ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​ជំនុំជម្រះ​លើ​លោក កឹម សុខា នឹង​បន្ត​ធម្មតា​នៅ​សប្តាហ៍នេះ


លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា និងក្រុម​មេធាវី​របស់​លោក​បញ្ជាក់​ថា​ ​ពួកគេ​នឹង​ចូល​រួម​សវនាការនៅ​សប្តាហ៍​នេះ គឺ​ចាប់​ពី​ថ្ងៃ​ពុធ​ស្អែក។ សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ផ្អាក​ការ​ជំនុំជម្រះ​មួយ​សប្តាហ៍ ក្រោយ​ពី​ក្រុម​មេធាវី​លោក កឹម សុខា ដើរ​ចេញ​ពី​បន្ទប់​សវនាការ។

សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា ពី​បទ «សន្និដ្ឋិភាព​ជាមួយ​បរទេស» ឬបទ​ក្បត់​ជាតិ ឈាន​ចូល​ដល់​សប្តាហ៍​ទី៧ បន្ទាប់​ពី​តុលាការ​បាន​ចាប់​ផ្តើម​កាល​ពី​១៥ ខែ​មករា ឆ្នាំ​២០២០ និង​ប្រកាស​ថា​អាច​ប្រើ​ពេល​រហូត​ដល់​ទៅ៣​ខែ។

ឆ្លើយ​នឹង​សំណួរ​របស់ VOA ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក ក្រោយ​ជំនួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​នៃប្រទេស​ន័រវេស្សរ៍ នៅ​ថ្ងៃ​អង្គារ​នេះ លោក​ កឹម សុខា ដែល​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​នឹង​ទៅ​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ពុធ​ជា​ធម្មតា។

ចំណែក​មេធាវី​មួយ​រូប​ដែលការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​អ្នកស្រី ​ម៉េង សុភារី​ ប្រាប់ VOA​ ថា ​ក្រុម​មេធាវី​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការចូល​រួម​សវនាការ។ អ្នកស្រី​រំពឹង​ថា​ សវនាការ​លើ​សំណុំ​រឿង​លោក កឹម សុខា នឹង​អាច​ដំណើរ​ការ​ទៅ​ដោយ​រលូន​ចាប់ពីសប្តាហ៍​នេះ។​ ​កាល​ពី​ពីរ​សប្តាហ៍​មុន​មាន​ភាព​ចម្រូង​ចម្រាស​កើតឡើង​រហូត​ធ្វើ​ឲ្យ​ក្រុម​មេធាវី​ដើរ​ចេញ​ពី​សវនាការ។

អ្នកស្រី ​ម៉េង សុភារី​ ថ្លែង​ថា៖ «យើង​មិនមែន​ជា​អ្នក​ដឹកនាំ​អង្គ​សវនាការ​ទេ យើង​ជា​អ្នក​ចូលរួម​នីតិវិធី​សវនាការ។ អញ្ចឹង​វា​អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្តែង ក៏​ប៉ុន្តែ​យើង​គ្រាន់​តែ​យើងសង្ឃឹម​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ»។

ការ​សម្រេច​ផ្អាក​សវនាការ​កាល​ពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ពោល​គឺ​កាល​ពី​ពីរ​សប្តាហ៍​មុន ក្រោយ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ដើរ​ចេញ​ពី​បន្ទប់​តុលាការ ដោយ​មូលហេតុ​ថា ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លើក​ពី​ការ​មិន​សុខ​ចិត្ត​របស់​ពួកគេ​នៅ​ក្នុង​តុលាការ។

VOAមិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក តាំង​ ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​អ្នកនាំពាក្យ លោក អ៊ី រិន្ទ​ បាន​ទេ។

សវនាការ​លើ​ករណី​លោក កឹម សុខា ជា​រៀង​រាល់​សប្តាហ៍​តែង​មាន​ការ​ចូល​រួម​ឃ្លាំ​មើល​ពី​មន្រ្តី​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។ សវនាការ​ក្នុង​មួយ​សប្តាហ៍ ធ្វើ​ឡើង​រយៈ​ពេល២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ តែ​សំដៅ​លើ​លោក កឹម សុខា ថា កម្ពុជា​មិន​ថយ​ក្រោយ​ក្នុង​ការ​កាត់​ក្ដីលើ​មនុស្ស ដែល​លោក​ហៅ​ថា​ជា«​ជន​ក្បត់​ជាតិ» ហើយ​លោក​ក៏​បាន​ព្រមាន​បិទ​ការ​ចរចា​ជាមួយ​គ្រប់​ភាគី​ណា​ ដែល​ចង់​ឲ្យ​លោក​ជួយ​អ្នក​ដែល​តុលាការ​កំពុង​កាត់​ក្ដី​ផង​ដែរ។

ថ្លែង​ពី​វិមាន​សន្តិភាព លោក​ ហ៊ុន សែន បញ្ជាក់​ថា៖ «ថ្ងៃ​នេះ​សូម​ជូន​សារ​ជាក់​លាក់​ច្បាស់​លាស់​ ថា​កម្ពុជា​មិន​ថយ​ក្រោយ​លើ​ការ​កាត់​ក្ដី​ចំពោះ​ជន​ក្បត់​ជាតិ ឬ​អ្នក​ដែល​ទទួល​នូវ​ទណ្ឌកម្ម​ទេ។ អ្នក​ឯង​ត្រូវ​តែ​ច្បាស់ អ្វី​ដែល​អ្នក​ឯង​បាន​ធ្វើ អ្នក​ឯង​ត្រូវ​ចាំ ​អ្នក​ឯង​យក​ថ្ងៃទី២៩ ខែធ្នូ ២០១៣ គឺ​ជា​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ ក្នុង​ការផ្ដួល​រំលំ»។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នៅ​កម្ពុជា ​ហៅ​ថា​EBAដែល​នឹងធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ប្រាក់​ជាង​១០០​លាន​ដុល្លារ​អាមេរិក​នៅ​ពេល​ខាង​មុខ ដោយសារ​ប៉ះពាល់​ការ​នាំចេញ​ផលិត​ផល​ទៅ​អឺរ៉ុប​ប្រមាណ​២០​ភាគរយ។ កន្លង​ទៅ សហភាព​អឺរ៉ុប បាន​ជំរុញ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លោក កឹម សុខា។

លោក កឹម សុខា នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទេ។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ ដោយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​វីដេអូ​មាន​រយៈពេល​ជាង​ពីរ​នាទី ដែល​ស្រង់​ចេញ​ពី​វីដេអូ​ជាង​មួយ​ម៉ោង មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់ ហើយ​ឃុំខ្លួន​លោក​ក្នុង​ពន្ធនាគារ។ ក្រោយ​មក លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារមក​ឲ្យ​នៅ​ក្នុង​ផ្ទះ។ លោក​មិន​មាន​សេរីភាព​ធ្វើ​នយោបាយ និង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។

សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក កឹម សុខា កន្លង​ទៅ​មាន​ការ​ជជែក​ដេញ​ដោល​អំពី​ប្រវត្តិ​ការងារ​ទាំង​នយោបាយ និង​សង្គមស៊ីវិល ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ព្រម​ទាំង​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយជន​បរទេស និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG