ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ផ្សេងៗ​បាន​ផ្ទុះឡើង​ពេញ​បណ្តាញសង្គម​ហ្វេសប៊ុក​​ ​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់​ជល់​ជាង​៩០ក្បាល​


រូបឯកសារ៖ មាន់ជល់នៅក្នុងភូមិទួលព្រឹកក្នុងខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៦។ (AP photo/Heng Sinith)
រូបឯកសារ៖ មាន់ជល់នៅក្នុងភូមិទួលព្រឹកក្នុងខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៦។ (AP photo/Heng Sinith)

ការសម្រេច​​របស់​តុលាការ​សម្លាប់​មាន់​ជល់ បាន​ប្រឈមនឹង​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ថា ជា​ការសម្រេច​ចិត្ត​មួយ​ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ ​ហើយ​វា​បង្ហាញ​អំពី​និទណ្ឌភាព​ផងដែរ។

ប្រតិកម្ម​អំពី​ការ​ប្រហារ​ជីវិត​សត្វ​មាន់​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​បាន​កើត​មាន​ឡើង​ជា​ហូរហែរ​ ​តាំងពី​ថ្ងៃ​ពុធ​ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ​នៅ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​ដ៏ពេញ​និយមនៅ​ប្រទេស​កម្ពុជា។​ ​ក្រុម​មន្ត្រី​អង្គការ​សង្គមស៊ីវិល​នានា​ បាន​ធ្វើការ​រិះគន់​ និង​បានចាត់​ទុក​ថា​ ការ​សម្រេចប្រហារ​ជីវិត​សត្វមាន់នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​កម្រ​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ក៏ដូចជា​ក្នុង​ពិភព​លោក​ ​ហើយក៏​មាន​ចំណោទ​អំពីបញ្ហា​និទណ្ឌ​ភាពផង​ដែរ​ ​ព្រោះមាន់​ត្រូវ​សម្លាប់ តែ​មនុស្ស​ ដែលជា​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ប្រជល់​មាន់​ខុស​ច្បាប់​បែរ​ជា​មាន​សេរីភាព។​

ការ​ប្រហារ​ជីវិត​មាន់​ចំនួន​៩២​ក្បាល​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ដីកា​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល​ ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដ៏​ពេញ​និយម​នៅ​កម្ពុជា។ ​នេះ​បើយោង​តាម​ការ​បង្ហោះ​សារ​ផ្សេងៗ​ ដែល​បាន​ធ្វើឡើង​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់ជល់​ទាំង​នោះ។​

ដីកា​សម្រេច​របស់​លោក ហុក វ៉ាន់ធីណា​ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្តាល​ ចុះ​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ព្រហ្មទណ្ឌ​ដែល​ផ្តើម​ចេញ​ពី​ការ​បើក​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ដ៏​ល្បីល្បាញ​ ​នៅ​ឃុំ​អរិយ​ក្សត្រ​ ​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ ដោយ​ឈ្មោះ​ថៃ ផានី​ ហៅ​ម៉ាប់​ ​ភេទ​ប្រុស​ ​កើត​ឆ្នាំ​១៩៧២។​ ​ដីកា​នោះ​បាន​បកស្រាយ​ថា​ ​ការ​បើក​ល្បែង​ស៊ី​សងនេះ​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា​០៥​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង។​

ដើម្បី​បំពេញ​ឲ្យបាន​ពេញ​លេញ​នៃ​ការ​ផ្តន្ទាទោស​នេះ​ តុលាការ​ក៏​បាន​សម្រេច​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​រឹបអូស​មាន់​ទាំងនោះ​ នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​លែង​ល្បែង​ស៊ីសង​ខុស​ច្បាប់​នោះ។ ​មុន​ពេលអាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការកម្ទេច​មាន់​ទាំង​នោះ​កាលពី​ថ្ងៃ​ពុធ​ តុលាការ​បាន​ពន្យល់​ថា​ ការ​ថែរក្សា​មាន់​ជល់​ចំនួន​៩២​ក្បាលមាន​ការ​លំបាក​ និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ​ និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​មាន​ជាថ្មី​ និង​ដើម្បី​ពន្លឿន​នូវ​នីតិវិធី​នៃ​ការ​ស៊ើប​សួរ​ឲ្យ​បាន​ឆាប់រហ័ស​ គប្បី​ចៅក្រម​ស៊ើប​សួរ​សម្រេច​កម្ទេច​ចោល​នូវ​មាន់​ចំនួន​៩២​ក្បាល។​

លោក​ ហុក វណ្ណធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ និង​ជា​ចៅក្រម​ស៊ើបសួរបាន​បញ្ជាក់​នៅ​ក្នុង​ដីកា​សម្រេច​របស់​ខ្លួន​ ចុះថ្ងៃទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ​តាម​ន័យដើម​យ៉ាង​ដូច្នេះ៖​

«ហេតុដូច្នេះ​ អនុញ្ញាត​ឲ្យ​ធ្វើការ​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​ ចាប់​ពីពេល​នេះ​តទៅ»។​

ក្រោយ​ការ​សម្លាប់​មាន់​ឈ្មោល​ទាំង​នោះ​ ​គេឃើញ​មាន​ការ​ចែក​រំលែក​ឃ្លីប​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​សកម្មភាព​មន្ត្រី​ប៉ូលិស​ពីរ​នាក់​កាត់​ក្បាល​ប្រហារ​ជីវិត​មាន់​ជល់​ ​សម្រក់​ឈាម​មាន់​ទាំង​នោះ​ដាក់​ក្នុង​ចាន​គោម​ចំនួន​បី​ដែល​ត្រូវ​បាន​រៀប​ទន្ទឹម​គ្នា។​

លោក​ ​ព្រាប កុល​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ ​បាន​បង្ហោះ​សារ​ដែល​មាន​លក្ខណៈ​រិះគន់​ ចំអក​ដល់​ការ​កាត់​ក្បាល​មាន់​ឈ្មោល​ទាំងនោះ​ថា​ ជាការ​សម្រេច​ចិត្ត​ប្រវត្តិ​សាស្ត្រ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​

លោក​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ តាម​ន័យ​ដើម​ថា៖​

«ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិ​សាស្ត្រ​១​ទៀត​នៃ​ប្រព័ន្ធ​យុត្តិ​ធម៍​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ គឺ​ការ​ប្រហារ​ជីវិត​មាន់​គក​៩២​ក្បាល។ ​មក​ទល់​ពេល​នេះ ​អ្នក​ជាប់​ពាក់​ព័ន្ធ ​ឬ​អ្នក​បាន​ឃុបឃិត​ក្នុង​ការ​បង្កើត​ល្បែង​ជល់​មាន់​ មិន​ទាន់ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឡើយ​ទេ...អនិច្ចា​អីតែ​អាគក​ ដែល​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត»។​

មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះបាន​លើក​ជា​ចម្ងល់​ថា ​តើ​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់​ទាំង​នោះ ​សាក​សព​របស់​មាន់​ទាំង​នោះនឹង​ត្រូវ​យក​ទៅ​ណា​ដែរ? លោក​បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖​

«តើ​ក្រោយ​អារក​សម្លាប់​ពួក​គេ​ហើយយក​សាក​សព​ទៅ​ណា?»

ចំណែក​លោក​ ​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ហៅ​កាត់ថា​ ​(CCW)​ បាន​ចាត់​ទុក​ព្រឹត្តិ​ការណ៍​សម្លាប់​សត្វមាន់​នេះជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​មួយ។​

លោក​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​យ៉ាងដូច្នេះ៖

​«រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មុន​ ​បំណាច់​ឆ្នាំ​២០១៧»។​

សម្រាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​ ការ​សម្លាប់​សត្វ​មាន់​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពីការ​កាត់​ក្តី​មក​លើ​មនុស្ស​ផង​ដែរ។​

លោក ស៊ឹង​ សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក បាន​សរ​សេរ​លើ​គណនី​ហ្វេសប៊ុករបស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​ន័យ​ដើម​ថា៖​

«បញ្ចេញ​មតិ​រឿង​អយុត្តិធម៌សម្រាប់​មាន់ត្រូវ​ច្រើន​អី​ចឹងហើយ។​ ​រឿង​អយុត្តិ​ធម៌​សម្រាប់​មនុស្ស​ក៏​គេ​ដឹង​ច្រើន​ដែរ​ គ្រាន់​តែ​អ្នក​ហ៊ាន​និយាយ​ចេញ​មក​នោះ​តិច»។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូបនេះបាន​ប្រាប់​ VOA ​ថា​ ការ​សម្រេច​របស់​តុលាការ​ខេត្ត​កណ្តាល​បាន​ស្តែង​ឲ្យ​ឃើញ​ពី​វប្បធម៌​និទណ្ឌ​ភាព​ ​ដែល​នៅមិន​ទាន់​អាច​បំបាត់​បាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ហេតុ​ថា​ មនុស្ស​ ដែល​ជា​អ្នក​បង្កហេតុ​ ​មិន​បាន​ជាប់​ឃុំ​ តែបែរ​ជា​មក​កម្ទេច​សត្វមាន់​ដែល​ជា​ឧបករណ៍​ជន​សង្ស័យ​បាន​ប្រើ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​វង់ល្បែង​ស៊ី​សង​ខុស​ច្បាប់។

លោក​ថ្លែង​ថា៖​

«អ្វី​ដែល​យើង​ផ្តោត​សំខាន់​នោះ​គឺ​ទៅ​លើ​និទណ្ឌភាព​ ដែល​ជន​ប្រព្រឹត្តបាន​ប្រព្រឹត្ត​ហ្នឹង ​បែរ​ជា​បាន​នៅ​ក្រៅ​ឃុំ​ មាន​សេរីភាព​ ហើយ​បែរ​ជា​យើង​ហ្នឹង​ទៅប្រហារ​នូវ​ជីវិត​មាន់។​ ហើយ​យើង​ដឹង​ហើយ​ថា​ ប្រទេស​កម្ពុជា​យើង​គឺ​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ ហើយ​យើង​ឃើញ​ហើយ​មាត្រា​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ប្រទេស​យើង​ ដែល​យើង​គិត​ហើយ​ថា ទោស​ប្រហារ​ជីវិតមិន​មាន​អា​ហ្នឹង។​ ការណ៍​ពិត​យើង​មិន​ចែង​ហ្នឹងគឺយើង​សំដៅ​ទៅ​លើ​មនុស្ស​ទេ​ ​ប៉ុន្តែ​ក្នុង​ន័យ​ហ្នឹង​ដោយសារ​តែ​ប្រទេស​យើង​កាន់​ព្រះពុទ្ធ​សាសនា​ លោក​យើង​មាន​ការ​អនុគ្រោះដល់​ជីវិត​សត្វ​លោក​យើង​ទាំង​អស់​គ្នា»។​

លោកស៊ឹង​ សែន​ករុណាបាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ អ្នក​ដែល​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​នោះ​ គឺ​មនុស្ស​ដែល​ជា​ជន​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ខុស​ច្បាប់​ទៅ​វិញ​ទេ។​

​«ក៏ប៉ុន្តែ​ចំពោះ​រឿងនេះ​ យើង​ឃើញ​ហើយ​ថា​ វា​ជា​រឿង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​មាន​ការណ៍​ពល​រដ្ឋ​ហួស​ចិត្ត​ និង​មិន​អស់​ចិត្ត​ចំពោះ​ការ​កាត់​ ការ​កាត់​ទោស​ដែល​បង្ហាញ​នូវ​កាយ​វិការ​ ដែល​សម្លាប់​សត្វ​ ដែល​មាន​លក្ខណៈ​របៀប​ឃោរ​ឃៅ​បែប​ហ្នឹង​បាទ»។​

ការ​ប្រហារ​សត្វមាន់​នេះ​ក៏ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយ​ការណ៍​ផង​ដែរ។​ ​អង្គភាព​ព័ត៌មាន ​Fresh News ​ដែល​មាន​និន្នាការ​លម្អៀង​ទៅ​រក​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ឲ្យ​ដឹងថា​ ​ការ​ប្រហារ​ជីវិត​សត្វ​មាន់​ទាំង​៩២​ក្បាល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ការ​បង្ក្រាប​កាល​ពី​ពេល​ថ្មីៗ​នេះ​ របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទៅ​លើ​កន្លែង​ជល់​មាន់​ពីរ​កន្លែង​ដែល​មួយ​នៅ​ក្នុង​ឃុំ​អរិយ​ក្សត្រ​ ខេត្ត​កណ្តាល​ និងមួយ​ទៀត​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ។ ​នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួនជនឈ្មោះ​ថៃ ផានី​ ហៅ​ម៉ាប់​ ដែល​ត្រូវ​ជា​កូន​ប្រសារ​របស់លោក​ ហ៊ុន​ សាន។​ លោក​ ហ៊ុន សានជា​ប្អូន​ប្រុស​បង្កើតរបស់​នាយក​រដ្ឋ​មន្ត្រីលោក ហ៊ុន សែន។​

ក្រៅ​ពី​ការ​ចាប់​ខ្លួន​ជនឈ្មោះ​ថៃ ផានី​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង​ ១៥០​នាក់​ តែតួលេខ​បាន​ធ្លាក់​មក​ត្រឹម​៦៤​នាក់​ ដោយសារ​ខ្លះ​ក្នុង​ចំណោម​ជន​ទាំង​នោះ​ដែល​ជា​ជាង​សំណង់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​ងាររបស់ខ្លួន​វិញ។ ​ក្នុង​ការ​បង្ក្រាប​នោះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមូល​បាន​ភ័ស្តុតាង​ដែល​រួម​មាន​ រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង​ ម៉ូតូ​ជាង​១០០​គ្រឿង​ ព្រម​ទាំង​មាន់​ជល់​ជាង​១០០​ក្បាល។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ Fresh News។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ អ៊ាវ​ ចំរើន​ ស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល​តែ​លោក​កំពុង​ជាប់​រវល់​ក្នុង​កិច្ច​ប្រជុំ​មួយ។ ​លោក​ ហុក វណ្ណធីណា ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយទេ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​សារ​ផុត​ម៉ោង​រដ្ឋបាល។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​រឿន ណារ៉ា​ ស្នងការ​រង​ប៉ូលិស​ខេត្ត​កណ្តាល​ បានប្រាប់​បណ្តាញ​ព័ត៌មាន​ ​AFP​ ​ថា ​ មាន់ជល់​ទាំង​៩២​នេះ​ ​ត្រូវ​បាន​ប្រគល់​ឱ្យ​កង​កម្លាំង​អាជ្ញាធរ​ធ្វើ​ជា​ម្ហូប​អាហារ ​ក្រោយ​ការប្រហារ​ជីវិត​កាល​ពីថ្ងៃ​ពុធ​កន្លង​ទៅ។​

ការ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​ខុស​ច្បាប់​នេះ​ក៏បាន​ធ្វើ​ឲ្យ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​បង​ប្អូនបង្កើតរបស់​លោក​ ហ៊ុន សាន​បានប្រតិកម្ម​ខ្លាំងៗ​ផង​ដែរ​ ដោយ​នាយក​រដ្ឋមន្ត្រី​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាញ់​សម្លាប់​ជន​សង្ស័យ​តែ​ម្តង ​ប្រសិន​បើ​មាន​ការ​តដៃ​ ពេល​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន។

សារ​សំឡេងរបស់​លោក​ហ៊ុន សែន​បង្ហោះ​និយាយ​ថា៖​ ​

«តាម​ខេត្ត​ ខេត្ត​កណ្តាល​ និង​ខេត្ត​តាកែវ​អនុវត្ត​ត្រូវ​ម៉ឺងម៉ាត់​ តាម​ចាប់​អា​ដែង​ស្អី​ អាដេញ​កូន​ប្រសារ​ ហ៊ុន សាន​នេះ​ចាប់​ឲ្យ​បាន។ ​បើ​វា​ត​ដៃ​គឺ​អនុញ្ញាត​ឲ្យ​បាញ់​ចោល​តែ​ម្តង​ បាញ់​ចោល​នៅ​ហ្នឹង​កន្លែង​តែ​ម្តង»។​

យោង​តាម​ដីកា​សម្រេច​របស់​លោក​ ហុក វ៉ាន់​ធីណា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ថៃ ផានី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ពិនិត្យ​ពីបទ​បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់។ ​ហើយសេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ឲ្យដឹង​ថា​ អ្នក​លេង​ល្បែង​ជល់មាន់​៦៤​នាក់​ ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​ភ្លាម​ រួចផ្តន្ទាទោស​មួយ​ខែ​ ទោស​នោះ​ត្រូវ​ព្យួរ ​ហើយ​ពួកគេត្រូវ​បានដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

XS
SM
MD
LG