ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ពិនិត្យ​សិក្សា​ដើម្បី​បញ្ចប់​ក្តីក្តាំ​ប្រឆំាង​នឹង​​ក្រុម​សហជីព


រូបឯកសារ៖ លោក​ វ៉ន ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ហៅកាត់​ថា​ IDE​A​ ស្រែក​រក​យុត្តិធម៌​នៅ​ក្នុង​ពេល​ដើរ​ជា​ក្បួន​​តាម​ការ​បណ្តេញ​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

នៅ​សប្តាហ៍​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ ​«ក្រុម​ការងារ​ពិនិត្យ​សិក្សា​លើ​សំណើ​និង​សំណូមពរ​របស់​អង្គការ​វិជ្ជាជីវៈ»​ ​ដើម្បី​សម្រួល​ដល់​ការ​ផ្តល់​ប្រឹក្សាបញ្ហា​ច្បាប់​សម្រាប់​អង្គការ​វិជ្ជាជីវៈ​ និង​ការ​រង់ចាំ​ទទួល​ភារកិច្ច​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ​ និង​ក្រសួងយុត្តិធម៌។​ ​នេះ​បើ​យោងតាម​ការប្រកាស​រួម​មួយដែល​ចេញ​ដោយ​ក្រសួងការ​ងារ​និង​ក្រសួង​យុត្តិធម៌។​

ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន​យល់ថា​ ​ក្រុម​ការងារ​ថ្មីនេះ​ ​អាច​នឹង​ជា​ផ្នែកមួយ​នៃ​ការ​ពន្លឿន​ដំណើរការ​ដោះស្រាយ​រឿងក្តីក្តាំ​របស់​ពួកគេ​នៅ​ក្នុង​តុលាការ។​

ប្រកាស​រួម​របស់​ក្រសួង​ការងារ​និង​ក្រសួង​យុត្តិធម៌​ចុះថ្ងៃទី​៣​ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ក្រុម​ការងារ​នេះ​ ​នឹង​មាន​សហ​ប្រធាន​ចំនួន​ពីរ​រូប​ ​និង​អនុប្រធាន​ពីរ​រូប​ ​ហើយ​និង​សមាជិក​ផ្សេង​ទៀត​សរុប​ទាំង​អស់​១៥​រូប។​

ប្រការ២​នៃ​ប្រកាស​រួមរបស់​ក្រសួង​ទាំងពីរ​ដែលចុះហត្ថលេខា​ដោយ​លោក ​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ ​និង​លោក​ អង្គ វង្សវឌ្ឍនា​ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ​បាន​បញ្ជាក់​ថា៖​

«ក្រុមការងារ​នេះ​ មាន​តួនាទី​ និង​ភារកិច្ច​ ទទួលយក​សំណើរ​ និងសំណូមពរ​របស់​អង្គការ​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​ដំណើរការ​នៃបណ្តឹង​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ ពិនិត្យ​ និង​សម្រប​សម្រួល​ជាមួយ​ម្ចាស់​សំណើ​ និងភាគី​ពាក់​ព័ន្ធ​ ដើម្បី​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ និង​ដំណោះស្រាយ​ និង​ធ្វើ​របាយការណ៍​ជូន​រដ្ឋមន្ត្រីក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ពិនិត្យនិង​សម្រេច​លើ​សំណើ​ និង​សំណូមពរ»។​

ក្រុម​ការងារ​នេះ​ ​ក៏​មាន​ភារកិច្ច​ផ្សេង​ទៀត​ ដែល​នឹង​ផ្តល់​ដោយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ​ ​និង​ក្រសួង​យុត្តិធម៌។​

ការ​បង្កើត​ក្រុម​ការងារ​នេះ​ធ្វើឡើង​ ​បន្ទាប់​ពី​ក្រសួង​ការងារ​ ​បាន​ស្នើ​ដល់​ក្រុមមេដឹកនាំ​សហជីព​ដែល​រង​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​ឲ្យ​ផ្តល់​របាយ​ការណ៍​អំពី​សំណុំ​រឿង​របស់​ពួក​គេ​មក​ក្រសួង​ ​ដើម្បី​ជា​ទុន​សម្រាប់​ឲ្យ​ក្រសួង​ធ្វើការ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ​ក្នុង​ការ​បញ្ចប់​សំណុំ​រឿង​ទាំង​នោះ។​

នៅមុន​ការ​ជូនដំណឹង​របស់​ក្រសួងការងារ​នោះ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​លើក​ទឹក​ចិត្ត​ម្តង​ទៀតឲ្យ​សហជីព​ទាំង​អស់​ដែល​កំពុង​មាន​វិវាទ​នៅ​តុលាការ​ ​ត្រូវ​បញ្ជូន​សំណើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់​នា​ចុង​ឆ្នាំ​២០១៨​នេះ។​

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ​ធ្វើ​ការ​ជា​មួយ​ក្រសួង​យុត្តិធម៌​ដើម្បី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​បន្ត​ជាមួយ​តុលាការ​ ​ក្នុង​ការ​បញ្ចប់​សំណុំ​រឿង​ទាំង​នោះ​ ​កុំ​ឲ្យ​ឈាន​ចូល​ដល់​ឆ្នាំ​២០១៩។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​សហប្រធាន​នៃក្រុមការងារថ្មី​ដែល​មាន​លោក​ហេង សួ​ ​អ្នក​នាំ​ពាក្យ​ក្រ​សួង​ការងារ​ ​និង​លោក​ ​គឹម សន្តិភាព​ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ​VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ​ជិន ម៉ាលីន​ ​អ្នក​នាំពាក្យ​មួយរូប ទៀត​ ​នៃ​ក្រសួងយុត្តិធម៌​ តែ​ទូរសព្ទ​លោករោទិ៍​ មិនមានអ្នក​ទទួល។

​លោក​ ​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ​បញ្ជាក់​ ​VOA​ ​ឲ្យដឹង​នៅថ្ងៃ​អង្គារនេះថា​ ការ​បង្កើត​ក្រុមការងារ​ថ្មីនេះ​ អាច​នឹង​ជួយឲ្យក្រុមមេដឹកនាំ​សហជីព​ធំៗ​ និងតំណាងសហជីព​តូច​ៗ​ផ្សេង​ទៀត​ ទទួលបាន​ដំណោះស្រាយ​ឆាប់​ៗ​សម្រាប់​បញ្ចប់​ក្តីក្តាំរបស់​ពួកគេ​នៅតុលាការ​ ដូចអ្វី​ដែល​មេដឹកនាំ​កម្ពុជា​ធ្លាប់បាន​លើក​ឡើង​កាល​ពីពេល​កន្លងមកនោះ។​

«បើយោង​ទៅតាម​ការ​លើកឡើង​របស់​ថ្នាក់​ដឹកនាំ​ ដែល​លោកស្នើ​ឲ្យ​ ក៏ដូច​ជា​ជំរុញ​ឲ្យ​ទទួលការងារ​ ក៏ដូច​ជា​ក្រសួង​យុត្តិធម៌​ ធ្វើម៉េច​ពន្លឿន​នីតិវិធី​ដើម្បី​បញ្ចប់​ក្តីក្តាំ​ បណ្តឹង​របស់​មេដឹកនាំ​សហជីព​ ធ្វើ​ម៉េច​ឲ្យ​បាន​ចប់​មុន​ដំណាច់​ឆ្នាំ​២០១៨នេះ​ ខ្ញុំគិតថា​ ក្រុមការងារ​នេះ​ នឹង​ធ្វើការ​ពន្លឿន​ នូវតួនាទី​របស់​ខ្លួន ដើម្បី​បញ្ចប់​សំណុំរឿងនេះ​ ដើម្បី​ជាការ​ឆ្លើយ​តប​ ទៅនឹង​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ»។

លោក ប៉ាវ ស៊ីណា​ អះអាង​ថា​ លោកបាន​ដាក់​របាយការណ៍​នៃសំណុំរឿង​ក្តីក្តាំរបស់​សហជីព​លោក​ចំនួន​១១ករណី​ ក្នុងចំណោម​១៣​ករណីទៅ​ក្រសួងការងារ​នៅថ្ងៃ​អង្គារនេះ​ ហើយ​ថា​ មាន​មេដឹកនាំ​សហជីព​ផ្សេង​ទៀត​ ក៏បាន​ដាក់​របាយការណ៍​របស់​ពួកគេរួចហើយដែរ។​

ប៉ុន្តែ​សម្រាប់​លោក ​វន់ ពៅ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់ថា​ IDEA​ យល់ថា ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​បញ្ចប់​កី្តក្តាំរបស់​មេដឹកនាំសហជីព​នានានៅតុលាការ​នោះ​ គឺជា​រឿង​មួយ​យឺត​ពេល​សម្រាប់​រូប​លោក​ ដែលត្រូវបាន​គេវាយដំ និង​ដាក់ក្នុងពន្ធនាគារ​ ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើងប្រាក់​ឈ្នួលកម្មករ​នៅដើម​ឆ្នាំ​២០១៤។​

«យើង​ឃើញ​ថា​ អ្នកផ្សេង​គេមិន​ធ្វើ​ទារុណកម្ម​មុននឹង​ចាប់​ទៅ គេមិន​វាយ​ដំ​ដូចខ្ញុំ​ទេ​ តែខ្ញុំ​គេវាយ​ដំ​ស្ទើរ​តែ​ស្លាប់​បាត់​បង់​ជីវិត​ ហើយ​គេបញ្ជូន​ដាក់​ក្នុង​ពន្ធនាគារ​ទៀត​។ ខ្ញុំគិត​ថា​ វាហាក់ដូច​ជា​ វា​យឺត​ពេល​សម្រាប់​ពួក​ខ្ញុំ​ទាំង​២៣​នាក់​ ជាពិសេស​រូប​ខ្ញុំ​ផ្ទាល់​តែ​ម្តង​»។​

លោក​ ​វន់ ពៅ​ ​និង​ក្រុម​កម្មករ​ ព្រម​ទាំងសកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​២២​នាក់​ទៀត​ ត្រូវ​ចាប់​ខ្លួន ​កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​២០១៤​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា​ ការ​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ការ​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ ​និង​សណ្ដាប់​ធ្នាប់​សង្គម។​

ទោះណាជា​លោក​ត្រូវ​បាន​គេវាយដំ​ និង​ចោទប្រកាន់​រហូត​ត្រូវ​ជាប់​ក្នុងមន្ទីរឃុំឃាំងនោះ​ ក៏​លោក វន់ ពៅ យល់​ថាការបង្កើត​ក្រុមការងារ​របស់​ក្រសួង​ការងារ​ និង​យុត្តិធម៌​នេះ អាច​ជាឱកាស​មួយសម្រាប់​លោក​ ក្នុងការ​ទាមទារ​ឲ្យសា្ថប័ន​តុលាការ​ទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​រូបលោក​។ លោក​និយាយថា៖

«វាជា​ឱកាស​មួយដែរ​ ដែលយើង​នឹង​ធ្វើ​រឿងហ្នឹង​ ដើម្បី​ទម្លាក់​ ឲ្យតុលាការ​ទម្លាក់​ការ​ចោទប្រកាន់​ ដើម្បី​កុំ​ឲ្យយើង​ជាប់​បណ្តឹង​ពី​តុលាការ​ វាជា​ឱកាស​មួយ​ផងដែរ​»។

កិច្ចខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បញ្ចប់​សំណុំរឿង​របស់​ក្រុមមេដឹកនាំសហជីព​នៅ​តុលាការ ត្រូវ​គេសង្កេតឃើញថា​ បានធ្វើឡើង​នៅចំពេល​ ប្រទេស​កម្ពុជា​ កំពុងរងការ​គាបសង្កត់ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ ចំពោះការ​យក​ពន្ធ​លើ​ទំនិញនាំចេញ​របស់​កម្ពុជា។

កាល​ពី​ដើម​ខែតុលា​ ​សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

សហភាព​អឺរ៉ុប​បាន​សម្រេចទុក​ពេល​១២​ខែ​ឲ្យ​កម្ពុជា​ស្តារ​ស្ថាន​ភាព​ប្រជាធិបតេយ្យ​ឡើង​វិញ​ ​មុន​នឹង​សម្រេច​ដក​ការអនុគ្រោះ​ពន្ធ​ ​ដែល​នឹង​មិន​ឲ្យ​កម្ពុជា​ជាប់​ពន្ធ​មានទឹក​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG