ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ


ព្រះមហាក្ស​នរោត្តម​សីហមុន្នី លោកនាយក​រដ្ឋមន្ត្រី​​ហ៊ុន​ សែន​និងមន្ត្រី​រដ្ឋាភិបាលជាន់​ខ្ពស់​ក្នុង​ពិធី​សម្ពោធន៍​​វិមាន​សន្តិភាព។​​
ព្រះមហាក្ស​នរោត្តម​សីហមុន្នី លោកនាយក​រដ្ឋមន្ត្រី​​ហ៊ុន​ សែន​និងមន្ត្រី​រដ្ឋាភិបាលជាន់​ខ្ពស់​ក្នុង​ពិធី​សម្ពោធន៍​​វិមាន​សន្តិភាព។​​
នៅ​ក្នុង​ពេល​កំពុង​រង់ចាំ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាលពី​ចុង​ខែ​មុន​ រដ្ឋាភិបាល​កំពុង​ចាំផ្ទះ​បាន​សម្រេច​ចិត្ត​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាប​បំផុត​ឲ្យ​បាន​៣២០​០០០​រៀល។​

ប្រាក់​ខែ​នេះប្រហាក់​ប្រហែល​នឹង​៨០​ដុល្លារ​អាមេរិក។​ ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​បាន​ហៅ​សេចក្តី​សម្រេច​នេះ​ថា​ គ្រាន់​តែ​ជា​ការ​រៀបចំ​ឆាក​នយោបាយ​ប៉ុណ្ណោះ។​

នៅ​ក្នុង​អនុ​ក្រិត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​អង្គារ​ទី​៦ ​ខែ​សីហា ​ដែល​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃនេះ​ បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​រាជការ​ដែល​មាន​ក្រប​ខណ្ឌ​ គ​និង​ឃ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ឋានន្តរ​សក្តិ​ទី​២​ និង​ទី​៣​ និង​ក្រប​ខណ្ឌ​គ​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ​នេះ​ចាប់ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​គឺ​បី​សប្តាហ៍​ទៀត​នេះ។​ ហើយ​ការ​ដំឡើង​ប្រាក់ខែ​នេះ​មិន​បាន​រាប់​បញ្ចូល​ប្រាក់​បំណាច់​ផ្សេងៗ​ ដែល​មន្ត្រី​ទាំង​នោះ​កំពុង​ទទួល​បាន​នោះ​ទេ។​

បើ​យោង​តាម​ប្រភព​នានា​ មន្ត្រី​រាជការ​ដែល​មាន​ក្រប​ខណ្ឌ​ឃ​គឺ​ជា​ប្រភេទ​កម្មករ​ និង​បុគ្គលិក​រដ្ឋ​ថ្នាក់ទាប​តាម​ក្រសួង​មន្ទីរ​នានា។​ រីឯ​មន្ត្រី​ដែល​មាន​ក្រប​ខណ្ឌ​គ​គឺជា​មន្ត្រី​ដែល​មាន​តួនាទី​ខ្ពស់​ជាង​នេះ​ ដូច​ជា​គ្រូ​បឋម​សិក្សា ​ឬ​មន្ត្រី​ដែល​គ្មាន​សញ្ញា​បត្រ​កម្រិត​ឧត្តម​សិក្សា។​

លោក​ផៃ​ ស៊ីផាន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ការ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​នេះ​គឺ​ជា​ទិស​ដៅ​ទុក​យូរ​មក​ហើយ​របស់​រដ្ឋាភិបាល។​

លោក​និយាយ​ថា៖​ «នយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​ជា​ទិស​ដៅ​របស់​រដ្ឋាភិ​បាល​ តាំង​ពី​កន្លង​មក​ហើយ​ មិនមែន​ទើប​ពេល​នេះ​ទេ។​ រាប់​ឆ្នាំ​មក​ហើយ»។​

មន្ត្រី​រាជការ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់ខែ​ទាប​បំផុត​ចំនួន​២០​ម៉ឺន​រៀល ​ឬ​ស្មើ​នឹង​ប្រមាណ​ជា​៥០​ដុល្លារ​អាមេរិក។​ ក៏​ប៉ុន្តែ​ប្រាក់ខែ​នេះ​ត្រូវ​បូក​រួម​ទាំង​ប្រាក់ខែ​គោល​ដែល​មាន​ត្រឹមតែ​ជាង​ដប់​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​ ផ្សំ​ជា​មួយ​នឹង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត។​

គណបក្ស​ជំទាស់​ និង​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាប​បំផុត​ឲ្យ​បាន​មួយ​លាន​រៀល​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ធ្លាប់​បាន​ច្រានចោល​ជា​ញឹក​ញាប់​ថា ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ដល់​កម្រិត​នេះ​ទេ​ ​ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រី​របស់​ខ្លួន​ចំនួន​២០​ភាគ​រយ​ជា​រៀង​រាល់​ឆ្នាំ។​

គេ​មិនដឹង​ថា​ ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​នេះ​កើន​បាន​ប៉ុន្មាន​ភាគរយ​នោះ​ទេ។​

ប៉ុន្តែ​បើ​តាម​លោក​រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ឲ្យ​ដឹង​ថា​ ការ​ដំឡើង​ប្រាក់​ខែលើក​នេះ​គឺ​ជា​ការ​ដំឡើង​ប្រាក់ខែ​ចំនួន​ប្រហាក់​ប្រហែល​៥០​ភាគ​រយ​នៃ​ប្រាក់​ខែ​គោល​ដែល​ជា​ការ​ដំឡើង​មិន​ធ្លាប់​មាន​ទាល់តែ​សោះ។​

ការ​សម្រេច​ដំឡើង​ប្រាក់ខែ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពីគណបក្ស​ជំទាស់​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​របស់​ខ្លួន​ថា​ មន្ត្រី​រាជការ​នឹង​ត្រូវ​ដំឡើង​ប្រាក់​ខែ​ដល់​មួយ​លាន​រៀល​ ឬ​ស្មើ​នឹង​២៥០​ដុល្លារ​អាមេរិកទាប​បំផុត​ ហើយ​កម្មករ​នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ​ឲ្យ​ដល់​១៥០​ដុល្លារ​អាមេរិកក្នុង​មួយ​ខែ​ដែរ។​

ហើយ​ការ​សម្រេច​នេះ​ស្ថិត​ក្នុង​បរិបទ​ដែល​លោក​សម​ រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏​ធំ​ដើម្បី​ប្រឆាំង​លទ្ធ​ផល​បោះ​ឆ្នោត​ដែល​លោក​ចោទ​ថា​ មាន​ភាព​មិន​ប្រក្រតី​និង​ដើម្បី​ទម្លាក់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ចេញពី​ដំណែង។​

លោក​រ៉ុង​ ឈុន​បាន​ហៅ​ការ​ដំឡើង​ប្រាក់ខែ​នេះ​ថា​ ជា​វិធាន​ការ​យ៉ាង​តក់​ក្រហល់​របស់​រដ្ឋាភិបាល។​

លោក​និយាយថា៖ ​«ការ​ដំឡើង​បៀវត្ស​យ៉ាង​តក់ក្រហល់​បែប​នេះ​គ្រាន់តែ​ជា​រូបភាព​នយោបាយ​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ចេតនា​ចង់​ដំឡើង​ ចង់​ដោះ​ស្រាយ​ឲ្យ​គ្រូ​បង្រៀន​ មន្ត្រី​នៅ​ក្រោម​ឱវ៉ាទ​នោះ​ទេ​ ពីព្រោះ​យើង​ធ្លាប់​ធ្វើការ​ទាមទារ​ជា​រឿយៗ ​គេ​តែងតែ​បដិសេធ​ថា​ គ្មាន​លុយ​ ហើយ​បើ​ឡើង​ទៅ វាធ្វើ​ឲ្យ​ប៉ះពាល់​និង​ចលាចល​សព្វ​បែប​យ៉ាង»។​

ទោះជា​បែប​នេះ ​លោក​ផៃ​ ស៊ីផានបាន​ច្រានចោល​សេចក្តី​រិះគន់​ដែលថា​ ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​និង​កង​ប្រដាប់​អាវុធ​នៅ​ពេល​នេះ​ជា​រឿង​នយោបាយ​នោះ។​ ប៉ុន្តែ​លោក​បាន​បង្ហើប​ថា ​រដ្ឋាភិបាល​បាន​បង្ហាញ​អំពី​វិធាន​ការ​ដំឡើង​ប្រាក់ខែ​ពិតប្រាកដ​ ស្រប​ពេល​ដែល​គណបក្ស​ជំទាស់​ទើប​តែ​បាន​សន្យា។​

យ៉ាងណា​ក៏​ដោយ​ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​អន្តរកាល​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ពី​ការ​បោះ​ឆ្នោត​សកល​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។​

លោក​សុខ​ សំអឿន​ សាស្ដ្រាចារ្យ​ច្បាប់​ និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ហៅ​កាត់​ថា​ CDP​ មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ចាំផ្ទះ​អាច​មាន​សិទ្ធិ​សម្រេច​កិច្ចការ​សំខាន់​បែប​នេះ​ បើសិន​ជា​មាន​លទ្ធភាព​អំណោយផល​តាម​គោលការណ៍​ច្បាប់។​

កាលពី​ថ្ងៃ​អង្គារ​ទី​៦​ខែ​សីហា​ដែរ​ លោក​អ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​និង​អតីត​យុទ្ធ​ជន​បាន​ប្រកាស​ឲ្យ​មាន​ការ​ពិចារណា​អំពី​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​រោងចក្រ​នានា​ផង​ដែរ៕
XS
SM
MD
LG