ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន ចំអក​រិះគន់​ថា​ ក្រុម​ប្រឆាំង​កំពុង​បន្ទុច​បង្អាក់​ដំណើរ​ការ​អភវិឌ្ឍ​នៅ​កម្ពុជា


លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ក្នុង​ការ​ចុះ​ជួប​កម្មករ​កាត់ដេរ​នា​ថ្ងៃ​ពុធ​នេះ​ ​លោក​ ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លៀត​វាយ​ប្រហារ​គូបដិបក្ខ​របស់​ខ្លួន​ ​ខណៈ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។ ដោយ​ចៀសវាង​ការ​គំរាម​ និង​ការ​ប្រើ​ពាក្យ​សង្គ្រាម​ ​លោក​ ​ហ៊ុន សែន​ ប្រើ​ពាក្យ​សន្តិភាព​ដើម្បី​លួង​លោម​អ្នក​គំាទ្រ​របស់​ខ្លួន​ជំនួស​វិញ។​

​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បន្ត​ការពារ​នយោបាយ​អភិវឌ្ឍន៍​ក្នុង​វិស័យ​កាត់​ដេរ​របស់​គណបក្ស​កាន់​អំណាច​ ​និង​ថ្លែង​ចំអក​រិះគន់​អតីត​មេ​ដឹក​នាំ​គណបក្ស​ជំទាស់ គឺ​លោក​ សម រង្ស៊ី​ ​ដែល​លោក​អះអាង​ថា​ តែងតែ​ព្យាយាម​បន្ទុច​បង្អាក់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ ​ដោយ​ស្នើ​ឱ្យ​បរទេស​«កុំ​ផ្តល់​ជំនួយ​ កុំ​មក​វិនិយោគ​ ​និង​កុំទិញ​ទំនិញ​ពី​កម្ពុជា»។​

ថ្លែង​ទៅ​កាន់​កម្មករ​កម្មការិនី​កាត់ដេរ​ក្នុង​ជំនួប​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ក្នុង​ខ័ណ្ឌដង្កោ​ ​លោក​ ​ហ៊ុន សែន​ ​ព្យាយាម​ពន្យល់​អំពី​សកម្មភាព​វិជ្ជមាន​ដែល​រដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ក្នុង​ការភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​វិស័យ​កាត់​ដេរ​ ​ជា​ពិសេស​ព្យាយាម​រក​ការ​វិនិយោគ​ ​បង្កើត​ទីផ្សារ​ និង​ស្នើ​សុំ​ជំនួយ​ពី​បរទេស​ជា​ដើម។​ ​

ការណ៍​នេះ​វា​ខុស​ពី​ក្រុម​ផ្សេង​ទៀត​ ​ដែល​លោក​ ​ហ៊ុន សែន​ ​ឱ្យ​ឈ្មោះ​ថា​ ​ជា​«ក្រុម​បីកុំ»​ ​គឺ​ ​«កុំ​ផ្តល់​ជំនួយ​ ​កុំ​មក​វិនិយោគ​ និង​កុំទិញ​ទំនិញ​ពី​កម្ពុជា»។​ ​លោក​បន្តថា​នយោបាយ​មួយ​នឹង​ត្រូវ​ដាក់​ចេញ​សម្រាប់ការ​ប្រកួត​ប្រជែង​នយោបាយ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ​រវាង​ក្រុម​លោក​ដែល​លោក​ហៅ​ថា​ «ក្រុម​បី​សុំ»​ និង​«ក្រុម​បី​កុំ»​នោះ។

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ហើយ​ យើង​ត្រូវ​តែ​ស្គាល់​ឱ្យ​ច្បាស់!​ ​នរណា​ជា​អ្នក​ដោះស្រាយ​ការងារ​ឱ្យ​ក្មួយៗ។​ ​មិនមែន​ ​ក្រុមប្រឆាំង​ទេ ហើយ​ក៏​មិនមែន​ក្រុម​បី​កុំ​ដែរ!​ ​ក្រុម​បីកុំ​គឺ​ជាក្រុម​ដែល​បំផ្លាញ​ផល​ប្រយោជន៍​ក្មួយៗ​តែ​ប៉ុណ្ណោះ។​ ​កុំ​ផ្តល់​ជំនួយ​! ​កុំ​មក​វិនិយោគ!​ និង​កុំទិញ​ទំនិញ​ពី​កម្ពុជា!​ ចំណុច​ទាំង​បី​នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​នៅ​ពេល​ខាង​មុខ​រវាង«បីសុំ»​ ​និង​«បីកុំ»​ ​ដាក់​ចេញ​ជា​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​រង្វង់​នៃ​ក្រម​ខណ្ឌ​នយោបាយ​និង​សកម្មភាព​ជាក់​ស្តែង»។​

ជំនួប​ជា​មួយ​កម្មករ​ ​នា​ថ្ងៃ​ពុធ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រចាំ​សប្តាហ៍​របស់​លោក​ ហ៊ុន សែន​ ​ចុះ​ជួប​កម្មករ​ ​ដែល​អ្នក​ឃ្លាំ​មើល​យល់​ថា​ ជា​ការ​ព្យាយាម​យក​ចិត្ត​កម្មករ​មុន​ការ​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨​ខាងមុខ។

​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ប្រមាណ​ ​៧០០.០០០​នាក់។​ ​តាម​តួលេខ​ចុង​ក្រោយ​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ​កម្ពុជា​បាន​នាំចេញ​សម្លៀក​បំពាក់​ទៅ​បរទេស​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ ៦​ពាន់លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦។​

មុន​ឆ្នាំ​២០១៣​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា ​និង​អហិង្សា​ជា​បន្ត​បន្ទាប់។​ ​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​ ​បាតុកម្ម​អហិង្សា​ក្បែរ​ផ្លូវ​វ៉េង​ស្រេង​ដើម្បី​ទាម​ការ​ដំឡើង​ប្រាក់​ឈ្នួល​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង ​ដែល​គេ​ដឹង​ថា​ ជិតដិត​នឹង​លោក​ហ៊ុន សែន ហើយ​មាន​កម្មករ​យ៉ាង​ហោច​ណាស់​ ៥​នាក់​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។​

​មក​ដល់​ពេល​នេះ​ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​ត្រូវ​បាន​ដំឡើងដល់​១៥៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ​ ​ក៏​ប៉ុន្តែ​កម្មករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ ​តាម​រយៈ​ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ​ដែល​ជា​រឿយៗ​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ និង​ស្លាប់​បាត់​បង់​ជីវិត។​

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែងសុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែងសុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)

ក្នុង​សុន្ទរកថា​ទៅ​កាន់​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ថ្ងៃ​ពុធ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​បាន​រំឭក​ផង​ដែរ​ចំពោះ​ការ​ព្យាយាម​អុចអាល​របស់​ក្រុម«បីកុំ» ​និង​មេដឹកនាំ​ដែល​លោក​ហៅ​ថាជា​ ​«ថៅ​កែ​បាតុកម្ម»​ ​ក្នុង​ការ​បញ្ឆេះ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​លើក​ច្រើន​សារ​នា​ពេល​កន្លង​មក​ ​ហើយ​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​កម្មករ។ លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ដឹក​នាំ​បាតុកម្ម​មួយ​រូប​ដ៏​ល្បីល្បាញ​នៅ​ចុង​ទសវត្សរ៍​១៩៩០​ និង​ដើម​ទសវត្សរ៍​២០០០ ហើយ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​«ថៅ​កែ​បាតុកម្ម»។​

លោក ហ៊ុន សែន​ បាន​ថ្លែង​ថា៖ «ឥឡូវ​ថ្លឹងថ្លែង​មើល​ទៅ​ ហើយ​ជួនកាល​គេ​បាន​ត្រឹម​ចូល​មកថា ​ធ្វើ​បាតុកម្ម​ដំឡើងបៀវត្សរ៍​តែ​ប៉ុណ្ណោះ។​ ​បាតុកម្ម!​ ​បាតុកម្ម!​ ​បាតុកម្ម!​ ​ទីចុង​បំផុត​គេ​បាន​ប្រសិទ្ធ​នាម​ថា​«ថៅ​កែ​បាតុកម្ម»​ ​ដោះ​ស្រាយ​បាន​បញ្ហា​អ្វី​ទៅ?»​

ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​ ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ថ្លែង​សារ​ជា​វីដេអូ​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​កម្ពុជា​អំពី​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​លោក​ថា​ «ស្ថិត​ក្នុង​ភាព​ដុតដាប​ជាង​ពេល​ណាៗ​ទាំង​អស់​ ចាប់​តាំង​ពី​ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ឆ្នាំ​១៩៩១»។ លោក​ ​សម រង្ស៊ី​ ​បាននិយាយ​ថា​ សកម្មភាព​ថ្មីៗ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​រួមទាំង​ការ​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ ​(NDI)​ ​ចេញ​ពី​ប្រ​ទេស​កម្ពុជា​ ​ការវាយ​ប្រហារ​លើ​ស្ថាប័ន​ព័ត៌មាន​ និង​ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួនគឺ​ជា​«រដ្ឋប្រហារ»​ ដោយ​មិន​ប្រើ​អាវុធ។

លោក​ ​សម រង្ស៊ី​ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​គេច​ពី​ការ​កាត់ទោស​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«អ្វីដែល​នៅ​សេសសល់​ ​គ្រាន់តែ​ជា​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ​ ​គឺ​ជា​រូបភាព​ក្លែងក្លាយ​ដែល​គ្មានន័យ​និង​គ្មាន​ខ្លឹមសារ​ពិតប្រាកដ​ ​ឬ​ក៏​ន័យ​មួយ​ដែល​គេ​យក​ទៅ​កែ​ច្នៃ​ ​ដើម្បី​ធ្វើ​ផ្ទុយ​ស្រឡះ​ពី​ន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​នីមួយៗ។​ ​វប្បធម៌ន​យោបាយ​នៃ​អ្នក​ដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ​ គឺ​ជា​វប្បធម៌​ឈរ​លើ​ភាព​ក្លែងក្លាយ​ ​ដូចជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ នីតិរដ្ឋ​ក្លែងក្លាយ​ និង​អភិវឌ្ឍ​ក្លែងក្លាយ»។​

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​រក្សា​ជំហរ​ស្នេហា​ជាតិ​ ​និង​រួមគ្នា​បន្ត​ការ​តស៊ូ​ដើម្បី​ទាមទារ​សេរីភាព​ និង​យុត្តិធម៌​ដល់​ប្រទេស​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​ក៏​បាន​អំពាវនាវ​ផង​ដែរ ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​និង​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ​ ​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​ថ្មី​ ​និង​ជ្រើសរើស​រដ្ឋាភិបាល​ថ្មីសម្រាប់​រយៈពេល​៥ឆ្នាំ​ទៅ​មុខ។​

ក្នុង​សុន្ទរកថា​ទៅ​កាន់​ក្រុម​កម្មករ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​មិន​បាន​គំរាម​ពី​បញ្ហា​សង្គ្រាម​នោះ​ទេ​ ​ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​ ​ក៏​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ បើ​លោក​និង​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថិត​ក្នុង​អំណាច​ ​ប្រទេស​កម្ពុជា​នឹង​នៅតែ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ៕

XS
SM
MD
LG