លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតឲ្យម៉ត់ចត់ លើព័ត៌មានដែលបង្ហោះតាមហ្វេសប៊ុកចោទលោក សម រង្ស៊ី ថាបានសន្យាកាត់ខេត្តខ្មែរចំនួន៤ ឲ្យទៅជនជាតិដើមភាគតិចវៀតណាម។ លោក ហ៊ុន សែន លើកឡើងថា នេះគឺជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនឲ្យបាន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកោះប៉ែន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានសន្យាកាត់ដីចំនួន៤ខេត្តទៅឲ្យជនជាតិដើមភាគតិចវៀតណាម នៅពេលដែលគណបក្សប្រឆាំងឈ្នះឆ្នោត។ លោកបន្ថែមថា ទង្វើនៃការកាត់ទឹកដីឲ្យបរទេស ជាអំពើក្បត់ជាតិ ដែលលោកថា រដ្ឋាភិបាលចាំបាច់ត្រូវមានចំណាត់ការតាមច្បាប់ឲ្យបានហ្មត់ចត់។
លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង ៣ទសវត្សរ៍ មានប្រសាសន៍ក្នុងន័យដើមថា៖
«រឿងនេះកុំភ្លេច រដ្ឋមន្ដ្រីយុត្តិធម៌ត្រូវចាត់ចែងរឿងហ្នឹងជាមួយក្រសួងមហាផ្ទៃ។ រឿងក្ដីមួយនេះជារឿងធំណាស់ ជាផលប្រយោជន៍ ហើយនេះអំពើក្បត់ជាតិចេញមកច្បាស់ក្រឡែត។ ប៉ុន្ដែយើងអត់ត្រូវធ្វើទទឹងទិសទេ ព្រោះត្រូវស៊ើបអង្កេតឲ្យបានហ្មត់ចត់ ហើយត្រូវដំណើរការតាមយន្ដការច្បាប់។ គ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជាឲ្យជនបរទេសនោះទេ»។
លោក ហ៊ុន សែន បន្តថា លោកគ្រោងណាត់ជួបជាមួយថ្នាក់ដឹកនាំវៀតណាមក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នាថ្ងៃទី១៧ ខែមីនាខាងមុខ ដើម្បីសួរនាំពាក់ព័ន្ធនឹងការសន្យារបស់លោក សម រង្ស៊ី ថានឹងកាត់ដីកម្ពុជាទៅឲ្យវៀតណាមនាពេលនោះ។
កាលពីថ្ងៃអង្គារសប្តាហ៍មុន អ្នកប្រើប្រាស់គណនីហ្វេសប៊ុកមួយឈ្មោះ Rithy Erng បានបង្ហោះឯកសារមួយចំនួន រួមទាំងវីដេអូឃ្លីបផង ដោយបង្ហាញថា លោក សម រង្ស៊ី ធ្លាប់បានជួបលោក Kok Ksor ប្រធានមូលនិធិម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដោយភាគីទាំង២ បានចុះហត្ថលេខាយល់ព្រមឲ្យជនជាតិម៉ុងតាញ៉ារស់នៅលើខេត្ត៤ របស់កម្ពុជារួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
ឯកសារទាំងនោះត្រូវបានអង្គភាពសារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល យកទៅផ្សាយជាបន្តបន្ទាប់។ ក្នុងឯកសារដែលដាក់ឈ្មោះថា «កិច្ចព្រមព្រៀងស្តីពីសិទ្ធិជនជាតិដើមភាគតិច Degar នៅកម្ពុជា» មាន៣មាត្រា ដែលមាត្រាទាំងនេះត្រូវបានសរសេរឡើងពាក់ព័ន្ធនឹងសិទ្ធិនានា ដោយយោងលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច។
ចំណែកក្នុងវីដេអូប្រវែងជាង១នាទី ដែលផ្សាយក្នុងបណ្តាញព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនាពេលនោះ បាននិយាយថា ជនជាតិដើមភាគតិចម៉ុងតាញ៉ា គាំទ្រគណបក្សសង្គ្រោះជាតិពេញទំហឹង។
លោក សម រង្ស៊ី បាននិយាយក្នុងខ្លឹមសារដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«Kok Ksor គឺជាមេដឹកនាំចលនាម៉ុងតាញ៉ា ជាភាសាបារាំងថា Montagnard ប៉ុន្តែពួកគេហៅខ្លួនឯងថា Degar។ ពួកគេគឺជាផ្នែកនៃជាតិកម្ពុជា ពួកគេរស់នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ។ ដូច្នេះយើងដឹងគុណដល់ពលរដ្ឋ Degar ហើយ Degar គាំទ្រគណបក្សសង្គ្រោះជាតិ។ ដូច្នេះនៅពេលយើងបង្កើតរដ្ឋាភិបាលថ្មី យើងនឹងធានាថាម៉ុងតាញ៉ា មនុស្សជនជាតិ Degar នឹងរស់នៅជាពលរដ្ឋរបស់កម្ពុជា។ ដីរបស់ពួកគេ ព្រៃរបស់ពួកគេ និងភ្នំរបស់ពួកគេនឹងប្រគល់ទៅឲ្យពួកគេវិញក្នុងនាមជាម្ចាស់ដីដូចដែលពលរដ្ឋកម្ពុជាទូទៅជាម្ចាស់របស់ដីនោះដែរ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ក្រសួងមហាផ្ទៃបានប្រមូលឯកសារ និងភស្តុតាងយ៉ាងច្រើន ហើយថា ក្រសួងនឹងដាក់បណ្តឹងទៅតុលាការក្នុងសប្តាហ៍នេះ ប្តឹងលោក សម រង្ស៊ី ពីបទក្បត់ជាតិ។
លោកមានប្រសាសន៍ថា៖
«យើងនឹងប្តឹងពីបទក្បត់ជាតិ យើងបានត្រៀមអស់ហើយ។ ភស្តុតាងសម្តីរបស់ សម រង្ស៊ី ឯកសាររបស់ សម រង្ស៊ី ដែលបានចុះហត្ថលេខា ហើយយកហត្ថលេខាទាំងអស់ហ្នឹងមកពិនិត្យមើល និងខ្លឹមសារ បើមិនកាត់ទឹកដីឲ្យបរទេសទេ ហ៊ានភ្នាល់»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Freshnews កាលពីសប្តាហ៍មុនថា សកម្មភាពរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងករណីនេះ គឺជាអំពើក្បត់ជាតិ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនរស់នៅឯបរទេសនារសៀលថ្ងៃពុធនេះ ឆ្លើយតបនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល ដោយគ្រាន់តែលើកយកការបកស្រាយលើទំព័រ Facebook ផ្ទាល់របស់លោក កាលពីថ្ងៃទី៨ ខែមីនានេះថា ជនជាតិដើមភាគតិចជាច្រើនដែលកំពុងរស់នៅភាគឦសានប្រទេសកម្ពុជា កំពុងត្រូវបានរដ្ឋអំណាចសព្វថ្ងៃ រំលោភយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមដោយបានរៀបរាប់ឈ្មោះជនជាតិដើមភាគតិចមួយចំនួនដែលកំពុងរស់នៅកម្ពុជា ដោយមិនបានបញ្ជាក់ពីឈ្មោះជនជាតិដើមម៉ុងតាញ៉ា ឬ Degar ថា ជនជាតិដើមភាគតិចទាំងក្នុងខេត្ត និងតំបន់ដែលពួកគេកំពុងរស់នៅ ត្រូវទទួលបានសិទ្ធិសម្រេច និងថវិកាសមស្របដើម្បីឲ្យពួកគេអាចគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«វិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យត្រូវដើរទន្ទឹមគ្នា តែរដ្ឋអំណាចផ្តាច់ការរបៀបកុម្មុយនីស្តសព្វថ្ងៃបានសម្លាប់ទាំងលទ្ធិប្រជាធិបតេយ្យ ទាំងវិមជ្ឈការ។ វិមជ្ឈការអាចឈានទៅដល់ការផ្តល់ភាពស្វយ័តមួយកម្រិត ក្នុងការដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និងការធ្វើសេចក្តីសម្រេចនានាដើម្បីជំរុញការអភិវឌ្ឍតាមតំបន់នីមួយៗ ក្នុងក្របខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា តែមិនមែនជាការអនុញ្ញាតឲ្យបង្កើតរដ្ឋមួយដោយឡែកនោះទេ»។ ការបញ្ជាឲ្យក្រសួងមានសមត្ថកិច្ចស៊ើបអង្កេតលើលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំងមួយរូប ពាក់ព័ន្ធនឹងបទក្បត់ជាតិនេះ ធ្វើឡើងស្រដៀងទៅនឹងករណីចោទលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។ លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួនពីបទក្បត់ជាតិ ដោយរដ្ឋាភិបាលសំអាងលើវីដេអូឃ្លីបបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក៕