លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃចន្ទ បានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសចិនដើម្បីរឹតចំណងទ្វេភាគីឱ្យកាន់តែស្អិតរមួត ខណៈអ្នកវិភាគមើលឃើញថា កម្ពុជាកំពុងស្វែងរកជំនួយ និងកម្ចីបន្ថែមពីចិន។
នេះជាគឺជាដំណើរទស្សនកិច្ចលើកទី ១ របស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិនក្រោយពីលោកបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ហើយបានបំពេញតួនាទីជាប្រធានព្រឹទ្ធសភាកម្ពុជា។ ដំណើរទស្សនកិច្ចនេះប្រពឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ដោយលោកនឹងជួបជាមួយលោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាបក្សកម្មុយនីស្ត និងជាប្រធានាធិបតីចិន និងមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ខណៈឆ្នាំ ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន កំពុងឈានដល់ទីបញ្ចប់ ដំណើរទស្សនកិច្ចជាលើកទីមួយរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សាធាណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធានព្រឹទ្ធសភា នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹងចំណងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀតនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានកម្រិតខ្ពស់និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី»។
ដំណើររបស់លោក ហ៊ុន សែន ធ្វើឡើងភ្លាមៗក្រោយដំណើរទស្សកិច្ចទៅចិនរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាដែលទើបឡើងកាន់តំណែងម្តងទៀត។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបន្ថែមបាននៅឡើយទេ។
អ្នកវិភាគពីការវិវត្តសង្គម និងនយោបាយ លោក មាស នី ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ជាការរក្សា និងរឹតចំណងទាក់ទងដែកថែបរវាងប្រទេសទាំងពីរ ហើយក៏អាចជាការស្វែងរកជំនួយ និងប្រាក់កម្ចីបន្ថែមពីប្រទេសចិនផងដែរ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងអានេះ វាជាការរឹតចំណងការទូត។ ហើយរឿងមួយទៀត គឺយើងដឹងហើយថា កម្ពុជាកំពុងតែស្វែករកលុយកម្ចីប្រមាណ ២ ពាន់លានដុល្លារទៀតនៅក្នុងឆ្នាំ ២០២៥ ដើម្បីបង្គ្រប់នូវថវិកាជាតិ។ ដូច្នេះ ការបំពេញទស្សនកិច្ចនេះគឺអាចមានទាំងការរឹតចំណងការទូត ការស្វែងរកជំនួយ ហើយនិងអាចទាក់ទិនជាមួយនឹងប្រាក់កម្ចីហ្នឹងផងដែរ»។
បើតាមលោក មាស នី ប្រទេសចិនគឺជាជម្រើសរបស់កម្ពុជាដើម្បីទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ចនិងនយោបាយ នៅគ្រាដែលកម្ពុជាមិនមានទំនាក់ទំនងល្អប្រសើរជាមួយបណ្តាប្រទេសលោកខាងលិច។
កម្ពុជាត្រូវបានគេមើលឃើញថាកំពុងងាកកាន់តែខ្លាំងទៅរកប្រទេសចិន ខណៈទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិចកាន់តែខិតឆ្ងាយ ដោយសារតែបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កាលពីសប្តាហ៍មុន សភាសហភាពអឺរ៉ុបបានព្រមានដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលកម្ពុជា ជាពិសេសទណ្ឌកម្មលើបុគ្គលដែលបានរួមចំណែកធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះខ្លាំង។
លោក ឯក ប៊ុនលី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា ដំណើរទស្សនកិច្ចនេះជាភស្តុតាងនៃការរឹតចំណងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងភ្នំពេញ ដោយកិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសចិន និងកម្ពុជានឹងត្រូវពិភាក្សា។
បើតាមលោក ឯក ប៊ុនលី ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីតម្រូវការយ៉ាងសំខាន់សម្រាប់ការធ្វើពិពិធកម្មពាណិជ្ជកម្ម ទីផ្សារ និងគោលនយោបាយយុទ្ធសាស្ត្រ នៅក្នុងការរៀបចំខ្លួនសម្រាប់រលកពន្ធគយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) ចូលមកដល់នៅឆ្នាំក្រោយ ជាពិសេសដើម្បីធានាឱ្យមានស្ថិរភាពពាណិជ្ជកម្ម និងការវិនិយោគជាមួយចិន នៅគ្រាសេដ្ឋកិច្ចពិភពលោកកំពុងតែពើបប្រទះភាពមិនប្រាកដប្រជានោះ។
លោកសរសេរថា៖ «ជាមួយនឹងគោលនយោបាយគាំពារនិយមលោក ដូណាល់ ត្រាំ និងការដាក់ឱ្យនៅឯកោ អាស៊ីអាគ្នេយ៍ទំនងជានឹងត្រូវបានអាមេរិកមិនអើពើម្តងទៀត ដូចកាលពីអាណត្តិដំបូងរបស់លោក។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើន មិនមែនតែកម្ពុជាទេ បានចាប់ផ្តើមគោលនយោបាយធ្វើពិពិធកម្មទ្វេរដងដោយពង្រឹងទំនាក់ទំនងជាមួយប្រទេសសំខាន់ៗផ្សេងទៀត ដូចជា ចិន កូរ៉េ ជប៉ុន និងអូស្ត្រាលី។ ដូច្នេះហើយប្រទេសកម្ពុជាដែលជារដ្ឋតូចមួយ ចាំបាច់ត្រូវរត់ឱ្យលឿន ដើម្បីតាមទាន់ការវិវត្តនៃភូមិសាស្ត្រនយោបាយដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីអាចរស់បាន»។
បើតាមលោក ប៊ុនលី បញ្ហាមួយចំនួនដូចជាការព្រមានដាក់ទណ្ឌកម្មបន្ថែមពីសភាអ៊ឺរ៉ុប និងគម្រោងថវិការសម្រាប់ព្រែកជីកហ្វូណនតេជោ មិនមែនជាគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះទេ។
ក្រៅពីជាសម្ព័ន្ធមិត្តដែកថែប ចិនក៏ជាម្ចាស់បំណុលធំជាងគេនៃបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាដែលមានចំនួនសរុបជាង ៤ ពាន់លានដុល្លារនៃបំណុលសាធារណៈសរុបក្រៅប្រទេសប្រមាណជា ១១,១៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ត្រីមាសទី ២ ឆ្នាំ ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជាចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែកញ្ញា ឆ្នាំ ២០២៤៕
វេទិកាបញ្ចេញមតិ