ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេឃុំ​​សង្កាត់​រាប់រយ​នឹង​បាត់បង់​ការងារ​ ពេល​បក្ស​សង្គ្រោះជាតិ​រលាយ


កាល​ពី​ថ្ងៃច័ន្ទ រដ្ឋាភិបាល​បាន​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា ​ដែល​នឹង​ប្រគល់​អាសនៈ​ចំនួន​៤៨៩ ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ទូទាំង​ប្រទេស​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​ បើសិន​ជា​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ។

អ្នក​ស្រី ​ទូច​ សាវុធ​ ​បាន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក្នុង​ស្រុក​អស់​រយៈពេល​ជាង​១៥ឆ្នាំ​មក​ហើយ ​មុន​ពេល​ដែល​អ្នក​ស្រី​ និង​សមាជិក​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ (CNRP) ​ចំនួន​៤៧​នាក់​ផ្សេង​ទៀត​ បាន​បំបាក់​ការ​កាន់កាប់​ដ៏​រឹងមាំ​របស់​គណបក្ស​កាន់​អំណាច​ និង​ទទួល​បាន​អាសនៈ​ នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​កណ្តាល​នៃ​ប្រទេស​កម្ពុជា។

ដោយ​ទទួល​បាន​អាសនៈ​ជាង​៤០​ភាគរយ ​ក្នុង​ចំណោម​១២៧​ឃុំ​ ក្នុង​ខេត្ត​នេះ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បំបែក​ការ​គ្រប់​ដណ្តប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​គណបក្ស​នេះ​ទទួល​ជ័យ​ជម្នះ​គ្រប់​ឃុំ​ទាំង​អស់ ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១២។

ប៉ុន្តែ ​អស់​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ ការ​ឡើង​តំណែង​ជា​មេឃុំ​របស់​អ្នកស្រី ទូច​ សាវុធ​ ប្រហែល​ជា​ត្រូវ​ក្លាយ​ជា​អសារ​បង់ ​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​តាម​ផែនការ​របស់​ខ្លួន ​ក្នុង​ការ​រំលាយ​គណបក្ស​របស់​អ្នក​ស្រី​ ដែល​ជា​ការ​ព្យាយាម​បង្រ្កាប​ក្រុម​ជំទាស់​ មុន​ពេល​នឹង​ការ​ឆ្នោត​ជាតិ​អាណត្តិ​ក្រោយ​ចូល​មក​ដល់។

កាល​ពី​ថ្ងៃច័ន្ទ រដ្ឋាភិបាល​បាន​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា ​ដែល​នឹង​ប្រគល់​អាសនៈ​ចំនួន​៤៨៩ ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ទូទាំង​ប្រទេស​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​ បើសិន​ជា​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ។

អ្នក​ស្រី​ សាវុធ ​ដែល​ធ្លាប់​ជា​អ្នក​ធ្វើ​ការ​នៅ​មណ្ឌល​សុខ​ភាព​មួយ​បាន​និយាយ​ថា​ សហគមន៍​របស់​អ្នក​ស្រី​ នឹង​មិន​អាច​ទទួល​យក​ការ​បោកប្រាស់​ជំនឿ​ទុក​ចិត្ត​ដោយ​ងាយ​ស្រួល​នោះ​ទេ។

អ្នក​ស្រី សាវុធ ​មេឃុំ​ អរិយក្សត្រ ​ស្រុក​ល្វាឯម ​ខេត្ត​កណ្តាល​បាន​និយាយ​ថា៖

«​ឃុំ​អរិយក្សត្រ​ អាសនៈ​ទាំង​ប្រាំពីរ​អាសនៈ ​គណបក្ស​សង្រ្គោះ​ជាតិ​មាន​បួន​អាសនៈ ដូច្នេះ​ប្រជា​ពលរដ្ឋ​គាត់​មាន​ទំនុក​ចិត្ត​ ហើយ​បើសិន​ជា​ដក​អ្នក​ដែល​មាន​ទំនុក​ទុក​ចិត្ត​គាត់​ចេញ​ទៅ​ គាត់​នឹង​ឡេឡា​ គាត់​មិន​ដឹង​ទៅរក​អ្នក​ណា​ដែល​មាន​ទំនុក​ចិត្ត​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​គាត់»។

អ្នក​ស្រី​បាន​បន្ត​ថា៖

​«ព្រោះ​ក្នុង​នាម​គាត់​ជា​ម្ចាស់​ឆ្នោត​ គាត់​បោះ​ឆ្នោត​ឲ្យ​យើង​ឲ្យ​បម្រើ​ការងារ​ឲ្យ​គាត់​ ចុះ​បើ​សិន​ជា​យើង​ចេញ​បាត់​ទៅ​តើ​អ្នក​ណា​បម្រើ​កិច្ច​ការងារ​ឲ្យ​គាត់​»។

នៅ​ក្នុង​តូប​លក់​ភេសជ្ជៈ​តាម​ដង​ផ្លូវ​តូច​មួយ​នៅ​ជិត​សាលា​ឃុំ​អរិយក្សត្រ​ បុរស​វ័យ​ចំណាស់​មាឌ​ធំ​ម្នាក់​ ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ ឈ្មោះ ឌុច​ ច័ន្ទ បាន​អង្គុយ​ជជែក​គ្នា​ជា​ក្រុម​តូច​មួយ​នា​ពេល​រសៀល​។

លោក​ ឌុច ច័ន្ទ​ ជំទប់ទី​ពីរ​ក្នុង​ឃុំ​អរិយក្សត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ថា៖

«យើង​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​យូរ​ហើយ​ អីចឹង​គាត់​ដឹង​ដែរ»។

លោក ច័ន្ទ ​បាន​ទទួល​ជ័យ​ជម្នះជា​មេឃុំ​អរិយក្សត្រ​អស់​រយៈពេល​១៥​ឆ្នាំ មក​ហើយ​មុន​នឹង​លោក​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​តំណែង​មួយ​នេះ​ ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧។ អតីត​មេឃុំនេះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា ​លោក​មិន​បាន​មក​ធ្វើ​ការ​ក្នុង​តំណែង​ថ្មីនេះ តាំង​ពី​ខែ​កក្កដា ​មក​ម្ល៉េះ​ ដោយ​លើក​ហេតុ​ផល​ថា​ លោក​មាន​ជំងឺ​យូរ​មក ហើយ​មុន​នឹង​បដិសេធ​មិនព្រម​ផ្តល់​សម្ភាសន៍។

ប៉ុន្តែ ​នៅ​ទី​នេះ​ក្នុង​ស្រុក​ល្វាឯម​ ស្ថានភាព​នៃ​វិបត្តិ​នយោបាយ​ហាក់​ដូច​ជា​មាន​ការ​គោរព​ជាង ​និង​ស៊ីវិល័យ​ជាង​ការ​ពិភាក្សា​ថ្នាក់​ជាតិ ​ដែល​ពោរពេញ​ដោយ​ការ​ឈ្លោះ​ប្រកែក​ និង​ការ​បំបាក់​មុខ​គ្នា​ទៅវិញ​ទៅ​មក។

នៅ​ក្នុង​ឃុំ​ជាប់​គ្នា​នេះ​ដែរ គឺ​ឃុំ​សារិកាកែវ​ ជំទប់​ទីពីរ​នៃ​គណបក្ស​ប្រជាជន លោក​ ថុង​ ឡុក បាន​និយាយ​ថា​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ដោយ​រលូន​តាំង​ពី​ឆ្នាំ​២០១២​ ទោះ​បី​ជា​ការ​គ្រប់គ្រង​ត្រូវ​បាន​ផ្ទេរ​ពី​គណបក្ស​របស់​លោក​មក​ឲ្យ​គណបក្ស​ប្រឆាំង​ក៏​ដោយ។

លោក​ ថុង​ ឡុក​ បាន​និយាយ​ថា៖

«អត់​មាន​រកាំរកូស​អី​គ្នា​ទេ​ ហើយ​មក​ប៉ុន្មាន​ខែ​ផ្លាស់​ប្តូរ​មេឃុំ​ហ្នឹង​ក៏​អត់​មាន​អី គឺ​ធ្វើ​ការ​ជាមួយ​គ្នា​ទៅ​រលូន​អត់​មាន​បញ្ហា​ ទំនាស់​ផ្ទៃក្នុង​ជាមួយ​គ្នា​ទេ»។

លោក​ ថុង​ ឡុក​ ពិតជា​មាន​ការ​ស្រឡាញ់​រាប់​អាន​ចំពោះ​មិត្ត​រួម​ការងារ​របស់​លោក​ក្នុង​ទីស្នាក់​ការ​ឃុំ​នេះ​ ហើយ​លោក​ពិត​ជា​មាន​ការ​សោក​ស្តាយ​ បើសិន​ជា​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​គេ​រំលាយ។

លោក​បាន​និយាយ​ថា៖

«អឺ គួរ​ឲ្យ​សោក​ស្តាយ​ហើយ​ ជារឿង​គួរឲ្យ​សោក​ស្តាយ​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​ បើ​ច្បាប់​ខាង​លើ​ដាក់​មក​អញ្ចឹង ​ឧបមា​ថា​ ​កំណត់​ពី​លើ​មកឲ្យ​ធ្វើ​អីចេះៗ ​ហើយ​យើង​ត្រូវ​តែ​ធ្វើ​តាម​ខាង​ថ្នាក់​លើ​ទៅ​អត់​មាន​ទៅ​ប្រឆេះ​ប្រឆាំង​អី​ទេ តែ​ការ​ដែល​យើង​សោក​ស្តាយ​ ពួកគេ​ក៏​នៅ​តែ​សោក​ស្តាយ​អីចឹ​ង ដឹង​ធ្វើ​ម៉េច​ព្រោះ​ធ្លាប់​តែ​រួម​រស់​ជាមួយ​គ្នា​រាប់​ឆ្នាំ​មកហើយ»។

វិសោធនកម្ម​ច្បាប់​កាលពី​ថ្ងៃច័ន្ទ​ បាន​និយាយ​ថា​លោក ​ថុង ឡុក និង​សមាជិក​គណបក្ស​ប្រជាជន​របស់​លោក​នឹង​ទទួល​បាន​ការ​គ្រប់គ្រង​ឃុំ​សារិកាកែវ ​និង​ឃុំ​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស​កម្ពុជា ​ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ។

យោង​តាម​វិសោធនកម្ម​ច្បាប់​ ការ​គ្រប់គ្រង​ឃុំ​សង្កាត់​នឹង​ត្រូវ​ប្រគល់​ឲ្យ​គណបក្ស​ណា​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន ​បន្ទាប់​ពី​គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ការ​បោះឆ្នោត​ឃុំសង្កាត់​ខែ​មិថុនា​កន្លង​ទៅ។

មេឃុំ​ទាំង​នេះ​មិន​បាន​ដឹង​ថា​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អាសនៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ​ បើ​សិន​ជា​គណបក្ស​ត្រូវ​បាន​រំលាយ​មែន​នោះ។

វិសោធនកម្ម​របស់​រដ្ឋ​សភា​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​បង្ហាញ​ថា​អាសនៈ​របស់​ពួកគេ​នឹង​ត្រូវ​ប្រគល់​ឲ្យ​គណបក្ស​តូចៗ​មិន​មែន​ផ្តល់​ឲ្យ​គណបក្ស​ប្រជាជន​នោះ​ទេ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាដ៏​ដោយ​ ភាគ​ច្រើន​នៃ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ទទួល​សំឡេង​ឆ្នោត​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ​ ហើយ​នេះ​បាន​ន័យ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​ហើយ​ការ​អះអាង​ដ៏​ម៉ឹង​ម៉ាត់​របស់​ពួកគេ​ដែល​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្សនៅ​តែ​ត្រូវ​បាន​រក្សា​ដដែល​នោះ​ ក្លាយ​ជា​ការ​អះអាង​ដែល​មិន​ច្បាស់​លាស់។

នៅ​ថ្នាក់​ជាតិ ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ចេញ​មុខ​ឡើង​វិញ​ដើម្បី​បំពេញ​អាសនៈ​ទំនេរ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​បាន​បន្សល់​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ​ បើសិន​ជា​គណបក្ស​ប្រឆាំ​ងមួយ​នេះ​ពិត​ជា​នឹង​ត្រូវ​តុលាការ​កម្ពុជា​រំលាយ​មែន។​

នៅ​ក្នុង​សម្ភាសន៍​មួយ​ជា​មួយ​សារព័ត៌មាន​ Reuters​ កាល​ពី​ថ្ងៃអាទិត្យ​ មេដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ដែល​ជា​អតីត​សហ-​នាយក​រដ្ឋមន្រ្តី​ ព្រះអង្គម្ចាស់ នរោត្តម​ រណឬទ្ធិ​ ហាក់​ដូច​ជា​មាន​ការ​ភ័ន្តភាំង​អំពី​តួនាទី​របស់​គណបក្ស​លោក​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​ថ្មី​នេះ។

«យើង​មិនមែន​ជា​អាយ៉ង​ទេ។ យើង​ពិត​ជា​មិនមែន​ជា​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​យើង​មិន​ឆ្លើយ​បាទ បាទ​ បាទ​ បាទ បាទ រាល់ពេល​នោះ​ទេ។ យើង​ក៏​ចេះ​ឆ្លើយ​តប​ថា ​ទេ​ដែរ»។

គណបក្ស​របស់​ព្រះអង្គម្ចាស់ រណឬទ្ធិ បាន​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​អ្នក​នាំ​ពាក្យ​ម្នាក់​បាន​ប្រាប់​កាសែត​ ភ្នំពេញ​ប៉ុស្តិ៍​ថា ពួកគេ​ធ្វើ​បែប​នេះ​ដោយ​សារ​ «​ពួកគេ​បាន​ដណ្តើម​យក​អ្នក​គាំទ្រ​ទាំង​អស់»។

រហូត​មក​ទល់​ពេលនេះ​ ការ​ឆ្លើយ​តប​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចំពោះ​កា​ររើរុះ​លក្ខណៈ​ទូលំ​ទូលាយ​លើ​គណបក្ស​របស់​ខ្លួន​ ហាក់​ដូច​ជា​មាន​ភាព​ស្ងប់ស្ងាត់ ​មិន​ដូចជា​ការ​តវ៉ា​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​កាលពី​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣។

ក្រឡេក​មើល​ទៅ​ឃុំ​អរិយក្សត្រ កាលពី​សប្តាហ៍​មុន​វិញ​ ក្រុម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​ក្នុង​ទីស្នាក់ការ​ឃុំ​ ខណៈ​ដែល​អ្នក​ស្រី ​ទូច​ សាវុធ ​កំពុង​មមាញឹក​បំពេញ​ការងារ​របស់​អ្នកស្រី។ ស្ទើរ​តែ​មិន​មាន​ប្រជាជន​ម្នាក់​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើយ។

អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​មណ្ឌល​របស់​អ្នក​ស្រី​មាន​អារម្មណ៍​អស់សង្ឃឹម​ទាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ និង​តាម​ទីសាធារណៈ។

អ្នក​ស្រី​ ទូច សាវុធ ​មេឃុំ​អរិយក្សត្រ​បាន​និយាយ​ថា៖

«ត្រង់​ហ្នឹង​ដែល​ប្រជា​ពលរដ្ឋ​គាត់អត់​មាន​អំណាច​ សូម្បី​តែ​គាត់​យក​សិទ្ធិ​អំណាច​បោះ​ឆ្នោត​គាំទ្រ​មេដឹកនាំ​នៅ​ក្នុង​ឃុំ​សង្កាត់​ ដែល​គេ​ហៅថា​ថ្នាក់​ក្រោម​ជាតិ ​តំណាង​រាស្រ្ត​ថ្នាក់​ក្រោម​ជាតិ​ហើយ​ហ្នឹង​ គិត​ថា​មាន​អំណាច ​ប៉ុន្តែ​ដល់​ពេល​គាត់​បោះ​ឆ្នោត​តំណាង​របស់​គាត់ទៅ​ បែរ​ជាតំណាង​របស់​គាត់​អត់​មាន​អំណាច​ គេ​ប្រុង​រំលាយ​អីចឹង ​បាន​ន័យ​ថា​ គាត់​អត់​មាន​ជំនឿ​ទៅ​លើ​ការ​តវ៉ា​របស់​គាត់​ទេ»។

អង្គុយ​នៅទីធ្លា​ខាង​មុខ​ទីស្នាក់ការ​ឃុំ​ លោក​ គង​ គឹមយ៉ង ​ដែល​បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ បន្ទាប់​ពី​លោក​បាន​ធ្វើ​ជា​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​១៥​ឆ្នាំ​បាន​ប្រាប់ ​VOA ​ថា ​លោក​បាន​លាឈប់​ដោយ​ខ្លួន​ឯង ​ហើយ​ប្តូរ​ទៅ​បម្រើ​ការងារ​ជា​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​វិញ។

លោក​ គឹម​យ៉ង​ បាន​និយាយ​ថា​៖

«​បើ​មាន​ប្រឆាំង​បាន​ល្អ។ ប្រទេស​យើង​បើ​មាន​គណបក្ស​តែ​មួយ​យើង​ធ្វើ​អ្វី​ក៏​មិន​ជឿនលឿន​ដែរ​ណា​ ទាល់​តែ​មាន​គណបក្ស​ប្រឆាំង​បាន​ វា​ជឿន​លឿន​ វាជួយ​មើល​ការ​ខុស​ត្រូវ​គ្នាដែរ​ណា»៕

XS
SM
MD
LG