ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​ប្រកាន់​អតីត​ឧត្ដមសេនីយ៍​ម្នាក់​នៅ​កង​អង្គរក្ស ក្រោយ​ហិង្សា​រឿង​ដីធ្លី


ទិដ្ឋភាពសាលាដំបូងខេត្តព្រះសីហនុកាលពីឆ្នាំ២០១៦។ (រូបថតដោយសាលាដំបូងខេត្តព្រះសីហនុ)
ទិដ្ឋភាពសាលាដំបូងខេត្តព្រះសីហនុកាលពីឆ្នាំ២០១៦។ (រូបថតដោយសាលាដំបូងខេត្តព្រះសីហនុ)

អតីត​ឧត្ដមសេនីយ៍​ម្នាក់ ដែល​ធ្លាប់​ជា​នាយ​រង​សេនាធិការ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ព្រះ​រាជអាជ្ញា​សម្រេច​ចោទ​ប្រកាន់​នៅ​សប្តាហ៍​នេះ​ បន្ទាប់​ពី​លោកត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ជម្លោះ​ដី​ធ្លី​ហិង្សា​មួយ។​

អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ប្រកាន់ លោក គុយ ស៊ុន អតីត​នាយ​រង​សេនាធិការ​បញ្ជាការ​ដ្ឋាន​អង្គរក្ស ពី​បទ​ «ហិង្សា​ដោយ​ចេតនា» និង «កាន់​កាប់អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។ នេះ​បើ​តាម លោក លឹម ប៊ុនហេង អ្នកនាំពាក្យសាលា​ដំបូង​ខេត្ត​ប្រាប់​ VOA។

លោក​លឹម ប៊ុនហេង បន្ថែម​ថា ​គូកន​លោក គុយ ស៊ុន ចំនួន​បី​រូប​ទៀត​ក៏​ត្រូវ​ចោទ​ប្រកាន់​ដែរ​ដោយ​មាន​ពីរ​នាក់​ត្រូវ​ចោទ​ពី​បទ «ហិង្សា​ដោយ​ចេតនា» និង​ម្នាក់​ត្រូវ​ចោទ​ពី​បទ​គំរាម​សម្លាប់។

អ្នកនាំពាក្យ​រូប​នេះ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​នោះ​ទេ។ រីឯ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​លោក ហេង ប៊ុនទី ក៏​មិន​ផ្ដល់​បទ​សម្ភាស​នោះ​ដែរ នៅ​ពេល​វីអូអេ​ហៅ​ទូរស័ព្ទ​ទៅ​សួរ។

បើ​យោង​តាម​កំណត់​ហេតុ​កង​រាជអាវុធ​ហត្ថ​ខេត្ត​ដែល​វីអូអេ​ទទួល​បាន ការឃាត់​ខ្លួន​លោក គុយ​ ស៊ុន និង​គូកន​ទាំង​៣​រូប កាល​ពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ កន្លង​ទៅ កើតឡើងអំឡុងពេលមានការប៉ះ​ទង្គិច​គ្នា​ទាក់ទិន​នឹង​ការ​ចុះ​អនុវត្ត​សាល​ដីកា​មួយ​លើ​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​ឱ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ថា លោក គុយ ស៊ុន ធ្លាប់​មាន​ប្រវត្តិ​ចម្រូងចម្រាស​ក្នុង​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ដ៏​មមាញឹក​នេះ ហើយ​លោក​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ។

លោក​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ប្រាប់​ VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក គុយ ស៊ុន ធ្លាប់​សុំ​រូប​លោក​ឲ្យអន្តរាគមន៍​លើ​ជម្លោះ​ដី​ធ្លី​ផង​ដែរ។

​នាយ​ឧត្ដមសេនីយ៍​រូប​នេះ​និយាយ​ថា៖​ «អង្គរក្ស​ពិត​ប្រាកដ​ត្រូវ​តែ​ធ្វើ​ការងារ​នៅ​កន្លែង ការពារ​សន្ដិសុខ​ជូន​ថ្នាក់​ដឹកនាំ អត់​មាន​ទៅ​រក​ស៊ី​ដី​ទេ។ អា​ហ្នឹង (លោក គុយ ស៊ុន) ទើប​ចេញ​ពី​គុក​តើ យក​ចេញ​ពី​គុក ធ្លាប់​ទៅ​ជួយ​ម្ដង ប៉ុន្មាន​ខែ អត់​បាន​ប្រាំ​មួយ​ខែ​ផង យើង​មាន​ដី​មាន​ធ្លី មាន​ច្បាប់​ទម្លាប់ យើង​ម៉េ​ច​ក៏​មិន​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ក្រុង​ ខេត្ត​ ឃុំ ថ្នាក់​ជាតិ​ដូច​ខ្ញុំ ខ្ញុំ​ដោះស្រាយ​តែ​រឿង​បណ្ដឹង​គ្រប់​មុខ​សញ្ញា​តើ មក​រាយការណ៍អីឱ្យខ្ញុំ»។​

លោក ហ៊ីង ប៊ុនហៀង​ បញ្ជាក់​ថា​លោក គុយ ស៊ុន ត្រូវ​បញ្ចប់​តួនាទី​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​តាំងតែ​ពី​ឆ្នាំ​ ២០១៩ ​មក​ម្ល៉េះ ពេល​លោក​ជាប់​ពន្ធនាគារ​លើក​មុន។

លោក​ប្រាប់​វីអូអេ​ថា៖ «ក្នុង​នាម​ជា​មេ​បញ្ជាការ ខ្ញុំ​ដូច​ជា​ឪពុក​ទី​ពីរ ជា​មេ​បញ្ជាការ​ជា​ឪពុក ជា​ម្ដាយ​ទី​ពីរ​បាន​ត្រូវ ហើយ​បើ​ខ្លួន​ឯង​ដើរ​រក​ស៊ី​ដី និង​ព្រៃឈើ អា​ហ្នឹង​អត់​ទេ អនុវត្ត​ច្បាប់»។

របាយការណ៍​ដែល​វីអូអេ​ទទួល​បាន​បង្ហាញ​ថា​លោក គុយ ស៊ុន និង​ភរិយា​ឈ្មោះ​លោកស្រី ស៊ុយ គឹមហ៊ា កាល​ពី​ឆ្នាំ​ ២០១៨ ធ្លាប់​ត្រូវ​បាន​ក្រសួង​បរិស្ថាន​គាំទ្រ​ឱ្យ​រៀបចំ​រមណីយដ្ឋាន​ធម្មជាតិ នៅចំណុច​តាបិន ភូមិ​ស្នាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ក្បែរ​តំបន់​ឧទ្យានជាតិ​រាម។

លោកស្រី ស៊ុយ គឹមហ៊ា កាលពី​ដំណាច់​ខែ​កញ្ញា ឆ្នាំ​ ២០២០ ​នេះ ក៏​ទើប​ទទួល​បាន​អនុក្រឹត្យ​ផ្ដល់​កម្មសិទ្ធិ​លើ​ដី​កាត់​ឆ្វៀល​ពី​គំរប​ព្រៃឈើ​ទំហំ​ ៧,៩៥ ហិកតា នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​ផង​ដែរ។

លោកស្រី ជៀប សុធារី មន្ត្រី​អង្គការ​អាដហុក បារម្ភ​អំពី​កំណើន​នៃ​ការ​កាត់​ឆ្វៀល​ដី​របស់​រដ្ឋ​នៅខេត្ត​ព្រះសីហនុ ជូន​អ្នក​មាន​អំណាច ដែល​ករណី​ខ្លះ​នាំ​ឱ្យ​មាន​បញ្ហា​ជម្លោះ​ជា​ញឹកញយ រវាង​ពលរដ្ឋ​ជាមួយ​អ្នក​មាន​អំណាច និង​រវាង​អ្នក​មាន​អំណាច​ជាមួយ​អ្នក​មាន​អំណាច។

មន្ត្រី​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​រូប​នេះ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​ថា គ្រាន់​តែ​ចូល​ឆ្នាំ​ ២០២១​ ភ្លាម រដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្រេច​កាត់​ឆ្វៀល​ដី​របស់​រដ្ឋ ដី​ឯកជន​របស់​រដ្ឋ​មួយ​ចំនួន ឬ​ក៏​ដី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​គម្រប​ព្រៃ​មួយ​ចំនួន​ឱ្យ​ទៅ​សមត្ថកិច្ច​ជា​កម្លាំង​ប្រដាប់​អាវុធ ឬ​ក៏​ជា​មន្ត្រី​រាជការ​ដែល​យើង​ឃើញ​ជា​បន្ត​បន្ទាប់»។

លោក​ស្រី​ សុធារី ស្នើ​ឱ្យ​មាន​ការ​គ្រប់គ្រង​ដី​ធ្លី​ដោយ​តម្លាភាព និង​សមភាព ដើម្បី​ធានា​ថា​ពលរដ្ឋ​ទាំង​អ្នក​មាន​ទាំង​អ្នកក្រ​នានា​អាច​រស់​នៅ​បាន​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ៕

XS
SM
MD
LG