ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​ឲ្យ​សេវា​កម្សាន្ត​ដំណើរការ​វិញ​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ផង​និង​ការ​សាទរ​ផង


រូបឯកសារ៖ ទិដ្ឋភាពរាជធានីភ្នំពេញ ក្បែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែសីហា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

តំណាង​សហជីព​និង​អ្នក​ជំនាញ​លើកឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការ​គាំពារ​សុវត្ថិភាព​ដល់​បុគ្គលិក​នយោជិត ក្រោយ​ពី​ក្រសួង​ទេសចរណ៍បង្ហាញ​ផែនការ​រៀបចំ​បើក​វិស័យ​សេវាកម្ម​ក្លឹប​កម្សាន្ត​រង្គសាល​ឡើង​វិញ។

ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ពី​ការ​ត្រៀម​រៀបចំ​បើក​ដំណើការ​អាជីវកម្ម​ខារ៉ាអូខេ​(KTV) ក្លឹប​កម្សាន្ត​រង្គ​សាល​-ឌីស្កូតែក ទាំង​អស់​ឡើង​វិញ​នៅ​ក្រោយ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង​ខុន​ ចុះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

នៅ​ក្នុង​សេចក្តីជូន​ដំណឹង​ខាង​លើ ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា ក្នុង​ករណី​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ ម្ចាស់អាជីវកម្ម​ក្លឹប​កម្សាន្ត​រង្គសាល​-ឌីស្កូតែក​ទាំងអស់​ត្រូវ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​របស់​រដ្ឋាភិបាល។

រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័ក បាន​និយាយ​ថា ក្រោយ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា អាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​អាជីកម្ម​កម្សាន្ត​បើក​សាកល្បង​មួយ​ចំនួន​ប៉ុណ្ណោះ​ពោល​គឺ​មិន​មែន​បើក​ឲ្យ​ដំណើរ​ការ​គ្រប់​ទីកន្លែង​នៅទូទាំងប្រទេស​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​សំខាន់​គឺ​ឲ្យ​ពួក​គាត់​ត្រៀម​លក្ខណៈ ជា​ពិសេស​ជំនាញ​របស់​យើង​ខាង​ក្រសួង​ទេសចរណ៍​ថ្នាក់​ជាតិ​នេះ ក៏ដូចជា មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​នេះ យើង​ចុះ​ទៅ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ពួកគាត់​ឲ្យ​អនុវត្ត​តាមវិធាន​សុវត្ថិភាព​ទេសចរណ៍ និង​និតិវិធី​ប្រតិបត្តិ​ស្តង់ដារ​ដែល​ឯកឧត្តម​រដ្ឋមន្រ្តី​ដាក់​ឲ្យ​អនុវត្ត​ហ្នឹង​គឺ​ធ្វើ​ម៉េច​ឲ្យ​គេ​រៀបរយ​ទៅ​តាម​ហ្នឹង។ អញ្ចឹង​យើង​មាន​ការ​ត្រួត​ពិនិត្យ​មួយ​ច្បាស់លាស់​មិនមែន​មាន​ន័យ​ថា ដាក់​ទៅ​ក្រោយ​ថ្ងៃ​ ៣០​ទៅ រដ្ឋាភិបាល​ឲ្យ​ដំណើរការ​មិនមែន​មាន​ន័យ​ថា ព្រឹបៗ​ទាំងអស់​គ្រប់​កន្លែង​នោះ​ទេ»។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​រូប​នោះក៏​បាន​បញ្ជាក់​បន្ថែម​ពី​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា​(SOP) ក្នុង​វិស័យ​ក្លឹបកម្សាន្ត​រង្គសាល​នៅ​ពេល​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញរួម​មាន​ «ការវាស់​កម្តៅ ការ​បាញ់​អាកុល ឬ​ថ្នាំ​សម្លាប់​មេរោគ ការ​ធ្វើ​តេស្ត​រហ័ស​មុន​ពេល​ចូល​ការ​តម្រូវ​ឲ្យ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំងការ​កំណត់ចំនួន​មនុស្ស​និងការ​រក្សា​គម្លាត​សង្គម​ជា​ដើម»។

ក្រសួងទេសចរណ៍​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ថា ការ​បើក​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ ក្លឹប​កម្សាន្ត​រង្គសាល-ឌីស្កូតែក​ឡើង​វិញ នឹង​ជួយ​រួមចំណែក​ផ្តល់​ឱកាស​ការងារ​ដល់​បុគ្គលិក​នយោជិត និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ជាតិ​ក្នុង​ដំណាក់កាល​រៀន​រស់នៅ​ជាមួយ​នឹងជំងឺ​កូវីដ១៩ តាម​គន្លង​ថ្មី។

ក្រសួងទេសចរណ៍​បាន​បន្ថែមថា ក្នុង​ករណី​ដែល​ម្ចាស់​អាជីវកម្ម​មិន​គោរព​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា (SOP) រដ្ឋបាល​រាជធានី​និង​ខេត្ត​ ត្រូវ​ចាត់​វិធានការ​បន្ថែម ដោយ​តម្រូវ​ឲ្យ​បិទ​អាជីវកម្ម និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

ប្រធាន​នៃ​សហព័ន្ធ​សហជីព​ចំណី​អាហារ​និង​សេវាកម្ម​នៅ​កម្ពុជា អ្នកស្រី អ៊ូ ទេព​ផល្លីន ​បាន​និយាយ​ថា បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កម្សាន្ត​ស្ទើរ​តែ​គ្រប់​កន្លែងនៅ​មិន​ទាន់​បាន​ចុះ​បញ្ជី​នៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម​នោះ​ទេ ហើយ​លើស​ពី​នេះ បើ​សិន​ជាបុគ្គលិក​ទាំង​នោះឆ្លង​ជំងឺ​កូវីដ​១៩ ក៏​មិនមាន​គោលការណ៍​ច្បាប់​ណា​មួយបង្គាប់​ឲ្យ​នយោជក​រក្សា​ប្រាក់​ឈ្នួល​ជូន​ពួកគេ​ផង​ដែរ។

អ្នកស្រី​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទថា៖ «ដល់​អញ្ចឹង​ទៅ​នៅ​ពេល​ដែល​កម្មករ​គាត់​ទៅ​ធ្វើការ​គាត់​ឆ្លង​ មាន​ន័យ​ថា ក្បាល​អ្នកណា​ សក់​អ្នក​ហ្នឹង​ដដែល។ មាន​ន័យ​ថា រាស្រ្ត​ហ្នឹង​គាត់​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ទៅ​ព្រោះ​រដ្ឋាភិបាល​គាត់​ប្រកាស​ឲ្យ​បើក​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​កម្មករ​ហ្នឹង​ឆ្លង​អត់​មាន​អ្នកណា​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​ជា​ប្រាក់ អំឡុងពេល​គាត់​ព្យាបាល​ហ្នឹង​ទេ មាន​ន័យ​ថា ប្រាក់​ឈ្នួល​ក៏​អត់​មាន​កាតព្វកិច្ច​ពី​នយោជក។ ទី​ពីរ​ នៅ​ពេល​គាត់​ទៅ​ព្យាបាល កម្មករ​ក្នុង​វិស័យ​កម្សាន្ត​គាត់​មិន​ទាន់​ចុះ​ជា​សមាជិក​បេឡា​ជាតិ​ទេ ក៏​មិន​មាន​ប្រាក់​ឧបត្ថម្ភ​ណា​មួយ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ឬ​ហៅ​ថា ប.ស.ស​ដែរ»។

ដំណាល​គ្នា​នេះ​ដែរ អ្នកស្រី​បាន​លើកឡើង​ពី​ភាព​ងាយ​នឹង​ថ្លោះ​ធ្លោយ​ក្នុង​ការ​អនុវត្ត​គោលការណ៍​ចាត់​ឡើង​ពី​អាជ្ញាធរ​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ១៩ ក្នុង​វិស័យ​ក្លឹប​កម្សាន្ត​រង្គសាល ដោយ​អ្នកស្រី​បាន​ចោទ​សួរ​លើ​ការ​រ៉ាប់រង​លើ​ការ​ចំណាយ​ទិញ​តេស្ត​រហ័ស​ពី​សំណាក់​ម្ចាស់​អាជីវកម្ម និង​ប្រសិទ្ធភាព​ក្នុង​ការ​ស្នើ​ឲ្យ​ភ្ញៀវ​អតិថិជនធ្វើ​តេស្ត​រហ័ស។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​និងមិន​មាន​ជំនឿ​ទុក​ចិត្ត​ខ្ពស់​ចំពោះ​ការ​ត្រួតពិនិត្យ​បាន​ខ្ជាប់ខ្ជួន​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ ខណៈ​ពេល​មាន​ការ​បើកដំណើរការ​វិស័យ​សេវាកម្ម​ផ្សេងៗ ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ​រួម​មាន​ក្លឹប​កម្សាន្ត​រង្គសាល​-ឌីស្កូតែក​ជា​ដើម។

លោក​បាន​ថ្លែង​ថា៖ «ចំពោះ​បញ្ហា​នេះ ខ្ញុំ​មិន​ជឿ​ថា នឹង​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​បាន​ហ្មត់ចត់​នោះ​ទេ។ យើង​ឃើញ​ហើយ​ថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏​វា​កើតឡើង​ដោយសារ​ការ​ថ្លោះធ្លោយ​ការ​ត្រួតពិនិត្យ​មិន​បាន​ដិតដល់​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​យើង​អូស​បន្លាយ​រហូត​ដល់ យើង​ឈាន​ទៅ​រក​ការ​បិទ​ប្រទេស​អី​ហូរហែ​ហ្នឹងបាទ ក៏​ដោយសារ​តែ​ការ​ខ្វះ​ចន្លោះ​របស់​យើង​ដែរ​បាទ»។

លោក យង់ គិមអេង​ បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​វាយតម្លៃ​ឲ្យ​បាន​ហ្មត់​ចត់ និង​ស៊ីជម្រៅ​មុន​ពេល​ពិចារណា​ឲ្យ​មាន​ការ​បើក​ដំណើរការ​វិស័យ​សេវា​កម្ម​ក្លឹប​កម្សាន្តរង្គសាល​ឡើង​វិញ។

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​ក្នុង​«ព្រឹត្តិការណ៍​២០​កុម្ភៈ» ក្លឹប​កម្សាន្ត​ខារ៉ាអូខេ និង​ឌីស្កូតែក​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​បើក​ដំណើរការ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​ឆ្លង​នៅ​ក្នុង​សហគមន៍​នេះ គេ​ឃើញថា ក្លឹបកម្សាន្ត​រង្គសាល​មួយ​ចំនួន​ក៏​ជា​ប្រភព​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាសថា អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​ថេ​ក នឹង​ត្រូវ​បើក​ដំណើរការ​ឡើងវិញ នៅក្រោយ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១​។ ថ្ងៃ​ទី​៣០​វិច្ឆិកា កម្ពុជា​ក៏​គ្រោង​បើក​ទទួល​អ្នក​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច ចូល​ដើរ​លេង​កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​កោះកុង ដែល​ជាការ​ប្រឹងប្រែង​មួយ​ឈាន​ទៅ​ស្តារ​វិស័យ​ទេសចរណ៍​ទាំងស្រុង​នៅ​ក្នុង​ប្រទេស។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់​លោក​ ឃុន ថារ៉ូ ចាត់​ទុក​គម្រោង​បើក​ដំណើរការ​វិស័យ​ក្លឹបកម្សាន្ត​រង្គសាលជា​រឿង​វិជ្ជមាន​សម្រាប់​បុគ្គលិក​នយោជិត​ដោយ​សារបុគ្គលិក​នយោជិត​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ក៏ដូចជា​ការ​ត្រូវ​សង​បំណុល​ជា​រៀង​រាល់​ខែ។

យ៉ាងណាក្តី លោក​ជំរុញ​ឲ្យ​មាន​អនុវត្ត​វិធានការ​តឹងរឹង​ផង​ដែរ ដោយហេតុ​ថា វិស័យខាង​លើនេះ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​កន្លង​មក​ លោក​បាន​សង្កេត​ឃើញ​ថា កន្លែង​អាជីវកម្ម​មួយ​ចំនួន​នៅ​មិនទាន់​គោរព​តាម​វិធានការ​សុខាភិបាល​បាន​ខ្ជាប់​ខ្ជួន​នៅ​ឡើយ​នោះ​ទេ៕

XS
SM
MD
LG