់​ការ​សិក្សា​។

​ប្រតិកម្ម​របស់​លោក​ហ៊ុន​ សែន​ នៅថ្ងៃ​នេះ​កើតមាន​ឡើង​ក្រោយ​កូនប្រុស​ច្បង​របស់​លោកគឺ​លោក​ហ៊ុន ម៉ា​ណែតផ្ញើសារតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ទៅ​លោក សម រង្ស៊ី​ បបួល​លោក​សម រង្ស៊ី​ឲ្យ​មក​ភ្នាល់​ជាមួយ​លោក​ពាក់​ព័ន្ធ​នឹង​គុណ​ភាព​សញ្ញាបត្រ ក្នុង​នោះ​គឺ​សញ្ញាបត្រ​យោធាដែល​លោក​សម រង្ស៊ី​បង្អាប់ថា​ជា​សញ្ញាបត្រ​កម្រិត​ពីរ​ដែលផ្តល់​ឲ្យ​ជា​កិតិ្ត​យស​សម្រាប់​និស្សិត​នាយ​ទាហាន​បរទេស​ដែល​រៀន​ក្រោម​ស្តង់​ដា។

ថ្លែង​ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​អគារ​នៃ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃពុធនេះលោក​ហ៊ុន សែន​ បាន​ចាត់​ទុកលោក​សម រង្ស៊ីថា​ ជា​បុគ្គល​មាន​បញ្ហា​ក្នុង​ការ​គិត​នៅ​ពេល​និយាយមើលស្រាល​ប្រភេទ​សញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក​និង​នៅប្រទេស​អង់គ្លេស​។

លោក​លើក​ឡើង​នៅ​ចំពោះ​មុខ​ក្រុមមន្ត្រី​ជាន់​ខ្ពស់​យោធា​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ៖ «ឥឡូវ​គឺ​នៅ​លើ​សាកល​លោក​បើ​នៅ​សហរដ្ឋ​អាមេរិក​និង​អង់​គ្លេស​មាន​សញ្ញាបត្រ​ពីរប្រភេទ​នោះ​មាន​សញ្ញា​បត្រ​ពីរ​ប្រភេទ​។ កោត​តែ​និយាយ​ទៅ​រួច អីចឹងអាមេរិក​ត្រូវ​ដោះស្រាយ​ខ្លួន​ឯង​ទៅ​អង់​គ្លេស​ត្រូវ​ដោះ​ស្រាយ​ខ្លួន​ឯងទៅ​។ ចេញ​មក​វាទៅ​ជា​សាលា​មាន​សញ្ញាបត្រ​ប្រភេទ​ពីរ​ប្រភេទ​បី​ ឯណា​ អាឡប់​!​មួយ​ជីវិត​គិត​តែ​ពីឡប់»។

លោក​ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា​បើ​លោក​ចាញ់ក្នុង​ការ​ភ្នាល់​នោះ​លោក​សុខ​ចិត្ត​បោះ​បង់​បេក្ខភាព​ជា​នាយក​រដ្ឋ​មន្ត្រី​នាពេល​អនាគត ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជ្រើសតាំង​ តែ​បើ​លោក​សម រង្ស៊ី​ ចាញ់​វិញនោះ​លោក​សម រង្ស៊ី​ ត្រូវ​លាឈប់​ពី​ឆាក​នយោបាយ។ លោក​ហ៊ុន​ ម៉ាណែតបាន​ទទួល​សញ្ញាបត្រ​យោធា​នៅ​សាលាបណ្ឌិត​សភា​យោធា​អាមេរិក West Point និង​ថា្នក់​បរិញ្ញា​បត្រជាន់​ខ្ពស់សេដ្ឋកិច្ច​នៅ​ទីក្រុង​New York ​ហើយ​និង​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​នៅ​ចក្រ​ភព​អង់​គ្លេស​។ បច្ចុប្បន្ន​លោក​ ហ៊ុន ម៉ាណែត​មានតួនាទី​ជា​អគ្គមេបញ្ជាការរង​នៃកងយុទ្ធពល​ខេមរភូមិន្ទ​និង​តួនាទី​ផ្សេង​ទៀត​ក្នុង​ជួរ​កងទ័ព​និង​ក្នុង​គណបក្ស​ប្រជាជនកម្ពុជា​ក្រោម​ការ​ដឹកនាំរបស់​លោកហ៊ុន សែន​៕

XS
SM
MD
LG