ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តឹង​ប្រឆាំង​លោក​ លឺ ឡាយស្រេង​ ​មាន​ជា​បន្តបន្ទាប់​ក្រោយ​ពី​ការ​ជំរុញ​របស់​លោក​ ​ហ៊ុន សែន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំសភានៅរដ្ឋសភាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំសភានៅរដ្ឋសភាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន ​ប្រកាស​ប្តឹង​លោក​ ​លឺ ឡាយស្រេង​ថា​ បាន​ប្រមាថ​ព្រះ​មហាក្សត្រ​ ​និង​បរិហារ​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បាន​ចេញ​មុខ​ប្តឹង​លោក​ ​លឺ ឡាយស្រេង។

បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន ​ប្រកាស​ប្តឹង​លោក​ ​លឺ ឡាយស្រេង​ ថា​ បាន​ប្រមាថ​ព្រះ​មហាក្សត្រ និង​និយាយ​បរិហារ​លោក​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ក៏​បាន​ចេញ​មុខ​ប្តឹង​លោក​ ​លឺ ឡាយស្រេង ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ។ ​បណ្តឹង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេធាវីរបស់​លោក​ ​ហ៊ុន សែន​ ​ប្តឹង​លោក​ ​លឺ ឡាយស្រេង ​ពី​បទ​បរិហារ​កេរ្តិ៍​ ​និង​ទាមទារ​ឲ្យ​សង​ជំងឺចិត្ត​លោក ហ៊ុន សែន​ ចំនួន​៥០០​លាន​រៀល។​

ក្រោយ​ពី​ការ​ជំរុញ​របស់​លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ​លឺ ឡាយស្រេង​ ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​មកពី​គណបក្ស​រាជា​និយម​ ​ហ៊្វុនស៊ិនប៉ិច​ ​រង​ពាក្យ​បណ្តឹង​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​ ​រួម​ទាំង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​នរោត្តម​ សីហ​មុនី ​និង​បណ្តឹង​បរិហារ​កេរិ៍្ត​លោក​ ​ហ៊ុន សែន។​

ក្នុង​ពាក្យ​បណ្តឹង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ​អង្គ វង្ស វឌ្ឍនា​ ​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​ប្ដឹង​លោក​ ​លឺ ឡាយស្រេង​ ​ពីបទ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្ដា​អង្គ​ព្រះ​មហា​ក្សត្រ។​ ​លោក​បាន​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​នោះ​ថា​ ​លោក​ ​លឺ ឡាយស្រេង​ ​បាន​ប្រើ​សម្តី​មិន​សមរម្យ​ ​ដែល​លោក​ថា​ ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ព្រះ​មហាក្សត្រ។​

លោក​ ​អង្គ វង្សវឌ្ឍានា​ ​បាន​សរសេរបណ្តឹង​នោះ​ក្នុង​ន័យ​ដើម​ថា៖​

«ក្រសួង​យុត្តិធម៌​ស្នើ​ឯកឧត្តម​ពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់ ​និង​តឹងរ៉ឹង​បំផុត​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ ​ចំពោះ​ករណី​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះ​មហា​ក្សត្រ​នៃ​យើង»។​

រូបឯកសារ៖ លោក​ ​លឺ ឡាយស្រេង​ ​អតីត​មន្ត្រី​ជាន់ខ្ពស់នៃ​គណបក្ស​រាជានិយម​ ​បានសរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ ​នរោត្តម សីហមុនី​ ស្នើ​ទ្រង់​យាង​ត្រឡប់មក​កម្ពុជា​វិញ​ ​ដើម្បីប្រើ​ព្រះ​រាជបុព្វសិទ្ធិ​ជា​អាជ្ញា​កណ្តាល​ ដោះស្រាយ​ទំនាស់រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ (រូបថត​ដោយ RFA Khmer)
រូបឯកសារ៖ លោក​ ​លឺ ឡាយស្រេង​ ​អតីត​មន្ត្រី​ជាន់ខ្ពស់នៃ​គណបក្ស​រាជានិយម​ ​បានសរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ ​នរោត្តម សីហមុនី​ ស្នើ​ទ្រង់​យាង​ត្រឡប់មក​កម្ពុជា​វិញ​ ​ដើម្បីប្រើ​ព្រះ​រាជបុព្វសិទ្ធិ​ជា​អាជ្ញា​កណ្តាល​ ដោះស្រាយ​ទំនាស់រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ (រូបថត​ដោយ RFA Khmer)

បណ្ដឹង​ផ្សេង​មួយ​ទៀត​របស់​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​ ​ដែល​បាន​ដាក់​ចូល​ទៅ​កាន់​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ ​ធ្វើឡើង​ស្របពេល​ដែល​ពាក្យ​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​តាម​រយៈ​មេធាវី​របស់​លោក​ ​គឺ​លោក​ គី តិច​ ​ក៏​បាន​ដាក់​ចូល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។​ ​លោក​ ​ហ៊ុន សែន​ ​ប្ដឹង​លោក​ ​លឺ ឡាយស្រេង​ ​ពី​បទ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​ ​និង​ពី​បទ​បរិហាកេរ្ដិ៍​ ​ដែល​ចោទ​ថា ​លោក​បាន​ផ្ដល់​លុយ​ដល់​មន្ដ្រី​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ក្នុង​ម្នាក់​២​ម៉ឺន​ដុល្លារ។​

លោក​ ​គី តិច​ ​មេធាវីការពារ​ក្តី​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ក្រោយ​ចេញ​ពី​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​កាល​ពី​សៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​បាន​ប្តឹង​លោក​ ​លឺ ឡាយស្រេង​ ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​និង​ស្នើ​ឲ្យ​តុលាការផ្តន្ទា​ទោស​លោក​តាម​ច្បាប់​ ​ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​លាន​រៀល​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​

លោក​ ​គី តិច​ ​បញ្ជាក់​ថា៖​

«សុំ​ឲ្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សុំ​ឲ្យ​ទី១ ​ធ្វើការ​ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​ លើ​ឈ្មោះ ​លឺ ឡាយស្រេង​ តាម​ច្បាប់។ ​ចំណុច​ទី២​គឺ​ទាមទារ​ឲ្យ​ ​លឺ ឡាយស្រេង​ ​សង​សំណង​ជំងឺចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ កិត្តិស័ព្ទ​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​ ​ចំនួន​៥០០​លាន​រៀល។

​ចំណុច​ទី៣​គឺ​សុំ​ឲ្យ​តុលាការ​ប្រកាស​ការ​ផ្តន្ទាទោស​បន្ថែម​ តាម​មាត្រា​៣១០ ​នៃ​ក្រម​ព្រហ្មទណ្ឌ»។

ក្រៅ​ពី​បណ្តឹង​របស់​លោក​ ​ហ៊ុន សែន​ ​និង​បណ្តឹង​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឬទ្ធិ​ ​ក៏​បាន​ប្រកាស​ប្តឹង​លោក​ ​លឺ ឡាយស្រេង​ ​ផង​ដែរ។​

ការ​ដាក់​ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​លោក​ ​លឺ ឡាយស្រេង​ ​ធ្វើ​ឡើង​មិន​បានប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​លោក​ ​ហ៊ុន សែន​ ​ដ៏​មាន​ឥទ្ធិពល​ជំរុញឱ្យ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​នានា​ ​ដោយ​ផ្អែក​ទៅ​លើ​ខ្សែ​អាត់​សំឡេងបាន​មកពី​ការ​លួច​ថត​ ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ឯកជន​របស់​លោក​ ​លឺ ឡាយស្រេង។​

សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ឯកជន​របស់​អតីត​ឧបនាយក​រដ្ឋមន្រ្តី​កម្ពុជា​រូប​នេះ​ ​ត្រូវ​បាន​គេ​លួច​ថត​ ​ហើយ​បង្ហោះ​ជា​សាធារណៈ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ​«សី ហា»​ ​កាលពី​ថ្ងៃ​អាទិត្យ​ ​ដោយ​លោក​បាន​ហៅ​ព្រះ​បាទ​នរោត្តម​សីហមុនី​ ​ថា​ ជា​ ​«មាន់គ្រៀវ»។​ ​លោក​ លឺ ឡាយស្រេង​ ​ក៏​បាន​លើក​ឡើង​ពី​គម្រោង​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ត្រៀម​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ប្រឈម​នឹង​ការ​រំលាយ​ និង​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ឲ្យ​លុយ​ទៅ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់​២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ «សី ហា»​ ​គឺ​ជា​ទំព័រ​ហ្វេសប៊ុក​ ​ដែល​តែង​បង្ហោះ​រាល់​ខ្សែ​អាត់​សំឡេង​សន្ទនា​តាមទូរស័ព្ទ​ឯកជន​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។ រាល់​ការ​បង្ហោះ​សំឡេង​សន្ទនា​ក្នុង​ទំព័រ​ហ្វេសប៊ុក​នោះ​ ​គេ​បាន​អង្គភាព​សារព័ត៌មាន​ហ្វ្រេសញូវ​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ តែង​យក​ទៅ​ផ្សព្វផ្សាយ​បន្ត។​

ទោះយ៉ាង​ណា​ក៏​ដោយ​ ​មិនទាន់មាន​ចំណាត់​ការ​ផ្លូវច្បាប់​ណាមួយ​ប្រឆំាង​នឹង​ការ​លួច​ថត​សំឡេង​ទូរស័ព្ទ​ឯកជន​ ​និង​ការបង្ហោះ​ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ​ បើទោះ​ជា​កម្ពុជា​មាន​ច្បាប់​រួច​យ៉ាង​ណា​ក៏​ដោយ។​

យោង​តាម​មាត្រា​៣០១​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អំពើ​ស្តាប់​ ​ឬ​ថត​សម្តី​ដែល​និយាយ​ជា​ឯកជន​ ​ឬ​ជា​ការ​សម្ងាត់​ ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ​ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ ​ទៅ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀលទៅ​២​សែន​រៀល។​

អ្នកច្បាប់​លើក​ឡើង​ថា​ ​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​មិន​ច្បាស់​លាស់​និង​ថា​ ​ការ​លួច​ថត​សំឡេង​ឯកជនភាព​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ភស្តុតាង​នោះ​ទេ​ ​ចំណែក​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ក៏​មិន​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នោះ​ដែរ៕

XS
SM
MD
LG