ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចុះ​កិច្ចព្រមព្រៀង​បន្ត​ផ្ដល់​ជំនួយ​យោធា​និង​ធ្វើ​សម​យុទ្ធ​ជាមួយ​កម្ពុជា


លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ត្រូវ​បាន​ទទួល​ដោយ​សមភាគី​ចិន Wei Fenghe នៅ​ទីស្ដីការ​ក្រសួង​ការពារ​ប្រទេស​ចិន ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ ក្រសួងការពារជាតិកម្ពុជា)

នៅ​ក្នុង​សប្ដាហ៍​នេះ ប្រទេស​ចិន និង​ប្រទេស​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ផ្នែក​យោធា ដែល​ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​នូវ​ចេតនា​យ៉ាង​មុតមាំ​ ក្នុង​ការ​បន្ត​គាំទ្រ​ផ្ដល់​ជំនួយ​សឹក​ដល់​ទី​ក្រុងភ្នំពេញ ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​នៃ​ការ​ប្រណាំងប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់។

នៅ​បន្ទាប់ពី​មាន​ជំនួប​ទ្វេភាគី​កម្រិត​រដ្ឋមន្ត្រី​ការពារប្រទេស នៅ​ទីក្រុង​ប៉េកាំង ប្រទេស​កម្ពុជា​និង​ចិន បានសម្រេច​កិច្ច​ព្រមព្រៀង​រឹតចំណង​យោធា​រវាង​ប្រទេស​ទាំងពីរ​ដែល​ភាគី​ចិន​សន្យា​បន្ត​ផ្ដល់​ជំនួយ​សឹក​ដល់​កម្ពុជា និង​គ្រោង​បន្ត​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​យោធា​រួម​រវាង​កងទ័ព​ទាំងពីរ​ប្រទេស​នៅ​ឆ្នាំក្រោយ។ នេះ​បើ​តាម​ព័ត៌មាន​ដែល VOA ទទួល​បាន។

​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ប្រទេស​ចិន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម វេទិកា​ជជែក​សន្ទនា​កិច្ចការ​យោធា​និង​សន្តិសុខ Beijing Xiangshan Forum។ លោក​បាន​ជួប​សម​ភាគី​ចិន រដ្ឋមន្ត្រី​ការពារប្រទេស Wei Fenghe កាលពី​ថ្ងៃអង្គារ មុននឹង​សម្រេចការ​ព្រមព្រៀង​ដែល​ចិន​បន្ត​ផ្ដល់​ជំនួយ​យោធា​ដល់​កម្ពុជា ដែល​ជា​ប្រទេស​ជា​ដៃគូ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​តំបន់អាស៊ីអាគ្នេយ៍ ​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យោធា ។

​ក្នុង​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ព្រឹក​ថ្ងៃពុធ នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​ឱ្យ​ដឹង​ថា​គណៈប្រតិភូ​របស់​លោក ដែល​រួមមាន​ទាំង​នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ផង​បានសម្រេច​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី«ការ​បន្ត​ផ្ដល់​ជំនួយ​ឥត​សំណង​របស់​ចិន​ជូន​ដល់​កម្ពុជា»។​

មិន​មានការ​បញ្ជាក់​ពី​ទិន្នន័យ​លម្អិត​របស់​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែល​ចិន​គ្រោង​នឹង​ផ្ដល់​ឱ្យ​កម្ពុ​ជា​នោះ​ឡើយ។ នៅ​ពេល​ត្រូវ​បាន​ទាក់ទង​ដោយ VOA នា​វេលា​ព្រឹក​ថ្ងៃពុធ​នេះ ឧត្ដមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​និយាយ​ថា​លោក​មិនទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ផ្សព្វផ្សាយ​ទាក់ទិន​នឹង​កញ្ចប់​ជំនួយ​ថ្មី​ផ្ដល់​ឱ្យ​ដោយ​កងទ័ព​ចិន​ឡើយ។​

នេះ​ជា​ការ​បញ្ចេញ​នូវ​កញ្ចប់​ជំនួយ​សឹក​ថ្មី​ផ្សេងទៀត​របស់​ចិន​មកដល់​កម្ពុជា បន្ទាប់ពី​បាន​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​យោធា​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក Wei Fenghe រដ្ឋមន្ត្រី​ការពារ​ជាតិចិន នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែ​មិថុនា កន្លងទៅ។

​តែ​លោកនាយ​ឧត្ដមសេនីយ៍ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូប​នេះ​ក៏បាន​ផ្សព្វផ្សាយ​វិចារ​ផ្លូវការ លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​អំពី​ជំនួប​នេះ​ផង​ដែរ​ដែល​ថា ភាគី​យោធា​ទាំងពីរ​ប្រទេស​ព្រមព្រៀង​គ្នា​បន្ត​ធ្វើ លំហាត់​ហ្វឹកហ្វឺន​សម​យុទ្ធ​យោធា​រួម​«នាគ​មាស»​ជា​លើក​ទីបី នៅ​ឆ្នាំ២០១៩ និង​បន្ត​ជំនួយ​របស់​ភាគី​ចិន ជួយ​បណ្ដុះបណ្ដាល​យោធា​កម្ពុជា​តាមរយៈ ការ​ពង្រឹង វិទ្យាស្ថាន​កងទ័ពជើងគោក ក្នុង​ខេត្ត​កំពង់ស្ពឺ។​

កម្ពុជា និង​ចិន បាន​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​«នាគ​មាស»​ពីរ​ដង​រួចមក​ហើយ ដែល​លើកដំបូង​ក្នុង​ខែ​ធ្នូ ឆ្នាំ២០១៦ និង​លើក​ទីពីរ ដែល​មាន​ទំហំ​ជាង​មុន ធ្វើ​នៅ​ខែ​មីនា ឆ្នាំ២០១៨​នេះ ដែល​រួមមាន​ទាំង​ការ​ប្រើ​ប្រាស់​រថក្រោះ និង​ការ​វាយ​ប្រយុទ្ធ​ទីតាំង​ខ្មាំង​ពី​លើ​ឧទ្ធម្ភាគចក្រ​ពិឃាដ​ផង​ដែរ។

​ការ​ធ្វើ​សម​យុទ្ធ​នេះ កើតមាន​នៅ​ក្រោយពី​ព្រឹត្តិ​ការណ៍​ដែល​កម្ពុជា សម្រេច​ផ្អាក​លំហាត់​ហ្វឹកហ្វឺន​«ឆ្មាំ​អង្គរ» ដែល​ធ្លាប់​ធ្វើ​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក និង​កិច្ច​សហប្រតិបត្តិ​ការណ៍​ជំនួយ​យោធា​ដើម្បី​ការ​អភិវឌ្ឍ​ផ្សេងទៀត ខណៈ​ដែល​ទំនាក់ទំនង​កម្ពុជា-រអាមេរិក ស្គាល់​នូវ​ភាព​រកាំរកូស តាមរយៈ​បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​សហរដ្ឋអាមេរិក​ត្រូវ​បាន​ចោទ​ថា​បាន​ជួយ​ទំនុកបម្រុង គណបក្ស​ជំទាស់ ដើម្បី​ប្រុងប្រៀប​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

​ទាំង​សហរដ្ឋអាមេរិក និង​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្សជំទាស់​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ កាលពី​ជិត​មួយ​ឆ្នាំ​មុន សុទ្ធតែ​បាន​បដិសេធ​ការ​ចោទ​ខាងលើ។ អវត្តមាន​បក្ស​សង្គ្រោះ​ជាតិ បាន​នាំ​ឱ្យ​គណបក្សប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះ​ការបោះឆ្នោត​រដ្ឋសភា​កាលពី​ខែ​កក្កដា និង​គ្រប់គ្រង​អាសនៈ​ទាំង​១២៥​របស់​សភា​ជាន់​ទាប​ផង​ដែរ។

​បញ្ហា​នៃ​ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ ទាញ​ឱ្យ​មាន​ការ​បរិហារ​ពីសំណាក់​រដ្ឋាភិបាល​លោក​ខាងលិច អំពី​ភាព​ការរៀបចំ​ការបោះឆ្នោត​ដោយ​អវត្តមាន​គណបក្ស​ជំទាស់ និង​ការរៀបចំ​រដ្ឋសភា​និង​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត ទាំង​បរិយាកាស​សេរីភាព​នយោបាយ​ត្រូវ​បាន​រឹតត្បិត។

​តួយ៉ាង សហភាព​អឺរ៉ុប កំពុងតែ​ផ្ដល់​សញ្ញា​គំរាម​ថា បញ្ហា​នយោបាយ​ចាក់ស្រេះ​របស់​កម្ពុជា អាច​នឹង​នាំ​ឱ្យ​ប្រទេស​មួយ​នេះ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប។

​ស្រប​ពេល​ជាមួយគ្នា​នេះ​ប្រទេស​ចិន​បាន​ថ្លែង​ជាបន្តបន្ទាប់​បន្ត​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​កម្ពុជា ដែល​តែង​បាន​គាំទ្រ​ជំហរ​ចិន​លើ​បញ្ហា​អន្តរជាតិ​នានា តួយ៉ាង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម និង​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។

​ទាក់ទិន​នឹង​ជំនួប​ខាងលើ ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ​ចិន Xinhua ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​បាន​សន្យា​បន្ត​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ តាមរយៈ​វិស័យ​យោធា។

​ប្រព័ន្ធ​ឃោសនា​ផ្លូវការ​របស់​ចិន​មួយ​នេះ​បាន​ផ្សាយ​យ៉ាង​ដូច្នេះ​ថា៖

«លោក Wei បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក បាញ់ ថា​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ចិន មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ប្រកៀក​ស្មា​នឹង​សម​ភាគី​កម្ពុជាក្នុង​ការអនុវត្ត​នូវ​រាល់​ការព្រមព្រៀង​កុងសង់ស៊ីស ដែល​សម្រេច​បាន​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ»។

​នៅ​ខណៈ​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងពីរ​ប្រទេស​ជួប​គ្នា កងទ័ពជើងទឹក​ចិន កំពុង​ចូលរួម​ជាមួយ​នឹង​កងទ័ពជើងទឹក​របស់​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងទៀត ក្នុង​លំហាត់​ហ្វឹកហ្វឺន​យោធា​លំហ​រស​មុទ្រ​អាស៊ាន​ចិន នៅ​ខេត្ត Guangdong ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចេតនា​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​រវាង​ខ្លួន​នឹង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន បន្ទាប់ពី​បាន​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​បណ្ដា​ប្រទេស​អាស៊ាន​៤ផ្សេង​ទៀត កំពុង​ប្រាថ្នា​ដណ្ដើម​កាន់កាប់​ផង​ដែរ។​

ចិន និង​អាស៊ាន ក៏​កំពុងតែ​ដំណើរការ ចរចា​ដំណាក់កាល​ចុងក្រោយ ឈាន​ទៅ​សម្រេចការ​ព្រមព្រៀង​គ្នា លើ​«ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង»។ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់ VOA កាលពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មាន​ក្ដី​បារម្ភ​ខណៈ​ដែល​ចិន​កំពុងតែ​ដាក់​សម្ពាធ​រដ្ឋ​ជា​សមាជិក​អាស៊ាន ក្នុង​កិច្ចចរចា​បិទទ្វារ ឱ្យ​ទទួល​នូវ​ខ្លឹមសារ​ផ្ដួចផ្ដើម​ដោយ​ចិន​ក្នុង​ក្រម​ប្រតិបត្តិ មិន​ឱ្យ​បណ្ដា​រដ្ឋ​ភាគី​ទទួល​ធ្វើ​សម​យុទ្ធ ឬ​ទទួល​វិនិយោគ​រុករក​ប្រេង​និង​ឧស្ម័ន ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពី​ប្រទេស​នៅ​ក្រៅ​តំបន់​នោះ​ទេ បើ​សិន​មិន​មាន​ការ​ជូនដំណឹង និង​យល់ព្រម​ជាមុន​ពី​រដ្ឋ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នោះ​ទេ។

​សហរដ្ឋអាមេរិក​ បាន​បញ្ចេញ​ជំហរ​ជំទាស់​នឹង​ការ​ទាមទារ និង​ការសាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ច្រកសមុទ្រ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ទាំង​លើ​ផ្នែក​យោធា និង​នាវាចរណ៍​ជំនួញ​របស់​ពិភពលោក។ ទស្សនៈ​នយោបាយ​ការបរទេស​នៅ​អាស៊ី​របស់​រដ្ឋការ​ប្រធានាធិបតី Donald Trump ត្រូវ​បាន​គេ​ស្គាល់​ថា​«ឥណ្ឌូ​ប៉ាស៊ីហ្វិក» ដែល​គាំទ្រ​សេរីភាព​នាវាចរណ៍ និង​អភិបាលកិច្ច​លំហ​រស​មុទ្រ​ដែល​ពឹងផ្អែក​លើ​ច្បាប់​អន្តរជាតិ។

​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​ដែរ កន្លងមក​ កម្ពុជា​ធ្លាប់​បញ្ជាក់​ជំហរ​របស់​ខ្លួន​ស្របគ្នា​នឹង​មិត្ត​ចិន​ គឺ​មិន​ធ្វើ​អន្តរជាតូបនីយកម្ម​បញ្ហា​ជម្លោះ​ដែនទឹក​នេះ​ឡើយ ហើយ​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​ពាក់ព័ន្ធ​ដោះស្រាយ​គ្នា​ដោយ​ទ្វេភាគី​ហើយ​ថា​បញ្ហា​នេះ​ជា​បញ្ហា​ទ្វេភាគី​រវាង​សាមី​ប្រទេស​ពាក់ព័ន្ធ​មិនមែន​ជា​បញ្ហា​រវាង​អាស៊ាន​ចិន​នោះ​ទេ៕

XS
SM
MD
LG