ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ខ្មែរ​«សាមគ្គី‍»​គ្នា ​ខណៈ​មាន​ការ​មិន​ចុះ​សម្រុង​ខាង​នយោបាយ


រូបឯកសារ៖ ព្រះបាទ​នរោត្តមសីហមនី ព្រះ​មហាក្សត្រ​ខ្មែរ​លើក​ដៃ​ក្រវីស្វាគមន៍​ទៅកាន់​សិស្សានុសិស្ស​ដែល​ចូលរួម​ប្រារព្ធ​ទិវា​ឯករាជ្យជាតិ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រូបឯកសារ៖ ព្រះបាទ​នរោត្តមសីហមនី ព្រះ​មហាក្សត្រ​ខ្មែរ​លើក​ដៃ​ក្រវីស្វាគមន៍​ទៅកាន់​សិស្សានុសិស្ស​ដែល​ចូលរួម​ប្រារព្ធ​ទិវា​ឯករាជ្យជាតិ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​ទៅ​រដ្ឋសភា​ជាតិ​កម្ពុជា ​ក្នុង​កិច្ច​ប្រជុំ​បើក​បវេសនកាល​នៃ​សម័យ​ប្រជុំ​សភា​លើក​ទី៧ នីតិកាល​ទី៥ នៅ​ថ្ងៃទី៧ ខែ​តុលា ឆ្នាំ​២០១៦។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ព្រះ​មហាក្សត្រ​ខ្មែរ​ សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី បាន​ប្រកាស​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​សាមគ្គី​គ្នា​ដើម្បី​កសាង​ជាតិ ខណៈ​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ​មិន​ទាន់​ចុះ​សម្រុង​ក្នុង​ការ​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​កំពុង​កើត​មាន។ ការ​អំពាវនាវ​ធ្វើ​ឡើង​ ស្រប​ពេល​រដ្ឋសភា​ជាតិ​បើក​បវេសនកាល​ដោយ​គ្មាន​វត្តមាន​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង។

ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​ទៅ​រដ្ឋសភា​ជាតិ​កម្ពុជា ​ក្នុង​កិច្ច​ប្រជុំ​បើក​បវេសនកាល​នៃ​សម័យ​ប្រជុំ​សភា​លើក​ទី៧ នីតិកាល​ទី៥ នៅ​ថ្ងៃទី៧ ខែ​តុលា ឆ្នាំ​២០១៦។ ប្រធាន​រដ្ឋសភា លោក​ហេង​ សំរិន​ បាន​អាន​ព្រះ​រាជសារ​នោះ​នៅ​ចំពោះ​មុខ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប ដែល​រួម​មាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ក្នុង​កិច្ច​ប្រជុំ​ផង​ដែរ។

បើ​តាម​ព្រះរាជ​សារ​ ព្រះ​មហាក្សត្រ​បាន​កោត​សរសើរ​ដល់​ការ​ដឹកនាំ​ការ​អនុម័ត​ច្បាប់​របស់​លោក ហេង សំរិន ក្នុង​ពេល​កន្លងមក និង​បាន​កោត​សរសើរ​ដល់​ លោក ហ៊ុន សែន ថា​ បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ភាព​រឹងមាំ​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

​ក្នុង​ព្រះ​រាជសារ​ដដែល​នោះ ព្រះ​មហាក្សត្រ​បន្ថែម​ដោយ​សង្ឃឹម​ថា​ សភា​ដែល​តំណាង​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​ទូទាំង​ប្រទេស​ នឹង​ខិតខំ​ដោះស្រាយ​កិច្ចការ​ចំពោះ​មុខ​ ដើម្បី​សម្រេច​ទិសដៅ​ជា​ជំហាន​ ធានាបាន​នូវ​សង្គម​កម្ពុជា​ប្រកប​ដោយ​សុខដុមរមនា​ មាន​ស្ថិរភាព​នយោបាយ​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សង្គម។​ ក្នុង​នោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​សមធម៌​ ត្រូវ​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធ​មនុស្ស។

លោក ហេង សំរិន បាន​អាន​ព្រះ​រាជសារ​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​សូម​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស សូម​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សាមគ្គីភាព​ដើម្បី​រួបរួម​គ្នា សំដៅ​កសាង និង​ការពារ​ជាតិ និង​សមិទ្ធផល​សង្គម»។

ថ្លែង​ប្រាប់ VOA ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៦​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​មាន​បំណង​ចូល​ប្រជុំ​សភា​ដើម្បីបំពេញ​ភាព​ស្រប​ច្បាប់​តាម​បែប​ប្រជាធិបតេយ្យ ​សេរីនិយម​ និង​ពហុបក្ស ​តែ​លោក​ថា ការ​សម្រេច​នេះ​គឺ​ត្រូវ​រង់​ចាំ​មើល​ទង្វើ​របស់​គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន។

មេ​ដឹកនាំ​លោក​បញ្ជាក់​ថា៖

«យើង​រង់ចាំ​ឲ្យ​មាន​កាយ​វិការ​ល្អ​ពី​ខាង​គណបក្ស​ប្រជាជន​ផង​ដែរ ដូចជា​ការ​ដោះ​លែង​អ្នក​ដែល​ជាប់​ពន្ធនាគារ ដូចជា​ការ​ទម្លាក់​ចោល​សំណុំ​រឿង​ដែល​ចង់​ឈាន​ទៅ​ចាប់​អ្នក​នេះ​អ្នក​នោះ​ថែម​ទៀត ដូច​ជា​ការ​មិន​គោរព​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត ដូច្នេះ​បើ​មាន​កាយវិការ​ជា​វិជ្ជមាន​ដូចគ្នា​ទៅវិញ​ទៅ​មក យើង​នឹង​ទៅ​អង្គុយ​រដ្ឋសភា​ដើម្បី​ឲ្យ​ខ្មែរ​យើង​ចាប់​ផ្តើម​និយាយ​គ្នា​វិញ ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់ VOA ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​នឹង​មាន​ប្រសិទ្ធភាព​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ចូល​ប្រជុំ​ក្នុង​សភា។ លោក​បន្ថែម​ថា គណបក្ស​ប្រជាជន​គោរព​តាម​រដ្ឋធម្មនុញ្ញ ដូច្នេះ​គណបក្ស​កាន់​អំណាច​គ្មាន​សិទ្ធិ​ក្នុង​ការ​ជួយ​មេដឹកនាំ និង​សមាជិក​គណបក្ស​ប្រឆាំង​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​មាន​ប្រសាសន៍​ថា៖

«ដូច សម រង្ស៊ី អី​មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ហើយ​ ត្រូវ​ចូល​មក​ជាប់​គុក​ពីរ​ឆ្នាំ និង​បង់​ប្រាក់​ប្រាំបី​លាន​រៀល​ អាហ្នឹង​បានរួច​គ្នា បើ​ថា​នៅ​តែ​មិន​ទាន់​ចូល​គុក​ទេ ​អាហ្នឹង​មិន​អាច​ទៅ​រួច​ទេ អាហ្នឹង​មិន​អាច​ឲ្យ​គណបក្ស​ប្រជាជន​ទៅ​ជួយ​សម្រួល​អី​បាន​ទេ ពីព្រោះ​វា​ល្មើស​ទៅ​ដល់​ស្ថាប័ន​តុលាការ​ អាហ្នឹង​ហើយ​ដែល​យើង​តម្កល់​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ហេតុ​អី​បាន​ចេះ​តែ​ចង់​រំលោភ​ឯករាជ្យភាព​របស់​តុលាការ»។

លោក មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម ប្រាប់ VOA ថា ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីជាតិ ហាក់​បង្ហាញ​ពី​ការ​ឈ្វេង​យល់​របស់​ទ្រង់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហើយ​ដែល​ទ្រង់​កំពុង​ព្យាយាម​ចេញ​ព្រះ​ភក្ត្រ​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​ បើ​ទោះជា​ព្រះ​អង្គ​កំពុង​មាន​សម្ពាធ​ក្តី។

អ្នក​ស្រាវជ្រាវ​រូប​នេះ ​បន្ថែម​ថា៖

«ប្រហែល​ជា​ព្រះអង្គ​ឈ្វេង​យល់​ថា​ នយោបាយ​ប្រទេស​ខ្មែរ​នេះ​ហាក់​ដូចជា​មើល​ទៅ​អ្នកដឹកនាំ​ខ្មែរ​ហ្នឹង​ដូចជា​មិន​ត្រូវ​គ្នា ហើយ​ការ​មិន​ត្រូវ​គ្នា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ឯកភាព​ជាតិ និង​ការ​សាមគ្គី​ជាតិ ពិសេស​ការ​ការពារ​នូវ​ទឹក​ដី​ខ្មែរ​សម្រាប់ក្នុង​ថ្ងៃ​អនាគត​ដែរ ព្រោះ​អី​ខ្ញុំ​ជឿ​ថា​ ព្រះ​អង្គ​ដឹង ប្រសិន​ជា​ការ​ឈ្លោះ​គ្នា​បែប​នេះ​យូរ​ពេក​នឹង​អាច​ឈាន​ទៅ​ស្ថានភាព​នយោបាយ ឬ​ការ​អភិវឌ្ឍ​ជាតិ​ហ្នឹង នឹង​ធ្វើ​ឲ្យ​មាន​ភាព​ដុនដាប​ទៅថ្ងៃ​ខាង​មុខ»។

​កាល​ពី​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បាទ​ នរោត្តម សីហនុ នៅ​មាន​ព្រះជន្ម ព្រះអង្គ​តែង​បំពេញ​ព្រះ​រាជ​តួនាទី​ដោះស្រាយ​ជម្លោះ​នយោបាយ​របស់​គណបក្ស​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​ខ្មែរ​ក្រោយ​ការ​បោះ​ឆ្នោត។ ព្រះអង្គ​តែង​អញ្ជើញ​មេ​បក្ស​ធំៗ​ចូល​ក្នុង​វាំង​ដើម្បី​ពិភាក្សា​ទម្លុះ​ភាព​ទាល់​ច្រក។

ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ ពួកគេ​ចង់​ឃើញ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​បន្ត​គង់​ជា​អព្យាក្រឹត និង​បង្កើន​ព្រះ​រាជ​កិច្ច​ជួយ​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​ថែម​ទៀត​ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​ជា​ប្រចាំ​នៅ​ទូទាំង​ប្រទេស។

រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ថ្វាយ​អំណាច​ដល់​ព្រះមហាក្សត្រ ក្នុង​នាម​ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ និង​និរន្តរភាព​ជាតិ និង​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ទោះ​ជា​យ៉ាង​ណា​ព្រះ​មហាក្សត្រ​ទ្រង់​គ្រង​រាជ្យ តែ​មិន​កាន់​អំណាច៕

XS
SM
MD
LG