ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័នតុលាការបានចេញមុខមកបកស្រាយជាបន្តបន្ទាប់គ្នាដើម្បីការពារចំណាត់ការឃុំឃាំងលោកកឹម សុខា នៅក្នុងគេហដ្ឋានបន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់និងការទទូចពីសហគមន៍អន្តរជាតិឱ្យដោះលែងប្រធាននៃអតីតគណបក្សប្រឆាំងរូបនេះឱ្យមានសេរីភាពពេញលេញឡើងវិញ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធដោយការពារការឃុំខ្លួនលោក កឹម សុខា ក្នុងគេហដ្ឋានថាដោយសារបារម្ភពីសុខសុវត្ថិភាពផ្ទាល់ខ្លួននិងហេតុផលមនុស្សធម៌៖
«អត់ទាន់រួចទោសទាំងអស់។ គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ...ក្រែងលោវាងាប់ក្នុងគុក»។
បន្ទាប់ពីជាប់ពន្ធនាគារនៅត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំដែលជាប់ព្រំដែនវៀតណាមអស់រយៈពេលជាងមួយឆ្នាំ លោក កឹម សុខាត្រូវបានផ្ទេរមកដាក់ឃុំឃាំងនៅក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញកាលពីដើមខែកញ្ញានេះដោយសារតែមានសម្ពាធយ៉ាងច្រើនពីសហគមន៍អន្តរជាតិទាមទារឱ្យដោះលែងលោក។
ប៉ុន្តែលោក ហ៊ុន សែនបានប្រកែកថាមិនមានសម្ពាធណាមួយពីអន្តរជាតិនោះទេ ហើយបានវាយបកលើអ្នករិះគន់រដ្ឋាភិបាលថា៖
«ហើយការធ្វើសកម្មភាពណាមួយត្រូវតែពាក់ព័ន្ធជាមួយនឹងសាលដីកាតុលាការដែលគេកំណត់។ បើមិនដូច្នេះតុលាការគេនឹងមានសិទ្ធិដើម្បី នឹងយកទៅឃុំឃាំងនៅកន្លែងណាផ្សេងតាមឆន្ទានុសិទ្ធិរបស់តុលាការ។ យើងគ្រាន់តែជូនសារប្រាប់អ្នកទាំងឡាយថាសូមកុំឱ្យហួសហេតុពេកនិងសុំកុំឱ្យមានការភាន់ច្រឡំចំពោះបញ្ហាណាមួយ។ ការភាន់ច្រឡំនោះនាំឱ្យខ្លួនឯង(មាន)គ្រោះថ្នាក់»។
តុលាការកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធបកស្រាយដោយបន្ធូរបន្ថយស្ថានការណ៍ថាការណ៍ដែលលោកកឹម សុខាត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគឺ«ពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះទេ»គឺលោកមានសេរីភាពដើរហើរចេញពីក្នុងផ្ទះគឺកុំតែចេញផុតពីព្រំដែនកំណត់នៅក្រៅបរិវេណលំនៅដ្ឋាននិងអាចជួបជាមួយនឹងមន្ត្រីនានាក្រៅពីអ្នកដែលតុលាការបានហាមឃាត់។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖
«ក្នុងន័យនេះ ជនត្រូវចោទមានសេរីភាពគ្រប់គ្រាន់ក្នុងការចេញពីផ្ទះរបស់ខ្លួនក្នុងព្រំប្រទល់ដែនដីដែលកំណត់ដោយដីកាសម្រេចរបស់ចៅក្រមស៊ើបសួរនិងអាចប្រាស្រ័យទាក់ទងជាមួយបុគ្គលនានាដែលមិនស្ថិតនៅក្នុងក្របខណ្ឌបញ្ជីនៃការហាមឃាត់របស់តុលាការបានពោលគឺបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសំណុំរឿងជាមួយជនត្រូវចោទហើយដែលតុលាការកំពុងមានចំណាត់ការ»។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិដោយឃុបឃិតជាមួយបរទេសជាពិសេសសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែនប៉ុន្តែសហគមន៍អន្តរជាតិមើលឃើញថាវាជាលេសនយោបាយដើម្បីទប់ស្កាត់គណបក្សសង្គ្រោះជាតិដែលកំពុងកើនប្រជាប្រិយ៍ភាពតែប៉ុណ្ណោះ។
កាលពីដើមសប្តាហ៍នេះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងការពារការឃុំឃាំងលោក កឹម សុខា ផងដែរដោយអះអាងថាគឺ លោកជាអ្នកជួយសម្របសម្រួលនីតិវិធីឱ្យមានការផ្ទេរពីពន្ធនាគារត្រពាំងផ្លុងមកដាក់នៅក្នុងគេហដ្ឋានវិញបើទោះបីជាច្បាប់កម្ពុជាមិនមានកំណត់ដូច្នេះក៏ដោយ។
លោក វីលៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ក្នុងបទសម្ភាសជាមួយនឹងវីអូអេខេមរភាសាកាលពីថ្ងៃច័ន្ទថាសហរដ្ឋអាមេរិកកំពុងតាមសង្កេតមើលចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែស្ថានការណ៍ឱ្យល្អឡើងវិញហើយករណីរបស់លោកកឹម សុខាក៏ជាផ្នែកមួយនៃការសម្រេចចិត្តលើគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកផងដែរ៖
«ខ្ញុំគិតថាវាជាការសំខាន់ណាស់ដែលត្រូវចងចាំថាគេមិនទាន់ដោះលែងលោក កឹម សុខានៅឡើយទេគឺលោកត្រូវបានគេផ្ទេរមកដាក់ឃុំនៅក្នុងលំនៅដ្ឋាន។ ការណ៍នេះគឺមិនត្រឹមត្រូវតាមការដោះលែងឱ្យមានសេរីភាពពេញលេញទេ។ ដូច្នេះខ្ញុំគិតថាទស្សនៈរបស់រដ្ឋាភិបាលយើងគឺនឹងត្រូវយកចំណុចនេះមកគិតគូរថានឹងមានអ្វីកើតឡើងទៀតនៅក្នុងករណីនេះ»។
សហភាពអឺរ៉ុបក៏បន្តទទូចឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជួបចរចាជាមួយនឹងមេដឹកនាំក្រុមប្រឆាំងមុនពេលដែលសហភាពអឺរ៉ុបចាត់វិធានការទណ្ឌកម្មបន្ទាប់ទៀតដែលក្នុងនោះអាចនឹងប៉ះពាល់ដល់ឋានៈពន្ធអនុគ្រោះដែលកម្ពុជាទទួលបាន៕