លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ១៩សាជាថ្មីនៅក្នុងសហគមន៍ ហើយលោកជំរុញឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ក្នុងរយៈពេលជិតពីរខែមកនេះ ក្រសួងសុខាភិបាលកម្ពុជាបានរាយការណ៍ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ឬស្លាប់ ក្នុងប្រទេសឡើយ។ របាយការណ៍របស់ក្រសួងសុខាភិបាលមិនបានរាប់បញ្ចូលអ្នកដែលឆ្លងជំងឺកូវីដ១៩ ហើយសម្រាកព្យាបាលនៅផ្ទះ ដោយខ្លួនឯងឡើយ។
នៅក្នុងសារជាសំឡេងបង្ហោះលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៨ ខែមិថុនា លោក ហ៊ុន សែន បានថ្លែងថា មានករណីឆ្លងជំងឺកូវីដ១៩ឡើងវិញដែលត្រូវបានរកឃើញតាមរយៈការធ្វើតេស្តម៉ាស៊ីនធំPCR និងតេស្តរហ័ស។ លោកថ្លែងថា៖
«ខ្ញុំ ព្រះករុណាខ្ញុំ សុំប្រកាសជាថ្មីថាប្រទេសរបស់យើងចាប់ផ្តើមមានកូវីដ១៩សាជាថ្មី បន្ទាប់ពីអាក់ខាន រយៈពេល៥២ថ្ងៃកន្លងទៅ។ ថ្ងៃទី៥៣ យើងចាប់ផ្តើមមានកូវីដ១៩ហើយ។ មានទាំងអ្នកនៅក្នុងប្រទេស អ្នកធ្វើវិញ្ញាបនបត្រទៅក្រៅប្រទេស និងអ្នកដែលមកពីក្រៅប្រទេស»។
ដំណាលគ្នានេះ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋបន្តគោរពតាមវិធានការសុខាភិបាល និងជំរុញឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញផងដែរ។
សារជាសំឡេងខាងលើនេះត្រូវបានបង្ហោះមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងសារជាសំឡេងដោយឡែកមួយទៀត ដែលក្នុងនោះ លោកបានអំពាវនាវឲ្យពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញទីបី ខណៈប្រជាពលរដ្ឋមិនទាន់សម្រុកទៅចាក់វ៉ាក់សាំងដូចកាលពីមុន។
ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ បញ្ជាក់ដោយម៉ាស៊ីន PCR និងជាប្រភេទអូមីក្រុងទាំងអស់ចំនួន១០ករណីនៅថ្ងៃទី២៨ ខែមិថុនា ដោយក្នុងនោះ ២ករណីជាករណីនាំចូល និង៨ករណីជាករណីឆ្លងក្នុងសហគមន៍។
លោក យ៉ង់ គិមអេង ប្រធាននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បាននិយាយថា ប្រសិនបើមិនមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋអំណាច និងពលរដ្ឋ ករណីឆ្លងជំងឺកូវីដ១៩ថ្មីនេះ អាចបង្កជាការប៉ះពាល់ទ្រង់ទ្រាយធំផងដែរ បើទោះបីជាមិនមានការបិទខ្ទប់ក៏ដោយ។
លោកថ្លែងថា៖ «ការបញ្ជាក់ពីម្សិលមិញរបស់រដ្ឋាភិបាលបានន័យថា កូវីដ១៩ គឺបានកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ ដែលការឆ្លងនេះគឺដល់សហគមន៍ទៅទៀត។ ហើយចំពោះការឆ្លងជំងឺកូវីដ១៩ឡើងវិញនេះ វាអាចនឹងបង្កមហន្តរាយធំដែរ បើសិនជាយើងខ្វះការបង្ការ ខ្វះការការពារឲ្យបានហ្មត់ចត់»។
ស្របពេលដូចគ្នានេះ លោកជំរុញឲ្យមានការផ្សព្វផ្សាយទូលំទូលាយពាក់ព័ន្ធនឹងការឆ្លងនិងវិធីបង្ការ ក៏ដូចជាលើកទឹកចិត្តឲ្យពលរដ្ឋធ្វើតេស្តរកជំងឺកូវីដ១៩ផងដែរ។
ស្រដៀងនឹងលោក យ៉ង់ គិមអេង ដែរ ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី អំពាវនាវឲ្យពលរដ្ឋចូលរួមក្នុងការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ទល់នឹងជំងឺកូវីដ១៩។
លោកថ្លែងថា៖ «តែបើបងប្អូនដែលមិនទាន់ចាក់វ៉ាក់សាំង ហើយអត់មានអង់ទីករ ប្រព័ន្ធការពារខ្លួនសោះ គួរណាតែបងប្អូន រូតរះទៅរកចាក់វ៉ាក់សាំង ដើម្បីយើងការពារមួយរយៈ ដើម្បីកុំឲ្យមាន[ករណីឆ្លង] ថ្មីឆ្លងមក»។
ជាង៩៤ភាគរយនៃពលរដ្ឋកម្ពុជាសរុបចំនួន១៦លាននាក់បានទទួលវ៉ាក់សាំងកូវីដ១៩យ៉ាងតិចចំនួន២ដូស ដែលក្នុងនោះជាង៩លាន៤សែននាក់ ទទួលបាន ៣ដូស ជាង២លាន៨សែននាក់ ចំនួន៤ដូស និងជិត៣សែននាក់ទទួលបានចំនួន៥ដូស។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល ត្រឹមថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២។
រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញទី៥ ដល់ក្រុមមន្ត្រីជួរមុខ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ។
បើតាមសារសំឡេងរបស់លោក ហ៊ុន សែន កាលពីថ្ងៃកាលពីថ្ងៃទី១ ខែមិថុនា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ចំនួន៩លានដូសក្នុងឃ្លាំងសម្រាប់ប្រើប្រាស់រវាងឆ្នាំ២០២២ និង២០២៣។ លោកបន្ថែមថារដ្ឋាភិបាលកម្ពុជាមានផែនការទិញវ៉ាក់សាំងដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេសចំនួនជាង១០៤លានដូស គួបផ្សំនឹងវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនចំនួន១៥លានដូស សហរដ្ឋអាមេរិក ៥លានដូស និងអូស្ត្រាលី៥សែនដូស សម្រាប់ប្រើប្រាស់នៅចន្លោះឆ្នាំ២០២៤ និង២០២៦៕