ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសស្នើសុំឱ្យបរទេស ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាពិចារណាឡើងវិញនូវការផ្តល់ជំនួយមកដល់ប្រទេសកម្ពុជាដោយកុំធ្វើដូចជាមិនមានរឿងអ្វីកើតឡើងដូចក្នុងពេលកន្លងមក។
ថ្លែងប្រាប់សហគមន៍ខ្មែរអាមេរិកាំងនៅរដ្ឋធានីវ៉ាស៊ីនតោននិងក្នុងកម្មវិធី Hello VOA លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ស្ថានការណ៍សព្វថ្ងៃនេះតម្រូវឱ្យទាំងខ្មែរទាំងអន្តរជាតិយកចិត្តទុកដាក់កុំបណ្តោយឱ្យរដ្ឋាភិបាលកម្ពុជាធ្វើអ្វីតាមចិត្ត។
លោកបានបន្ថែមថា៖
«ដូច្នេះខ្ញុំបានស្នើឱ្យថ្នាក់ដឹកនាំសហរដ្ឋអាមេរិកឱ្យប្រទេសជាមិត្តទាំងអស់សូមឱ្យពិនិត្យឡើងវិញជំហររបស់ខ្លួន គម្រោងរបស់ខ្លួន ផែនការរបស់ខ្លួន សេចក្តីសម្រេចរបស់ខ្លួនទាក់ទងទៅនឹងប្រទេសកម្ពុជា ដែលបានគិតគូរដែលបានរៀបចំ៦ខែមុននោះ សូមឱ្យគិតឡើងវិញ សូមឱ្យផ្អាក សូមឱ្យព្យួរពីព្រោះស្ថានការណ៍នេះគ្រោះថ្នាក់ធំ។ កុំធ្វើមិនដឹងមិនឮដូចធម្មតា»។
លោក សម រង្ស៊ី ដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលនិងសមាជិកសភាមួយចំនួន បានរៀបរាប់ពីស្ថានការណ៍នៅប្រទេសកម្ពុជាប្រាប់ VOA ថា៖
«នៅប្រទេសកម្ពុជាមានវិបត្តិនយោបាយមួយដ៏ធ្ងន់ធ្ងរយើងហៅថា មានភាពអាសន្នក៏បានដែរពីព្រោះតាំងពីរដ្ឋប្រហារឆ្នាំ១៩៩៧មក ស្ថានការណ៍មិនដែលមានលក្ខណៈតានតឹងដូចសព្វថ្ងៃកម្តៅនយោបាយមិនក្តៅ ឆេះរលាកដូចសព្វថ្ងៃទេ»។
លោកស្នើសុំឱ្យអន្តរជាតិអន្តរាគមន៍ដើម្បីឱ្យស្ថានការណ៍បានវិលត្រឡប់ទៅសភាពការណ៍ដើមវិញគឺឱ្យមានការដោះលែងអ្នកដែលកំពុងជាប់ពន្ធនាគារ ទាំងអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងបញ្ឈប់រាល់ការប៉ុនប៉ងចាប់អ្នកនយោបាយប្រឆាំងតទៅទៀត។
(ទស្សនាការផ្សាយផ្ទាល់តាម Facebook៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជួបសំណេះសំណាលជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦)
កាលពីចុងសប្តាហ៍មុន សហគមន៍ខ្មែរនៅក្រៅប្រទេសដែលមានសហរដ្ឋអាមេរិក កាណាដា បារាំងនិងអូស្ត្រាលី បានធ្វើបាតុកម្មក្នុងពេលព្រមៗគ្នាប្រឆាំងនឹងការចាប់សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយដាក់ពន្ធនាគារនេះ។ ពួកគេក៏ស្នើឱ្យមានការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន១៨ កាលពីឆ្នាំ១៩៩១ និងឱ្យបង្កើតក្រុម«ទាក់ទងកម្ពុជា»សម្រាប់ធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងពេលខាងមុខនៅកម្ពុជា។
លោក សម រង្ស៊ី បានចាត់ទុកថាជា«ការផ្តួចផ្តើមគំនិតដ៏ល្អ»។ លោកបានបន្ថែមទៀតថា៖
«ឥឡូវប្រទេសកម្ពុជាយើងបានឃ្លាតចាក ឃ្លាតឆ្ងាយពីផ្លូវប្រជាធិបតេយ្យ ដូច្នេះប្រទេសដែលជាហត្ថលេខីហ្នឹងត្រូវតែចេញមក។ ខ្លួនបានសន្យាបានធានាឥឡូវនេះត្រូវតែបំពេញពាក្យសន្យារបស់ខ្លួនត្រូវតែជួយប្រទេសកម្ពុជាឱ្យត្រឡប់មកផ្លូវប្រជាធិបតេយ្យវិញ»។
គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែ។ លោក កឹម សុខា អនុប្រធានគណបក្សកំពុងសំងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សក្នុងទីក្រុងភ្នំពេញ ដើម្បីគេចចេញពីការតាមចាប់ខ្លួន។
មិនមានទាន់មានសញ្ញាណាមួយដែលថាថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនឹងជួបចរចាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះនៅឡើយទេ។
(ទស្សនាការផ្សាយផ្ទាល់តាម Facebook អំពីកម្មវិធី Hello VOA ពិសេស ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងនយោបាយកម្ពុជាបច្ចុប្បន្ន)
លោក សម រង្ស៊ី បានពន្យល់ថា នេះគឺដោយសារតែគណបក្សកាន់អំណាចគឺអាងកងកម្លាំងប្រដាប់អាវុធ។
លោកបានបន្ថែមថា៖ «គណបក្សកាន់អំណាចសព្វថ្ងៃគិតខុសហើយថា គំរាមកំហែងធ្វើឱ្យប្រជារាស្រ្តបាក់ទឹកចិត្តមិនមែនអីចឹងសោះគំរាមកំហែងដូចសព្វថ្ងៃនេះ ធ្វើឱ្យប្រជារាស្រ្តគាំទ្រគណបក្សសង្គ្រោះជាតិកាន់តែខ្លាំងថែមទៀត»៕