ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់​ខ្លួន​អ្នក​បំភ្លៃ​ព័ត៌មាន​ទាក់​ទង​នឹង​កូវីដ១៩ ខណៈ​អ្នក​ប្រើប្រាស់ TikTok ​ម្នាក់​ត្រូវ​ចាប់​ខ្លួន


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ទះដៃពេលចូលរួមក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ទះដៃពេលចូលរួមក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ ​ឱ្យ​ដឹង​ថា​ កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​ម្នាក់​តាម​បញ្ជា​របស់​លោក​ក្នុង​ករណី​បង្ហោះ​រូបភាព​តាម​ប្រព័ន្ធ​សង្គម​ TikTokថា​ មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ខេត្ត​កោះកុង ដោយ​សារ​ជំងឺ​កូវីដ​១៩។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរ​ទិវា​មច្ឆជាតិ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ នា​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២។

លោក​នាយករដ្ឋមន្រ្តី​បាន​ព្រមាន​ទុក​ជា​មុន​ថា​ការ​បង្ហោះ​សារ​បំភ្លៃ​ទាក់​ទង​នឹង​កូវីដ​១៩ ដែល​លោក​ថាបង្ក​ជា​ចលា​ចល​សង្គម មិន​អាច​ទទួល​យក​ និង​លើក​លែង​បាន​ទេ។

លោក​ថ្លែង​ថា៖ «បើ​អ្នក​ឯង​មិន​ចង់​ជាប់​ខ្នោះ​ទេ អ្នក​ឯង​កុំ​ធ្វើ​រឿង​អ៊ីចឹង ព្រោះ​រឿង​នេះ​មិន​មែន​រឿង​លេង​សើច​ទេ។ ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​សាធារណជន​ មិន​មែន​រឿង​បញ្ចេញ​មតិ​ទេ។ ខ្ញុំ​សូម​បញ្ជាក់ ខ្ញុំ​សូម​ព្រមាន​ទុក​ជា​មុន អ្នក​ណា​ក៏​ដោយ​ដែល​យក​បញ្ហា​កូវីដ​ទៅ​ជា​បញ្ហា​លេង​សើច បំពុល​បរិយាកាស​ត្រូវ​បាន​ចាប់​ខ្លួន»។

បើ​តាម​លោក ហ៊ុន សែន មនុស្ស​ម្នាក់​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ដែល​លោក​ថា​មានឈ្មោះ​«អ៊ូខុង» ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ TikTok ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ជូន​មក​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​អនុវត្ត​តាម​ដីកា​របស់​ព្រះ​រាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ។ លោក​បន្ថែម​ថា​កម្ពុជា​មិន​មាន​អ្នក​ជំងឺ​សូម្បី​ម្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ប៉ុន្តែ​មាន​ការ​បង្ហោះ​រូបភាព​មនុស្ស​ស្លាប់​នៅ​ខេត្ត​កោះកុង​ ដែល​ជា​រូបភាព​ចាស់។

លោក ហ៊ុន សែន ក៏​បាន​អះអាង​ថា​លោក​មិន​ខ្វល់​នឹង​ការ​រិះ​គន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​ឬ​អង្គ​ទូត​ណា​ឡើយ​ចំពោះ​ការ​បញ្ជា​របស់​លោក។

លោក​បន្ថែម​ថា៖ «អ្នក​ណា​ចង់​និយាយ​ជា​មួយ​ខ្ញុំ សូម​អញ្ជើញ​មក។ អង្គការ​សិទ្ធិ​មនុស្ស ឬ​អង្គ​ទូត​នានា ចង់​និយាយ​ មក។ អ្នក​ឯង​ទទួល​យក​បាន​ទេ​នូវ​ព័ត៌មាន​បំភ័យ​បែប​នេះ!»។

ក្នុង​ពេល​ព្រមាន​នោះ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ផង​ដែរ។

លោក ​អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​ប្រកប​ដោយ​ក្រម​សីលធម៌ និង​បញ្ចេញ​នូវ​ព័ត៌មាន​ពិត ដោយ​មាន​ការ​ស្វែង​យល់។ លោក​បន្ថែម​ថា​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ក៏​ត្រូវ​ចូល​រួម​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​បែង​ចែក​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ចែក​រំលែក។

លោក​ថ្លែង​ថា៖ «ជា​ការ​កត់​សម្គាល់​របស់​ខ្ញុំ​ទេ បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​ចេះ​ប្រើ​នូវ​ប្រព័ន្ធ​សង្គម​ច្រើន ក៏​ប៉ុន្តែ​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​មិន​ទាន់​ចេះ​ថ្លឹង​ថ្លែង​អំពី​ថា​តើ​ព័ត៌មាន​ណា​ពិត ព័ត៌មាន​ណា​មិន​ពិត ហើយ​ព័ត៌មាន​មិន​ពិត​ហ្នឹង តើ​អាច​បង្ក​បញ្ហា​ដល់​ពួក​គាត់​អី​ខ្លះ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តី​ពី​ជំងឺ​កូវីដ​១៩ ដែល​មាន​ការ​ដាក់​ទោស​ទណ្ឌ​អ្នកផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ទាក់ទង​នឹង​កូវីដ​១៩។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ និង​អប់រំ តាម​ច្បាប់​ថ្មី​មួយ​នេះ៕

XS
SM
MD
LG