ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​និង​អតីត​យុទ្ធជន​គ្រោង​ពិភាក្សា​ពី​បញ្ហា​​របស់​ជនជាតិ​ម៉ុង​តាញ៉ា


រូបឯកសារ៖ ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។
រូបឯកសារ៖ ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។

អ្នកជំនាញ​ប្រវត្តិសាស្រ្ត​ ភាសាសាស្រ្ត​ និង​សិទ្ធិ​ជនជាតិ​ដើម​ព្រមទាំង ​អតីត​ទាហាន​ក្នុង​សង្គ្រាម​វៀតណាម​នឹង​មក​ជួបជុំគ្នា​នៅ​រដ្ឋ ​North Carolina ​ដើម្បី​ពិភាក្សា​ផ្តោតលើ​បញ្ហា​ប្រឈម​ដែល​ជនជាតិ​ដើម​ជួប​ប្រទះ​ទាំង​នៅក្នុង​សហរដ្ឋ​អាមេរិក​ និង​នៅ​ប្រទេស​កំណើត។

ការ​ជួបជុំ​រយៈពេល​មួយ​ថ្ងៃនេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៣​ ខែកុម្ភៈ​ ក្រោម​ការ​រៀបចំ​របស់​មូលនិធិ​ Fainting Robin ​និង​សាកលវិទ្យាល័យ​ North Carolina Wilmington ។

លោក ភីធឺ ម៉ាក់ខ្វៃ ​ស្ថាបនិក​មូលនិធិ​ Fainting Robin ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​«ប្រឈមមុខ​នឹងមរណភាព​នៅ​កម្ពុជា‍»​ យល់ថា​ វាជា​ពេលវេលា​សមស្រប​ដែល​ត្រូវ​រៀបចំ​សន្និសីទ​នេះ​ ដោយសារ​តែ​សហរដ្ឋ​អាមេរិក​ក៏​បាន​ធ្វើ​កិច្ចការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត ​នៅ​ប្រទេស​ដទៃ​ទៀត​នា​ពេល​បច្ចុប្បន្ន ​ដូចជា​នៅ​អាហ្វហ្កានីស្ថាន​ និង​អ៊ីរ៉ាក់​ ហើយ​ពួកគេ​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់ ​ដោយ​សារតែ​ជួយ​សហរដ្ឋ​អាមេរិក។

ក្នុង​អំឡុង​សង្រ្គាម​នៅ​វៀតណាម​ទាហាន​ម៉ុងតាញ៉ា​ គឺជា​អ្នក​ប្រយុទ្ធ​ដ៏​ជំនាញ ​និង​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះស្ម័គ្រ​របស់​សហរដ្ឋ​អាមេរិក។

លោក ម៉ាក់ខ្វៃ ​បាន​បន្ថែម​ទៀត​ថា៖

«ពួកយើង​ជំពាក់​គុណ​ពួកគេ​ច្រើន​ណាស់។ ជាពិសេស​ក្រុម​ទាហាន​ពិសេស​ដែល​មាន​ឈ្មោះ​ថា​ក្រុម​មួកប៉េរ៉េ​បៃតង។ ពួកគេ​បាន​ជួយ​សង្គ្រោះ​ជីវិត​ទាហាន​អាមេរិកាំង​ច្រើន​ណាស់»។

រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»។ (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)
រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»។ (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)

លោក ភីថឺ ម៉ាក់ខ្វៃ ​យល់​ថា​ ក្រុមម៉ុងតាញ៉ា​គឺ​ប្រហែលជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​ជាងគេ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​ត្រូវ​សហរដ្ឋ​អាមេរិក​ក្បត់ ​ហើយ​បោះបង់​ចោល ​ប៉ុន្តែ​មាន​មិត្ត​រួម​អាវុធ​របស់​ពួកគេ​ខ្លះ​មកពី​កងកម្លាំង​ពិសេស​មាន​អារម្មណ៍​ថា ​បាន​ជំពាក់​គុណ​អ្នកទាំងនោះ​ និង​ធ្វើ​សកម្មភាព​ដែល​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ។

ក្នុង​ចំណោម​សកម្មភាព​នោះ​ គឺ​កាលពី​ចុងទសវត្សរ៍​១៩៩០ ​និង​ដើម​ឆ្នាំ​២០០០​ មាន​ការជម្លៀស​ ជនជាតិ​ភ្នំ​ចេញពី​ប្រទេស​កម្ពុជា ​ហើយ​ក្រុមអតីត​យុទ្ធជន​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ North Carolina ​ទទួល​យក​ពួកគេ​មកតាំង​ទីលំនៅ​នៅទីនោះ។

លោក ភីថឺ ម៉ាក់ខ្វៃ​ យល់ថា​ បើទោះបីជា​មិនអាច​សង​បាន​គ្រប់គ្រាន់​ចំពោះ​គុណូបការៈ​របស់​ពួកគេ​ ប៉ុន្តែ​ក៏ជា​រឿងរ៉ាវ​ដ៏អស្ចារ្យ​ដែល​ពួកគេ​បាន​បំពេញ៖

«ទាំងនេះ​គឺជា​ការងារ​ដ៏​អស្ចារ្យ​របស់​ក្រុមមនុស្ស​ដែល​មកពី​គ្រប់​ឋានៈ​ក្នុង​សង្គមដែល​មាន​ដូចជា​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​សារព័ត៌មាន អ្នក​ផ្សព្វផ្សាយ​សាសនា អតីត​យុទ្ធជន និង​សមាជិក​សភា ដែល​ធ្លាប់​ធ្វើការ​ជាមួយនឹង​ក្រុម​ម៉ុងតាញ៉ា កាលពី​អំឡុង សង្គ្រាម។ ក្រុម​ទាំង​នេះ​អាច​ទុក​ទំនឿ​សាសនា​ និង​នយោបាយ​ខុសគ្នា​មួយ​ឡែក​សិន​ដើម្បី​ជួយ​ក្រុម​មនុស្ស​ដែល​ត្រូវការ​ជំនួយ។ នៅក្នុង​ការងារ​នេះ​គឺ​បាន​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​ជាច្រើន។ ពួកគេ​ពិតជា​មិនបាន​ធ្វើ​ការងារ ​ដែល​បាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ពេល​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​នេះ​ គឺជា​ឧទាហរណ៍​មួយ​ចំនួន​ ដែល​បង្ហាញ​ពី​ការធ្វើ​អំពើ​ល្អ​របស់​អាមេរិកាំង​ បន្ទាប់ពី​ទុក​ឱ្យ​សម្ព័ន្ធ​មិត្តរបស់​យើង​មាន​គ្រោះថ្នាក់‍»។

ជនជាតិ​ម៉ុងតាញ៉ា​ដែល​រស់នៅ​រដ្ឋ North Carolina ​មាន​ចំនួន​ប្រហែល​១៥.០០០​នាក់។ នេះ​គឺ​ជា​សហគមន៍​ជនជាតិ​ដើមម៉ុងតាញ៉ា​ធំ​ជាងគេ​បំផុត​ក្រៅពី​ប្រទេស​កំណើត​ ដែល​នៅ​តំបន់​ខ្ពង់រាប​ភាគកណ្តាល​ប្រទេស​វៀតណាម។

រូបឯកសារ៖ ក្រុមជនជាតិ​ម៉ុង​តាញ៉ាកំពុងឡើងរថយន្តក្រុង បន្ទាប់ពីបានមកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៤។
រូបឯកសារ៖ ក្រុមជនជាតិ​ម៉ុង​តាញ៉ាកំពុងឡើងរថយន្តក្រុង បន្ទាប់ពីបានមកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៤។

លោក ស្ទីវ ផាកឃឺ​ នាយក​ប្រតិបត្តិ​នៃ​សមាគម ​Focus ​ដែល​មាន​មូលដ្ឋាន​នៅរដ្ឋ North Carolina​ ហើយ​ធ្វើការ​ជាមួយ​នឹង​សហគមន៍​ជនជាតិ​ម៉ុងតាញ៉ា​យល់ថា​ ពលរដ្ឋ​អាស៊ី​នៅ​ សហរដ្ឋ​អាមេរិក​មាន​ជីវភាព​ល្អ​ប្រសើរ​ដោយ​ឡែក​តែ​ជនជាតិ​ម៉ុងតាញ៉ា​មាន​ បញ្ហា​ ដោយសារតែ​ពួកគេ​ធ្លាប់តែ​ធ្វើ​ការងារ​កសិកម្ម។ អីចឹង​ហើយ​បាន​ជា​ពួកគេ​ធ្វើ​ការងារ​ដែល​រកប្រាក់​ចំណូល​បាន​តិចតួច​ ប៉ុន្តែ​មិន​ជួប​ការលំបាក​ខ្លាំង​ទេ។

លោក​បន្ថែម​ថា៖

«ជាទូទៅ​ពួកគេ​ជាមនុស្ស​ឧស្សាហ៍​ព្យាយាម។ ពួកគេ​ខិតខំ​ធ្វើការ។ ជាធម្មតា​ពួកគេ​តែ​ងតែ​មាន​អ្នក​ផ្តល់ការងារ​ធ្វើ។ ជាទូទៅ​ពួកគេ​មិន​មាន​បញ្ហា​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ទេ‍»។

លោក ស្ទីវ​ ផាកឃឺ​ បន្ថែម​ថា ​ក្នុង​ពេល​ដែល​ជនជាតិ​ម៉ុងតាញ៉ា​ភាគច្រើន​ខិតខំ​សម្រប​នឹង​ជីវភាព​ថ្មី ​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​អ្នកខ្លះ​នៅ​ចិញ្ចឹម​ចិត្ត​ថា​នឹង អាច​ធ្វើ​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ទាមទារ​សេរីភាព​នៅក្នុង​ប្រទេស​របស់​គេ​វិញ៖

«មាន​ក្រុម​ចលនា​នយោបាយ​មួយ​ចំនួន​តូច​ដែល​នៅតែ​ជឿ​ថា ​សហរដ្ឋ​អាមេរិក​នឹង​បំពាក់​អាវុធឱ្យ ពួកគេ​ហើយ​បញ្ជូន​ត្រឡប់​ទៅ​ធ្វើ​សង្គ្រាម​រំដោះ​តំបន់​ខ្ពង់រាប។ ខ្ញុំ​បាន​ព្យាយាម​ប្រាប់​ពួកគេ​ថា​ រឿង​នេះ​នឹង​មិនអាច​កើត​មាន​ទេ​ ហើយ​ពួកគេ​អាច​នឹង​ប្រសើរឡើង​ ប្រសិនបើ​ប្រើប្រាស់​ធនធាន​ដែល​មាន​សម្រាប់​កិច្ចការ​ផ្សេង។ ពួកគេ​រឹងរូស​ណាស់ ​ហើយ​នៅតែ​ជឿថា​ ប្រសិនបើ​ពួកគេ​នៅ​រក្សា​ជំនឿចិត្ត ​គឺ​ពួកគេ​អាច​ធ្វើ​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​បាន‍»។

សន្និសីទ​ក៏​នឹង​ផ្តោត​លើ​បញ្ហា​របស់ជនជាតិ​ពូនង​ផងដែរ ​ដោយសារ​នៅក្នុង​ប្រទេស​កម្ពុជា​ពួកគេ​ក៏​ជួប​ការលំបាក​ខាង​ផ្នែក​ថែរក្សា​ប្រពៃណី​ និង​វប្បធម៌ ។

រូបឯកសារ៖ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ពូនង​កំពុង​កាន់​អន្ទាក់​ទាក់​ដំរី​នៅខេត្ត​មណ្ឌលគិរី។ (រូបថត៖ ផ្តល់​ឲ្យ​ដោយ Peter Maguire)
រូបឯកសារ៖ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ពូនង​កំពុង​កាន់​អន្ទាក់​ទាក់​ដំរី​នៅខេត្ត​មណ្ឌលគិរី។ (រូបថត៖ ផ្តល់​ឲ្យ​ដោយ Peter Maguire)

លោកស្រី ប៊ែកឃី ​បាត់ល័រ​ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ North Carolina ​និង​ជា​វាគ្មិន​ម្នាក់​បាន​បញ្ជាក់​ថា៖

«មាន​ការបាត់​បង់ដី​ជាច្រើន​ដែល​ពិតជា​រំខាន​ដល់​ចំណង​ក្នុង​សហគមន៍ ​ហើយ​នៅពេលណា​ដែល​មាន​ការ​ប៉ះពាល់​ ដូចនេះ​ហើយ​គឺ​ពិតជា​លំបាក​សម្រាប់​មនុស្ស​វ័យ​ចាស់​ផ្ទេរ​ភាសា​ទៅ​មនុស្ស​ជំនាន់​ក្រោយ។ វា​ក៏​ប៉ះពាល់​ដល់​ឱកាស​ខាង​សេដ្ឋកិច្ច​ផង​ដែរ​ ពីព្រោះ​នៅពេល​បច្ចុប្បន្ននេះ​ គឺជា​ការ​ផ្លាស់​ប្តូរ​ភាសា ​ពីព្រោះ​យុវជន​យល់​ថា បើសិន​ជា​ពួកគេ​ចង់​ជោគជ័យ​ និង​មាន​ឱកាស​ច្រើន​ពួកគេ​ត្រូវតែ​រៀន​ភាសា​ដែល​ធំ​ដែល​មាន​ដូចជា​ភាសា​ខ្មែរ​ ឬ​វៀតណាម​ ហើយនៅសហរដ្ឋ​អាមេរិក​គឺ​អង់គ្លេស។ នេះ​ប្រហែលជា​កត្តា​ទីមួយ​ក្នុង​ការធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​ភាសា‍»។

លោក ប្លាង សីន ​ជាជន​ជាតិ​ពូនង​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ថា​ជីវភាព​ជនជាតិ​ដើម​រង​ការប៉ះពាល់​យ៉ាង​ខ្លាំង ​ដោយសារ​ការ​បាត់បង់​ព្រៃ ​និង​ធនធាន​សត្វព្រៃ។

លោក​ថា ​ជនជាតិ​ដើម​មិន​សូវ​ទទួល​បាន​ការងារ​ខ្ពង់ខ្ពស់​នៅក្នុង​ជួរ​រាជការ​ទេ​ រីឯ​ក្មេង​ជំនាន់​ក្រោយ​ក៏​មិន​ចង់​និយាយ​ភាសា​ជនជាតិ​ដើម​ដែរ។

«ភាសា​យើង​ចង់​បាត់បង់​បណ្តើរៗ​ហើយ។ ក្មេង​ជំនាន់​ក្រោយ​ចូលចិត្ត​ប្រើ​ភាសាខ្មែរ​អត់ចង់​ប្រើ​ភាសា​ជនជាតិ​ហើយ ​សម្លៀក​បំពាក់​បើ​ពាក់​តាម​ប្រពៃណី​របស់​ជនជាតិ​ហ្នឹង​គ្រាន់តែ​យើង​បង្ហាញ ទៅ​តាម​សិល្បៈ​ហ្នឹង​ក៏​ខ្មាស់​គេ​ដែរ‍»។

លោក ប្លាង សីន ​បាន​បង្កើត​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​ ដែល​មាន​ស្នាក់ការ​នៅ​ខេត្ត​មណ្ឌលគីរី ​គឺ​ដើម្បី​រក្សា​ប្រពៃណី​ទឹកដី​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​ និង​ក៏​ដើម្បី​នាំមក​នូវ​សេចក្តី​ថ្លៃថ្នូរ ឱ្យ​ពលរដ្ឋ​ជនជាតិ​ដើម​មាន​សិទ្ធិ​ដូច​គេ​ដែរ។

រីឯ​នៅ​ប្រទេស​វៀតណាម ​លោក ស្ទីវ ផាកឃឺ​ យល់ថា​ ស្ថានភាព​ក្រុម​ម៉ុងតាញ៉ា​បាន​ធូរស្រាល​ខ្លះ បើទោះបីជា​ម្តងម្កាល​នៅមាន​ការ​យាយី​រំខាន​ក៏ដោយ។ ប៉ុន្តែ​នៅ​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ភាគច្រើន។

«បើនិយាយ​ពី​ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ​ ពួកគេ​មាន​ការ​តស៊ូ​ ពីព្រោះ​នៅមិន​ទាន់​មាន​ជម្រើស​ច្រើនសម្រាប់​ក្រុមម៉ុងតាញ៉ា​ភាគច្រើន​ ដោយសារតែ​ការ​សិក្សា​អប់រំ​របស់​ពួកគេ​នៅមាន​កម្រិត។ បើទោះបីជា​ពួកគេ​ខំរៀន​បន្ត​រហូត​ដល់​បាន​សញ្ញាបត្រ​មហាវិទ្យាល័យ​ គឺ​ពួកគេ​ត្រូវ​សូកប៉ាន់​ ដើម្បី​ទទួលបាន​ការងារ​ល្អ។ ដូច្នេះ​គ្រួសារ​ម៉ុងតាញ៉ា​ភាគច្រើន​មិន​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​សូកប៉ាន់​គេ​ទេ‍»។

អង្គការ​ Focus​ កំពុងតែ​ភ្ជាប់​ទំនាក់ទំនង​រវាង​ជនជាតិ​ម៉ុងតាញ៉ា​ ដែល​នៅ​សហរដ្ឋ​អាមេរិក​ជាមួយនឹង​សហគមន៍​របស់​ពួកគេ​នៅ​ប្រទេស​វៀតណាម​ ក៏​ដូចជា​ខិតខំ​ផ្តល់​សំឡេង​ដល់​ពលរដ្ឋ​ម៉ុងតាញ៉ា​ ចែក​រំលែក​តម្រូវការ ​និង​ការ​ព្រួយបារម្ភ​ជាមួយនឹង​រដ្ឋាភិបាល​វៀតណាម។

រូបឯកសារ៖ ជនជាតិដើមភាគតិចពូនងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួននៅក្នុងទីក្រុង Charlotte រដ្ឋ North Carolina កាលពីឆ្នាំ២០១៥។ (រូបថតផ្តល់ឲ្យដោយ Becky Butler)
រូបឯកសារ៖ ជនជាតិដើមភាគតិចពូនងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួននៅក្នុងទីក្រុង Charlotte រដ្ឋ North Carolina កាលពីឆ្នាំ២០១៥។ (រូបថតផ្តល់ឲ្យដោយ Becky Butler)

ចំណែក​លោកស្រី​ ប៊ែកឃី បាត់ល័រ ​យល់​ថា​ សន្និសីទ​នេះ​នឹង​ជួយ​ឱ្យ​មាន​ការយកចិត្ត​ទុក​ដាក់​ដល់​ជនជាតិ​ដើម។

«វាជា​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​មួយ​ ប្រសិនបើ​ពួកគេ​អាច​រក្សា​ទុក​ភាសា​ខុសៗ​គ្នា​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ប្រសិនបើ​យើង​អាច​បង្ហាញពី​តម្លៃ​នៃ​ភាសា​មួយ​ដូចជា​ភាសាពូនង​មាន​ ហើយ​រដ្ឋាភិបាល​ឬ​ស្ថាប័ន​នយោបាយ​ទទួលស្គាល់​ ពួកគេ​នឹង​ចាប់ផ្តើម​វិនិយោគ​លើ​សុខមាលភាព​របស់​ពលរដ្ឋ ​ពូនង​ឬ​ក្រុមតូចៗ​ដទៃ​ទៀត‍»។

លោក​ ភីធឺ ម៉ាក់ខ្វៃ​ បាន​បញ្ជាក់​ថា​ ក្រៅពី​ការជួបជុំ​ដើម្បី​ពិនិត្យមើល​បញ្ហា​ប្រឈម ដែល​ជន​ជាតិ​ម៉ុង​តាញ៉ា​ជួប​ប្រទះ​ វាក៏ជា​ឱកាស​ដែល​អតីត​យុទ្ធមិត្ត​ក្នុង​សម័យ​សង្គ្រាម​បាន​ជួបជុំ​គ្នា​ឡើង​វិញផងដែរ ​ដោយសារ​តែ​ក្នុងចំណោមវាគ្មិន​ដ៏ល្បីៗ​ក៏មាន​លោក​ Larry Crile ​ដែល​បាន​បម្រើ​ក្នុង​កងកម្លាំង​ពិសេស​ក្នុង​សង្គ្រាម​វៀតណាម​ហើយ​ដឹកនាំ​ក្រុម​មួយ​នៃ​កងស្វ័យ​ការពារ​ជាតិ​ម៉ុង​តាញ៉ា​ក៏នឹង​ចូល​រួម​ផង​ដែរ៕

XS
SM
MD
LG