ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​មន្ត្រី​ពាក់ព័ន្ធ​លិខិត​ស្នាម​ដីធ្លី​មិន​ស្រប​ច្បាប់


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង ចូលរួម​ទិវាបុណ្យ​ឯករាជ្យ​ជាតិថ្ងៃទី​៩ វិច្ឆកា ឆ្នាំ​២០១៩​ នៅ​រាជធានី​​ភ្នំពេញ​។ (ហ៊ុល រស្មី/វីអូអេ) ​

ក្រោយពី​មាន​ការឃាត់​ខ្លួន​អភិបាលរង​ខេត្តបាត់ដំបង និង​ឧកញ៉ា​មាន​ដី​ច្រើន​នៅ​ស្រុក​គាស់ក្រឡ ទាក់ទងនឹង​ការកាន់កាប់​ដី​មាន​បញ្ហា លោក ស ខេង នៅ​ថ្ងៃពុធ​នេះ បាន​ណែនាំ​ឲ្យ​អភិបាល​ខេត្ត​ទាំងអស់​ចាត់វិធានការ​ច្បាប់​ប្រឆាំង​មន្ត្រី ដែល​បញ្ជាក់ ឬ ចុះហត្ថលេខា​លើ​លិខិតស្នាម​ខុស​ច្បាប់​ពាក់ព័ន្ធ​បញ្ហា​​ដីធ្លី។

ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ​ស ខេង​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ណែនាំ​អភិបាល​ខេត្តទូទាំង​ប្រទេស ​ឲ្យ​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​មន្ត្រី​មាន​សមត្ថ​កិច្ច​ទាំង​ឡាយ​ណា​ ដែល​បញ្ជាក់​ឬ​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម​ខុស​ច្បាប់​ពាក់ព័ន្ធ​បញ្ហាដីធ្លី។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​មហា​ផ្ទៃ​ចុះ​ថ្ងៃ​ទី​៨ ​ខែ​កក្កដា​នេះ លោក​ ស ខេង ក៏​បាន​ជំរុញ​ឲ្យ​អភិបាល​ខេត្ត​ទាំង​អស់​ ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​«ដោយ​សន្តិវិធី តម្លាភាព សុចរិតភាព​និង​យុត្តិធម៌» ដោយ​ត្រូវ​ជួប​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ប្រវត្តិ​ដី​ដែល​មាន​ទំនាស់។

ការ​ណែ​នាំ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ ​បានចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​លោក សង ថន និងអភិបាល​រង​ខេត្ត​បាត់ដំបង​ លោក ស៊ូ អារ៉ាហ្វាត់​ ពី​បទ​សូកប៉ាន់ និង​ស៊ីសំណូក ក្រោយ​ពី​អ្នក​ទាំង​ពីរត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​សប្តាហ៍​មុន ហើយ​ត្រូវ​បាន​ឃុំខ្លួន​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​មួយ​នៅ​ស្រុកគាស់ក្រឡ​ខេត្ត​បាត់​ដំបង។​

កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ លោក ​ហ៊ុន សែនបាន​បញ្ជាឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដក​ហូត​ដី​ពី​លោក​សង ថនវិញ ដោយ​លោកនាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​ថា​ បុគ្គល​រូប​នេះ​«បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុស​ច្បាប់»។​

សារ​ព័ត៌មាន​កោះ​សន្តិភាព​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ បាន​ចុះ​ផ្សាយ​ថា ​លោក សង ថន ​បាន​ប្តឹង​លោក ​ស៊ូ អារ៉ាហ្វាត់​ ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី ​ដោយ​ចោទ​អភិបាល​រង​ខេត្ត​រូប​នេះ​ថា​ បាន​ក្លែង​ឯកសារ​ដាក់​ទៅ​លោក ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​សុំ​កាត់​ដី​រហូត​ដល់​២៥០០​ហិកតា ​មិន​មែន​៧០០​ហិកតា ​ដូច​ការ​ស្នើ​សុំ​របស់​លោក​នោះ​ទេ។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​នេះ​ក៏​បាន​ដក​ស្រង់​សម្តី​របស់​លោក សង ថន ថា​ អភិបាល​រង​ខេត្ត​បាត់ដំបង​នេះ​ បាន​យក​ប្រាក់​របស់​លោក​ចំនួន​២៥០០០​ដុល្លារ ​ដោយ​សន្យា​ថា​ យក​ទៅ​រត់​ការ​ធ្វើ​ប្លង់​ដី​ឲ្យ​លោក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG