ក្រោយបេសកកម្មការទូតដោយផ្ទាល់នៅទីតាំងដ៏ធំបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងបុរីញូវយ៉ក ដើម្បីស្វះស្វែងរកការគាំទ្របន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ចំពោះរដ្ឋាភិបាលថ្មីរបស់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឹងប្រែងមិនឈប់ឈរក្នុងរយៈពេលជិត ២ខែចុងក្រោយនេះ ដើម្បីយកជ័យជម្នះផ្នែកការទូតលើឆាកអន្តរជាតិ នៅពេលដែលក្រុមជំទាស់ប្រឹងប្រែងកៀរគរប្រទេសជាច្រើនមិនឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូកម្ពុជារបស់លោកទៅកាន់មហាសន្និបាតអ.ស.បកាលពីចុងខែកញ្ញា និងទៅប្រទេសជប៉ុន ឥណ្ឌូនេស៊ី ជាដើម។ ហើយនៅក្នុងរយៈពីរសប្តាហ៍ខាងមុខនេះលោកនឹងដឹកនាំគណៈប្រតិភូទៅកាន់សហភាពអឺរ៉ុបចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដែលជាវេទិកាពិភពលោកធំមួយទៀត។
ក្រៅពីមានដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសតួកគី ដើម្បីរឹតចំណងទាក់ទងការទូតនិងវិស័យផ្សេងៗទៀតក្នុងលំដាប់ទ្វេភាគដើម្បីបង្ហាញថាស្ថិតក្នុងសភាពបែបណាក៏ដោយ រាជរដ្ឋាភិបាលថ្មីនេះមានការពង្រីកទំនាក់ទំនងជាមួយប្រទេសនានាបន្ថែមបន្តបន្ទាប់។ បន្ថែមលើនេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏មានការគម្រោងការចូលរួមសន្និសីទស្តីពីពាណិជ្ជកម្មពិភពលោកដែលរៀបចំដោយ អ.ស.ប ក្នុងប្រទេសស្វីសផងដែរ។
ក្នុងពេលចេញដំណើរពីប្រទេសកម្ពុជាកាលពីពាក់កណ្តាលយប់ម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុករបស់លោកប្រាប់ដល់ជនរួមជាតិអំពីដំណើរបេសកកម្មការទូតនិងគម្រោងនានានៅក្រៅប្រទេស ចាប់ផ្តើមពីក្រុងប្រ៊ុចសែល ប្រទេស ប៊ែលហ្ស៊ិកដែលមានកិច្ចប្រជុំអាស៊ី-អឺរ៉ុប អំពីកិច្ចសហប្រតិបត្តិការនិងការដោះស្រាយដោយឈរលើផលប្រយោជន៍រួមលើបញ្ហានយោបាយសេដ្ឋកិច្ចនិងបញ្ហាសង្គមជាដើមដែលមានដៃគូចំនួន៥៣ប្រទេសចូលរួម។
«បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប ខ្ញុំនឹងធ្វើទស្សនៈកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ក្នុងថ្ងៃទី ២២ តុលា ដដែលខ្ញុំនឹងត្រូវចេញពីប្រទេសតួកគី មក ទីក្រុងហ្សឺណែវ ប្រទេសស្វីសដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគម្រោងចាកចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី ២៤ តុលា»។
លោក ហ៊ុន សែន បានសរសេរបន្តថា៖
«ការងារយោធាកូនទាហានដើរមុខមេទាហានដើរក្រោយ ឯការងារនយោបាយវិញគឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវអោយខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង»។
លោក ហ៊ុន សែន ក៏បានបន្តថាការងារមួយដែលលោក មិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅនិងរៀនសូត្រនៅអឺរ៉ុបដែលពួកគេកំពុងរង់ចាំជួបលោកនៅទីនោះ។
«ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមាញឹកស្ទើរតែរកពេលបាយមិនឃើញប្រជុំផងជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង»។
ការតស៊ូលើឆាកអន្តរជាតិដែលជាកន្លែងតានតឹងផ្នែកការទូត នេះ ក្នុងពេលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយមានទណ្ឌកម្មនានា បានដាក់និងកំពុងសិក្សាដំណាលគ្នា នោះដែលក្រុមជំទាស់មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនិងតវ៉ាឲ្យមានដំណោះស្រាយនយោបាយផងដែរ។ បេសកកម្មការទូតនេះដែរគឺកើតឡើងក្នុងពេលស្មុគស្មាញបំផុតដែល ត្រូវគេគិតថាជាការ បង្ហាញឲ្យដឹងថាកម្ពុជា មានមិត្តច្រើន មានកិច្ចប្រតិបត្តិការ និងការគាំទ្រច្រើន ហើយក៏ទប់ស្កាត់មិនចង់ឃើញការព្យួរការអនុគ្រោះពន្ធនាំចូលផលិតផលកម្ពុជាទាំងអស់លើកលែងតែអាវុធ ដែលសហភាពអឺរ៉ុបកំពុងសិក្សាក្រោយពីមានការធ្លាក់ចុះប្រជាធិបតេយ្យនិងសិទ្ធិមនុស្សថ្មីៗ ហើយត្រូវគេរិះគន់ថាមិនទាន់មានការស្តាឡើងវិញនោះ។
តែក្រុមជំទាស់បានដាក់កម្មវិធីធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលលោកចូលរួមកិច្ចប្រជុំ អាស៊ី អឺរ៉ុប តំណាងឲ្យកម្ពុជា នៅទីក្រុងប្រ៊ុចសែល នឹងអាចធ្វើបាតុកម្មនៅឯសន្និសីទស្តីពីពាណិជ្ជកម្មនៅ ទីក្រុងហ្សឺណែវប្រទេសស្វីសនៅថ្ងៃទី២៣ ដល់ថ្ងៃ២៤ ផងដែរ។ ការធ្វើដូច្នេះគឺដើម្បីទាមទារឲ្យមានការស្តាប្រជាធិបតេយ្យឡើងវិញ និង រកបានដំណោះស្រាយនយោបាយ ប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិ។
យ៉ាងណាក្រុមអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីក៏រង់ចាំទទួលស្វាគមន៍នឹងជួបសំណេះសំណាលជាមួយគណៈប្រតិភូកម្ពុជានិងលោក ហ៊ុន សែន ផងដែរ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ បានថ្លែងថានេះគឺជាភាពសកម្មខាងការទូតរបស់កម្ពុជាជាងពេលមុនៗ ដើម្បីឆ្លើយតបនិងក្រុមជំទាស់ផង ពង្រីកមុខមាត់កម្ពុជាលើឆាកអន្តរជាតិផង ដើម្បីកុំឲ្យមានការចោទប្រកាន់ថាកម្ពុជាងាកទៅរកចិន។
«កម្ពុជាចង់បង្ហាញពីត្រូវការពហុនិយម ហើយក៏មិនមែនឯកោទេ»។
លោក វណ្ណារិទ្ធ ថ្លែងដូច្នេះដោយយោងថាមានដំណើរទស្សនកិច្ចច្រើននិងកម្មវិធីវេទិកាពិភពលោកច្រើន ដែលកម្ពុជាកំពុងបង្កើនទំនាក់ទំនង ដូចជា តួកគី និងហុងគ្រី ជាដើម។
រាជរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឈមមុខនឹងបញ្ហាភាពស្របច្បាប់ទោះជាមានប្រទេសជាច្រើនបានទទួលស្គាល់ជាបណ្តើរៗក្តី។ មេដឹកនាំកម្ពុជានិងបក្សកាន់អំណាចធ្លាប់បានបញ្ជាក់ថាខ្លួនមិនខ្វល់នឹងការទទួលស្គាល់ឬមិនទទួលស្គាល់របស់អន្តរជាតិនោះទេ។
ការតស៊ូមតិនៅក្នុងសហភាពអឺរ៉ុបនិងបណ្តាប្រទេសជាច្រើនទៀតរបស់ក្រុមជំទាស់នេះគឺ ជាការឆ្លើយតបនឹងការរំលាយគណបក្សជំទាស់សង្គ្រោះជាតិ មុនការបោះឆ្នោត មេដឹកនាំក្រុមជំទាស់រងការចោទប្រកាន់និង ឃុំខ្លួនហើយនឹងត្រូវបានដកសិទ្ធធ្វើនយោបាយជាដើម។ រឿងនេះបណ្តាលឲ្យសហភាពអឺរ៉ុបកំពុងពិចារណាព្យួរការអនុគ្រោះពន្ធនាំចូល ខណៈសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មផ្សេងៗទៀតដែរ បន្ថែមពីលើការរឹតត្បិតទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិដល់មន្ត្រីកម្ពុជានិងបុគ្គលមួយចំនួន៕