ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖​ ការ​វិល​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ជួយ​ដោះលែង​សកម្មជន​ទេ​​


តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ (REUTERS/Channa)
តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ (REUTERS/Channa)

មន្ត្រី​​និង​សកម្ម​ជន​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ជាង​១០​រូប​ត្រូវ​​​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​ក្នុង​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ពី​​​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ និង​ការ​ប្រើ​ប្រាស់​​ឯកសារ​ក្លែងក្លាយ។

អ្នក​វិភាគ​នយោបាយ​នៃ​ប្រទេស​កម្ពុជា ​ថ្លែង​ថា​ ការ​វិល​ត្រឡប់​របស់​អ្នក​តំណាងរាស្ត្រ​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​ទៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ពុធកន្លង​ទៅ​នេះ​ នឹង​ពុំ​អាច​ជួយ​ផ្តល់​សេរីភាព​ដល់​មន្ត្រី​ និង​សកម្មជន​នយោ​បាយ​នៃ​គណបក្ស​ប្រឆាំង ​ដែល​ស្ថិត​ក្នុង​ពន្ធនាគារនោះ​ទេ​ លើក​លែង​តែ​មាន​ការ​ដោះ​ដូរ​ផ្នែក​នយោបាយណា​មួយ​ជាមួយ​គណបក្ស​កាន់​អំណាច។​

មន្ត្រីនិង​សកម្ម​ជន​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ជាង​១០​រូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​ក្នុង​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ តាម​បទចោទប្រកាន់​របស់​តុលាការ​ទាក់​ទិន​សំណុំ​រឿង​ប្រព្រឹត្ត​អំពើ​ហិង្សា​ និង​ការ​ប្រើ​ប្រាស់ឯកសារ​ក្លែងក្លាយ។ លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង​ក៏​ឋិត​ក្នុង​ចំណោម​អ្នក​ទោស​នោះ​ដែរ។​

​លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​វិល​ត្រឡប់​ទៅ​កាន់​សភា​របស់​ក្រុម​គណបក្ស​ប្រឆាំង​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ឡើង​វិញ​នៃ​ដំណើរការ​ពិភាក្សា​ច្បាប់​នៅ​ក្នុង​សភា​និង​ការ​សន្ទនានយោបាយ​រវាង​មេ​ដឹកនាំ​នៃគណបក្ស​ទាំង​ពីរ។

«ខ្ញុំ​ថា​ គ្រាន់​តែ​ជា​ការ​ចាប់​ឡើង​វិញនៃ​ការ​សន្ទនា​ ឬ​មួយ​ការ​ព្យាយាម​នៅ​ក្នុង​ការ​ជជែក​គ្នា​ឡើង​វិញ។ ​ប៉ុន្តែ​មិនមាន​អី​ដែល​ខ្ញុំ​មើល​ឃើញ​ជា​ដុំកំភួន​ ឬ​មួយ​ក៏​កិច្ច​ព្រមព្រៀង​ណា​ជា​ដុំ​កំភួន​ទេ»។

លោក​ថ្លែង​បន្តថា​ ការ​ដោះ​លែង​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​អាច​ធ្វើ​ទៅ​បាន​ បើ​អ្នក​នយោបាយ​នៃ​គណបក្សទាំង​ពីរ​ស្រុះ​ស្រួល​គ្នា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ថ្មី​បន្ថែម​ទៀត។ ​តែ​គណបក្ស​ប្រឆាំង​នឹង​ប្រឈម​មុខនឹង​ការ​ចុះ​ខ្សោយ​ប្រជាប្រិយភាព​របស់​ខ្លួន។​

«ពេល​ណា​ដោះ​ដូរ​ម្តងៗគឺ​គណបក្ស​ប្រជាជន​កម្ពុជា​គាត់​ទាម​ទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​យក​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​បាត់បង់​ប្រជា​ប្រិយភាព។ ​អញ្ចឹង​ការ​ដោះ​ដូរ​ម្តង​គឺ​បាត់បង់​បន្តិច។ ​ដោះ​ដូរ​ម្តង​បាត់​បង់​បន្តិច។ ​អាហ្នឹង​គឺ​ជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្តនៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់លោក​ផងដែរ​ ចំពោះការ​ចូល​មក​វិញ​នៃ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​បោះ​ឆ្នោត​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បី​ក្នុង​រដ្ឋសភា។​

សារ​នយោបាយ​ដែលបាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន​ សែនបាន​សរសេរ​ថា៖​

«នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ជំទាស់​បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ពិនិត្យ​ សម្រេច​ អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល»។​

គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​មិន​ចូល​ក្នុង​រដ្ឋសភា​សារ​ជាថ្មី​ម្តង​ទៀត ​ចាប់​តាំង​ពី​មាន​ការ​វាយ​តប់​ ទាត់ធាក់​លើ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​រូប​កាល​ពីចុង​ខែ​តុលា​ ដោយ​ក្រុម​បាតុ​ករ​ដែល​គេ​ជឿ​ថា ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។​ គណបក្ស​ប្រឆាំង​បាន​បញ្ចប់​ពហិការ​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​របស់​ខ្លួន​ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ​បន្ទាប់​ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំងពីរ​កាល​ពីខែ​កក្កដាឆ្នាំ​២០១៤។​

លោក ​សុខ ទូច ​ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ និង​ជា​អ្នក​វិភាគ​នយោបាយ ​យល់ថា​ ការ​ចូល​ទៅ​អង្គុយ​កៀក​គ្នា​របស់​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​អាច​នឹង​បង្កើត​ឱកាស​ឲ្យ​មាន​ការ​ជជែក​គ្នា​ និង​ស្វែងរក​ច្រក​ចេញ​សម្រាប់​ការ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​ទាំង​នោះ។​

«អ្នក​នយោបាយ​ កាល​ណាយើង​អង្គុយ​ជិតគ្នា​ ធម្មតា​ទេ​ គេ​ថា​ បេះ​ដូង​វាត្រូវ​តែ​មក​រក​ចំណុច​រួម​ណា​មួយ​និង​អាច​ដោះ​ស្រាយ​បាន។​ ក៏​ប៉ុន្តែ​កុំ​ឲ្យ​រឿង​ហ្នឹង​វាកើត​ឡើង​ច្រំ​ដែលៗ​ក្នុង​ពេល​ផ្សេងៗ​គ្នា។​ ប៉ុន្តែ​រឿង​តែមួយ​ អាហ្នឹង​ក៏​មិន​ងាយ​នឹង​ដោះស្រាយ​ដែរ។ ​អញ្ចឹង​ទេ​ ខ្ញុំ​ជឿជាក់​ថា​ អ្នក​នយោបាយ​អង្គុយ​ជិត​គ្នា​នឹង​អាច​រក​ដំណោះស្រាយ​បញ្ចប់​នូវ​ទំនាស់​រវាង​គណបក្ស​ទាំង​ពីរ​ហ្នឹង»។​

លោក ​សុខ ឦសាន​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​អំពី​ការ​ចរចា​ផ្នែក​នយោបាយ​ដើម្បី​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង​នោះ​ ព្រោះ​សំណុំ​រឿង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​គឺ​ជា​រឿង​របស់​តុលាការ។​ ប៉ុន្តែ​លោក​មាន​ប្រសាសន៍ថា ការ​ជួប​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នឹង​កើត​មាន​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត​ ក្រោយ​ពី​ជំនួប​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​រវាង​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ។​

«យើង​មាន​សុទិដ្ឋិនិយម​ថា​ នឹង​មាន​ជួប​គ្នា​ជា​បន្តបន្ទាប់​ទៀត​ តែ​ត្រង់​ជជែក​ឬ​ពិភាក្សា​កម្មវត្ថុ​ស្អីនោះ​ យើង​មិន​អាច​នឹង​កំណត់​បាន​ទេ។​ វា​អាស្រ័យ​ទៅលើ​ភាគី​ទាំង​សង​ខាង​ ឯកភាព​គ្នា​ ហើយ​លទ្ធផល​យ៉ាងណា​ក៏​វា​អាស្រ័យ​ទៅ​លើ​ការ​ពិភាក្សា​គ្នា​ដែរ។​ យើង​អត់​អារ​កាត់អី​បាន​ទេ»។​

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​កាត់​ទោស​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១​នាក់ឱ្យ​ជាប់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ​ដោយ​ចោទ​ថា ​ទាក់​ទង​នឹង​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ឆ្នាំ​២០១៤។​ មួយ​ខែ​ក្រោយ​មក​ លោក​ហុង សុខហួរ​ សមា ជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ សម រង្ស៊ី ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បទ​ «ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ក្រោយ​ពេល​ដែល​លោក​បាន​បង្ហោះ​ឯកសារ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​ និង​វៀតណាម​នា​ឆ្នាំ​១៩៧៩​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។​

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​កោះ​ចាប់​ខ្លួន​ និង​កោះ​ហៅ​ជា​បន្ត​បន្ទាប់​ទាក់​ទិន​សំណុំ​រឿង​បរិហាកេរ្តិ៍​ និង​បទរួម​គំនិត​ជាមួយ​លោក​ហុង សុខហួរ។ សកម្ម​ជន​នៃ​គណបក្ស​ប្រឆាំង​ពីរ​រូប​ទៀត​ក៏​ត្រូវ​បាន​តុលាការ​បង្គាប់ឲ្យ​ចាប់​ខ្លួន​ផង​ដែរ។ ​ក្នុង​ចំណោម​ពួក​គេ​ទាំងពីរ​នោះ​ មាន​ម្នាក់​ជា​ជំនួយ​ការ​របស់លោក​ ហុង សុខហួរ​ និង​ម្នាក់​ទៀត​ជា​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វ៊េសប៊ុក​របស់​លោក​ សម រង្ស៊ី។​

គណបក្ស​ប្រឆាំង​បាន​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់ ​នៅ​ក្រោយ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​នេះ​ផ្តើម​ការ​រិះគន់​រដ្ឋាភិបាល​លើ​ការ​ប្រើ​ប្រាស់​ផែន​ទី​សម្រាប់​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេសកម្ពុជា​និង​វៀតណាម។ ​ជាង​នេះ​ទៅ​ទៀត ​ ការ​និយាយ​រិះគន់​ចុងក្រោយ​របស់​លោក​សម រង្ស៊ី​ទៅលើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ​ដែល​មិន​ទាន់​ឯករាជ្យ​ ការ​បែង​ចែង​ដីធ្លី​ និង​គុណភាព​អប់រំ​ក្នុង​កម្រិត​ឧត្តម​សិក្សា​នោះ​ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​សប្បាយ​ចិត្ត​ ហើយ​លោកបាន​លោក​ប្រកាស​ថា​ កម្ពុជា​នឹង​ជួប​សង្គ្រាម​បើ​គណបក្ស​ប្រជាជន​កម្ពុជា​លែង​កាន់​អំណាច៕

XS
SM
MD
LG