ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​ស្នងការរង​នគរបាល​ជាតិ៖ ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​មេ​បញ្ជាការ​រង​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ពាក់​ព័ន្ធ​ជម្លោះ​បាញ់​បោះ​ជាមួយ​ជនជាតិ​ចិន


រូបឯកសារ៖ ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​នាយ​ទាហាន​ជើងទឹក​ជាន់​ខ្ពស់​មួយ​រូប​ នៃ​មូលដ្ឋាន​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​និង​គូកន​ ទាក់ទិន​នឹង​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ក្នុង​ហេតុការណ៍​ប្រទូស្ដរ៉ាយ​ហិង្សា​រហូត ​ផ្ទុះ​អាវុធ​នៅ​កន្លែង​កម្សាន្ត​មួយ​នៅ​កោះ​រ៉ុង​ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

លោក​នាយ​ឧត្តម​សេនីយ៍ ​ឆាយ គឹមខឿន ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ នគរបាល​កំពុង​តាម​ចាប់​ខ្លួន​លោក​ឧត្ដម​នាវី​ទោ ​ហាស់ ​សុទ្ធា ​មេ​បញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម​ នៃ​កងទ័ព​ជើង​ទឹក ​និង​បុគ្គល​ពីរ​រូប​ទៀត ​ពាក់ព័ន្ធ​នឹង​ករណី​វាយ​តប់​រហូត​មាន​ផ្ទុះ​អាវុធ​ជាមួយ​ជនជាតិ​ចិន​មួយ​ក្រុម។​

នៅ​ពេល​សួរ​ថា​ការ​តាម​ចាប់​នេះ​មាន​ដីកា​ពី​តុលាការ​ខេត្ត​ព្រះ​សីហនុ​បង្គាប់​ឱ្យ​ចាប់​ខ្លួន ​ឬ​យ៉ាងណា ​ លោក​ ឆាយ គឹមខឿន​ បាន​ប្រាប់​ VOA​ យ៉ាងដូច្នេះ​ថា៖ ​«ករណី​នេះ​បញ្ជូន​ទៅ​តុលាការ​ហើយ​តើ!​ហើយ​បី​នាក់​ទៀត ​កំពុង​រត់​គេច​ខ្លួន។​ យើង​កំពុង​តាម​ចាប់»។

លោក​វរសេនីយ៍​ទោ ​ហេង គីមអាន ​អធិការ​នគរបាល​ក្រុង​កោះរ៉ុង ​បាន​បញ្ជាក់​ថា​ ករណី​ជម្លោះ​ហិង្សា​ខាង​លើ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ នៅ​ឆ្នេរ​ឋាន​សួគ៌ ភាគ​ខាងលិច​នៃ​កោះរ៉ុង​ ក្បែរ​ទីលំហែ​ម៉ាហ្វីយ៉ា។ ជម្លោះ​នេះ​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​រហូត​ដល់​ផ្ទុះ​អាវុធ។ ​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​នោះ​ទេ។​

ទី​លំហែ​ខាង​លើជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ​ទៀ វិចិត្រ ​កូន​ប្រុស​បង្កើត​លោក​នាយ​ឧត្ដម​នាវី ​ទៀ វិញ​ មេ​បញ្ជាការ​កង​ទ័ព​ជើងទឹក ​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។​

លោក​ លឹម ប៊ុនហេង ​អ្នក​នាំ​ពាក្យ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ បាន​បញ្ជាក់​ថា​ មាន​ជន​ពាក់ព័ន្ធ​ទាំង​អស់​ ១៩ ​នាក់​ ដែល​ត្រូវ​បាន​បញ្ជូន​ឈ្មោះ​មក​សាលា​ដំបូង​ខេត្ត​ ក្នុង​នោះ​ជនជាតិ​ចិន​ ១៦​នាក់។​ លោក​បញ្ជាក់​ថា ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ «បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»​ និង​ «បទ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ»។​

យ៉ាង​ណា​ក៏​ដោយ ​មន្រ្តី​តុលាការ​ខេត្ត​ព្រះសីហនុ​រូប​នោះ ​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​ថា​ បាន​ចោទ​ប្រកាន់​ពី​ថ្ងៃ​ណា ដោយ​ព្រះរាជ​អាជ្ញារ​ង​រូប​ណា​នោះ​ទេ ​ហើយ​លោក​ក៏​បដិសេធ​មិន​និយាយ​ចំ​ឈ្មោះ​ថា លោក ​ហាស់ សុទ្ធា ​ដែល​ជា​មេ​បញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម​នៃ​កងទ័ព​ជើង​ទឹក​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ឬ​អត់។​

«ប៉ុន្តែ​គ្រាន់​តែ​ថា​ សំណុំ​រឿង​នេះ ​វា​មាន​ការ​ស្មុគ​ស្មាញ​គ្នា​ច្រើន ​ហើយ​យើង​ត្រូវ​ការ​ស្រាវ​ជ្រាវ។ ​អ៊ីចឹង​ខ្ញុំ​អត់​អាច​ផ្ដល់​ថា​ ចំណាត់​ការ​ហ្នឹង​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​ទេ»។​

ប៉ុន្តែ​លោក ​ជួន ​ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ នគរបាល​ខេត្ត​មិន​ទាន់​បាន​ទទួល​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន ​ឬ​នាំ​ខ្លួន​ទាក់​ទិន​នឹង​ករណី​នោះ​នៅ​ឡើយ​ទេ។​

«សូម​អធ្យាស្រ័យ ​ខ្ញុំ​អត់​ទាន់​មាន​ទទួល​មាន​អ្វី​ទេ ​ព្រោះ​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើប​ [សួរ]​ កំពុង​អនុវត្ត​នីតិវិធី។ ​ខ្ញុំ​រង់ចាំ​តែ​អនុវត្ត​តាម​នីតិវិធី ​និង​អធិបញ្ជា​របស់​ចៅក្រម​និង​ព្រះរាជ​អាជ្ញា»។​

លោក​បន្ត​ថា​ ជនជាតិ​ចិន​ទាំង​ ១៦ ​នាក់​ កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង ​ហើយ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ ក្បែរ​តំបន់​ក្បាលឆាយ។ ​ប៉ុន្តែ​លោក​ថា​ អ្នក​ពាក់ព័ន្ធ​ ៣ ​នាក់​ទៀត​ ដែល​ជា​ជន​ជាតិ​ខ្មែរ​ បាន​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​ មុន​សមត្ថកិច្ច​ទៅ​ដល់។ ​លោក​ថា​ ភាគី​ជម្លោះ​មាន​របួស​ទាំង​សង។​

«ពេល​នោះ​មាន​របួស​សង​ខាង ​ហើយ​ខាង​ភាគី​ខ្មែរ​ដូច​ជា​មាន​ការ​ដឹក​ជញ្ជូន​ទៅ​មន្ទីរពេទ្យ»។​

មិន​មាន​ព័ត៌មាន​អំពី​មនុស្ស​ស្លាប់​នៅ​ក្នុង​ជម្លោះ​ប្រើ​អាវុធ​នេះ​ទេ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​ ២៨ ​ខែ​ឧសភា ​ទីបញ្ជា​ការដ្ឋាន​មូលដ្ឋាន​សមុទ្រ​រាម ​បាន​បដិសេធ​ថា​ ពុំ​មាន​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក ​ហាស់ សុទ្ធា ​ហើយ​នាយ​ទាហាន​ជើង​ទឹក​ផ្កាយ​ពីរ​រូប​នេះ ​ក៏​មិន​បាន​រត់​គេច​ខ្លួន​នោះ​ដែរ។ ​ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​បញ្ជាក់​នោះ​ទេ​ ថា​ លោក ហាស់ សុទ្ធា ​កំពុង​បំពេញ​តួនាទី​ធម្មតា​ ឬ​ក៏​កំពុង​ស្ថិត​នៅ​ទី​ណា​នោះ​ទេ។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បញ្ជាក់​ថា៖​ «មេ​បញ្ជាការ​មូលដ្ឋាន​សមុទ្រ​កងទ័ព​ជើង​ទឹក​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ជ្រាប​នូវ​អង្គ​ហេតុ ​ព្រម​ទាំង​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ វាយ​តម្លៃ​យ៉ាង​ល្អិត​ល្អន់​រួច​ហើយ ​ចំពោះ​ករណី​ហិង្សា​មក​លើ​លោក ​ហាស់ សុទ្ធា ​និង​មិត្ត​ភក្ដិ»។​

សេចក្ដី​ថ្លែង​ការណ៍​បន្ថែម​ថា៖ ​«អង្គភាព​បាន​ត្រៀម​ចូល​រួម​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ពាក់ព័ន្ធ ​ដើម្បី​បញ្ជូន​លោក ​ហាស់ សុទ្ធា ​ចូល​ខ្លួន​ទៅ​បំភ្លឺ ​តាម​ការ​កោះ​ហៅ​របស់​កង​កម្លាំង​សមត្ថកិច្ច​និង​ស្ថាប័ន​តុលាការ»។​

លោក​ឧត្ដម​នាវី​ឯក ​អ៊ុក សីហា ​មេ​បញ្ជា​ការ​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ។ ​VOA​ ក៏​មិន​ទាន់​អាច​ទាក់ទង​លោក ​ហាស់ សុទ្ធា​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ដែរ។​

លោក​ អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ជំរុញ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់​ចត់​លើ​ករណី​នេះ ​ហើយសមត្ថ​កិច្ច​ត្រូវ​តាម​ចាប់​ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​ខុស ​ដោយ​មិន​ផ្អឹប​សំណុំ​រឿង​ទុក។​

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ​បាន​បន្ត​ថា កន្លង​ទៅ ​លោក​សង្កេត​ឃើញ​ថា ទាល់​តែ​មាន​ការ​បញ្ជា​ឬ​ថ្លែង​របស់​នាយក​រដ្ឋ​មន្រ្តី ​ទើប​សមត្ថ​កិច្ច​និង​តុលាការ​មាន​ចំណាត់​ការ​ចំពោះ​ករណី​ដែល​អ្នក​មាន​អំណាច ​ឬ​សែ​ស្រឡាយ​របស់​អ្នក​មាន​អំណាច​ជាប់​ពាក់​ព័ន្ធ ​ឲ្យ​ពួក​គេ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG