ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ ហ៊ុន​ សែន​ យល់ព្រម​ឲ្យ​ឈប់​សម្រាក ​៥ ​ថ្ងៃ​ នៅ​ខែ​សីហា​ ជា​សំណង​ចំ​ពោះ​ការ​លើក​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃ​ស្វាគមន៍ ពេល​លោក​ទៅ​ទស្សនា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា CPP ភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​២០២០។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃ​ស្វាគមន៍ ពេល​លោក​ទៅ​ទស្សនា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា CPP ភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​២០២០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​យល់​ព្រម​កំណត់​យក​ថ្ងៃ​ទី​១៧​ដល់​២១ ​ខែ​ សីហា ​ឆ្នាំ​២០២០ ជា​ថ្ងៃឈប់​សម្រាក​សម្រាប់​មន្ត្រី​រាជការ​ និង​កម្មករ​និយោជិត​ជំនួស​ឲ្យ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​ត្រូវ​បាន​លើក​ពេល​តាំង​ពី​ខែ​មេសា​កន្លង​មក។​ នេះ​បើ​យោង​ចំណារ​ឯកភាព​របស់​លោក ​ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១៣​ខែ​កក្កដា​នេះ​ ទៅ​លើ​លិខិត​មួយ​ច្បាប់​របស់​លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ​

ការ​ឯកភាព​នេះ​ធ្វើ​ឡើង ក្រោយ​ពី​គណៈ​កម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុដែល​ដឹកនាំ​ដោយ​លោក​អូន ព័ន្ធមុនីរ័ត្ន ​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន​រួម​ទាំង​ការ​ស្នើ​កំណត់​យក​ថ្ងៃ​ទាំង​៥​នោះ​សម្រាប់​ការ​ឈប់​សម្រាក​សាធារណៈ។​

កាល​ពី​ខែ​មេសា​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើក​ពេល​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន​៣​ថ្ងៃ និង​តម្រូវ​ឲ្យ​មន្ត្រី​រាជការ​ និង​កម្មករ​និយោជិត​ធ្វើ​ការ​ធម្មតា ជា​វិធានការ​មួយ​ដែល​រដ្ឋាភិបាល​បាន​អះអាង​ថា ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​នៅ​គ្រា​នោះ។​

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​១២​ ខែ​កក្កដា ​ឆ្នាំ​២០២០ ​ករណី​ឆ្លង​សរុប​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេសកម្ពុជា​មាន​ចំនួន ១៥៦​ នាក់​ រួម​ទាំង​ជនជាតិ​ខ្មែរ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ ​១៥ ​នាក់ចុង​ក្រោយ​បង្អស់ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មានផ្ទុក​វីរុស​កូរ៉ូណា​ ក្រោយ​ពួក​គេ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​អារ៉ាប់ប៊ីសាអូឌីតកាល​ពី​ចុង​សប្តាហ៍​ផង​ដែរ។ ​នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា៕

XS
SM
MD
LG