លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទ ឲ្យដឹងថា កម្ពុជានឹងមានរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅពេលខាងមុខ ក្រោយមានការគាំទ្រពីរដ្ឋាភិបាលចិនលើសំណើរបស់រដ្ឋាភិបាលកម្ពុជា។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធសមិទ្ធផលផ្លូវដែលជាជំនួយរបស់ចិនក្នុងខេត្តព្រៃវែង។
លោក ហ៊ុន សែន ថ្លែងថា គេមិនដឹងថា ជំងឺកូវីដ១៩ នឹងចប់នៅពេលនោះទេ ដូច្នេះកម្ពុជា ត្រូវតែត្រៀមដើម្បីមានវ៉ាក់សាំងនៅលើទឹកដីរបស់ខ្លួន ដែលវាងាយស្រួលសម្រាប់ការដឹកជញ្ជូន។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឥឡូវបានទទួលការគាំទ្រពីខាងរដ្ឋាភិបាលផងពីក្រុមហ៊ុនផង។ ហើយក្រុមហ៊ុន និងក្រុមហ៊ុន គេបានចុះហត្ថលេខាជាមួយគ្នាហើយ។ អ៊ីចឹងបន្តិចទៀត កង្វះវ៉ាក់សាំងដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង»។
លោក ហ៊ុន សែន បន្ថែមថា កម្ពុជាក៏ត្រូវត្រៀមថវិកាសម្រាប់កិច្ចការទាំងនោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
នៅក្នុងពិធីសម្ពោធផ្លូវនោះដែរ លោក វ៉ាង វិនធៀន (Wang Wentian)ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ថ្លែងថា រដ្ឋាភិបាលចិន «យកចិត្តដាក់ខ្ពស់»ចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) កំពុងទាក់ទងជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីពិភាក្សាគ្នា។
លោកថ្លែងថា៖ «ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងកូវីដដែលផលិតនៅក្នុងស្រុកខ្មែរបាន»។
គួរបញ្ជាក់ថា កម្ពុជា បានចាក់វ៉ាក់សាំងចិនបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋចំនួនច្រើន ក្នុងនោះមានទាំងវ៉ាក់សាំងជំនួយផ្ទាល់ពីរដ្ឋាភិបាល និងវ៉ាក់សាំងទិញពីក្រុមហ៊ុនចិន៕