សាលារាជធានីភ្នំពេញបានសម្រេចឲ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកឡើងវិញ មួយថ្ងៃបន្ទាប់ពីមានសេចក្តីប្រកាសឲ្យផ្អាកជាបណ្តោះអាសន្នអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ហើយដែលរងផលប៉ះពាល់ជាងមួយឆ្នាំមកហើយ។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃអង្គារនេះ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ថ្ងៃទី៣០ ខែវិច្ឆិកា តទៅ តាមគន្លងប្រក្រតីភាពថ្មី ដោយតម្រូវឲ្យមានការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា និងវិធានការសុខាភិបាល។
អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវបានលើកមកបញ្ជាក់នៅក្នុងប្រការ២នៃសេចក្តីសម្រេចថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះដែលឲ្យផ្អាកជាបណ្តោះអាសន្នសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។
គេមិនទាន់ដឹងនៅឡើយអំពីមូលហេតុនៃការផ្លាស់ប្តូរសេចក្តីសម្រេចឲ្យបើកដំណើរការមុខរបរទាំងនេះឡើងវិញ ក្រោយត្រូវបានបិទទ្វារជាងមួយឆ្នាំមកហើយនោះ។ កាលពីកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសថា សូមឲ្យរង់ចាំការបើកអាជីវកម្មខារ៉ាអូខេ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់តាំងពីដើមខែវិច្ឆិកា។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តឲ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកឡើងវិញ គឺដោយសារសាលារាជធានីភ្នំពេញសង្កេតឃើញស្ថានភាពប្រសើរឡើងវិញពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ខណៈលោកលើកឡើងថា ប្រជាពលរដ្ឋអាចសម្របតាមរបៀបរបបនៃការរស់នៅថ្មី ការគោរពវិធានការរបស់ក្រសួងសុខាភិបាល និងការទទួលបានវ៉ាក់សាំងរបស់ពលរដ្ឋមួយភាគធំ។
លោកបន្ថែមថា ហានិភ័យនៃការចម្លងជំងឺកូវីដ១៩ នៅតាមខារ៉ាអូខេ រង្គសាល ឌីស្កូតែក គឺមានទាប ស្របពេលអតិថិជនភាគច្រើននៅក្នុងអាជីវកម្មនេះជាយុវវ័យ។
លោកថ្លែងថា៖ «ភាគច្រើននៃអ្នកដែលទទួលសេវាហ្នឹងជាយុវវ័យ ជាជនដែលមានកម្លាំងពលំល្អ មិនមែនជាអ្នកនៅក្នុងវ័យចាស់ជរាអីទេ។ អ៊ីចឹងទេពួកគេធៀបជាមួយនឹងការទទួលបានវ៉ាក់សាំងផងធៀបជាមួយនឹងកត្តាអាយុ សុខភាពអី និងវិធានការដែលយើងដាក់ឲ្យអនុវត្តស្របពេលទទួលសេវាហ្នឹងផងនោះ គឺយើងអាចវាយតម្លៃបានថា យើងអាចធ្វើឲ្យការបើកអាជីវកម្មរបស់យើងនេះមានហានិភ័យទាបមែនទែន»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបន្តថា គោលបំណងមួយទៀតជុំវិញការបើកឡើងវិញនូវអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកគឺដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចឡើងវិញ។
លោកបញ្ជាក់ថា ស្របពេលឲ្យមានការបើកដំណើរការឡើងវិញក៏ដោយ អាជ្ញាធរនឹងបន្តត្រួតពិនិត្យតឹងរ៉ឹង និងដកហូតអាជ្ញាបណ្ណអាជីវកម្មណាដែលមិនគោរពតាមលក្ខខណ្ឌវិធានការសុខាភិបាលក្នុងការការពារការឆ្លងជំងឺកូវីដ១៩។
នៅក្នុងសេចក្តីសម្រេចដំបូង កាលពីថ្ងៃច័ន្ទ សាលារាជធានីភ្នំពេញបានដាក់ចេញវិធានការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សលើសពី៥០នាក់នៅក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិការហូតដល់ថ្ងៃទី៥ ខែធ្នូ។
យ៉ាងណាក្តី វិធានការរដ្ឋបាលថ្មីនៅតែដាក់បម្រាមជាបណ្តោះអាសន្នលើការជួបជុំ ឬការប្រមូលផ្តុំជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី៥០នាក់ លើកលែងការជួបជុំក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ការជួបជុំ ឬកម្មវិធីផ្សេងៗតាមបែបសាសនា តែតម្រូវឲ្យគោរពតាមវិធានការសុខាភិបាល និងនីតិវិធីប្រតិបត្តិស្តង់ដារ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថា អាជ្ញាធររាជធានីភ្នំពេញប្រហែលមិនមានព័ត៌មានច្បាស់លាស់មុននឹងធ្វើការសម្រេច ឬទទួលបានបញ្ជាពីថ្នាក់លើ នៅពេលមានការផ្លាស់ប្តូរសេចក្តីសម្រេចយ៉ាងឆាប់រហ័សដូចនេះ។
លោកក៏បានបង្ហាញការព្រួយបារម្ភផងដែរជុំវិញហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ជាពិសេសវីរុសប្រភេទបំប្លែងថ្មីអូមីក្រុង(Omicron) នៅពេលមានការបើកដំណើរការអាជីវកម្ម ដែលមានហានិភ័យខ្ពស់។
លោកថ្លែងថា៖ «យ៉ាងណា ខ្ញុំយល់ថា នៅក្នុងការឲ្យបើកដំណើរការខារ៉ាអូខេ ឬក៏ហាងផឹកស៊ីអីជាដើមហ្នឹង ឬក៏បៀរហ្គាឌិនអីហូរហែរហ្នឹងទាំងអស់ហ្នឹង ខ្ញុំថា វាប្រឈមនឹងហានិភ័យខ្ពស់ណាស់ ។ ប្រសិនជាការចម្លងនៃវីរុសកូវីដ១៩ ប្រភេទថ្មី បើសិនជា វាអាចនឹងឆ្លងរាលដាលដល់កម្ពុជាហ្នឹងគឺ ធ្វើឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ធំដែរ»។
សេចក្តីសម្រេចអនុញ្ញាតឲ្យបើកអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកនេះ គឺស្របពេលមានការព្រួយបារម្ភពីវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ដែលមានប្រភពដើមចេញពីប្រទេសអាហ្វ្រិកខាងត្បូង ហើយបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបកំពុងរកឃើញករណីឆ្លងវីរុសប្រភេទនេះជាបន្តបន្ទាប់។
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឲ្យមានការប្រុងប្រយ័ត្នពីវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីអូមីក្រុងនេះផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា អ្នកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក(WHO) ប្រចាំនៅកម្ពុជាបាននិយាយជាភាសាអង់គ្លេស ថា៖ «កម្ពុជាគួរតែមានការព្រួយបារម្ភអំពីវីរុសកូវីដ១៩ ទើបរកឃើញ ប្រភេទបំប្លែងថ្មី អូមីក្រុង(Omicron) បើទោះជាមានការចាក់វ៉ាក់សាំងបានក្នុងកម្រិតខ្ពស់ក៏ដោយ។ មនុស្សគ្រប់គ្នាត្រូវត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការកើនឡើងនូវករណីឆ្លងសាជាថ្មី ហើយយើងត្រូវបន្តរៀននិងរៀបចំកែសម្រួលវិធានការឆ្លើយតបរបស់យើង»៕