ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ឲ្យ​មហា​អំណាច​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​ទទួល​ខុស​ត្រូវ​​​


រូប​ឯកសារ៖ លោក​សេនាប្រមុខ លន់ ណុល ឆ្នាំ​១៩៧៥។ ក្នុង​រូបថត​ថ្ងៃ​ទី​២៩ ខែ​​មីនា ឆ្នាំ​១៩៧៥ ​នេះ លោក​ប្រធានាធិបតី​ លន់ ណុល បាន​សម្រេច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​ទទួល​បា​ន​ជំនួយ​ពី​​សហរដ្ឋ​អាមេរិក​សម្រាប់​កម្ពុជា។ (AP Photo) /Neal Ulevich
រូប​ឯកសារ៖ លោក​សេនាប្រមុខ លន់ ណុល ឆ្នាំ​១៩៧៥។ ក្នុង​រូបថត​ថ្ងៃ​ទី​២៩ ខែ​​មីនា ឆ្នាំ​១៩៧៥ ​នេះ លោក​ប្រធានាធិបតី​ លន់ ណុល បាន​សម្រេច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​ទទួល​បា​ន​ជំនួយ​ពី​​សហរដ្ឋ​អាមេរិក​សម្រាប់​កម្ពុជា។ (AP Photo) /Neal Ulevich

សម្តេច​ឪ​ត្រូវ​បាន​ទម្លាក់​ចេញ​ពីមុខ​តំណែង​ជា​ប្រមុខរដ្ឋ​កាលពី​ថ្ងៃ​ទី១៨​ខែ​ មិនា​ឆ្នាំ​១៩៧០​ ដោយ​ក្រុម​របស់​លោក​សេនា​ប្រមុខ​ លន់ នល់ ​ហើយ​ត្រូវ​គេ​សង្ស័យ​ថា​ ស.រ.អា.​​នៅ​ពី​ក្រោយ។​ ក្រោយ​មក​ព្រះ​អង្គ​បាន​បង្កើត​ចលនា​តស៊ូ។ បន្ទាប់ពី​នោះមក​​ ​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល។

លោក​ ហ៊ុន សែន ​នាយករដ្ឋន្ត្រី​កម្ពុជា​បានបើក​កកាយ​រឿង​ប្រវត្តិសាស្ត្រ​ ​មួយ​ថ្ងៃ​មុន​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី២៤​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ដោយ​លោក​ទាមទារ​ថា​ អ្នក​បង្កើត​សង្រ្គាម​ និង​អ្នក​ទម្លាក់​សម្តេច​ព្រះ​ នរោត្តម ​សីហនុ​ ចេញ​ពី​អំណាច​ ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រទេស​កម្ពុជា។​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានថ្លែង​ដូច្នេះ​ជា​សាធារណនៅ​ពេល​ដែល​លោក​ចូលរួម​ជា​អធិបតី​ពិធី​សម្ពោធ​ស្ពាន​មួយ​កន្លែង​ដែល​ជា​ជំនួយ​របស់ចិន។​

មួយ​ថ្ងៃ​មុន​ខួប​២៤​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ឆ្លៀត​ឱកាស​ក្នុង​ពិធី​សម្ពោធន៍​ស្ពាន​ជ្រោយចង្វារ​ទី២​ ដែល​ចិន​ផ្តល់​ជំនួយ​នោះ​ ដោយ​លោក​ទាមទារ​ឲ្យ​អ្នក​បង្កើត​សង្គ្រាម​នៅ​ឆ្នាំ​១៩៧០​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អន្តរាយ​ដែល​កើត​ឡើង​ចំពោះ​ប្រទេស​កម្ពុជា​កាលពី​អតីតកាល។​

«ប្រសិន​បើ​គ្មាន​សង្គ្រាម​នៅ​ឆ្នាំ​១៩៧០​ទេ​ ប្រហែល​ជា​ប្រទេស​យើង​មាន​ការ​រីក​លូតលាស់​ឆ្ងាយ​ណាស់។​ តើ​អ្នកដែល​បង្កើត​សង្គ្រាម​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​បែប​ណា?​ ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ខួប​នៃ​ទីក្រុង​ប៉ារីស ​គេ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​យ៉ាងហោចណាស់​ខាង​សីលធម៌​ផង​ដែរ​ ​ប្រសិន​បើ​គេ​មិន​ ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​និង​ការ​ស្លាប់​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នៅ​ក្នុង​ដំណាក់​កាល​សង្គ្រាម​និង​ក្នុង​ដំណាក់​កាល​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត ​នោះ»។​

នៅ​ចំពោះ​មុខ​ឯក​អគ្គរដ្ឋទូត​ចិន​ លោក​ ហ៊ុន សែន​ បាន​ពោល​ពាក្យ​កោត​សរសើរ​ចិន​ខ្លាំង​ដូច​សព្វ​ដង។​ តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មិន​បាន​និយាយ​លម្អិត​ ចំៗ​ថា ​តើ​នរណា​ជា​អ្នក​បង្កើត​សង្គ្រាម ​និង​ទម្លាក់​សម្តេច​ព្រះ​ នរោត្តម​ សីហនុ នោះ​ទេ។​ ​ហើយ​លោក​ក៏​មិន​បាន​និយាយ​ថា​ តើ​កម្ពុជា​ជួប​មហន្តរាយ​អ្វីខ្លះ​នោះ​ទេ។ ​ លោក​បាន​និយាយ​ថា​ ពួក ​ប៉ុល ពត​ កើត​ ឡើង​ដោយសារ​ការ​ទម្លាក់​សម្តេច​ព្រះ​ នរោត្តម ​សីហនុ​ចេញពី​មុខ​តំណែង​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ខុស​ច្បាប់​នៅ​ឆ្នាំ​១៩៧០។​

«បើ​សិន​ណា​ព្រះ​ករុណា ​ព្រះបិតា ​ព្រះអង្គ​នៅ​បន្ត​គ្រប់គ្រង ​វា​អត់ចាំ​បាច់​ ធ្វើ​កិច្ច​ព្រម​ព្រៀង​ក្រុ​ងប៉ារីស​ទេ​ ហើយ​វា​មិន​ចាំ​បាច់​នឹង​ត​ស្ពាន​ពាក់​ កណ្តាល​ ដោយ​ជប៉ុន​នោះ​ដែរ ព្រោះ​ឆ្នាំ​១៩៧២ ​ស្ពាន​ជ្រោយចង្វារ​ត្រូវ​បាន​កាត់​ផ្តាច់ ​ហើយ​ពី​ឆ្នាំ​១៩៩២​ដល់​១៩៩៥​បាន​ចាប់​ផ្តើមតភ្ជាប់​ស្ពាន​នេះ​ ឡើង​វិញ។ ​អញ្ចឹង​រឿង​វា​មាន​ហេតុផល​របស់​វា​អញ្ចឹង។​ តែ​ថ្ងៃ​នេះ​អ្វីៗ​ វា​បាន​កន្លង​ផុត ដែល​ហៅ​ថា​ ប្រវត្តិសាស្ត្រ​ គឺ​វា​មាន​ឫស​គល់​របស់​វា»។​

សម្តេច​ឪ​ត្រូវ​បាន​ទម្លាក់​ចេញ​ពីមុខ​តំណែង​ជា​ប្រមុខរដ្ឋ​កាលពី​ថ្ងៃ​ទី១៨​ខែ​ មិនា​ឆ្នាំ​១៩៧០​ ដោយ​ក្រុម​របស់​លោក​សេនា​ប្រមុខ​ លន់ នល់ ​ហើយ​ត្រូវ​គេ​សង្ស័យ​ថា​ ស.រ.អា.នៅ​ពី​ក្រោយ។​ ក្រោយ​មក​ព្រះ​អង្គ​បាន​បង្កើត​ចលនា​តស៊ូ។ បន្ទាប់ពី​នោះមក ​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល។​ ហើយ​របប​ខ្មែរក្រហម​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។​ ទោះជា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​មិន​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​រឿង​មហន្តរាយ​របស់​កម្ពុជា​នេះ​ឲ្យ​ចំៗ​ទៅ​ដល់​ប្រទេស​ ឬ​ក្រុមណា​មួយ​ជាក់​លាក់​ក្តី​ តែ​ក្រុមអ្នក​តាមដាន​ស្ថាន​ការណ៍​កម្ពុជា​បាន​និយាយ​ថា ​លោក​ហ៊ុន សែន​និយាយ​សំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។​

លោក ​អ៊ូ វីរៈ​ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា៖​

«តែ​ខ្ញុំជឿ​ជាក់​ថា ​សម្តីរបស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​គឺ​គាត់​និយាយ​សំដៅ​ទៅ​លើ​ស.រ.អា.​ ​ដែល​កាល​នោះ​គាំទ្រ​របប​ លន់ នល់​ រួមទាំង​បានទម្លាក់​គ្រាប់បែក​មក​លើ​ប្រទេស​កម្ពុជា​ច្រើន​មែនទែន ​រាប់​តោន​នៃ​គ្រឿង​ផ្ទុះ​មក​លើ​កម្ពុជា​ ដែល​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ ព្រាត់​ប្រាស់​យ៉ាង​ច្រើន។ ​គាត់​សំដៅ​ទៅ​លើ​រឿង​ហ្នឹង។​ តែ​បើ​សិន​ជា​យើង​ចង់​ឈាន​ទៅ​ដល់​ការ​ជជែកគ្នា​អំពី​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ​ហើយ​រៀន​ជា​មេរៀន​ ខ្ញុំ​ស្វាគមន៍។​ ខ្ញុំ​ថា​ ជា​រឿង​មួយ​ល្អ»។​

លោក​បាន​បន្ថែម​ថា​ បើ​គេ​ចង់​ជជែក​អំពី​ប្រវត្តិសាស្ត្រ​នេះ ​គេ​ត្រូវ​ជជែក​ពី​ តួនាទី​របស់​ចិន​ និង​វៀតណាម ​ដែល​គាំទ្រ​ខ្មែរក្រហម​ តួនាទី​រុស្ស៉ី ​ដែល គាំទ្រ​វៀតណាម ​មិនត្រឹម​តែ​តួនាទី​ស.រ.អា.​ទេ។ ​ហើយ​លោក​ថា​ ជា​ពិសេស​ទៅទៀត​នោះ​គឺ​ដល់​ពេល​ដែល​ត្រូវ​ជជែក​លើ​បញ្ហា​បំណុល​ ដែល​លោក​ចាត់​ទុក​ថា ​ជា​បំណុល​ឈាម​ដែល​គួរ​ត្រូវ​លុប​ចោល​ទាំងអស់​ រួមទាំង​បំណុល​ក្នុងរូបភាព​ជំនួយ​ដែល​កម្ពុជា​ជំពាក់​សម័យ​សង្គ្រាម។​

ចំណែក​លោក​ សឺន ស៊ូបែរ្តិ៍ ​អ្នកឃ្លាំមើល​នយោបាយ​កម្ពុជា​ និង​ជា​អតីតសមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​អះអាង​ថា​ កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៧០​ជា​សមរភូមិ​របស់​មហាអំណាច​ ហើយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ មិន​បាន​អនុវត្ត​ពេញលេញ​ទេ។ ​លោក​ទទូច​ថា ​ប្រទេស​ទាំងអស់​ រួមទាំង​អ.ស.ប.ត្រូវ​ជួយ​កម្ពុជា​ម្តង​ទៀត។​

«ក្នុង​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីស​ វាមិន​ត្រឹមត្រូវ​រួច​ទៅ​ហើយ​ ម៉្លោះ​ហើយ​ មហាអំណាច​ទាំងប្រាំ ​និង​ប្រទេស​ទាំងអស់​១៨​ រួមទាំង​អ.ស.ប.​ ផង​នោះ ​គួរណាស់​មើល​ឡើង​វិញ​នូវ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ មិនបាន​ត្រឹម​ត្រូវហ្នឹង​ ហើយកែ​ សុំឲ្យ​ខ្មែរយើង​កែ​ពី​ការ​ខ្វះខាត​អស់​ហ្នឹង​ ហើយ​ជាពិសេស​ក្នុង​រឿង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សំដែង​មតិ​របស់​គេ»។​

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP PHOTO ERIC FEFERBERG
រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP PHOTO ERIC FEFERBERG

ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​កម្ពុជា​ខ្លះមើល​ឃើញ​ផ្សេងៗ​គ្នា​អំពី​ការ​វិវត្ត​របស់កម្ពុជា​រយៈ​ពេល​២៤ឆ្នាំ​កន្លង​មក​ ក្រោយពីភាគី​ជម្លោះ​ខ្មែរ​ទាំងបួន​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​សង្គ្រាមកាលពី​ថ្ងៃ​២៣ ​ខែតុលា​ឆ្នាំ​១៩៩១។​បណ្តាប្រទេស​ទាំង​១៨ ​និង​អ.ស.ប.បាន​សន្យា​ថា​ នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​មាន​របប​ប្រជា​ធិបតេយ្យ ​សេរី​និយម​ពហុបក្ស​ ធានា​បូរណភាព​ទឹកដី​ ហើយនឹង​ការ​អភិវឌ្ឍពេញលេញ។

ក្រុម​អ្នក​តាម​ដាន​ខ្លះ​យល់​ថា​ កម្ពុជា​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ទេ​ ជា​ពិសេស​លើ​បញ្ហា​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​ជា​មូលដ្ឋាន​សំខាន់​នៃ​យុត្តិធម៌​សម្រាប់​ការ​អភិវឌ្ឍ ​ហើយនឹង​ការ​រួមគ្នា​ការពារ​បូរណភាព​ទឹកដី។ តែ​មតិខ្លះ​និយាយ​ថា​ កម្ពុជា​មាន​ការ​ជឿន​លឿន​ជាង​មុន​ បើ​ធៀប​នឹង​២០​ឆ្នាំ​កន្លង​ទេ៕

XS
SM
MD
LG