នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកាសពីទីក្រុង អ៊ីស្តង់ប៊ុលប្រទេស តួកគី ថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងទិញដីសង់ស្ថានទូតរបស់កម្ពុជា ប្រចាំនៅរដ្ឋធានី អង់ការ៉ា ប្រទេស តួកគី ដើម្បីបញ្ជាក់ពីការផ្សាភ្ជាប់ចំណងការទូតស៊ីជម្រៅរវាងកម្ពុជានិងតួកគី។ នេះបើយោងតាមព័ត៌មានសង្ខេបមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេស តួកគី ជាទីដែលលោកបានជួបពិភាក្សាការងារជាមួយនឹងមេដឹកនាំនៃប្រទេសនេះគឺលោកប្រធានាធិបតី Recep Tayyip Erdoganនិងក្រុមមន្ត្រីផ្សេងទៀត។
តាមព័ត៌មានតែបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយនឹងលោក Recep Tayyip Erdogan លើបញ្ហាជាច្រើន រួមមានការជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើនឡើងរហូតដល់មួយពាន់លានដុល្លារនៅពេលខាងមុខ ការបណ្តាក់ទុនលើវិស័យអាទិភាពចំពោះមុខរបស់កម្ពុជា ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា ការបើកឲ្យមានជើងហោះហើរដោយផ្ទាល់ពីកម្ពុជា-តួកគី បន្ថែមលើជើងហោះហើរបច្ចុប្បន្ន និងការជំរុញលើវិស័យទេសចរណ៍។
មេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិ ការគាំទ្រគ្នា ទៅវិញទៅមកក្នុងក្របខណ្ឌអន្តរជាតិ ជាពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅនឹងបណ្តាញអង្គការភេរវកម្មអន្តរជាតិ។ រដ្ឋាភិបាលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់សំខាន់ៗចំនួន៨ផងដែរ។ កិច្ចព្រមព្រៀងទាំងនោះគ្របដណ្តប់លើវិស័យកសិកម្ម វិស័យឧស្សាហកម្ម បច្ចេកវិទ្យា ការអប់រំសិក្សាធិការ ទេចរណ៍ និងវប្បធម៌។
លោក ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសតួកគីផងដែរ។ ក្នុងជំនួបសំណេះសំណាលនោះ លោក ហ៊ុន សែន បានប្រកាសពីបំណងរបស់រដ្ឋាភិបាលរបស់លោកក្នុងការទិញដីសម្រាប់សាងសង់ស្ថានទូតកម្ពុជាប្រចាំរដ្ឋធានី អង់ការ៉ា ប្រទេស តួកគី។
លោក ហ៊ុន សែន ថ្លែងថា៖
«យើងកំពុងតែពិនិត្យអំពីការទិញយកអគារ សម្រាប់ការបើកស្ថានទូត នៅទីនោះ។ ហេតុអ្វីបានយើងចាំបាច់ទិញអគារ? ប្រទេសមួយចំនួនយើងត្រូវប្រើប្រាស់នូវការជួល ប៉ុន្តែបើសិនជាយើងមានលទ្ធភាពខាងថវិកា យើងអាចទិញ ជាការល្អជាង ហើយវាជាការឲ្យសន្យាថា យើងចាក់ឫសយ៉ាងជ្រៅទៅក្នុងទំនាក់ទំនងនេះ»។
អ្នកវិភាគមួយចំនួនយល់ថា ការបញ្ជាក់របស់លោក ហ៊ុន សែន ក្នុងការកសាងគ្រឹះការទូតរឹងមាំជាមួយនឹងប្រទេស តួកគី បានបង្ហាញថា រដ្ឋាភិបាលកម្ពុជារបស់លោកហ៊ុន សែន កំពុងទាញកម្ពុជាឲ្យរកប្លុកកុម្មុយនីស្ត ខណៈប្រទេសតួកគីត្រូវគេមើលឃើញថា កំពុងរឹតចំណងការទូតជាមួយនឹងរុស្ស៊ីដើម្បីទប់ឥទ្ធិពលសហរដ្ឋអាមេរិក។ ការប្រកាសរបស់លោក ហ៊ុន សែន នេះទៀតសោត កើតមានឡើងនៅពេលរដ្ឋាភិបាលរបស់លោកបរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យសហភាពអឺរ៉ុបរក្សាទុកការអនុគ្រោះពន្ធតាមកម្មវិធីអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃចន្ទនេះថា មេដឹកនាំកម្ពុជាកំពុងនាំប្រទេសនេះ ទៅកាន់សហគមន៍កុម្មុយនីស្ត ខណៈដែលរដ្ឋាភិបាលប្រទេសនេះពិបាករក្សាទំនាក់ទំនងល្អជាមួយសហគមន៍ប្រជាធិបតេយ្យ។
លោក មាស នី បានថ្លែងថា៖
«តាមខ្ញុំមើលទៅវាជា យើងហៅថា ជាយុទ្ធសាស្ត្រផ្នែកនយោបាយក្នុងតំបន់នេះ គេហៅ Geopolitic ដែលប្រទេសមួយ កាលណាផ្តាច់ខ្លួនពីមហាអំណាចមួយ ហើយទៅទំនាក់ទំនងជាមួយមហាអំណាចមួយទៀតសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែមើលឃើញ ប្រទេសកម្ពុជាទំនងដូចជាកំពុងតែធ្វើដំណើរចូលទៅរកប្លុកកុម្មុយនីស្ត ដែលមានទាំងសូវៀត ហើយនិងចិន។ នេះជាការមើលឃើញដំបូងៗរបស់ខ្ញុំទេ។ យើងនឹងធ្វើការតាមដានរឿងហ្នឹងតទៅទៀត»។
ក្រៅពីទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកនៅប្រទេស តួកគី នោះ នៅថ្ងៃទី ២២ ខែ តុលា នេះ លោក ហ៊ុន សែន នឹងបន្តដំណើរទៅកាន់ទីក្រុង ហ្ស៉ឺណែវ ប្រទេសស្វីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីពាណិជ្ជកម្ម ហើយលោកនឹងចាកចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី ២៤ ខែ តុលាខាងមុខនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន៕