ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ CPP ប្រារព្ធខួបបក្សលើកទី៦៨ជាមួយអំណាចដឹកនាំប្រទេសក្នុងរដ្ឋឯកបក្ស

គណបក្សប្រជាជន​កម្ពុជា​ ​បាន​ប្រារព្ធ​ខួប៦៨ឆ្នាំ​ ​នៃ​ការបង្កើត​គណបក្ស​នេះ​ ​កាលពី​ព្រឹក​ថ្ងៃសុក្រ​ដោយមាន​ការចូលរួម​ពីសំណាក់​សមាជិក​សមាជិកា​រាប់ពាន់​នាក់​ ​ខណៈ​ដែល​បក្ស​កាន់អំណាច​ចាស់វស្សា​មួយ​នេះ​ ​កំពុង​គ្រប់គ្រង​ប្រទេស​ជាមួយនឹង​អំណាច​នយោបាយ​ ​និង​យោធា​ពេញទី​ក្នុង​រដ្ឋ​ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​គណបក្ស​តែមួយគត់​។​

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ជា​ប្រធាន​បក្ស​ ​និង​សមាជិក​ជាន់ខ្ពស់​ដទៃទៀត​បាន​ចូលរួម​ក្នុង​ពិធី​ដែល​បាន​ធ្វើឡើង​នៅ​ប៉ែក​ខាងជើង​កោះ​ពេជ្រ​ ​ខណ្ឌ​ចម្ការមន​ ​រាជធានី​ភ្នំពេញ​ ​ក្រោម​ដំណក់ទឹក​ភ្លៀង​រលឹម​ស្រិច​ៗ​។​ ​លោក​បាន​ថ្លែង​សារ​នយោបាយ​រៀបរាប់​ពី​ជ័យជម្នះ​របស់​បក្ស​ ​នយោបាយ​មិន​ឱនក្បាល​ចំពោះ​បរទេស​ ​និង​ការ​បន្ត​ទប់ស្កាត់​ក្រុម​ជំទាស់ដែលប៉ុនប៉ងវាយរលំរបបដឹកនាំ​របស់រដ្ឋាភិបាល​លោក។​

​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ១៩៥១​ ​ក្រោមការ​ចូលរួម​កម្លាំងរបស់បណ្តាជនកុម្មុយនិស្ត​ ​ហើយ​បាន​ក្លាយជា​គណបក្ស​កាន់អំណាច​ចាប់តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៧០មក​។​ ​ការ​ចូល​មក​គ្រប់គ្រង​រដ្ឋាភិបាល​នៅ​ឆ្នាំ១៩៧៩​ ​បាន​កើតមានឡើង ​បន្ទាប់ពី​កងទ័ព​វៀតណាម​បាន​វាយ​បណ្ដេញ​រដ្ឋាភិបាល​ខ្មែរក្រហម​នៅ​ភ្នំពេញ។​

​បន្ទាប់ពី​តុលាការ​កំពូល​ ​ដែល​មាន​ចៅក្រម​មួយចំនួន​ជាស​មា​ជិ​ក​បក្សប្រជាជន​ផ្ទាល់​ ​បានសម្រេច​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែលជា​ដៃគូ​ប្រជែង​នយោបាយ​ធំ​បំផុត​របស់គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ២០១៧​ ​ដោយ​ចោទ​បក្ស​នេះ​ថា​ចូលដៃ​ចូល​ជើង​នឹង​បរទេស​មក ​បច្ចុប្បន្ន​នេះគណបក្ស​ប្រជាជន​កម្ពុជាំ​កំពុងគ្រប់គ្រង​អាស​នៈ​ទាំងអស់១២៥​ នៅ​រដ្ឋសភា​ ​កាន់កាប់​អាស​នៈ​គណបក្ស​ទាំងអស់៥៨​ ​ក្នុងចំណោម​អាស​នៈ​សរុប៦២​ ​នៅ​ព្រឹទ្ធសភា​ ​បូករួម​ទាំង​អាស​នៈ​នៅ​ថ្នាក់​ខេត្ត​រាជធានី​ ស្រុក​ខណ្ឌ​ ឃុំ​សង្កាត់​ ​រហូតដល់​ថ្នាក់ភូមិ​៕

(អត្ថបទនិងរូបភាពដោយ៖ អូន ឆេងប៉រ/VOA)

XS
SM
MD
LG