ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​​ព្រមាន​រដ្ឋ​មន្ត្រី​ចំពោះ​ការ​ផ្តល់​អត្ថាធិប្បាយ​ខុសគ្នា​ក្នុង​ករណី​ពុល​ស្រា​និង​ទឹក​នៅ​ខេត្ត​ក្រចេះ


នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដែល​ផ្តល់​ឲ្យ​ដោយ​នគរបាល​ជាតិ​កម្ពុជា បង្ហាញ​អ្នកជំងឺ​សម្រាក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្តក្រចេះ នៃ​ប្រទេស​កម្ពុជា។
នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដែល​ផ្តល់​ឲ្យ​ដោយ​នគរបាល​ជាតិ​កម្ពុជា បង្ហាញ​អ្នកជំងឺ​សម្រាក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្តក្រចេះ នៃ​ប្រទេស​កម្ពុជា។

កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​ ​ពលរដ្ឋ​ក្នុង​ភូមិ​ពីរ​​ខេត្ត​ក្រចេះ​ ​មាន​រោគ​សញ្ញា​​ ​រហូត​បណ្តាល​ឲ្យ​ស្លាប់​១៣​នាក់​ ​និង​​ជាង​២០០​នាក់ ធ្លាក់​ខ្លួនឈឺ​ធ្ងន់​ចូល​សម្រាក​ក្នុង​ពេទ្យ។​

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បាន​ខឹង​សម្បារ​និង​ស្តី​បន្ទោស​ធ្ងន់ៗ​ដល់​រដ្ឋមន្ត្រី​បី​រូប​ចំពោះ​ការ​ចេញ​របាយការណ៍​ផ្ទុយ​គ្នា​ ​លើ​ករណី​ពុល​ស្រា​ និង​ទឹក​ក្នុង​ខេត្ត​ក្រចេះ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​១៣​នាក់​ស្លាប់​និង​ជាង​២០០​នាក់​ចូល​មន្ទីរពេទ្យ។​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ​ ​លោក​ ហ៊ុន សែន​ បានស្តី​បន្ទោស​ ​និង​ព្រមានដក​រដ្ឋ​មន្ត្រី​ចេញ​ពី​តំណែងចំពោះ​ការ​ចោទ​ដាក់​គ្នា​នៅ​ក្នុង​ករណី​ពុល​ស្លាប់​ ​នៅ​ខេត្ត​ក្រចេះ។​ ​លោក​បន្តរ​ថា​ ការណ៍​នេះ​បាន​កើត​មាន​ឡើង ​ក្រោយ​រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហ​កម្ម​ ​និង​សិប្បកម្ម​ចោទ​ថា​ ​ការ​ពុល​ស្លាប់អ្នកភូមិ​ក្នុង​ខេត្ត​ក្រចេះ​គឺ​មកពី​កំហាប់​ខ្ពស់​នៃ​ជាតិ​ស្ស៊ានីដ​ ​(Cyanide)​ ​ដែល​អាច​ហូរ​ចេញ​ពី​កន្លែង​ធ្វើ​រ៉ែ​នៅ​ផ្នែក​ខាង​លើ​នៃ​ព្រែក​ទេរ​ ដែល​នាំ​ដល់​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចោទ​ទាត់​ចោល​ និង​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។​ ​លោក​ក៏​បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ទាំង​នោះ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​សារព័ត៌មានមុន​បញ្ជូនរ​បាយ​ការណ៍​ទៅ​ដល់​ដៃ​លោក។

ក្នុង​វីដេអូ ដែល​ថត​ចេញ​ពី​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​ និង​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្ធផ្សាយ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​គឺ Fresh News​ ​លោក​ ​ហ៊ុន សែន​ ថ្លែង​ថា៖​

«ទាក់ទង​នឹង​បញ្ហា​ពុល​នៅ​ខេត្ត​ក្រចេះ​ ​យើង​បាន​ប្រគល់​ភារកិច្ច​នេះ​ឱ្យ​ក្រសួង​សុខាភិបាល​តំាង​ពី​ដើមទី​ ​ហើយ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ផ្សព្វ​ផ្សាយ​ ​ហើយ​យក​ជា​ផ្លូវ​ការ​រួច​ស្រេច​ហើយ។​ ហេតុ​អ្វី​ចាំ​បាច់​មាន​អត្ថាធិប្បាយ​ ​និង​លើ​បញ្ហា​នេះ​បញ្ហា​នោះ​បន្ថែម​ទៀត​ ដែល​បង្កើត​ឱ្យ​ទៅ​ជា​ជម្លោះ​រវាង​រដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ នៅ​ក្នុង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ ​ក្នុង​ពេល​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​មិន​បាន​ដឹង»។​

កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​ ​ពលរដ្ឋ​ក្នុង​ភូមិ​ពីរ​នៃឃុំ​កន្ទួត​ ​ស្រុក​ចិត្របុរី​ ​ខេត្ត​ក្រចេះ​ ​មាន​រោគ​សញ្ញាឈឺពោះ​ ​ក្អួត​ ​ឈឺក​ ​អស់​កម្លាំង​ ​ទន់​ដៃ​ទន់​ជើង​ ​វិល​មុខ​ ​និង​ថប់​ដង្ហើម​ ​រហូត​បណ្តាល​ឲ្យ​ស្លាប់​១៣​នាក់​ ​និង​ពល​រដ្ឋ​ជាង​២០០​នាក់ ធ្លាក់​ខ្លួនឈឺ​ធ្ងន់​ចូល​សម្រាក​ក្នុង​ពេទ្យ។​ ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ជា​បន្ទាន់​ ដោយ​ចោទ​ការ​ស្លាប់​នោះ​ទៅ​លើ​ករណី​ពុល​ស្រា​ ​និង​ជាតិ​គីមី​ខ្ពស់​ក្នុង​ទឹក។ យ៉ាង​ណា​ក៏​ដោយ​ ​ករណី​នេះ​ត្រូវ​បាន​ស៊ើប​អង្កេត​ ​និង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ដោយ​ក្រសួង​ជា​ច្រើន​ រួម​មាន​ក្រសួង​សុខាភិបាល​ ក្រសួង​ឧស្សាហ​កម្ម​ ​និង​សិប្បកម្ម​ ​ក្រសួងរ៉ែ​ និង​ថាម​ពល​ និង​ក្រសួង​បរិស្ថាន​ផង​ដែរ។​

​កាល​ពី​ដើម​សប្តាហ៍​នេះ​ ​លោក​ ​ចម ប្រសិទ្ធិ​ ​រដ្ឋ​មន្ត្រី​ឧស្សាហ​កម្ម​ ​និង​សិប្បកម្ម ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ក្រសួង​បាន​រក​ឃើញ​កំហាប់​ជាតិ​ស្ស៊ានីដ​ ​(Cyanide)​ ​ខ្ពស់​នៅ​ក្នុង​ទឹក​ព្រែកទេរ​ ដែល​ហូរ​ចាក់​ពី​ខេត្ត​មណ្ឌល​គិរី។​ ​លោក​ ​ចម ប្រសិទ្ធិក៏​បាន​ចោទ​ថា​ ការ​ធ្វើ​រ៉ែមាស​ ​ដោយ​ប្រើ​ជាតិ​ស្ស៊ានីដ​ ​និង​បង្ហូរ​ចូល​ព្រែកទេរ​គឺ​ជា​ដើម​ហេតុ​បណ្តាល​ឱ្យ​ពល​រដ្ឋពុល​ស្លាប់នៅ​ខេត្ត​ក្រចេះ។​ ​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ ​ចម ប្រសិទ្ធិ​ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ​ ​ដោយ​រដ្ឋម​ន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល​ ​គឺ​លោក​ ​ស៊ុយ សែម។​

ទោះយ៉ាង​ណា ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​បី​រូប​គឺរដ្ឋ​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ ក្រសួង​ឧស្សាហ​កម្ម​ ​និង​សិប្បកម្ម​ ​និងក្រសួង​រ៉ែ​ និង​ថាមពលបញ្ចប់​បញ្ហា​ប្រឈម​គ្នា​នោះ។​

«អស់​លោក​ត្រូវ​គោរព​ឋានានុក្រម​នៃ​ការ​ធ្វើការ​ផង​បានទេ? ​កុំ​ទទឹង​ទិស​បាន​ទេ?​ ហើយ​កុំឱ្យ​យក​ឈ្នះ​ខ្លួន​ឯង​បាន​ទេ ​កុំ​គិត​តែ​ពី​ឈ្នះ​ ​ដោយ​ខ្វះការ​ទទួល​ខុស​ត្រូវ​បាន​ទេ?​ ​ខ្ញុំ​មិន​ចង់!​ ​ខ្ញុំគិត​ថា​ វា​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ​ ​ហាក់​ដូច​ជា​កូន​ក្មេង​បៀមដៃ​ ​សាច​ទឹក​ដាក់​គ្នា​ ​មួយ​ចោទ​ទៅ​មួយៗ។​ ​ក្នុង​ពេល​ដែល​មាន​របាយ​ការណ៍ នរណា​តាម​ដាន​សភាព​ ​ការណ៍​នេះ​លើស​ពី​ខ្ញុំ​ទៅ​ទៀត?​ ​ក្រសួង​សុខា​ភិបាល​គេ​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ ​ហើយ​មុន​នឹង​ចុះ​ផ្សាយ​ការងារ​នេះ​ ​បង​ ​ម៉ម ប៊ុនហេងបាន​ស្នើ​មក​ខ្ញុំ!​ ខ្ញុំ​ស្នើ​ឱ្យ​មាន​ការ​ប្រកាស​បន្ទាន់​នៅ​ក្នុង​ពេល​ដែល​មាន​ការ​ទាក់​ទង​ក្នុង ​Whatsapp»។​

បញ្ហា​ចេញ​របាយ​ការណ៍​ផ្ទុយ​គ្នា​នេះ​ត្រូវ​បាន​បញ្ចប់​ ​ដោយ​ការ​ចុះ​ហត្ថ​លេខា​របស់​រដ្ឋ​មន្ត្រី​ទាំង​បី​រូប​លើសេចក្តី​ថ្លែង​ការណ៍​រួម​ ​ដោយ​ឯកភាព​ថា​ ករណី​ពុល​នៅ​ខេត្ត​ក្រចេះនេះ​គឺ​ករណី​ពុល​ស្រា​ ​និង​ការ​ប្រើប្រាស់​ជាតិ​គីមី​ខ្ពស់​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​សត្វលិ្អត​ និង​ស្មៅ​ក្នុង​ចម្ការ​នា​នា​នៅ​ផ្នែក​ខាង​លើ​នៃ​ព្រែក​ទេរ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នកវិភាគ​ និង​ឃ្លាំ​មើល​ស្ថាន​ការណ៍​ក្នុង​ប្រទេស​កម្ពុជា​ ប្រាប់​ ​VOA​ ​ថា​ វា​ជា​រឿង​ធម្មតា​ដែល​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ចេញ​មក​ដើម្បី​បំបាត់​ការ​ប្រេះឆា​ ​និង​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​របាយណ៍​របស់​រដ្ឋ​មន្ត្រី​របស់​លោក។​ ​លោកលើក​ឡើង​ថា​ កិច្ច​អន្តរាគមន៍​របស់លោក​ ​ហ៊ុន សែន​ ​គឺ​អាច​កាត់​បន្ថយ​បញ្ហា​មួយ​ចំណែក​ ​ក៏​ប៉ុន្តែ​ភាព​មន្ទិល​សង្ស័យ​របស់​ពល​រដ្ឋ​ខ្មែរ​ ​និង​ការ​ប្រេះ​ឆា​របស់​រដ្ឋ​មន្ត្រី​នៅ​តែ​មាន។​

«វា​អាច​ជួយ​កាត់​បន្ថ​យភាព​មិន​ច្បាស់លាស់​ពី​មុនៗ​ ​ក៏​ប៉ុន្តែ​វាមិន​អាច​បំបាត់​ហ្អាការ​ដែល​មាន​ភាព​សង្ស័យ​ និង​ភាព​មន្ទិល​សង្ស័យ​នា​នា​ ដែល​ភស្តុតាង​មុន​ ​ដែល​រដ្ឋ​មន្ត្រី​មុន​ឱ្យ​ទៅ​វា​ខុស​ទៅ​ហើយ។​ អីចឹងវាអត់​អាច​លុប​បាត់​ទាំង​ស្រុង​នោះ​ទេ​ តែ​វាអាច​ជួយ​បាន​ខ្លះ។​ ​ទោះ​វា​អត់​បាន​ជួយ​ឱ្យ​បាត់​ទាំង​ស្រុង​ ​តែ​វា​អាច​ជួយ​កាត់​បន្ថយ​ហានីភ័យ​មួយ​ចំនួន​ ​ដែល​ពាក់ព័ន្ធ​ការ​បាត់​ជំនឿ​ទុកចិត្ត​ពី​ប្រជា​ពល​រដ្ឋ​ មើល​ទៅ​វា​បាត់នូវ​រូបភាព​ប្រេះស្រាំ​ នៅ​ក្នុង​ជួរ​គណៈ​រដ្ឋមន្ត្រី​ ​នៅ​ក្នុង​ភាព​ទំនាក់​ទំនងរដ្ឋ​មន្ត្រី​ និង​រដ្ឋ​មន្ត្រី​ ​វា​អត់​បាន​កសាង​ជំនឿ​ទុក​ចិត្ត​និងគ្នាទេ! ​អីចឹង​បាន​មាន​ការ​ចេញ​ខ្លឹម​សារ​គោល​ការណ៍​វា​ផ្សេង​គ្នា​រហូត​ហ្នឹង​ហ្អា»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រសួង​ឧស្សាហ​កម្ម​ ​និង​សិប្បកម្ម​ ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​លោក​ ​ចម ប្រសិទ្ធិ​ ​ត្រូវ​បាន​បំបែក​ចេញពីក្រសួង​ឧស្សាហកម្ម​ ​រ៉ែ​និង​ថាមពល​នៅ​ក្នុង​ឆ្នាំ​២០១៣​ ដែល​ស្ថិត​ក្រោមការ​គ្រប់គ្រង​ដោយ​លោក​ ​ស៊ុយ សែម​ ​អស់​ជា​ច្រើន​ឆ្នាំ។

យ៉ាងណា​ក៏ដោយ​ ​លោក​ ​ហ៊ុន សែនបាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ផង​ដែរ​ថា​ កំហុស​ឆ្គង​របស់​រដ្ឋម​ន្ត្រី​ខ្លួន​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់លោក​ ​ក៏ប៉ុន្តែ​បាន​ព្រមាន​រដ្ឋមន្ត្រី​ទាំង​នោះ​ ​ជា​លើក​ចុង​ក្រោយ​ថា​ មិន​ឱ្យ​ចេញ​ព័ត៌មាន​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​ ​នៅមុន​ការ​រាយណ៍​មក​រូប​លោក​ ​ប្រសិន​បើ​រដ្ឋ​មន្ត្រី​ទាំង​នោះ​ចង់​ស្ថិត​ក្នុង​អំណាច​របស់​ខ្លួន៕

XS
SM
MD
LG