ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាម​អាច​បញ្ចុះ​សព​បាន បើ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស់ ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស់ ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ បាន​ប្រកាស​អំពី​ករណី​លើកលែង​ពិសេស​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន ប្រសិនបើ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ ដោយ​លើក​ហេតុផល​អំពី​ការ​គោរព​ប្រពៃណី​និង​ទំនៀមទម្លាប់​ឥស្លាម។

តាម​រយៈ​សារ​ជា​សំឡេង​របស់​លោក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា លោក ហ៊ុន សែន បាន​និយាយ​ថា៖ «ករណី​លើកលែង​ចំពោះ​បង​ប្អូន​មូស្លីម​នៅ​កម្ពុជា ក្នុង​ករណី​ដែល​មាន​មរណភាព​ដោយសារ [ជំងឺ] កូវីដ១៩ នេះ»។

ការ​ប្រកាស​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​រៀបចំ​ឈាបនដ្ឋាន ឬ​កន្លែង​បូជា​សព សម្រាប់​ករណី​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ទទួល​សំណើ​ពី​សហគមន៍​ឥស្លាម​នៅ​កម្ពុជា​អំពី​ការ​បញ្ចុះ​សព​តាម​ប្រពៃណី​ និង​ទំនៀមទម្លាប់​របស់​ពួកគេ ប៉ុន្តែ​លោក​ថា សាសនិក​ឥស្លាម​ត្រូវ​គិតគូរ​រក​កន្លែង​បញ្ចុះ​សព​ឲ្យ​បាន​សមស្រប ជាជាង​បញ្ចុះ «ពាសវាល​ពាសកាល»។

អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ ៥% នៃ​ចំនួន​ពលរដ្ឋ​កម្ពុជា​សរុប​ប្រមាណ ១៦ លាន​នាក់។

គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ទាក់ទិន​នឹង​ការ​ឆ្លង​ក្នុង​សហគមន៍​តាំងពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​មក មាន​ចំនួន​សរុប ៦១៣ នាក់ ដែល​រួម​មាន​ទាំង​អ្នក​ឆ្លង​ចុងក្រោយ​បង្អស់​ចំនួន ៦៤ នាក់​ផងដែរ។

បុរស​ជនជាតិ​ចិន​ម្នាក់ វ័យ ៣៤ ឆ្នាំ បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ដែល​បុរស​រូប​នោះ​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ ព្រែកព្នៅ ក្នុង​ទីក្រុង​ភ្នំពេញ។ មូលហេតុ​នៃ​ការ​ស្លាប់​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​ពន្យល់​ថា​គឺ ​ដោយសារ​ការ​រើ​សារធាតុ​ញៀន​ក្នុង​ខ្លួន​របស់​បុរស​ជនជាតិ​ចិន​រូប​នោះ៕

XS
SM
MD
LG