ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ការ​ពារ​សិទ្ធិ​ជនភៀសខ្លួន


រូបឯកសារ៖ កុលសម្ព័ន្ធ​ម៉ុងតាញ៉ា​ឡើង​លើ​រថយន្ត​ បន្ទាប់​ពី​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០០៤។

ជនជាតិ​ម៉ុងតាញ៉ា ​ជារឿយ​ៗ​ត្រូវគេ​ដឹងថា​ បាន​លប​ចូល​សម្ងំ​លាក់​ខ្លួននៅ​ប្រទេស​កម្ពុជា​ ដោយសារ​ការ​រឹត​ត្បិត​ខាង​សាសនា​នៅប្រទេស​វៀតណាម។

ការ​ចាប់​បញ្ជូនជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ ដោយបង្ខំ​ចេញពី​ប្រទេស​កម្ពុជា​ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេស​នេះ។​ ក៏ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​ អះអាង​ថា​ ប្រទេស​កម្ពុជា​មិនបាន​ចាប់​បង្ខំ​ជន​ជាតិ​នេះ​ ឲ្យ​ចេញ​ពី​ប្រទេស​នោះ​ទេ​ គឺ​កម្ពុជា​គ្រាន់​តែ​អនុវត្ត​ច្បាប់​ ដូច​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ ក្នុងការ​បញ្ជូន​ជន​ភៀស​ខ្លួន​ចេញ​ពីប្រទេស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ នៅមុនការ​ចាប់​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​វៀតណាម​ចំនួន​ ២៩​នាក់​ ដើម្បី​បញ្ចៀស​ការ​ខូចខាត​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ក្នុងកិច្ច​ការ​ពារសិទ្ធិ​ជន​ភៀសខ្លួន។​ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ដែល​មាន​ទីស្នាក់​ការ​កណ្តាល​នៅសហរដ្ឋ​អាមេរិក។

លោក Phil Robertson ​នាយករង​នៃអង្គការ​ឃ្លំាមើលមនុស្ស​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែងក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃ​ទី​ ១២​ ខែកញ្ញា​ថា​ ជនភៀស​ខ្លួន​តំបន់​ភ្នំនៃ​ប្រទេស​វៀតណាម​ទាំងនោះ​ នឹង​រង​ការ​ធ្វើទុក្ខបុក​មេ្នញ​ធ្ងន់​ធ្ងរ​ ប្រសិន​បើ​ពួកគេ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ត្រឡប់​ទៅកាន់​វៀត​ណាម។

លោក​ Phil Robertson ​ត្រូវបាន​ដកស្រង់​សម្តីក្នុង​ន័យ​ដើមថា៖​

«​មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ ប្រទេស​កម្ពុជា​មិនគួរ​បង្ខំ​ជនភៀស​ខ្លួន​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅប្រទេស​វៀតណាម​ ជាទី​ដែល​ពួកគេ​នឹងប្រឈម​ការធ្វើ​ទុក្ខបុក​ម្នេញ​ខាងនយោបាយ​ និង​សាសនា​»។

លោកបាន​បន្តក្នុង​ន័យដើម​ថា៖​

«ប្រសិនបើ​រដ្ឋាភិបាល​បង្ខំ​ពួកគេ​ឲ្យត្រឡប់​ទៅវិញនោះ​ កេរ្តិ៍​ឈ្មោះរបស់​ប្រទេសកម្ពុជា​ ក្នុងនាមជា​មេដឹក​នាំថ្នាក់​តំបន់ក្នុង​កិច្ចការ​ពារ​សិទ្ធិជន​ភៀស​ខ្លួន​ នឹង​ខូចខាត​យ៉ាងដំណំ​»។

រូបឯកសារ៖ នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​នៅ​តំបន់​អាស៊ី​
រូបឯកសារ៖ នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​នៅ​តំបន់​អាស៊ី​

ជនជាតិ​ម៉ុងតាញ៉ា ​ជារឿយ​ៗ​ត្រូវគេ​ដឹងថា​ បាន​លប​ចូល​សម្ងំ​លាក់​ខ្លួននៅ​ប្រទេស​កម្ពុជា​ ដោយសារ​ការ​រឹត​ត្បិត​ខាង​សាសនា​នៅប្រទេស​វៀតណាម។

លោក​ កែម​ សារិន​ ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​របស់​ក្រសួង​មហាផៃ្ទ​បាន​ប្រាប់ ​VOA​ នៅថ្ងៃ​អង្គារនេះ​ថា ការ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ម៉ុងតាញ៉ាបន្ត​រស់​នៅ​ប្រទេស​កម្ពុជា​បាន​ ឬក៏ទៅរស់នៅ​ប្រទេស​ទីបីបាន​ លុះត្រាតែ​ពួក​គេ​ទទួលបាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន។​ លោក​ថា​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សផ្តល់សេចក្តី​អធិប្បាយ​ ពាក់​ព័ន្ធនឹង​ការ​បញ្ជូន​ជន​ជាតិ​ម៉ុងតាញ៉ានេះ​ ដោយ​មិនបាន​មើល​ទៅលើ​ទិដ្ឋភាពច្បាប់​ស្តីពី​ជន​ភៀស​ខ្លួន។

«​ទោះបីកម្ពុជា​មិន​បញ្ជូនគាត់​ចេញ​ ក៏គាត់ត្រូវ​តែ​ចេញ​ដែរ។​ បើសិន​ជាគាត់​អត់មាន​បាន​ឋានៈ​ ជន​ភៀ​សខ្លួន​នៅប្រទេស​ណាមួយ​ ​គាត់​នៅម៉េច​បាន​ ដូច​អាមេរិក​អីចឹង​ កាលណា​គាត់​ យើង​ទៅ​អាមេរិក​ កាលណា​គាត់​អត់​ឲ្យ​សិទ្ធិជ្រកកោន​ ជាជន​ភៀស​ខ្លួន​ហ្នឹង​ យើង​នៅ​អាមេរិក​ម៉េចបាន​។ គាត់​និយាយហ្នឹង​ វាអត់​មាន​យល់​ផ្លូវ​ច្បាប់​ទេ»។

លោក​បាន​ពន្យល់​បន្ថែម​ថា៖

«អាហ្នឹង​វារឿង​របស់​នីតិវិធី​ ឬមួយក៏រឿង​ខាង​ជន​ភៀស​ខ្លួន​ គេ​ធ្វើដំណើរការ​នីតិវិធី​ទៅ​ បើ​ជាប់​ គាត់​បាន​នៅ​ មិន​ជាប់​ គាត់មិន​ចេញ​ មិនដេញ ​ក៏គាត់​ត្រូវតែ​ចេញដែរ។​ អាហ្នឹង​តាមច្បាប់​ហ្នឹង​ គឺគាត់​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ ហើយ​អីហើយ​ គេមើល​ឃើញ​ថា​ ពេលគេ​ប្តឹង​ឧទ្ធរណ៍​ហ្នឹង​ គាត់​ក៏មិន​មាន​ឯកសារ​អី​គ្រប់​គ្រាន់​ ក្នុង​ការ​បង្ហាញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អី​គ្រប់​គ្រាន់​ថា​ គាត់​ជាអ្នក​មានការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ប្រទេស​សាម៉ី​ អី​អីចឹង​មែន​ អាហ្នឹងក៏គាត់​មិន​បាន​ជាប់​ឋានៈ​ ជាជន​ភៀសខ្លួនហើយ​គាត់​ក៏ត្រូវ​ចេញ​ដែរ​ កុំនិយាយ​ថា​គេដេញ​»។

ទោះជា​យ៉ាងណា​ក៏ដោយ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បានបញ្ជាក់​ឲ្យដឹងថា​ រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​អនុវត្ត​ដំណើរ​ការ​ត្រួត​ពិនិត្យ​រួមគ្នា​ ជាមួយ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន ហៅកាត់​ថា​ (UNCHR) ​ដែល​បាន​ត្រៀម​ចូលរួម​ពិនិត្យ​លើ​ការ​សម្រេចចិត្តបដិសេធ​លើកដំបូង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​យក​ជនជាតិ​ម៉ុងតាញ៉ា​ទាំងនោះ។​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក៏បាន​បញ្ជាក់​ឲ្យដឹង​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​បាន​ច្រាន​ចោល​ការ​ជួយ​ជ្រោមជ្រែងរបស់ UNCHR​ ក្នុង​ការ​យក​ជន​ភៀស​ខ្លួន​ទាំងនោះ​ ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទីបី​។

លោក​ Phil Robertson ​នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​នៅ​តំបន់​អាស៊ី​ ​ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​បន្ថែម​ថា៖

«​រដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើ​ឲ្យ​ប្រាកដថា ជនភៀស​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​នេះ​ ត្រូវ​បាន​ការ​ពារ​ ហើយក៏​មិន​ត្រូវ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ​ តាម​វិធីគ្រោះថ្នាក់​នៅ​វៀតណាម​នោះ​ឡើយ​»។

លោក​ កែម​ សារិន ​អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​របស់​ក្រសួង​មហាផៃ្ទ បាន​ការ​ពារ​ការ​អនុវត្តច្បាប់​របស់​រដ្ឋាភិបាល​ ហើយថា​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​គួរសម្លឹង​មើល​សហរដ្ឋ​អាមេរិក​ ដែលបាន​ចាប់​បញ្ជូន​ជនភៀស​ខ្លួន​រាប់​ពាន់​នាក់​ចេញពី​ប្រទេស​របស់​ខ្លួន។

«គាត់​ចេញមក​អីចឹង​ វាហាក់​បី​ដូចជា​ មើលប្រទេស​មួយហ្នឹង​វា​អាក្រក់​ពេក រួចទៅ​អាមេរិក​គាត់​ដេញ​គេ​ រាប់​ពាន់​រាប់ម៉ឺននាក់​ហ្នឹង​ គាត់​មិន​ថា​អាមេរិក​ បណ្តេញផង​។ ប្រទេសណា​ បណ្តេញ​គាត់​ពុំឃើញ​ទេ​ និយាយ​តែមួយ​កំណាត់​អីចឹង​មិន​កើតទេ​»។

លោក​ កែម​ សារិន​ បាន​អះអាងថា​ រាល់​ការ​សម្ភាសន៍​ជន​ដែល​ព្យាយាម​សុំឋានៈ​ជន​ភៀស​ខ្លួន​នីមួយៗ គឺ​មានមន្ត្រី​របស់​ UNCHR​ ចូលរួម ​ដោយ​អាជ្ញាធរ​មិន​អាច​សម្រេច​ចិត្ត​តែឯកឯង​បាន​នោះ​ឡើយ។

នៅ​ឆ្នាំ​២០០១​កង​ទ័ព​របស់​ប្រទេស​វៀតណាម​បាន​បង្រ្កាប​ការ​តវ៉ា​របស់​ប្រជាជន​កុលសម្ព័ន្ធ​នៅ​តំបន់​ខ្ពង់​រាប​ភាគ​កណ្តាល​ ដែល​ពន្យុះ​ឲ្យ​មាន​ការ​ហូរចូល​នៃ​ក្រុម​កុល​សម្ព័ន្ធ​ជនជាតិ​ភាគតិច​វៀតណាម​ទាំង​នោះ​ភៀស​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា។ ​ហើយ​អាជ្ញាធរ​វៀតណាម​ក៏​បាន​ស្នើ​ជា​ប្រចាំ​ឲ្យ​កម្ពុជា​ចាប់​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួក​គេ​វិញ។

ជន​ភៀស​ខ្លួន​ជា​ច្រើន​រយ​នាក់​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​៣​ ក្នុង​នោះ​សហ​រដ្ឋ​អាមេរិក​ទទួល​យក​ពួក​គេ​ច្រើន​ជាង​គេ។

ពាក់​ព័ន្ធនឹង​ក្តីបារម្ភ​នៃការ​ចាប់​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​ ២៩នាក់​នោះ​ អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​ក៏​បាន​ស្នើ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ធ្វើទុក្ខបុក​ម្នេញ​ខាង​នយោបាយ​ដែល​មានលក្ខណៈ​ជា​ប្រព័ន្ធ ​និង​ការ​រឹតបន្តឹង​នានា​លើ​សេរីភាព​សាសនា​សម្រាប់​ពលរដ្ឋ​ម៉ុង​តាញ៉ា​រស់នៅតំបន់​ខ្ពង់​រាប​ភាគ​កណ្តាល។​ ប្រទេស​វៀតណាម​ក៏គួរ​តែ​អនុញ្ញាត​ឲ្យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ អនុវត្ត​អាណត្តិ​នៃ​សិទ្ធិ​ការពារ​ជន​ភៀស​ខ្លួន​ ហើយ​រដ្ឋាភិបាល​ទីក្រុង​ ហាណូយ​ (Hanoi) ​ត្រូវ​យល់​ស្រប​នឹង​ការ​មិន​ដាក់​សម្ពាធ​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​៕

XS
SM
MD
LG