ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើឲ្យ​អាជ្ញាធរ​សុខាភិបាល​ពិចារណា​បញ្ចេញ​វ៉ាក់សាំង​កូវីដ១៩ ដូសទី៤


រូបឯកសារ​៖ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)
រូបឯកសារ​៖ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ក្នុងពិធី​សម្ពោធអគារ​រដ្ឋបាលរដ្ឋ​មួយ​ក្នុង​រាជធានីភ្នំពេញ​ថា​ ការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ​១៩​ ដូស​ទីបួន​ នឹង​ត្រូវ​ផ្តល់ជូន​ដល់​បុគ្គលិក​មន្ត្រី​រាជការ​ និង​កង​កម្លាំងប្រដាប់​អាវុធ​ ប្រមាណ​ជា​៥០ម៉ឺន​នាក់​ ខណៈ​ប្រទេស​កម្ពុជា​ កំពុង​ខិតខំ​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច ដែលតាម​ការ​ព្យាករណ៍​ ​អាច​នឹង​កើន​ដល់​៣​ភាគ​រយ ​នៅឆ្នាំ​២០២១​នេះ​។

នៅឯពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាលអគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ ធ្វើ​ឡើង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ហ៊ុន សែនថ្លែងថា​ មន្ត្រី​បុគ្គលិក​រាជការ​ជាគ្រូពេទ្យ​ គ្រូបង្រៀន​ គយ​ និង​កងទ័ព​ ព្រម​ទាំង​នគរបាល​ ដែល​ជា​ក្រុមខ្សែត្រៀម​ជួរមុខ​ អាច​នឹង​ទទួល​បានវ៉ាក់សាំង​ដូស​ទីបួន​នេះ​មុន​គេ​។

លោកលើក​ឡើង​នៅ​ចំពោះ​មុខ​ក្រុមមន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​មន្ត្រី​គយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ចាក់​បានសរុប​ជាង​បី​លាន​នាក់​ ជាង​បីលាន​នាក់​ហើយ​ ជាមួយ​នឹង​វ៉ាក់​សាំងរបស់​យើង​នៅ​សល់​ ដែល​នឹង​មក​ដល់​ផង​ គឺប្រមាណ​ជា​១២​លាន​ដូស​ហើយ​ស្រេច​។ ប៉ុន្តែ​យើង​ត្រូវ​គិត​គូ​ដុស​ទី​បួន​សម្រាប់​ខ្សែត្រៀម​ជួរ​មុខ​ ខ្សែ​ត្រៀម​ជួរ​មុខ ខ្សែ​ត្រៀម​ជួរ​មុខ​របស់​យើង​មាន​ប្រហែល​ជា​...៥០ម៉ឺន​នាក់​ប៉ុណ្ណឹង​»។

ដំណាល​គ្នា​នោះ​ដែរ​ លោក ហ៊ុន សែន​ ​ថ្លែង​រិះគន់​បុគ្គល​ដែល​បញ្ចេញ​យោបល់​ពាក់​ព័ន្ធ​នឹង​បញ្ហា​កូវីដ១៩​ មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ញុះញង់​ ហើយ​ដែល​ត្រូវ​សម​នឹង​ទទួល​បាន​ការ​នាំខ្លួន​មកដាក់​ក្នុង​ពន្ធនាគារ។

លោក​ថ្លែង​យ៉ាង​ដូច្នេះថា​៖ «ជីវិត​វាសំខាន់​ណាស់​ អ្នក​ខ្លះ​និយាយ​ឡើង​ អត់​គិត​ពី​ជីវិត​ទេ​ និយាយ​តែ​ពី​រឿង​ បញ្ចេញ​មតិ​ ចុះ​បើ​ងាប់​ទៅ​លោក​ឯង​បញ្ចេញ​មតិ​អា​ម៉េច​ ខ្ញុំឆ្ងល់​។ ខ្ញុំ​ជួយ​លោក​ឯង​ឲ្យវារស់​។​ ហើយ​លោក​ឯង​ជេរ​ខ្ញុំ​ ក៏ជេរ​ទៅ​ មាន​អាណា​គេ​ថាអី​ ប៉ុន្តែ​បើ​ជេរ​ខុស​ទំនង​ អាហ្នឹង​មានតែ​ទៅ​មួយ​កន្លែង​ ទុក​ម្តុំ​ហើយ​កុំ​ឆ្ងល់​ពេក​»។

លោក​បន្ថែម​ថា​៖​ «ជេរ​ខុស​រឿង​ ហើយ​ជេរ​មាន​លក្ខណៈ​ ជាការញុះញង់​ បង្ក​ចលាចល​អាហ្នឹង​ គឺវាត្រូវ​តែ​នៅ​មួយ​កន្លែង​ ព្រោះ​គេបង្កើត​គុក​មក​គេ​មិន​ដែល​យក​អាអ្នកល្អ​ទៅ​ដាក់​ទេ​ គេ​យក​អាអ្នក​ខូច​»។

ក្នុង​ឆ្នាំ​២០២១​នេះ មាន​សកម្មជន​អតីត​គណបក្ស​ជំទាស់​មួយចំនួន​ បាន​កំពុង​បន្ត​ជាប់​ក្នុង​ពន្ធនាគារ​ចំពោះ​ការ​និយាយ​ស្តីរបស់​ពួកគេ​ ពាក់​ព័ន្ធ​នឹង​ជំងឺកូវីដ១៩​ ហើយ​ត្រូវចោទ​ពី​បទ​ញុះញង់​ និង​កំពុង​រង់​ចាំ​ការ​ជម្រះ​ទោស។​

នាយករង​ទទួល​បន្ទុក​ឃ្លំាមើល​សិទ្ធិមនុស្សនៃអង្គការលីកាដូ​លោក​ អំ សំអាត​ សាទរ​ចំពោះ​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទាំង​ដូស​ទី​២​ និង​ដូស​ទី​៣​ក្នុង​ចំនួន​ដ៏ច្រើន​មួយ​គួរឲ្យ​សម្គាល់​ នាំ​ឲ្យ​កម្ពុជា​ស៊ឹង​តែក្លាយ​ជាប្រទេស​នាំមុខ​គេមួយ​ក្នុង​តំបន់​អាស៊ាន ពាក់​ព័ន្ធនឹង​ការ​ចាក់​វ៉ាក់សាំង​នេះ។​

ទាក់ទិន​បញ្ហា​បញ្ចេញមតិ​អំពីការ​ចាក់​វ៉ាក់សាំងនេះ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួនខ្វះខាត​ព័ត៌មាន​ ជុំ​វិញ​ការ​ប្រើប្រាស់​វ់ាក់​សាំង​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺកូវីដ​១៩​ ដែល​ធ្វើ​ឲ្យ​ការ​បញ្ចេញ​មតិ​ខ្លះ​ក្លាយ​ជាដើម​ចម​នៃការ​ចោទប្រកាន់​របស់​តុលាការ​។

«ចឹង​ អ្វី​ដែល​សំខាន់​ហ្នឹង​ គឺ​គ្រាន់​តែ​ថា​ អ្នក​បញ្ចេញ​មតិ​ គឺ​គាត់​ត្រូវ​តែ​ថ្លឹង​ថ្លែង​អំពី​ព័ត៌មាន​ឲ្យបាន​គ្រប់​គ្រាន់​ ហើយ​ធ្វើ​ការ​បញ្ចេញ​មតិ​ បើ​សិន​ជា​រិះ​គន់​ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ក្នុង​ន័យ​ស្ថាបនា​ គឺ​វា​មិន​មាន​អ្វី​ដែល​ខុស​នឹង​ច្បាប់​ទេ​បាទ​»។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគាររដ្ឋបាលអគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ដដែល​នោះ​ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​លើកឡើង​ទៀត​ថា​ ស្ថិត​ក្នុងស្ថានភាពនៃ​ការ​រស់​នៅ​ជាមួយជំងឺកូវីដ​១៩តាម​គន្លង​ថ្មី​ គឺ​កម្ពុជា​ត្រូវ​បន្ត​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺកូវីដ​១៩​ ហើយ​ស្រប​ពេល​ជាមួយគ្នានោះ​ កម្ពុជា​ នឹង​ត្រូវ​អនុវត្តន៍​យុទ្ធសាស្ត្រ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG