ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​ព្រះសីហនុ​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ខណៈ​អ្នក​ផ្សេង​ទៀត​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន


អ្នកស្រី អេង វ៉ាន់ តំណាងសហគមន៍អូរខ្សាច់ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះ ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលខេត្ត នៅក្នុងរឿងជម្លោះដីធ្លីជាមួយអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមួយរូប កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ (រូបថតដោយ អេង វ៉ាន់ ហ្វេសប៊ុក)
អ្នកស្រី អេង វ៉ាន់ តំណាងសហគមន៍អូរខ្សាច់ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះ ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលខេត្ត នៅក្នុងរឿងជម្លោះដីធ្លីជាមួយអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមួយរូប កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ (រូបថតដោយ អេង វ៉ាន់ ហ្វេសប៊ុក)

ក្រុម​តំណាង​សហគមន៍​អូរខ្សាច់ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​ លើក​ឡើង​ពី​ក្តី​បារម្ភ​ចំពោះ​វិធាន​ការ​របស់​តុលាការ ដែល​កាល​ពី​សប្តាហ៍​មុន បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ដី​ធ្លី​មួយ​រូប តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល។

សាលា​ដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា បាន​សម្រេច​ឃុំ​ខ្លួន​អ្នកស្រី​ អេង វ៉ាន់ រស់​នៅ​ភូមិ​៤ ឃុំអូរត្រេះ បន្ទាប់​ពី​តំណាង​ការ​ពារ​ដីធ្លី​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​នគរបាល​ខេត្ត នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ជាមួយ​អតីត​មន្ត្រីជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​មួយ​រូប។

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នៃអំណាច​សាល​ដីកា​ព្រហ្មទណ្ឌ​របស់​តុលា​ការ​កំពូល​ ដែល​បាន​ចោទតំណាង​នោះ​ថា​បាន «ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​អ្នក​កាន់​កាប់អចលន​វត្ថុ​ដោយ​សុចរិត» គឺ​លោក​ ប៉ុន សារឿន ដែល​មន្រ្តី​សិទ្ធិ​មនុស្ស​អះអាង​ថា ​ធ្លាប់​ជា​អតីត​ជំទប់​ទី​១​ នៃ​សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ និង​ជា​អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន។

អ្នកស្រី ​ឡុច ទូច​ អាយុ​៦២​ឆ្នាំ ​តំណាង​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពីរ​ដង​មក​ហើយ ​ក្នុង​តវ៉ា​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​កាន់​កាប់​ដីធ្លី​បារម្ភ​ថា ​អ្នក​ស្រី​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​ម្តង​ទៀត។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្លួន​ខ្ញុំ​លើស​ឈាម​ផង​ខ្លួន ​ខ្ញុំ​កើត​រោគ​បេះដូង​រុំ​ខ្លាញ់ ហើយ​ទៅ​ជា​ស្ទះ​ម្តងៗ​ផង។ ហើយ​ណាមួយ​ ឃើញ​ប្តី​ខ្ញុំ​ពិការ​ ចឹង​ខ្ញុំ​បារម្ភ​ថា​ បន្ទាប់​មក​ខ្ញុំ​ខ្លាច​អារម្មណ៍​ខ្លាច​ថា ​គេ​ចាប់​ខ្ញុំ​ត​ទៅ​ទៀត។ ខ្ញុំ​មិន​ដឹង​រស់​នៅ​មាន​ន័យ​អី​ទៀត​ទេ។ សព្វ​ថ្ងៃ​នេះ ​ខ្ញុំ​ឃើញ​គេ​រំលោភ​បំពាន​ថា​ឯកសារ​របស់​ខ្ញុំ​នោះ​ ដាក់​នោះ ​ដាក់​ពេក​ហើយ ​ហើយ​មេធាវីជួយ​សរសេរ។ មេធាវី​ខ្ញុំ​បើ​ជាប់​រាប់​មក​តាំង​ពី​ឆ្នាំ​២០០៨​ហ្នឹង​ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង​ មេធាវី​ខ្ញុំ​ចូល​បាន​ ២០​ នាក់​ហើយ»។​

អ្នកស្រី​ថា ការ​ចាប់​ខ្លួន​អ្នកស្រី អេង វ៉ាន់ ជា​ទង្វើ​រំលោភ​សិទ្ធិ​ម្ចាស់​ដី។ ​អ្នកស្រី​ចោទ​លោក​ ប៉ុន សារឿន ថា​បាន​កុហក​អាជ្ញាធរ​ថា «មាន​ផ្ទះ​មាន​របង» ដែល​តាម​ការ​ពិត​ គឺ​លោក​មិន​បាន​ដាំ​ សូម្បី​តែ​ដើម​ឈើ​មួយ​ដើមលើ​ដី​ទំនាស់​នោះ ពោល​គឺ​មាន​តែ​ពលរដ្ឋ​ដូច​ជា​អ្នក​ស្រី​ អេង វ៉ាន់ ​ដែល​បាន​ដំា​ដុះ​នៅ​ទី​នោះ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​គឺ​ថា​ចាប់​មួយ​ដង​ពីរ​ដង​ចឹង​ហើយ ក៏​ខ្ញុំ​នៅ​តែ​តវ៉ា​ ទោះ​បី​ថា​ងាប់​ជីវិត​ខ្ញុំ​ស្លាប់​ ក៏​ខ្ញុំ​នៅ​តែ​តវ៉ា ដី​ហ្នឹង​ឲ្យ​បាន​មក​វិញ​ដែរ​ ព្រោះ​ថា​ជា​ដី​ទ្រព្យ​របស់​ខ្ញុំ​ទ្រព្យ​របស់​ អេង វ៉ាន់​ ហើយ​ទ្រព្យ​របស់​ប្រជា​ពលរដ្ឋ។ ខ្ញុំ​ត្រូវ​តែ​តស៊ូ​ខ្ញុំ​ត្រូវ​តែ​ដើរ​តស៊ូ។ បើ​គាត់​មិន​លែងអ្នកស្រី​ អេង វ៉ាន់​ ទេ​ ពួក​ខ្ញុំ​នឹង​ធ្វើ តស៊ូ​ទៅ​តុលាការ​ដំបូង​ហើយ​ បើ​ដំបូង​អត់​ដោះ​ស្រាយ​ទេ​ ខ្ញុំ​ទៅ​កំពូល»។

អ្នក​ស្រី ​ឡុច​ ទូច​ និង​អ្នកស្រី​ អេង វ៉ាន់ ​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក ​ប៉ុន សារឿន លើ​ផ្ទៃដី​សរុប​ប្រមាណ ​៧,៥ ​ហិកតា ក្នុង​ផ្ទៃ​ដី​ចំនួន​ ៣២​ ហិកតា ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពលរដ្ឋ​ចំនួន​ជាង​ ៣០ ​គ្រួសារ។ អ្នកស្រី​អះ​អាង​ថា​ ពលរដ្ឋ​បាន​ចូល​មក​កាន់​កាប់​ដី​នេះ​ តាំង​ពី​ឆ្នាំ​ ១៩៩២ ​មក។​

លោក​ ញិល ភាព ​អ្នកសម្រប​សម្រួល​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ទាំង​អ្នកស្រី ឡុច​ ទូច​ និង​ អេង វ៉ាន់​ រង​ការ​ប្តឹង​ផ្តល់​ពី​លោក ​ប៉ុន​ សារឿន​ និង​បុគ្គល​ម្នាក់​ទៀត​គឺ​លោក​ សុខ ងួន​ ដែល​មាន​ងារ​ជា​ឧកញ៉ា​តាំង​ពី​ឆ្នាំ​ ២០០៨​ មក​ គឺ​ក្រោយ​ពេល​អ្នកស្រី ឡុច​ ទូច​ និង​អ្នក​ស្រី អេង វ៉ាន់​ និង​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​ បាន​ចូល​ទៅ​កាប់​ឆ្ការ​ដី​ព្រៃ​ ដើម្បី​បង្ក​បង្កើន​ផល​ក្នុង​អំឡុង​ឆ្នាំ​១៩៩២។

លោក​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​អ្នកស្រី ​អេង វ៉ាន់​ កើត​មាន​ឡើង​ ក្រោយ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុចេញ​បញ្ជា​ឲ្យ​អ្នកស្រី អេង វ៉ាន់​ និង​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ចាញ់​ក្តី​លោក ​ប៉ុន សារឿន​ និង​លោក​សុខ​ងួន​ចាក​ចេញ​ពី​ផ្ទះ​សម្បែងពីរ​ដង​មក​ហើយ​ គិត​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ​ ឆ្នាំ​២០២០។ ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​មិន​ចាក​ចេញ​ និង​ថែម​ទាំង​រារាំង​មិន​ឲ្យ​ភាគី​លោក ប៉ុន សារឿន​ យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដី។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​ជា​មនុស្ស​ដែល​ជា​ប្រជាពលរដ្ឋ​ដែល​ស្លូត​ត្រង់​ ជា​អ្នក​កាន់​កាប់​ដែល​ត្រឹម​ត្រូវ​ ហើយ​គាត់​បាន​បាត់​បង់​ដីធ្លី​ ដោយ​សារ​ការ​ចោទ​ប្រកាន់​ ដោយសារ​ការ​លាប​ពណ៌​ក្នុង​ហេតុ​ផល​ផ្សេងៗ​ ដោយ​សារ​តែ​គាត់​ហ្នឹង​មាន​ភាព​សកម្ម​នៅ​ក្នុង​ការ​ងារ​ទាមទារ​បញ្ហា​សិទ្ធិ​ដីធ្លី​របស់​ពួក​គាត់​ ក៏​ដូច​ជា​សមាជិក​របស់​ពួក​គាត់​ហ្នឹង»។​

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​យើង​ក៏​បដិសេធ​ចោល​នូវ​មន្ត្រីរដ្ឋាភិបាល​ ឬ​ក៏​ថា្នក់​ដឹកនាំ​អាជ្ញាធរ​ ឬ​ក៏​រដ្ឋ​ អាជ្ញាធរ​ថ្នាក់​ខេត្ត​ ឬ​ក៏​ថ្នាក់​ជាតិ​ណា​ថា​ ឲ្យ​តែ​អ្នក​ណា​មាន​បណ្ណ​កម្មសិទ្ធិ​ អ្នក​ហ្នឹង​ជា​ម្ចាស់​ដី​ គឺ​អត់​ត្រូវ​ទេ​ ព្រោះ​អី​បណ្ណ​កម្ម​សិទ្ធិ​យើង​ឃើញ​ថា​ ធ្វើ​នៅ​កន្លែង​ណា​ ក៏​បាន​ដែរ​ហ្នឹង។ ហើយ​សំខាន់​ គឺ​អ្នក​ដែល​រស់​នៅ​កាន់​កាប់​ អាស្រ័យ​ផល​ជាក់​ស្តែង»។​

លោក ញិល ភាព​ កត់​សម្គាល់​ថា​ពលរដ្ឋ​ប្រមាណ ​៣២​ គ្រួសារ​ ដែល​រស់​នៅ​លើ​ដី​ទំហំ ​៣២​ ហិកតា​ នោះ ​កំពុង​ស្ថិត​ក្នុង​វិវាទ​ជាមួយ​អ្នក​មាន​ទ្រព្យ​ធូរធារ​ផ្សេង​ទៀត ដូច​ជា​ឧកញ៉ា​ជា​ដើម​ ដែល​សុទ្ធ​តែ​អះអាង​ថា ​មាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ បើ​ទោះ​ពួក​គេ​មិន​ធ្លាប់​រស់​នៅ​ក្នុង​សហគមន៍​អូរខ្សាច់​ក៏​ដោយ។

មាត្រា​ ៣០​ នៃ​ច្បាប់​ភូមិបាល​បាន​ចែង​ថា៖ «បុគ្គល​ទាំង​ឡាយ​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​ដោយ​សន្តិ​វិធី​និង​មិន​មាន​ការ​ជំទាស់​ ចាប់​ពី​៥ឆ្នាំ​យ៉ាង​តិច​ គិត​មក​ដល់​ការ​បរិច្ឆេទ​នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ​លើ​អចលន​វត្ថុ​ ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់ ​ក្នុង​ការ​កាន់​កាប់​ជា​ឯកជន​ មាន​សិទ្ធិ​សើ្ន​សុំ​បណ្ណ​កម្មសិទ្ធិ​សា្ថពរ»។

ក្នុង​វិវាទ​ដីធ្លី​ក្នុង​សហគមន៍​អូរខ្សាច់​នេះលោក ប៉ុន សារឿន និង​គូកន​លោក​បាន​ប្តឹង​ពលរដ្ឋ​ ៤ ​នាក់​គឺ​មានអ្នកស្រី អេង វ៉ាន់ អ្នកស្រី ឡុច ទូច​ ស្វាមី​អ្នកស្រី​ឡុច​ទូច ​គឺលោក​ កៅ ហ៊ួ​ និង​អ្នកស្រី ឃឹម មុំ។ ការ​ប្តឹង​ផ្តល់ផ្តើម​ចេញ​ពី​ការ​ទាមទារ​ធ្វើ​ជា​ម្ចាស់​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់ ​ដោយ​សារលោក​ ប៉ុន សារឿន​ អះអាង​ថា​ លោក​បាន​ទិញ​ដី​ពី​ប្តី​អ្នកស្រីអេង វ៉ាន់ ​គឺ​លោក ​ឡុញ តាញ​ ដែល​បានស្លាប់​មុន​កាល​បរិច្ឆេទ​នៃ​ការ​ទិញ​ដូរ​នោះ។

ក្រោយ​ដាក់​ពាក្យ​បណ្តឹង​របស់​លោក​ប៉ុន​ សារឿន​ និង​លោក​ សុខ ងួន កាល​ពី​ឆ្នាំ​ ២០០៨​ សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ បាន​ចេញ​សាលក្រម​ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ ឆ្នាំ​២០១១ ដោយ​សម្រេច​ផ្តន្ទា​ទោស​ពលរដ្ឋ​ខាង​លើ​ទាំង ​៤​ នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ​១០ ​ខែ និង​សង​ជួស​ជុល​ការ​ខូច​ខាត​ទៅ​ឈ្មោះ​ ប៉ុន សារឿន​ ក្នុង​ម្នាក់ៗ ​២ ​លាន​រៀល។

ក្រោយ​មក​ក្រុម​ពលរដ្ឋ​ប្តឹង​ឧទ្ធរណ៍​និង​តុលាការ​កំពូល​ជំទាស់​ការ​សម្រេច​រ​បស់​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ប៉ុន្តែ​តុលាការ​កំពូល​ កាល​ពី​ឆ្នាំ​២០១៤ ​បន្ត​រក្សា​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រះ​សីហនុ​ទុក​ជា​បាន​ការ។

នៅ​មុន​ការ​ចាប់​ខ្លួន អ្នកស្រី អេង វ៉ាន់​ត្រូវ​គេ​ឃើញ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ចំនួន​ដែល​បង្ហាញ​ថា អ្នក​ស្រី​កំពុង​ប្រឈម​មុខ​ជាមួយ​កម្លាំង​នគរបាល​មួយ​ចំនួន​នៅ​លំនៅឋាន​អ្នកស្រី ​ក្នុង​ដី​ដែល​មាន​ជម្លោះ​ជាមួយ​លោក​ ប៉ុន សារឿន និង​លោក​សុខ ងួន។

VOA​ មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ ប៉ុន​ សារឿន និង​លោក​ សុខ ងួន​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​លោក ​លឹម ប៊ុនហេង ប្រាប់​ VOA ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម ​(Telegram)​ ថា​ ការ​ឃុំខ្លួន​អ្នកស្រី អេង វ៉ាន់​ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​តាម​អំណាច​សាល​ដីកា​របស់​តុលាការ​កំពូល។

លោក​បន្ថែម​ថា៖ «បច្ចុប្បន្ន​ទណ្ឌិត​ឈ្មោះ​ អេង​ វ៉ាន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស»។

លោកស្រី ជៀប​ សុធារី​ អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​នេះ​បាន​បញ្ចប់​រួច​ទៅ​ហើយ​តាម​នីតិវិធី​របស់​តុលាការ​ តាំង​ពី​សាលា​ដំបូង​រហូត​ដល់​តុលាការ​កំពូល។

ប៉ុន្តែ​លោកស្រី​ថា ​ក្នុង​ដំណាក់​កាល​ដែល​ក្រុម​ប្រជាពលរដ្ឋ​ត្រូវ​តម្រូវ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​តាម​អំណាច​សាល​ដីកា​តុលាការ​កំពូល​នោះ​ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​នឹង​សិក្សា​ខាង​ច្បាប់​បន្ថែម​ទៀត​ ដើម្បី​ជួយ​ពួក​គាត់ ព្រោះ​មាន​ភាព​មិន​ច្បាស់​លាស់​មួយ​ចំនួន​ ក្នុង​ការ​ទិញដូរ​ដី​នៅ​ទីតាំង​មាន​ទំនាស់​នោះ៕

XS
SM
MD
LG