ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងនាពេលខាងមុខ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួម​បុណ្យឯករាជ្យជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួម​បុណ្យឯករាជ្យជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​បារាំង​ ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​ដើម្បី​រឹត​ចំណង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន ម៉ាណែត​ ចុះ​ថ្ងៃ​ទី​ ៣ ​ខែ​មករា​ ឆ្នាំ​ ២០២៤។ ​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ​១៨​ដល់​ទី​១៩ ​ខែ​មករា​ ឆ្នាំ ​២០២៤។​

បើ​តាម​លិខិត​អញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​ លោក​ អេម៉ានុយអែល ម៉ាក្រុង​ (Emmanuel Macron)​ ចុះ​ថ្ងៃ​ទី​ ៣១​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣​ ដំណើរ​ទស្សន​កិច្ច​លើកទី​ ១ ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បន្ទាប់​ពី​ចូល​កាន់​តំណែង​ជាង​ ៤ ខែ ​នឹង​ជំរុញ​ទៅ​មុខ​យ៉ាង​ជាក់​ស្តែង​នូវ​វិស័យ​សំខាន់ៗ​ជា​ច្រើន ​ដែល​ជាគ្រឹះ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ ​រួមមាន​វិស័យ​សេដ្ឋ​កិច្ច ​អភិវឌ្ឍន៍ ​យោធា ​បេតិក​ភណ្ឌ ​និង​ហ្រ្វង់កូហ្វូនី ​ដែល​សំដៅ​លើ​អង្គការ​ដែល​ជួយ​លើក​ស្ទួយ​ការ​រៀន​ភាសា​បារាំង។​

លោក​ ម៉ាក្រុង​ បញ្ជាក់​ក្នុង​លិខិត​នោះ​ក្នុង​ន័យ​ដើម​ថា៖​ «ខ្ញុំ​ប្រាថ្នា​ចង់​ឱ្យ​ទស្សន​កិច្ច​នេះ​បើក​លទ្ធភាព​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់​តែ​ស៊ី​ជម្រៅ ​និង​កាន់​តែ​មាន​លក្ខណៈ​សម្បូរ​បែប ​ដើម្បី​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​សកល​ ដែល​យើង​កំពុង​ប្រឈម​មុខ​ជា​អាទិ៍ ​ក្នុង​វិស័យ​អន្តរ​កាល​ថាមពល។ ​ទស្សន​កិច្ច​នេះ នឹង​អនុញ្ញាត​ឱ្យ​យើង​ពិនិត្យ​មើល​មធ្យោបាយ​នានា​ដែល​យើង​អាច​ប្រើ​ប្រាស់​រួម​គ្នា​ ដើម្បី​ពង្រឹង​សណ្តាប់​ធ្នាប់​ពិភព​លោក​ផ្អែក​លើ​ច្បាប់​ ក្នុង​គោល​ដៅ​ធានា​អធិប​តេយ្យ ​ភាព​និង​ឯករាជ្យ​ភាព​ពេញ​លេញ​នៃ​បណ្តា​រដ្ឋ​ទាំង​អស់»។​ ​

អ្នក​វិភាគ​មើល​ឃើញ​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ជា​ភារកិច្ច​ផ្នែក​ការទូត​របស់​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក។​

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ អ្នក​វិភាគ​នយោបាយ​ លោក មាស នី ​លើក​ឡើង​ថា​ ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​បារាំង​មាន​លក្ខណៈ​ល្អ​ ដោយ​សារ​តែ​បារាំង​មាន​ជំហរ​កណ្តាល​និយម ​ប៉ុន្តែ​បារាំង​គឺ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ដែល​ប្រកាន់​យក​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​តម្លៃ​គោល។

លោក​ថ្លែង​ថា៖​ «ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង​ បើ​និយា​យ​អំពី​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ អាហ្នឹង​បារាំង​គេ​នឹង​នៅ​ខាង​សហ​គមន៍​អឺរ៉ុប​ហើយ ​ទោះ​បី​ចង់​មិន​ចង់​ក៏​គេ​លើក​ឡើង​នូវ​ការ​ចង់​ឱ្យ​កម្ពុជា​ហ្នឹង​ធ្វើ​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ឡើង​វិញ»។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ បារាំង​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ច្រើន​ពាក់ព័ន្ធ​វិស័យ​សុខា​ភិបាល​ និង​ការ​ចង់​ពង្រីក​ឥទ្ធិពល​ភាសា​បារាំង​នៅ​កម្ពុជា​ជា​ដើម។​

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ​លោក​ រ៉ុង ឈុន ​ប្រាប់​វីអូអេ​ថា​ ប្រទេស​បារាំង​ជា​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​លោក​ថា​ នេះ​មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព ​និង​អនុវត្ត​ទៅ​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ ជា​ពិសេស​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់។​

លោក​ថ្លែង​ថា៖​ «ត្រូវ​ឱ្យ​មាន​ការ​បើក​លំហ​ដល់​សេរីភាព​នយោបាយ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​ស្មើ​មុខ​ស្មើ​មាត់​ដូច​ដែល​ច្បាប់​កំណត់។​ ទី ២ ​យើង​ចង់​ឃើញ​រដ្ឋាភិបាល​បារាំង​ជំរុញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ»។​

បើ​តាម​ទីប្រឹក្សា​រូប​នេះ​ ដើម្បី​ឱ្យ​មាន​ទំនាក់​ទំនង​ល្អ​ផ្នែក​ការទូត​ជាមួយ​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ កម្ពុជា​ត្រូវ​តែ​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ឱ្យ​បាន​ពេញ​លេញ​ដូច​ការ​ចង់​បាន​របស់​បណ្តា​ប្រទេស​ទាំង​នោះ​ដែរ។​

អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ និង​ជា​បេក្ខជន​ម្នាក់​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នា​ខែ​កុម្ភៈ​ខាង​មុខ​គឺ​ លោក​ សុន ឆ័យ​ លើក​ឡើង​ថា​ បារាំង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ខណៈ​ថា​ មេ​ដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ទាំង​ពីរ​នេះ។​

លោក​បញ្ជាក់​ថា៖​ «ហើយ​ខ្ញុំ​ថា​ ក៏​ជា​ឱកាស​មួយ​ដែរ​សម្រាប់​អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​ការ​សម្រួល​ទៅ​ដល់​បញ្ហា​នៃ​ការ​ធ្វើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ពី​សំណាក់​សហ​គមន៍​អឺរ៉ុប​ ...​ហើយ​ប្រទេស​បារាំង​ជា​ប្រទេស​សមាជិក​អឺរ៉ុប​ដែល​មាន​ឥទ្ធិពល»។​

លោក ​សុន ឆ័យ ​រំពឹង​ថា​ លោក ​ហ៊ុន ម៉ាណែត ​នឹង​ជជែក​ជាមួយ​ប្រទេស​បារាំង​ ដើម្បី​ឱ្យ​ប្រទេស​មួយ​នេះ​ជួយ​នៅ​ក្នុង​ការ​បន្ធូរ​បន្ថយ​ពន្ធ​នៅ​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ប៉ុន្តែ​លោក​ថា​ កម្ពុជា​ក៏​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពួក​គេ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន​ ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ការ​សោក​ស្តាយ​និង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ក្រោយ​កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ ដោយ​អវត្តមាន​គណបក្ស​ជំទាស់ ​គឺ​គណបក្ស​ភ្លើងទៀន។ ​បារាំង​បាន​ជំរុញ​ឱ្យ​កម្ពុជា​ស្តារ​ស្ថាន​ការណ៍​ឡើង​វិញ ​ឱ្យ​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ​១៩៩១ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

ស្ថានទូត​បារាំង​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​នោះ​ថា​៖​ «យើង​អំពាវ​នាវឱ្យ​មាន​ការ​ដោះ​លែង​សមាជិក​គណបក្ស​ជំទាស់​ដែល​ឃុំ​ខ្លួន ​និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ចាំបាច់​ដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ ​ស្រប​តាម​គោល​ការណ៍​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា»។​

កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០២០ ​សហ​ភាព​អឺរ៉ុប​ដែល​បារាំង​ជា​សមាជិក​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​(Everything But Arms)​ ចំនួន​ ២០% ​ពី​កម្ពុជា​ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជា​ដើម។​

បើ​តាម​សារ​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​ប្រទេស​បារាំង​និង​កម្ពុជា​មាន​ទំនាក់​ទំនង​ពិសេស ​ដោយ​សារ​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​រួម​គ្នា​ផង ​ហើយ​កម្ពុជា​ជា​ប្រទេស​និយាយ​ភាសា​បារាំង​ផង ​និង​ម្យ៉ាង​វិញ​ទៀត​ ដោយ​សារ​តួនាទី​របស់​បារាំង​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ក្រោយ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ​១៩៩១។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង​នា​ពេល​ខាង​មុខ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​(WEF)​ ឆ្នាំ​ ២០២៤ ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ស្វីស​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG