ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ទោស​នយោបាយ​សង្រ្គោះជាតិ​នៅ​តែ​សកម្ម​ពង្រឹង​សហគមន៍​ក្រៅ​ប្រទេស


លោក​អ៊ុំ សំអាន (ឆ្វេង) អតីត​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​មាជ សុវណ្ណារ៉ា​ (ស្តាំ) អតីត​មន្ត្រី​ព័ត៌មាន​នៃ​អតីត​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ចុងខែ​សីហា ក្រោយពី​​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​​ លើក​លែង​​ទោស។ (VOA Khmer)
លោក​អ៊ុំ សំអាន (ឆ្វេង) អតីត​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​មាជ សុវណ្ណារ៉ា​ (ស្តាំ) អតីត​មន្ត្រី​ព័ត៌មាន​នៃ​អតីត​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ចុងខែ​សីហា ក្រោយពី​​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​​ លើក​លែង​​ទោស។ (VOA Khmer)

លោក​អ៊ុំ សំអាន អតីត​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​មាជ សុវណ្ណារ៉ា​ អតីត​មន្ត្រី​ព័ត៌មាន​នៃ​អតីត​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ចុងខែ​សីហា ក្រោយពី​​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​​ លើក​លែង​​ទោស។

អតីត​អ្នកទោស​នយោបាយ​ខ្មែរ-​អាមេរិកាំង​បន្ត​ធ្វើ​សកម្ម​ភាព​នៅតាម​សហគមន៍ខ្មែរ​នៅ​តាម​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក ​និង​នៅក្រៅ​ប្រទេស​កម្ពុជា​ ដើម្បីបង្ហាញ​ពី​ភាព​អយុត្តិធម៌​ ​និង​ការ​រស់​នៅ​ដ៏លំបាក​ក្នុង​ពន្ធនាគារ​កម្ពុជា​ ក្នុង​គោល​បំណងជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

លោក​អ៊ុំ សំអាន អតីត​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​មាជ សុវណ្ណារ៉ា​ អតីត​មន្ត្រី​ព័ត៌មាន​នៃ​អតីត​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ចុងខែ​សីហា ក្រោយពីព្រះមហាក្សត្រ​នរោត្តម សីហមុនី លើក​លែងទោស។ ​នៅពេល​នេះ​អ្នក​ទាំង​ពីរបានមក​ដល់​សហរដ្ឋ​អាមេរិក​ ដើម្បី​រៀបចំ​ការងារ​នយោបាយ​បន្តទៀត។​

លោក​អ៊ុំ សំអាន​ បាន​បញ្ជាក់​ប្រាប់​ VOA ថា៖

«ខ្ញុំ​ជួប​សហគមន៍​ខ្មែរ ​គឺ​ទីមួយ ខ្ញុំ​ចង់​ប្រាប់​គាត់​ពី​បទពិសោធ​ដែលខ្ញុំ​រស់នៅ​ក្នុង​ពន្ធនាគារ​មាន​ភាពពិបាក​ ឬជា​បទពិសោធន៍​មួយ​សម្រាប់​ជីវិត​របស់​ខ្ញុំ​ និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​យ៉ាង​ម៉េច។ នេះ​ទីមួយ​ហើយ​ទីពីរ ខ្ញុំ​នឹង​ជម្រាប​ជូន​គាត់​អំពី​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា។ ទីបី​ខ្ញុំ​ចង់​ជំរុញ​យ៉ាង​ម៉េច​ឱ្យ​គាត់​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និយាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រឡប់​មក​កាន់​មាគ៌ា​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ‍»។​

អតីត​អ្នក​ទោស​នយោបាយ​រូបនេះ​បាន​ត្អូញត្អែរ​ពី​ការ​បាត់​បង់​សិទ្ធិ​រក្សា​ភាព​ឯកជន​ផ្ទាល់​ខ្លួន​ ស្ថានភាព​រស់​នៅខ្វះ​អនាម័យ និង​ការ​ពិបាក​ក្នុងការទទួល​បាន​ព័ត៌មាន​ជាដើម​ក្នុង​ពេល​ដែល​ជាប់​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ។

លោកអ៊ុំ សំអាន​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​កាលពី​ខែ​មេសា ឆ្នាំ​២០១៦​ ហើយ​ត្រូវ​តុលាការ​កាត់​ទោ​ស​នៅ​ខែ​តុលាឆ្នាំ​នោះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣០ខែ ​ដោយ​សារ​លោកបាន​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​បាត់បង់​ទឹក​ដី​ទៅប្រទេស​វៀតណាម។

ប៉ុន្តែ​លោក​នឹង​ផ្អាក​ការរិះគន់បញ្ហា​ព្រំដែន​មួយ​រយៈ​សិន ដោយ​រង់ចំា​ពេល​ណា​ដែល​គណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ​ទៅ​ហើយ​នោះ​ មាន​សកម្ម​ភាព​នយោបាយ​ឡើង​វិញ​ និង​ឈ្នះ​ឆ្នោត​បាន​ចូល​គ្រប់គ្រង​រដ្ឋាភិបាល។​

«ការណ៍​ដែល​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​ទៅ​ ខ្ញុំ​គ្រាន់តែ​សិក្សា​បន្ថែម​ទៀត​ពី​បញ្ហា​ព្រំដែន​ ក៏ប៉ុន្តែ​ចំពោះ​ការ​បកស្រាយ​ខ្ញុំ​មិន​បកស្រាយ​ទេ​ ក៏ប៉ុន្តែ​នៅពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត​ ​គឺ​មាន​ន័យ​ថា​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រឡប់​មក​វិញ​ ហើយ​នៅពេល​ដំណាក់កាល​ណា​មួយ​គណបក្ស​សង្គ្រោះជាតិ​នឹង​ឈ្នះឆ្នោត​ ខ្ញុំ​នឹង​យក​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែល​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​មក​បម្រើ​ប្រទេស​ជាតិ​មក​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ប្រទេសជិតខាង‍»។

រីឯ​លោកមាជ សុវណ្ណារ៉ា អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បានតុលាការ​កាត់ទោសឱ្យជាប់​ពន្ធនាគារ​ចំនួន​២០ឆ្នាំ​ ដោយសារ​ចូលរួម​ដឹកនាំ​បាតុកម្ម​នៅខែកក្កដា​ ​ឆ្នាំ​២០១៤ ​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ និង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ដែល​នៅ​ពេល​នោះ​ត្រូវ​បាន​អាជ្ញាធរ​ហ៊ុំ​ព័ទ្ធ​មិន​ឱ្យ​ប្រើប្រាស់​ដើម្បី​សម្តែង​មតិ​អ្វី​ទេ។

នៅ​វេទិកា​មួយ​ចំនួន​ ក្រុម​អ្នករៀបចំ​បាន​ធ្វើ​ពិធី​ទទួល​អ្នក​ទាំងពីរ​ក្នុង​ពេល​ជាមួយគ្នា បើ​ទោះ​បី​ជា​លោក​មាជ សុវណ្ណារ៉ា​ រស់នៅ​រដ្ឋ​កាលីហ្វញ៉ា​ ហើយ​លោក​អ៊ុំ​ សំអាន​ រស់នៅ​រដ្ឋ​អារីហ្សូណា​ក៏​ដោយ។

លោក​មាជ សុវណ្ណារ៉ា​ បាន​បញ្ជាក់​ប្រាប់ VOA ថា​ បើទោះ​បី​ជា​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ ប៉ុន្តែ​ការ​ពង្រឹង​សហគមន៍​នៅ​ពេល​នេះ​មាន​សារៈសំខាន់​ណាស់។

«ឥឡូវ​ព្រះមហាក្សត្រ​លើកលែង​ទោស​អស់ ​ខ្ញុំ​មាន​សិទ្ធិ​សេរីភាព​ដូច​ជា​ប្រជាពលរដ្ឋ​ធម្មតា​ចូលរួម​សកម្ម​ក្នុង​នយោបាយ​និង​ធ្វើ​នយោបាយ​ គឺ​ខ្ញុំ​ដើរ​និយាយ​អ្វី​ជាប្រយោជន៍​នៃ​សង្គម។ យើង​មិន​និយាយ​អ្វី​ឱ្យ​ទៅជា​វិទ្ធង្សនា​ ឬក៏​ផ្តួល​រំលំរដ្ឋាភិបាល​ឯណា។ យើង​និយាយ​តែ​ពី​គោល​ការណ៍​សេរីភាព​ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ គោលការណ៍​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​យក​ការ​បោះឆ្នោត​ជាធំ​ ហើយ​ប្រជាពលរដ្ឋ​ជាម្ចាស់​នៃ​ប្រទេស ជា​ម្ចាស់​នៃ​សន្លឹកឆ្នោត​ដែល​គាត់​វិនិច្ឆ័យ​បោះឆ្នោត​ទៅ​ឱ្យ​បក្ស​ណាៗ​តាម​គាត់​យល់​ដឹងពី​សិទ្ធិ​របស់​គាត់‍»។

លោកមាជ សុវណ្ណារ៉ា​ បាន​ជាប់​ពន្ធនាគារ​ជាង​៤​ឆ្នាំ​ ដោយ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​លើក។ លើក​ទី​១ គឺ​លោក​ត្រូវ​ចាប់ខ្លួន​នៅខែវិច្ឆិកា ឆ្នាំ​២០១៤ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែ​មេសា ឆ្នាំ​២០១៥ ក្រោយ​ពី​បាន​ជាប់​ពន្ធនាគារ​ចំនួន​ជាង​៥​ខែ។ ក៏​ប៉ុន្តែ​នៅ​ខែកក្កដា ឆ្នាំ​២០១៥ តុលាការ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ឡើងវិញ​ និង​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​នៅ​ពេល​នោះ​បាន​ឈាន​ទៅ​ដល់​កើត​មាន​អំពើ​ហិង្សា។

នៅថ្ងៃទី​២២ ខែ​កញ្ញា​ សហគមន៍​ខ្មែរ​-អាមេរិកាំង​នៅទីក្រុង​ឡុងប៊ិច ​រដ្ឋកាលីហ្វញ៉ា​ នឹងរៀប​ចំទទួល​ស្វាគមន៍​អតីត​អ្នកទោស​នយោបាយ​ទាំងពីរ​រូបនឹង​ស្តាប់​ការរៀប​រាប់​ពី​ស្ថានភាព​លំបាក​របស់​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​ផ្ទាល់។ នេះ​បើ​តាម​ការបញ្ជាក់​របស់ក្រុម​អ្នក​រៀបចំ។

លោក​ប៉ក់ សម្បតិ្ត​ អ្នក​រៀបចំ​បាន​បញ្ជាក់​ថា​ កម្មវិធី​នេះ​នឹង​មាន​ការចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក ​ដូច​ជា​លោក​អាឡាំង លូវឹនសល លោក​ដូណា រ៉ូរ៉ាប៊ែកឃឺ​ និង​លោក​អេដ រ៉យ​ផង​ដែរ។

«តាម​ប្រពៃណី​អាមេរិកាំង​ បើ​កាលណា​ជនជាតិ​គេ​ទៅជាប់​គុក​នៅប្រទេស​ណាមួយ​ គេ​បាន​ត្រឡប់​មក​ស្រុក​វិញ​ គឺ​ថា​ អ្នកគាំទ្រ​ប្រទេស​គេ​ជាពិសេស​រដ្ឋាភិបាល​អាមេរិកាំង​តែងតែ​រៀបចំ​កម្មវិធី​ទទួល​ពួក​គេ​ដែល​បាន​មកស្រុក​វិញ អីចឹង​បាន​ជា​ពួកខ្ញុំ​គិត​ថា ​អញ្ជើញ​អាមេរិកាំង​គឺទីមួយ​អរគុណ​គាត់ ហើយ​នឹង​ធ្វើ​ជា​បណ្ណ​សរសើរ​លើក​ទឹកចិត្ត​គាត់​ ហើយ​គាត់​ក៏មក​ទទួល​ពួកយើង ​លើក​ទឹកចិត្ត​យើង​ដែល​បាន​រួចខ្លួន​ចេញពី​របប​ផ្តាច់​ការ​ ដែល​បាន​ចាប់​ពួកគាត់​ដាក់គុក​នៅ​ស្រុក​ខ្មែរ​ដោយ​គ្មាន​កំហុស​អី»។

រីឯ​នៅទីក្រុង​ឡូវែល ​រដ្ឋ​ម៉ាស្សា​ឈូសិត​ នឹង​ទទួល​ស្វាគមន៍​អស់​លោក​ទាំងពីរ​នាក់​នៅថ្ងៃទី​៦​ ខែ​តុលា។ នេះបើ​តាម​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​នៅ​រដ្ឋ​ម៉ាស្សាឈូសិត។

មាន​អ្នកទោស​នយោបាយ​នៃ​អតីត​គណបក្សប្រឆាំង​ជាង​១០នាក់​ផ្សេងទៀត ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ដំណាលគ្នា​នឹង​លោក​មាជ សុវណ្ណារ៉ា​ ដែរ ​ប៉ុន្តែ​មេដឹកនាំ​របស់​ពួកគេ​គឺ​លោក​កឹម សុខា ​នៅជាប់​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន​នៅឡើយ​ ដោយ​រង់ចំា​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​ក្បត់ជាតិ។

យុទ្ធនាការ​បង្ក្រាប​លើ​អ្នក​នយោបាយ​ប្រឆាំង អង្គការ​សង្គមស៊ីវិល​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​និងសកម្ម​ជន​សហគមន៍​កើត​មាន​ឡើង​ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈសភា​ទាំងអស់​ចំនួន​១២៥ ដោយ​សារ​គ្មាន​ដៃ​គូ​ប្រកួត​ដែល​មាន​សក្តានុពល។

ប៉ុន្តែ​សម្រាប់​លោក​អ៊ុំ សំអាន ចាត់ទុក​ថា​ យុទ្ធនាការ​នេះគឺ​មិន​បាន​ធ្វើ​ឱ្យ​ស្មារតី​តស៊ូ​របស់​ពួកគេ​ថម​ថយ​នោះ​ទេ។

«ខ្ញុំ​យល់​ថា​ អ្វី​ដែល​ខ្ញុំ​ជាប់​ពន្ធនាគារ​កន្លង​មក ​មិនមែន​ជា​ការណ៍​មួយ​ធ្វើ​ឱ្យ​បាក់ស្បាត​ទៅ​ដល់​អ្នក​ប្រជាធិបតេយ្យ​ និង​អ្នក​ស្នេហាជាតិ​ដទៃ​ទៀត​ទេ។ ផ្ទុយ​ទៅវិញ​ វា​ធ្វើ​ឱ្យ​អ្នក​ស្នេហាជាតិ​និង​អ្នក​ប្រជាធិបតេយ្យ​ដទៃទៀត​មាន​ការ​ឈឺចាប់។ ការ​ឈឺចាប់​ទាំង​អស់​ហ្នឹង​ប្រែក្លាយ​ទៅជា​ការ​តស៊ូ​មួយ ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាននៅ​កម្ពុជា‍»។

ក្នុងពេល​ដែល​អ្នក​នយោបាយ​ទាំងនោះ​នៅ​ជាប់​ក្នុង​ពន្ធនាគារ​សហគមន៍​ខ្មែរ​អាមេរិកាំង​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ​ និង​បាន​ធ្វើ​ញត្តិ​ទៅ​អ្នក​តំណាងរាស្ត្ររបស់​ពួកគេ​ផងដែរ។ ហើយ​នៅ​ថ្ងៃទី​២៨​ខែ​កញ្ញា​នេះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​រយ​នាក់​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ជាថ្មី​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​នៅ​ពេល​ដែល​លោក​មក​ចូលរួម​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិនៅ​ទីក្រុង​ញូវយ៉ក​ និង​ទាមទារ​ឱ្យ​អន្តរជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មីនេះ៕

XS
SM
MD
LG