ព្រឹកដំបូងនៅពេល Kaavan (កាវ៉ាន) បើកភ្នែកឡើងនៅលើទឹកដីខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា សត្វដំរីនេះ បានចាប់ផ្តើមទាក់ទងជាមួយដំរីញីនៅឯលានក្បែរខាងគ្នា ខណ្ឌដោយបង្គោលរបង។ ទំនាក់ទំនងនេះ មើលឃើញតាមរយៈកាយវិការដំរីទាំងពីរព័ន្ធប្រមោយគ្នា។
លោក Darrick Thomson (ដារិក ថមសុន) គ្រូបង្វឹកដំរី ដែលជាជនជាតិកាណាដាមួយរូប បានប្រាប់វីអូអេថា សត្វដំរីឈ្មោះកាវ៉ាន ដែលនាំមកពីប្រទេសប៉ាគីស្ថាន មកដល់អាកាសយានដ្ឋានសៀមរាប កាលពីថ្ងៃចន្ទ ពេលនេះមានសុខភាពល្អជាធម្មតា ទោះបីជាវារៀងហត់បន្តិច ក្រោយជិះយន្តហោះប្រមាណ១០ម៉ោង។
លោក Darrick Thomson និយាយថា៖ «វាបានឆ្លងកាត់ដំណើរដ៏សឹងមិនគួរឲ្យជឿមួយដែលមានតែដំរីតិចតួចប៉ុណ្ណោះធ្លាប់មានបទពិសោធន៍នេះ»។
ដំរីឈ្មោល អាយុ៣៥ឆ្នាំនេះ ត្រូវបានគេស្គាល់ថា ជាដំរីឯកោមួយក្បាល។ ពេលនេះ វាចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅក្នុងដែនជម្រកសត្វព្រៃ ក្នុងខេត្តឧត្តរមានជ័យ ជាមួយក្តីសង្ឃឹមថ្មី ហើយអាជ្ញាធរកម្ពុជាសង្ឃឹមថា វានឹងបង្កាត់កូនផងដែរ ដើម្បីរក្សាពូជដំរីដ៏កម្រនេះ។
កម្ពុជា នឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយ និងកសាងទំនាក់ទំនងសង្គមថ្មី។
Kaavan កើតនៅប្រទេសស្រីលង្កា ក្នុងឆ្នាំ១៩៨៥។ ពេលអាយុបានមួយឆ្នាំ រដ្ឋាភិបាលស្រីលង្កាជូនអំណោយសត្វដំរីមួយក្បាលនេះទៅឲ្យរដ្ឋាភិបាលប៉ាគីស្ថាន។ Kaavan ត្រូវគេដាក់ច្រវាក់ជើងអស់រយៈពេល៣៥ឆ្នាំ នៅក្នុងសួនសត្វមួយនៅក្រុងអ៊ីស្លាម៉ាបាដ។
កាលពីឆ្នាំ២០១៥ អ្នកតស៊ូមតិ ដើម្បីការពារសិទ្ធិសត្វ និងតារាចម្រៀងល្បីអាមេរិកម្នាក់ គឺអ្នកស្រី Cherilyn Sarkisian ដែលគេស្គាល់ថា Cher បានបង្កើតយុទ្ធនាការទាមទារសិទ្ធិសេរីភាពឱ្យ Kaavan ក្រោយដំរីនេះរងការរំលោភបំពានអស់រយៈពេលជាច្រើនឆ្នាំក្នុងប្រទេសប៉ាគីស្ថាន និងបានបាត់បង់ដៃគូតែមួយគត់របស់វាកាលពី៨ឆ្នាំមុន។
អ្នកស្រី Cher បានប្រាប់សារព័ត៌មាន Reuters ថា កម្ពុជាជាកន្លែងដ៏គួរឱ្យស្រឡាញ់ហើយ «ជីវិតរបស់វា នឹងក្លាយជាជីវិតរបស់សត្វដំរី មិនមែនជាជីវិតនៃអ្នកទោសទេ»។
លោក Darrick Thomson គ្រូបង្វឹកដំរីនិងសហស្ថាបនិកនៃមូលនិធិ Save the Elephant Foundation បានប្រាប់វីអូអេថា៖ «អ្នកប្រហែលឃើញរូបភាពរបស់Kaavan ដែលជាប់ក្នុងទ្រុង បញ្ចេញអាកប្បកិរិយាមិនប្រក្រតី ធ្វើអ្វីដដែលៗ ដូចជាធុញទ្រាន់។ វាមើលទៅសោកសង្រេង។ ដំរីនេះធ្លាក់ទឹកចិត្ត វាទល់នឹងក្បាលនឹងជញ្ជាំងជាច្រើនម៉ោង។ ការបញ្ជាដែលវាទទួលបាន កាលនោះ គឺឆេវឆាវ កាចឃោរឃៅ និងហិង្សា។ ទីនេះ Kaavan មិនត្រូវការវាទេ។ វាយល់ពីសេចក្ដីស្រឡាញ់ ហើយវាឆ្លើយតបទៅវិញ»។
អ្នកជំនាញនៃអង្គការ FOUR PAWS ដែលមានបេសកកម្មទាមទារសិទ្ធិសម្រាប់សត្វ បានបង្វឹក Kaavan ជាច្រើនសប្តាហ៍ ដើម្បីឱ្យដំរីនេះ ព្រមនៅកន្លែងចង្អៀត និងទ្រាំបាននឹងសំឡេងខ្លាំងៗ ពេលជិះយន្តហោះមកកម្ពុជា។ ទ្រុងដែលដឹកដំរីនេះ ត្រូវបានលាបពណ៌តាមបែបប្រពៃណីប៉ាគីស្ថាន ដែលតុបតែងដោយរូបសត្វពណ៌ឆើត និងទង់ជាតិប៉ាគីស្ថាន។
មុននឹងដឹកមកដល់ដែនជម្រកសត្វព្រៃនៅទឹកដីខេត្តឧត្តរមានជ័យ ដំរីនេះ បានទទួលការស្វាគមន៍ពីកម្ពុជា ដោយព្រះសង្ឃបានប្រោះព្រំទឹកមន្តឱ្យវានៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា។
លោក Darrick Thomson គ្រូបង្វឹកដំរី និងសហស្ថាបនិកនៃមូលនិធិ Save the Elephant Foundation បានឲ្យដឹងថា Kaavan មានអារម្មណ៍ធូរស្រាល តែនៅហត់នឿយនៅឡើយ។
គ្រូបង្វឹកដំរីរូបនេះរៀបរាប់ថា៖ «វាលេងជាមួយភក់ វាគ្រវាត់ភក់លើខ្លួនវា ដូចកំពុងបាំងថ្ងៃ។ វាលេងខ្សាច់ដូចជាងូតខ្សាច់សំដិលថ្ងៃ។ កាយវិការនេះ មានមុខងារច្រើន។ វាអាចបង្ហាញថា វាដេញសត្វល្អិត មូស និងរុយជាដើមដែលរំខានវា។ […]ឥឡូវនេះ មើលទៅ វានៅហត់នឿយ។ បើអ្នកមើលអាកប្បកិរិយាវា ភ្នែកមីរៗដូចងងុយគេង។ វាទើបតែចុះពីយន្តហោះ ដើម្បីមកទីនេះ។ យើងជួយវាឆ្លងកាត់បញ្ហាថប់បារម្ភ និងភាពភ័យខ្លាច។ ដូច្នេះនេះ ជារឿងល្អ។ […] ខ្ញុំជឿជាក់ថា Kaavan ទទួលបានជម្រកសមគួរនៅទីនេះ ក្នុងចំណោមហ្វូងដំរីញី»។
Kaavan កំពុងព្យាយាមប្រមូលព័ត៌មានជុំវិញជម្រកថ្មីរបស់ខ្លួន ស្ថិតនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដែនអភិរក្សនេះមានទំហំ ប្រមាណ៤.៣៥០ ហិកតា។
លោក Darrick ដែលពេលនេះជាគ្រូបង្វឹកដំរីនេះផ្ទាល់ និងបង្វឹកដំរីញីបីក្បាលទៀត បានឲ្យដឹងថា ឃានវិញ្ញាណ ឬការដឹងក្លិនរបស់សត្វដំរីនេះ គឺអស្ចារ្យបំផុត ដែលនាំឲ្យពួកវា ស្គាល់ពិភពលោក។
លោកពន្យល់ថា៖ «យប់មិញ ខ្ញុំឃើញទំនាក់ទំនងរបស់ពួកគេ ដែលចំណាយពេលវេលាច្រើនជាមួយគ្នា។ ខ្ញុំបានឃើញដានជើងដំរីញីពីរនៅអាងទឹក ហើយ Kaavan នៅម្ខាងទៀត។ យប់មិញពួកគេព័ន្ធប្រមោយគ្នា ស្ទាបចុះស្ទាបឡើង ហើយហិត។ កាយវិការទាំងនេះមានន័យណាស់សម្រាប់ពួកគេ។ ពួកគេប្រើសមត្ថភាពធម្មជាតិដ៏វៃឆ្លាត ក្នុងការចាប់យកនិងប្រមូលព័ត៌មានឲ្យច្រើននៅក្នុងបិរយាកាសថ្មី តាមរយៈប្រមោយដែលមានហ្សែនទទួលព័ត៌មាន។ ដូច្នេះរបៀបដែលវាស្ទាបគ្នា ហិតក្លិនគ្នា ចាប់យកព័ត៌មានផ្សេងទៀត និងភាពរស់រវើក គឺជាពិភពផ្សេងរបស់ពួកគេ ដែលយើងមិនអាចយល់បាន»។
Kaavan ជាដំរីពូជអាស៊ីមួយប្រភេទ ដែលរងការគំរាមកំហែងជិតផុតពូជ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ លោកបានឲ្យដឹងថា នៅកម្ពុជាប្រភេទដំរីពូជអាស៊ីនេះ មានចន្លោះពី៤០០ទៅ៦០០ក្បាល ដែលកំពុងតែរស់នៅក្នុងព្រៃការពារធម្មជាតិខេត្តរតនគិរី មណ្ឌលគិរី និងនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ។
លោក នេត្រ ភក្ត្រា ប្រាប់វីអូអេថា ក្រៅពីការជួយដំរីនេះឲ្យលែងឯកោ គោលបំណងដ៏សំខាន់នោះ គឺការបង្កាត់ពូជដំរីប្រភេទនេះ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងការបន្សាំ Kaavan នៅក្នុងព្រៃនៅប្រទេសកម្ពុជា គឺស្របទៅនឹងប្រព័ន្ធហ្សែនេទិក និងប្រភេទសត្វដំរីដូចគ្នា។ នេះ ជាចំណុចល្អមួយ។ មួយទៀត គឺបរិស្ថាននៅតំបន់របស់យើងប្រហាក់ប្រហែលគ្នា»។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនោះ បានឲ្យដឹងទៀតថា ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ ពុំមានរបាយការណ៍ណាមួយបង្ហាញពីករណីបរបាញ់សត្វដំរី ដើម្បីយកភ្លុក កន្ទុយ ឬរោមមកប្រើប្រាស់តាមជំនឿដូចពីមុនទេ។ ក៏ប៉ុន្តែលោកថា នៅ១០ឆ្នាំចុងក្រោយ មានដំរីចំនួន៨ក្បាលនៅកម្ពុជា បានបាត់បង់ជីវិត។
លោកប្រាប់អំពីមូលហេតុនេះថា៖ «ស្លាប់ដោយជំងឺ ស្លាប់ដោយការបាញ់ ដែលសង្ស័យថា វាមានជម្លោះរវាងមនុស្សនិងដំរី គឺដំរីចូលទៅស៊ីដំណាំរបស់ប្រជាពលរដ្ឋនិងការជាប់អន្ទាក់ ឬក៏ជាប់ជើងនឹងល្បាក់ថ្មនៅពេលដែលហែលឆ្លងកាត់ ហើយនិងកើតមក គឺស្លាប់ដោយសារតែសុខភាពមិនសូវល្អ។ តាមការរកឃើញ ដំរីមួយចំនួនជាប់ជើងនឹងអន្ទាក់ បើទោះបីជាមន្ត្រីឧទ្យានុរៈបានសហការដកអន្ទាក់ប្រមាណមួយឆ្នាំជាង៤ម៉ឺនអន្ទាក់ចេញពីព្រៃធម្មជាតិរបស់យើង ដើម្បីការពារសត្វព្រៃ»។
ក្រុមអ្នកស្រឡាញ់ការពារសត្វព្រៃ ក្រុមអ្នកស្រលាញ់បរិស្ថាន អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ព្រមទាំងពលរដ្ឋកម្ពុជាជាម្ចាស់ប្រទេស សាទរនឹងការទទួលយកសត្វដំរី «ឯកោ» មួយនេះឲ្យជ្រកនៅកម្ពុជា។
លោក ស៊ូ សាវ៉ាត វ័យ៣៨ឆ្នាំ ពលរដ្ឋរស់នៅក្នុងទីក្រុងសៀមរាប មានអារម្មណ៍រំភើបក្រោយទទួលបានព័ត៌មានពីសាច់ញាតិរបស់លោកដែលធ្វើការនៅព្រលានយន្តហោះ អំពីការមកដល់របស់ដំរីនេះ។ លោកបន្តថា ការនាំយកសត្វដំរីនេះមករស់នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់អន្តរជាតិមកលើកម្ពុជា ក្នុងការថែរក្សាសត្វដំរី។
លោកប្រាប់វីអូអេថា៖ «ល្អដែរបានគេយក[ដំរី]ពីប្រទេសគេ មកប្រទេសខ្មែរយើង។ អាចមានប្រជាជន ឬបរទេសច្រើន គេចាប់អារម្មណ៍ទៅមើលនៅកន្លែងអភិរក្សសួនសត្វ។ យកមកដាក់ប្រទេសយើងចឹង មានន័យថា គេជឿជាក់លើប្រទេសយើងថាល្អ គ្រាន់បើជាងប្រទេសធ្វើបាបវាដូចមុនចឹង»។
កាលពីចុងឆ្នាំ២០១៩ សត្វដំរីស្រុកចំនួន១៤ក្បាល ដែលធ្លាប់ដឹកភ្ញៀវទេសចរនៅតំបន់ឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប ត្រូវបានឲ្យសម្រាកចូលនិវត្តន៍ ក្រោយអាជ្ញាធរបានសម្រេចលែងឱ្យប្រើប្រាស់ជាមធ្យោបាយទេសចរណ៍ ជិត២០ឆ្នាំ។ កម្ពុជា មានដំរីស្រុកសរុបប្រមាណ៧០ក្បាល។
បើតាមអង្គការ FOUR PAWS ការតាំងទីលំនៅថ្មីរបស់សត្វដំរី Kaavan នឹងធ្វើឡើងក្នុង៣ដំណាក់កាល។ ដំបូង Kaavan ត្រូវបានដាក់នៅឲ្យដាច់ដោយឡែកពីគេ ដើម្បីអាចស្គាល់ចរិតពិតរបស់វា និងធ្វើឲ្យវាស្ងប់អារម្មណ៍។ បន្ទាប់មកទៀត វាអាចមានសេរីភាពជាងមុន ដោយផ្ទេរទៅជម្រកមានដែនធំជាងមុន និងមានស្រះទឹក ដែលវាអាចចែករំលែកគ្នាបានជាមួយនឹងដំរីញីទាំងអស់។ ចុងក្រោយ Kaavan នឹងអាចចល័តក្នុងដីព្រៃអភិរក្ស៕