ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជំរុញ​ឲ្យ​ពង្រឹង​វិស័យ​ស្រូវ​អង្ករ​ ខណៈ​ទទួល​ស្គាល់​បរាជ័យ​នៃ​ផែនការ​នាំ​ចេញ​អង្ករ


រូបឯកសារ៖ ​កសិករ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​កំពុង​បូត​ស្រូវ​ នៅ​ក្នុង​ចំការ​របស់​ពួក​គេ​នៅ​​លើ​ភ្នំ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥​។ ស្រូវ​របស់​ពួក​គេ​មាន​ការ​ខូច​ខាត​ច្រើន​ ដោយ​សារ​ការ​ស្កក​ស្រូវ ព្រោះ​តែ​កង្វះ​ទឹក​ភ្លៀង។​ ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​គឺ​តិច​ជាង​១​ភាគ​៣​នៃ​ស្រូវ​ទាំង​អស់។​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ ​កសិករ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​កំពុង​បូត​ស្រូវ​ នៅ​ក្នុង​ចំការ​របស់​ពួក​គេ​នៅ​​លើ​ភ្នំ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥​។ ស្រូវ​របស់​ពួក​គេ​មាន​ការ​ខូច​ខាត​ច្រើន​ ដោយ​សារ​ការ​ស្កក​ស្រូវ ព្រោះ​តែ​កង្វះ​ទឹក​ភ្លៀង។​ ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​គឺ​តិច​ជាង​១​ភាគ​៣​នៃ​ស្រូវ​ទាំង​អស់។​ (នូវ​ ពៅ​លក្ខិណា/VOA)

​ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​មាន​សុទិដ្ឋិនិយម​ចំពោះ​តម្រូវ​ការ​អង្ករ​ ដែល​នឹង​បន្ត​កើន​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន សែន បាន​ស្នើ​ឲ្យស្ថាប័ន​រដ្ឋាភិបាល និង​ដៃ​គូ​ពាក់​ព័ន្ធ​នឹង​ផលិតកម្ម​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិនិត្យ​ឡើង​វិញ​នូវ​កត្តា​អាទិភាព​ជាច្រើន​ ដើម្បី​បង្កើន​សមត្ថ​ភាព​នៃ​ការ​ផលិត​ស្រូវ​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ និង​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស។

លោក ហ៊ុន សែន​ បាន​ស្នើ​យ៉ាង​ដូច្នេះ​ នៅ​ឯ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី៥​ ដែើ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

លោក​ថ្លែង​ថា​ លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​តម្រូវ​ការ​អង្ករ​ ដែល​នឹង​បន្ត​កើន​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។

«សម្រាប់​វិស័យ​ស្រូវ​អង្ករ​ ខ្ញុំ​យល់​ឃើញ​ថា​ នៅ​ជា​វិស័យ​ដ៏​មាន​សក្ដានុភាព​ នៅ​ថ្ងៃ​អនាគត​ ពីព្រោះ​តម្រូវការ​អង្ករ​ដែល​ជា​ស្បៀង​នេះ​ នឹង​ចេះ​តែ​កើន​ឡើង​ជាមួយ​នឹង​កំណើន​ចំនួន​ប្រជា​ជន​ក្នុង​ពិភពលោក​ ទោះបីជា​នៅ​ពេល​ប្រទេស​កាន់​តែ​មាន​ចំណូល​ខ្ពស់​ ហើយ​ការ​បរិភោគ​អង្ករ​កាន់​តែ​តិច​ក្ដី»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​បាន​លើក​ឡើង​អំពី​ចំណុច​សំខាន់​ជាច្រើន​ទាក់​ទិន​ការ​ពង្រឹង​វិស័យ​ស្រូវ​អង្ករ​នេះ។

ចំណុច​សំខាន់​ទាំង​នោះ​រួម​មាន​ការពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​ ការ​ការ​ផលិត​ពូជស្រូវ​ឲ្យ​ស្រប​តាម​តម្រូវការ​ក្នុង​ទីផ្សារ​ ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ក្នុង​ស្រុក​ ហើយ​និង​ការ​ស្ដារ​ និង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ និង​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សន្តិសុខ​ Xiangshan Forum លើក​ទី​៦ ទៅ​កាន់​អ្នក​វិភាគ មេដឹកនាំ​យោធាន​និង​មេដឹកនាំ​ផ្សេង​ទៀតពី​ទូទាំង​ពិភពលោក​ដែល​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។ (AP Photo/Ng Han Guan)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សន្តិសុខ​ Xiangshan Forum លើក​ទី​៦ ទៅ​កាន់​អ្នក​វិភាគ មេដឹកនាំ​យោធាន​និង​មេដឹកនាំ​ផ្សេង​ទៀតពី​ទូទាំង​ពិភពលោក​ដែល​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។ (AP Photo/Ng Han Guan)

លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការវិនិយោគ​បន្ថែម​ទៀត​ ទៅលើ​ការ​ទិញ​ម៉ាស៊ីន​សម្ងួត​ស្រូវ និង​ការ​សាងសង់​ឃ្លាំង​សម្រាប់​ស្តុក​ស្រូវ​សម្រាប់​ការ​បង្កើន​ការ​នាំចេញ​ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ទាក់​ទង​ប្រទេស​ចិន​ ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​ឥណទាន​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០ឆ្នាំ​ បាន​ទទួល​ស្គាល់​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​ នៅ​ឆ្នាំ​២០១៥ ​ដោយ​សារ​តែ​ការ​នាំ​ចេញ​ គឺ​បាន​តែ​៥០%​ប៉ុណ្ណោះ​នៃ​ផែនការ​នាំ​ចេញ​ដែល​បាន​កំណត់។

ការ​ទទួលបរាជ័យ​របស់​លោក​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៥​ ហើយ​បរាជ័យ​នេះ​គឺ​បណ្ដាល​មក​ពី​កង្វះ​ខាត​ទុន​ក្នុង​ការ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ខ្មែរ និង​រោងចក្រ​សម្រាប់​កែ​ច្នៃ​ ក៏​ដូច​ជា​ការ​ប្រកួត​ប្រជែង​ពី​ក្រៅ​ប្រទេស។

លោក​ ហ៊ុន ឡាក់​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​ថា​ កម្ពុជា​ត្រូវ​បំពេញ​ការងារ​ច្រើន​បន្ថែម​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

«ខ្ញុំ​យល់ថា​ គោល​ដៅ​មួយ​លាន​តោន​នៅ​មាន​កិច្ច​ការងារ​ច្រើន​ណាស់​ ដែល​ត្រូវ​ធ្វើ​តែ​ចំណុច​ដែលសំខាន់​គឺ​យើង​ទាំង​អស់​គ្នា​ ទាល់តែ​រួប​រួម​គ្នា​ចេញ​ដំណើរ​ដូច​ថា​ យើង​ជិះ​ទូក​ជាមួយ​គ្នា​ ជួយ​ចែវ​ទាំង​អស់​គ្នា។ អញ្ចឹង​មិន​អាច​ថា​ អ្នក​ខ្លះ​ចែវ​ អ្នក​ខ្លះ​ឈរ​មើល​បាន​ទេ។ បើ​អញ្ចឹង​បញ្ហា​ចង់​ឲ្យ​បាន​មួយ​លាន​តោន​ហ្នឹង​ មិន​មែន​វិស័យ​ឯកជន​តែ​ឯង​អាច​ធ្វើ​ទៅ​បាន​ទេ​ ទាល់​តែ​មាន​ខាង​ស្ថាប័ន​ចូល​រួម​ជាមួយ។ អា​ហ្នឹង​បាន​វា​អាច​រុញ​អា​សន្ទុះ​ហ្នឹង​ឲ្យ​វា​ទៅ​មុខ​ អាច​វា​ជោគ​ជ័យ​បាន»។

លោក​ថ្លែង​បញ្ជាក់​ថា​ ការ​បញ្ចុះ​ថ្លៃ​ផ្គត់ផ្គង់​អគ្គិសនី និង​ការ​យល់​ដឹង​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកទេស​សម្រាប់​ការ​បង្កើន​ផលិតកម្ម​ស្រូវ និង​អង្ករ​ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​ឲ្យ​កម្ពុជា​បន្ថយ​ថ្លៃ​ដើម​សម្រាប់​ការ​ផលិត​ និង​បើក​ផ្លូវ​ឲ្យ​មាន​ការ​វិវត្តន៍​លឿន​ទៅ​មុខ​របស់វិស័យ​ស្រូវ​អង្ករ​នេះ​ ក៏​ដូច​ជា​ការ​នាំ​ចេញ។

ប៉ុន្តែ​ លោក​បន្ថែម​ថា បម្រែបម្រួល​សេដ្ឋកិច្ច​ពី​ក្រៅ​ប្រទេស​គឺ​បញ្ហា​ប្រឈម​ ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ មាន​ការពិបាក​ផង​ដែរ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នា​ពេល​ខាង​មុខ។

រូបឯកសារ៖ អាជីវករ​ម្នាក់​កំពុង​អ៊ុំ​អង្ករ​នៅ​មុខ​តូប​លក់​អង្ករ​របស់​គាត់​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី២៦ ខែ​ឧសភា ឆ្នាំ​២០០៨។ (រូបថត៖ AP/Heng Sinith)
រូបឯកសារ៖ អាជីវករ​ម្នាក់​កំពុង​អ៊ុំ​អង្ករ​នៅ​មុខ​តូប​លក់​អង្ករ​របស់​គាត់​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី២៦ ខែ​ឧសភា ឆ្នាំ​២០០៨។ (រូបថត៖ AP/Heng Sinith)

ប្រទេស​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​៥លាន​តោន​ជា​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​ទិន្នផល​ភាគ​ច្រើន​ត្រូវការ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក ​ឬ​ត្រូវ​បាន​ឈ្មួញ​កណ្ដាល​ទិញ​ ឬ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​ និង​វៀតណាម​ ហើយ​ត្រូវ​កែច្នៃ​ និង​លក់​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

លោក ហ៊ាន វណ្ណហន​ គឺ​ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

លោក​ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​ពិនិត្យ​សើរើ​ឡើង​វិញយុទ្ធសាស្ត្រ​នៃ​ការ​នាំ​ចេញ​អង្ករ ដែល​បាន​កំណត់​កាល​ពី​ឆ្នាំ​២០១០ ថា​កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​ក្នុង​ឆ្នាំ​២០១៥។

«ចង់​ជម្រាប​ជូន​ថា​ គោល​នយោបាយ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​នេះ​ គឺ​យើង​ជោគ​ជ័យ​បាន​ពាក់​កណ្ដាល​ គឺ​អ្វី​ដែល​យើងឲ្យ​មាន​ស្រូវ​សល់​ រហូត​ដល់​ជាង​៤លាន​តោន​ ក្នុង​មួយ​ឆ្នាំ​ ហើយ​ពាក់​ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​យុទ្ធសាស្ត្រ​ទីពីរ​ប្រមូល​ទិញ​ និង​ការ​កែ​ច្នៃ​នេះ​ហាក់​ដូច​ជា​យ៉ាប់​ជាង​គេ។ ហើយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ គាត់​អត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ស្រូប​យក​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ សមត្ថភាព​ពាក់​ព័ន្ធ​ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធនធាន។ និយាយ​ឲ្យ​ចំ ​ថវិកា​ដើម្បី​ឲ្យ​គាត់​ប្រមូល​ទិញ​យក​មក​សម្ងួត​ ហើយ​ដើម្បី​ស្តុក​ទុក។ នេះ​គឺ​ជា​ចំណុច​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ពិនិត្យ​កែ​សម្រួល»។

គោល​នយោបាយ​នាំ​អង្ករ​ចេញ​គឺ​ជា​គោល​នយោបាយ​សំខាន់​មួយ ​ក្នុង​ចំណោម​គោល​នយោបាយ​សំខាន់​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ផង​ដែរ​ថា ប្រទេស​ចិន​គឺ​ជា​ប្រទេស​ស្ថិត​ក្នុង​លំដាប់​ទី​មួយ​ ដែល​បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ ហើយ​ប្រទេស​បារាំង​ស្ថិត​ក្នុង​លំដាប់​ទីពីរ។ កម្ពុជា​ក៏​បាន​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG