ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសម្រេច​របស់​លោក ហ៊ុន សែន ឲ្យ​ចិញ្ចឹម​សត្វតោ​ក្នុង​ផ្ទះ​ទទួល​បាន​ទាំង​ការរិះគន់ និង​ការសាទរ


ម្ចាស់​ជនជាតិ​ចិន ស្វាគមន៍​សត្វតោ​ចិញ្ចឹម​របស់​លោក ក្រោយពី​ត្រូវបាន​បញ្ជូន​ពី​សួនសត្វ​ភ្នំតាម៉ៅ​មក​គេហដ្ឋាន​របស់​លោក​វិញ ក្នុង​សង្កាត់​បឹងកេងកង រាជធានី​ភ្នំពេញ។ (រូបថតផ្តល់ឲ្យដោយ ព្រីង សំរាំង)
ម្ចាស់​ជនជាតិ​ចិន ស្វាគមន៍​សត្វតោ​ចិញ្ចឹម​របស់​លោក ក្រោយពី​ត្រូវបាន​បញ្ជូន​ពី​សួនសត្វ​ភ្នំតាម៉ៅ​មក​គេហដ្ឋាន​របស់​លោក​វិញ ក្នុង​សង្កាត់​បឹងកេងកង រាជធានី​ភ្នំពេញ។ (រូបថតផ្តល់ឲ្យដោយ ព្រីង សំរាំង)

ជាង​មួយ​សប្តាហ៍​ក្រោយ​ដក​ហូត​សត្វតោ​មួយ​ក្បាលដែល​ចិញ្ចឹម​ដោយ​ជនជាតិ​ចិន​ក្នុងទីក្រុង​ភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃអាទិត្យ បាន​បញ្ជា​ឲ្យ​ប្រគល់​សត្វ​តោ​នោះ​ទៅ​ម្ចាស់​ដើមវិញ ​ហើយថែម​ទាំង​អនុញ្ញាតឲ្យចិញ្ចឹម​នៅ​ផ្ទះ​ទៀត​ផង។ ប៉ុន្តែម្ចាស់​តោ​នោះ​ តម្រូវ​ឲ្យ​ធ្វើ​ទ្រុងនិង​រៀបចំ​ឲ្យបាន​ត្រឹម​ត្រូវ ដើម្បីធានា​សុវត្ថិភាព​ និង​បរិស្ថាន​នៃ​ការរស់នៅរបស់​សត្វ​ព្រៃ​ផង​ដែរ។ ការ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ទទួល​បានទាំង​ការ​រិះគន់ ​និង​ការ​អបអរសាទរ។

កាល​ពីថ្ងៃ​អាទិត្យ វេលាម៉ោង​១០​កន្លះ​យប់ លោក ហ៊ុន សែន បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកចំពោះ​ករណី​សត្វ​តោឈ្មោល ទម្ងន់​ប្រមាណ​៧០​គីឡូក្រាម និង​មាន​អាយុ​១ឆ្នាំ​កន្លះ​នេះ។ លោក​ថា ​នេះ​ជាករណីលើក​លែង​ពិសេស ដោយសារ​ជនជាតិ​ចិន​នោះ​ចិញ្ចឹម​សត្វតោតាំង​ពី​តូច​មក។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សរសេរ​សន្ទនា​ជាមួយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ​និង​ម្ចាស់​តោ​ដែល​ជាជនជាតិ​ចិន​ផង​ដែរ។ លោក​សរសេរ​ថា​ លោកបានពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​បាន​ឯកភាព​គ្នា​ថា អនុញ្ញាតឲ្យម្ចាស់​យក​ទៅ​ចិញ្ចឹមវិញ​ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ម្ចាស់ត្រូវធ្វើ​ទ្រុង​ឲ្យ​បានត្រឹមត្រូវ​ ដើម្បី​ធានា​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុងផ្ទះ​និងអ្នករស់​នៅ​ជិតខាង។

លោក​ ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​អ្នក​ដែល​ផ្តល់​យោបល់​មក​រូប​លោក​ជា​ការ​«អាណិត​ដល់​សត្វ​តោ»។

​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​លើក​ជា​សំណួរ​សួរ​លោក ហ៊ុន សែនថា ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចិញ្ចឹម​សត្វ​ព្រៃ? លោក ហ៊ុន សែន​ បញ្ជាក់​ថា៖ «នេះ​ជា​ករណី​ពិសេស​ដែល​សត្វ​តោ​មួយ​នេះ​ គាត់​ចិញ្ចឹម​តាំង​ពី​តូច ​ដែល​យើង​ត្រូវ​យោគយល់»។

លោក ហ៊ុន សែន ​ក៏​បាន​ឆ្លើយ​តប​ជាមួយម្ចាស់សត្វ​តោ​ ដែលមាន​ឈ្មោះ​នៅ​លើ​ហ្វេសប៊ុកថា Qi Xiao ដោយ​លោក ហ៊ុន សែន​ ​បញ្ជាក់​បន្ថែម​ថា ​សត្វតោនេះ «ប្រៀប​ដូចជា​សមាជិក​គ្រួសារ​ទៅ​ហើយ ទើប​អនុញ្ញាត​ជា​ករណី​ពិសេស​ឲ្យ​លោក​យក​ទៅ​ចិញ្ចឹម​វិញ»។

លោក​ Qi Xiao ដែល​ជា​ម្ចាស់​តោ​បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ថ្លែង​អំណរគុណ​ដល់​លោក​ ហ៊ុន សែន​ និង​ថ្នាក់​ដឹកនាំ។

សត្វតោ​នេះ​ត្រូវបាន​រាយការណ៍​ថា ចង្កូម​និង​ក្រញ៉ាំ​របស់​វា ​ត្រូវបាន​ដកចេញ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា អាជ្ញាធរ​បាន​ចុះ​ទៅ​រឹប​អូស​សត្វ​តោនេះ​ ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ជនជាតិចិន​ នៅ​ក្នុង​ផ្ទះវីឡា​មួយ​កន្លែង​កណ្តាល​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​ផ្លូវ​៣០៦ សង្កាត់​បឹងកេងកង​១ ខណ្ឌ​បឹង​កេងកង ក្រោម​កិច្ច​សហការ​ជាមួយ​ព្រះរាជអាជ្ញារង​នៃ​តុលាការ​រាជធានី​ភ្នំពេញ និង​អង្គការ​សម័ន្ធ​មិត្ត​សត្វព្រៃ(Wildlife Alliance)។

សត្វតោនេះ​ត្រូវបាន​បញ្ជូន​ទៅ​ដាក់​នៅ​រមណីយដ្ឋាន​ភ្នំ​តាម៉ៅ​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ចុះ​រឹប​អូស​សត្វ​តោ​នោះ ធ្វើ​ឡើងតាមបណ្តឹង​របស់​អ្នកជិតខាង​និង​អ្នកទេសចរ​បរទេស។ លោក​បន្ថែម​ថា​ម្ចាស់​តោ​ត្រូវ​តម្រូវ​ឲ្យ​«មាន​កិច្ចសន្យា​ដែល​មាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ​ទាក់ទងទៅ​នឹង​បច្ចេកទេស​នៃ​ការចិញ្ចឹម​ដែល​មាន​លក្ខណៈ​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស បរិស្ថាន​រស់នៅ​នៃ​សត្វតោ និង​ប្រកបដោយ​សុវត្ថិភាព​មិនឲ្យ​មាន​ហានិភ័យ​ដល់​អ្នកថែរក្សា​និង​អ្នកជិតខាង»។

លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ការ​សម្រេច​ឲ្យ​យក​តោ​មក​ចិញ្ចឹម​ក្នុង​ផ្ទះ​នេះ​ «ជា​ការ​សណ្តោសប្រណី ​និង​ការ​យោគយល់​»របស់​នាយករដ្ឋមន្ត្រី ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​រៀបចំឲ្យ​បាន​សមរម្យ​សម្រាប់​សត្វ​តោ ​និង​កាត់​បន្ថយ​ហានិភ័យ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ហើយ​ព្រឹក​នេះ គឺ​ក្រុម​ហ៊ុនធានា​ថា​ រៀបចំ​ទ្រុង​ដាក់​ឲ្យ​បាន​ល្អ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យដែលអាច​មាន​គ្រោះ​កាច​នៅ​ពេល​ខាង​មុខ​ ហើយ​នឹង​សម​ស្រប​ទៅ​តាម​លក្ខណៈវិទ្យាសាស្ត្រ​និង​បរិស្ថាន​នៃ​សត្វ​តោ​នោះ ធ្វើ​ម៉េច​ឲ្យ​វា​សម​ស្រប ជៀសវាង​យើង​ធ្វើ​ទ្រុង​ដាក់​ទណ្ឌកម្ម​ ទារុណកម្ម​ចំពោះ​សត្វ​តោ​នោះ»។

ទាក់ទង​នឹង​ថវិកា​ពិន័យ​ពី​ជនជាតិ​ចិន​វិញ លោករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា អាជ្ញាធរពាក់ព័ន្ធ​មិន​ទាន់​បាន​ទទួល​ថវិកានៅឡើយ​ទេ​ ដោយ​សារវា​ស្ថិត​ក្នុង​ការ​សម្រេចរបស់តុលាការ។ លោក​បន្ថែម​ថា កាល​ពី​កន្លង​ទៅ មាន​ការ​សម្រេច​ឲ្យ​ផាក​ពិន័យ​ក្នុង​តម្លៃ​១ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ មិន​មែន​៣​ម៉ឺន​ដុល្លារដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នានា​នោះ​ទេ។លោក​បន្ថែម​ថា៖ «ប៉ុន្តែ​សួរ​មួយ​ម៉ឺន​ដុល្លារ​នៅ​ឯណា? គឺ​យើង​អត់​ទាន់​ផាក​ពិន័យ​គេ​នៅ​ឡើយ​ទេ​ ដោយសារ​ម្ចាស់​ចិញ្ចឹម​នោះ គឺ​មិន​ទាន់​សុខចិត្ត ព្រោះរឿង​នេះ​គឺ​ជា​រឿង​ព្រះ​រាជអាជ្ញា​ដែល​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាជន​នៅ​ជិត​ខាង​នោះ មុន​ឈាន​ទៅ​ដល់​ការ​ចាប់​យក​សត្វ​នេះ​ទៅ​ដាក់​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ»។

លោក ញឹក រតនពេជ្រ ប្រធាន​ឧទ្យាន​សួនសត្វ​និង​មជ្ឈមណ្ឌល​សត្វព្រៃភ្នំ​តាម៉ៅ​ប្រាប់​វីអូអេថា​ សត្វ​តោ​ត្រូវបាន​នាំ​យក​ទៅភ្នំពេញ​វិញ ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​។ លោក​បញ្ជាក់​ថា​ សត្វ​តោ​នោះមាន​សុខភាព​ល្អ​ធម្មតា។ ទោះ​ជាយ៉ាងណា លោកបានបដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការ​សម្រេច​របស់​នាយករដ្ឋមន្ត្រី។

លោក​ថ្លែង​ថា៖ «ខ្ញុំមាន​យល់​ឃើញ​អី បើ​ប្រគល់​ជូន ប្រគល់​ជូន​វិញ​ហើយ»។

លោក កែន សេរី​រដ្ឋា​ នាយកប្រចាំ​ប្រទេស​នៃ​សមាគម​អភិរក្សសត្វព្រៃ (Wildlife Conservation Society-WCS) ថ្លែង​ថា គួរ​មាន​ការ​ពិនិត្យ​លើ​គោល​ការណ៍​ច្បាប់ ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ឲ្យ​ចិញ្ចឹម ហើយ​ត្រូវ​ពិនិត្យ​មើល​អំពីជីវសាស្ត្រ​និងអម្បូរកម្រ​នៃ​សត្វ​តោ​នោះ មុន​នឹង​សម្រេច​ឲ្យយក​មក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ។ លោក​បន្ថែម​សត្វ ​ក៏ដូចជាមនុស្ស ក៏​មាន​សិទ្ធិដូចគ្នា​ដែរ។

លោក​បញ្ជាក់ថា៖ «ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​គាត់​យក​មកហ្នឹង របៀប​ម៉េច? ហើយ​ការ​ចិញ្ចឹម​របស់​គាត់​នៅ​ផ្ទះ[យ៉ាង​ម៉េច]? ប៉ុន្តែ​ប្រហែល​ជា​គាត់​ធ្វើ​កិច្ច​ការ​នេះជាមួយ​នឹងរដ្ឋបាល​ព្រៃឈើ ដើម្បី​ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេក​ទេស​ទៅ​លើ​ការ​កំណត់​ទ្រង់​ ឬ​ការ​ផ្គត់ផ្គង់​អី​ ។ល។ហ្នឹង»។

លោក​ជំរុញ​ឲ្យមាន​ការ​ទទួល​ខុសត្រូវ​អំពី​សុវត្ថិភាព និង​ការគ្រប់គ្រងដែលមិនគំរាម​កំហែង​ដល់​មនុស្ស​ទូទៅ។​

លោក​បន្ថែម​ថា៖ «ការ​ចិញ្ចឹម​សត្វ​ព្រៃ វា​ត្រូវ​តែអនុវត្ត​ទៅ​តាម​ច្បាប់​ទម្លាប់​អី​អញ្ចឹង​ទៅ ហើយ​និង​គោល​ការណ៍​បច្ចេកទេស។ល។ ហើយ​បើ​សិន​ជា​យើង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ងារនេះទេ ទីមួយ​មិន​ត្រូវ​ចិញ្ចឹម​ទេ ហើយ​ទីពីរ​យើង​គួរ​តែបរិច្ចាគ​អាហ្នឹង​ទៅ​ខាង​រដ្ឋបាល​នៅ​ភ្នំតាម៉ៅ ឬមួយ​ក៏​យក​ទៅ​ឲ្យ​ខាង​សង្រោះ​សត្វ​ព្រៃហ្នឹង អាហ្នឹង​ល្អជាង ខ្ញុំ​យល់អញ្ចឹង»។

លោក​ សាន់ ម៉ាឡា មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​ការ​ពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) ថ្លែង​ថា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ត្រូវ​ពឹង​ផ្អែក​លើ​ច្បាប់ ជាជាង​ដោយ​មនោសញ្ចេតនា។

លោក​ប្រាប់​វីអូអេថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​ រដ្ឋាភិបាល​គួរ​តែ​យក​ច្បាប់​ជា​គោល នៅ​ក្នុង​ការ​អនុវត្ត​ មិន​មែន​ជា​ការ​សម្រេច​ដោយ​ប្រើប្រាស់​នូវមនោសញ្ចេតនា​ឬ​មតិ​ផ្ទាល់​ខ្លួន​ទៅ​ថ្លឹង​ថ្លែង​នោះ​ទេ ពីព្រោះ​ករណីបែប​នេះ​បើសិន​ជាកើត​ឡើង​ចំពោះ​ពលរដ្ឋ​ក្រីក្រ ​គ្មាន​លុយ​គ្មាន​អំណាច ប្រហែល​ជា​ពួកគាត់​អាច​រង​នូវ​ការ​ចាត់​វិធានការ​ផ្សេងៗ»។

អ្នកស្រី Claire Baker-Munton មន្ត្រីផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សម្ព័ន្ធ​មិត្តសត្វព្រៃដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​រឹប​អូស​សត្វតោ​នេះ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​នៅ​ពេល​នេះ។ ប៉ុន្តែ​ក្រោយ​ការ​រឹបអូស​សត្វ​តោ​នេះ អង្គការ​បាន​ពន្យល់​ទៅ​សាធារណ​ជន​តាម​រយៈវីដេអូ​មួយ​ដែល​លើកឡើង​អំពី​មូលហេតុដែល​សត្វតោ​មិន​អាច​រក្សា​ទុក​ជា​សត្វចិញ្ចឹមបាន។ ហ្វេសប៊ុក​របស់​អង្គការ​នោះ​ឲ្យ​ដឹង​ថា សត្វតោ​ជា​ប្រភេទ​សត្វព្រៃ វា​មិន​អាច​ក្លាយ​ជាសត្វស្រុកបានឡើយ បានន័យថា​ផ្ទះឯកជន​មិនមែនជា​កន្លែង​សមរម្យ​សម្រាប់​សត្វព្រៃឡើយ ហើយ​សត្វតោ​ក៏អាច​ប្រែ​ជា​កាច​សាហាវ​បាន​ដែរ៕

XS
SM
MD
LG