ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​សម រង្ស៊ី​ហៅ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​បារាំង​ថា​ជា​«ឱកាសមាស»​ ដើម្បី​លាត​ត្រដាង​បទ​ឧក្រិដ្ឋ​លោក​ហ៊ុន សែន


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងកូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងកូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី ដែល​កំពុង​រស់​នៅក្នុង​ប្រទេស​បារាំង ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​បារាំង​ប្រឆាំង​នឹង​រូប​លោក​ថា​ជា​ «ឱកាស​មាស​ដ៏​កម្រ» ​ដើម្បី​ឲ្យ​លោក​អាច​លាតត្រដាង​ «អំពើ​ឧក្រិដ្ឋ» ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក រាប់​ទសវត្សរ៍​មក​ហើយ​នោះ។​

លោក​ សម រង្ស៊ី​ បាន​ថ្លែង​បែប​នេះ​តាម​បណ្តាញ​ហ្វេសប៊ុក​របស់​លោក​ ក្រោយ​ពី​តុលាការ​ប្រទេស​បារាំង​បាន​សម្រេច​ចោទ​ប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​រូប​នេះ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក​ សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ដែរ​នោះ ​បាន​សរសេរ​ថា៖​ «ហ៊ុន សែន​ ធ្លាក់​ចូល​ក្នុង​អន្ទាក់​ខ្ញុំ​ហើយ!​ គាត់​បាន​ប្តឹង​ខ្ញុំ​ពី​បទ​បរិហាកេរ្តិ៍​នៅ​ចំពោះ​មុខ​តុលាការ​ប្រទេស​បារាំង។ ​ធ្វើ​ដូច្នេះ​ គាត់​ផ្តល់​ឱកាស​មាស​ដ៏​កម្រ​ឲ្យ​ខ្ញុំ លាត​ត្រដាង​អំពើ​ឧក្រិដ្ឋ​របស់​គាត់​ និង​ក្រុម​គ្រួសារ​គាត់​ នៅ​ចំពោះ​មុខ​តុលាការ​ឯករាជ្យ​មួយ​ជាលើក​ទី១»។​

លោក​ ហ៊ុន សែន​ និង​លោក ឌី វិជ្ជា ​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ ដែល​ត្រូវ​ជាកូន​ប្រសារ​របស់​លោក​ ហ៊ុន សែន​ និង​ជាកូន​បង្កើត​របស់​លោក​ ហុក ឡងឌី​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ប្រទេស​បារាំង​ប្រឆាំង​នឹង​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​មុន ក្រោយ​ពី​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ចោទ​ប្រកាន់​លោក​ ហ៊ុន សែន​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​ស្លាប់​របស់​អតីត​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក ​ហុក ឡងឌី នៅ​ក្នុង​ការផ្ទុះ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ ដែល​លោក​ ហុក ឡងឌី​បាន​ជិះ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ស្វាយរៀង ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ​គឺ​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨។​

លោក សម រង្ស៊ី ក៏​បាន​អះអាង​ដែរ​ថា លោក ឌី វិជ្ជា ​ក៏​បាន​រៀបចំ​គម្រោង​ការ​ជាមួយរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​សងសឹក​ចំពោះ​ការ​ស្លាប់ឪពុក​របស់​ខ្លួន​ដែរ៕

XS
SM
MD
LG