ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ថា​លោក​ជា​អ្នក​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ស្មារតី​នៃ​​​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​ «​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​ «​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា គោល​នយោបាយ​ឈ្នះៗ​របស់​លោក​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ទាហាន​ខ្មែរ​ក្រហម ​គឺជា​យន្តការ​តែ​មួយ​គត់​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បាន​សុខ​សន្តិភាព​ពិតប្រាកដ​មួយ​​​​ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចង់​បាន។

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​រំឭក​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ទៅ​កាន់​ខេត្ត​ប៉ៃលិន​ដែល​ជា​តំបន់​សំខាន់​មួយបន្ត​កាន់កាប់​ដោយ​ទាហាន​ខ្មែរ​ក្រហម​ដល់​ទសវត្ស​ឆ្នាំ​១៩៩០។ ពី​ទី​រួម​ខេត្ត​ប៉ៃលិន លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា លោក​ជា​អ្នក​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា គោល​នយោបាយ​ឈ្នះៗ​របស់​លោក​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ទាហាន​ខ្មែរ​ក្រហម ​គឺជា​យន្តការ​តែ​មួយ​គត់​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បាន​សុខ​សន្តិភាព​ពិតប្រាកដ​មួយដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចង់​បាន។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​កម្ពុជា​រំឭក​ខួប​ទី​២៥​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ដែល​ជា​កិច្ច​ព្រមព្រៀងធ្វើ​ឲ្យ​ភាគី​ទាំង​៤​ ឈប់​បាញ់​គ្នា​នាំឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ និង​អធិបតេយ្យភាព​កម្ពុជា។

ក្រសួងការបរទេសនៅថ្ងៃព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ រំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ក្រសួងការបរទេសនៅថ្ងៃព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ រំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​អតីត​ទាហាន​ខ្មែរ​ក្រហម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ លោក ហ៊ុន សែន បាន​ថ្លែង​ថា ក្រោយពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ​១៩៩១ ហើយ​ការ​បោះឆ្នោត​សាកល​មួយ​ក្នុង​ឆ្នាំ​១៩៩៣​ត្រូវ​បាន​រៀបចំ​ឡើងដោយ​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ឬ​អ៊ុនតាក់​ក្ដី ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ដដែល​ គឺ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា៖

«អ្វី​ដែល​កិច្ច​ព្រមព្រៀង​ប៉ារីសចង់បាន ប៉ុន្តែ​អ៊ុនតាក់​មិន​អាច​ធ្វើ​បាន​នោះ គឺ​នៅ​ត្រង់​ថា អ៊ុនតាក់​បាន​ប្រើប្រាស់​នូវ​ថវិកា​ចំនួន​ជាង​២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​កម្លាំង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពេល​ដែល​អ៊ុនតាក់​ដក​ត្រឡប់​ចេញ​ពី​កម្ពុជា​ទៅ​វិញ គឺ​បន្សល់​ទុក​ឱ្យ​កម្ពុជា​នៅ​ជា​ប្រទេស​មួយ​ដែល​មាន​តំបន់​ត្រួតត្រា​២ និង​មាន​រដ្ឋាភិបាល​២ ហើយ​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្នា​មិន​ចេះ​ចប់»។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​បន្ត​ទៀត​ថា៖

«បើ​គ្មាន​នយោបាយ​ឈ្នះៗ​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ដាក់​ចេញ​និង​ដឹកនាំ ហើយ​ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​គ្រប់​តួ​អង្គ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​របស់​យើង វា​ក៏​គ្មាន​សុខ​សន្តិភាព​ដូច​ពេល​នេះ​ដែរ»។

ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស លោក ហ៊ុន សែន ក៏​បាន​អះអាង​ផង​ដែរថា ប្រសិន​បើ​គ្មាន​ការ​ចរចា​បើកផ្លូវ​វាង​លោក​ជាមួយ​សម្ដេច ​នរោត្ដម ​សីហនុ​ នោះ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ក៏​មិន​អាច​ធ្វើ​ឡើង​បាន​ដែរ។

យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​តំបន់​ និង​សហគមន៍​អន្តរជាតិ​បាន​សម្តែង​ក្តី​បារម្ភ​អំពី​បញ្ហា​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពួកគេមិន​ចង់​ឲ្យ​កម្ពុជា​ដើរ​ចាក​ឆ្ងាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​នេះ បញ្ហា​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​គឺនៅ​មិន​ទាន់​មាន​ភាព​ប្រសើរ​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ ភាព​ចម្រូងចម្រាស​នៃ​ការ​បង្កើត​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ និង​រឹត​បន្តឹង​ការ​ប្រមូល​ផ្តុំ​ការ​សម្តែង​មតិ​ អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរការ​កសាង​សន្តិភាព​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា។​

ចំណែក​ឯ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​បាន​លើកឡើង​ពី​ការគាបសង្កត់​លើសិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​ផ្នែក​នយោបាយ ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ​ជា​បរាជ័យ​ផ្សេង​ទៀត​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ។

មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ ​បាន​ថ្លែង​នៅ​ក្នុងសន្និសីទ​អន្តរជាតិ​មួយ​កាល​ពី​ថ្ងៃ​ពុធ ​ដែល​រៀបចំឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​ឡើង​វិញ​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ថា៖

«តំណាងរាស្រ្ត​ដែល​មាន​អភ័យ​ឯកសិទ្ធិ ដែល​ធ្លាប់​បំពេញ​ការងារ​ដោយ​មិន​ភ័យ​ខ្លាច​ ឥឡូវ​រង​គ្រោះ​ដោយ​ភ័យខ្លាច។ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ឲ្យ​ស្ថាប័ន​រដ្ឋ​រឹងមាំ​ឡើង​ ហើយ​អំណាច​បុគ្គល​ត្រូវ​កាត់​បន្ថយ»។

លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជាថ្លែងទៅកាន់សារព័ត៌មានក្នុងឧកាសរំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជាថ្លែងទៅកាន់សារព័ត៌មានក្នុងឧកាសរំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ លោក កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​បាន​ច្រានចោល​ការ​លើកឡើង​នេះ។

លោក កែវ រ៉េមី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​ពិធី​រំឭក​ខួប​២៥​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ធ្វើ​ឡើង​នៅ​ឯ​ក្រសួង​ការបរទេស​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជា​ការ​វាយតម្លៃ​ដែល​ខ្វះ​ការ​ស្រាវជ្រាវ​ និង​មិន​គ្រប់​ជ្រុងជ្រោយ។ លោក​ថា កម្ពុជា​បាន​និង​កំពុង​គោរព​សិទ្ធិ​មនុស្ស​ តែ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នេះ​គឺ​ត្រូវ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាច​ធានា​បាន​នូវ​សុខ​សន្តិភាព​របស់​ប្រទេស។

លោក​ កែវ រ៉េមី មាន​ប្រសាសន៍​ថា៖

«និយាយ​ឲ្យ​ចំ​ទៅ​ ការ​អនុវត្ត​របស់​យើង​វា​អត់មាន​អី​អាក្រក់​ទេ។ យើង​បន្ត​តាម​រយៈ​ស្ដង់ដា​និយាម​អន្តរជាតិ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​សន្តិភាព​នេះ​ ដែល​យើង​បន្ត​ឲ្យ​មាន​ស្ថិរភាព សន្តិភាព​នេះ​ជា​គោលការណ៍​ ពី​ព្រោះ​កាល​ណា​បើ​អត់​មាន​សន្តិភាព​ទេ​ប្អូន គិត​ថា ​សិទ្ធិ​មនុស្ស​នេះ​ត្រូវ​រលាយ​ហ្មង​គឺ​ស្មើនឹង​សូន្យ។ ប្អូន​ពិនិត្យ​មើល​នៅ​អារ៉ាប់ នៅ​មជ្ឈិមបូព៌ា សិទ្ធិ​មនុស្ស​នៅ​ឯ​ណា? នៅ​ប្រទេស​ស៊ីរី​ នៅ​អ៊ីរ៉ាក់ នៅ​អាហ្វហ្គានីស្ថាន»។

គណបក្ស​ប្រឆាំង​គ្រោង​រៀបចំ​ពិធី​រំឭក​ខួប​លើក​ទី​២៥​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ទី​លាន​ប្រជាធិបតេយ្យ ក៏​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​សាលា​រាជធានី​ភ្នំពេញ​ ដោយ​បញ្ជាក់​ថា ចំនួន​អ្នក​ចូលរួម​ក្នុង​ការ​ស្នើសុំ​នេះ​លើស​ពី​ចំនួន​កំណត់​ដោយ​ច្បាប់។

ក្នុងសេចក្ដី​ថ្លែងការណ៍​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល​១០​ថ្ងៃ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃពុធ ​លោក​ស្រី ​រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា ​ការ​គោរព​សិទ្ធិ​មនុស្ស​គឺ​ជា​ផ្នែក​សំខាន់ និង​ចាំបាច់​មួយ​នៃ​ការ​ធានា​សន្តិភាព​យូរ​អង្វែង។ លោក​ស្រី​បន្ត​ថា ការ​អនុវត្ត​សិទ្ធិ​មនុស្ស​មិន​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ទេ ហើយ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទៀត​សោត​ ក៏​មិន​គំរាមកំហែង​អធិបតេយ្យ​ភាព​នៃ​ប្រទេស​មួយ​ផង​ដែរ៕

XS
SM
MD
LG