ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ការពារថា រដ្ឋាភិបាលវាយតម្លៃផលប៉ះពាល់បរិស្ថានដោយមានការទទួលខុសត្រូវ មុននឹងអភិវឌ្ឍគម្រោង


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ឈរនៅមុខរដ្ឋសភាជាតិ មុនពេលចូលរួមសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ឈរនៅមុខរដ្ឋសភាជាតិ មុនពេលចូលរួមសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ការពារ​ថា​ រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ ខណៈ​ក្រុម​អ្នក​ការពារ​បរិស្ថាន​អះអាង​ថា​ រដ្ឋាភិបាល​មិន​ដែល​បាន​បញ្ចេញ​របាយ​ការណ៍​នោះ​ជា​សាធារណៈ​ឡើយ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត​ ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ ២០២៣​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២៤ ​របស់​ក្រសួង​បរិស្ថាន។​

លោក ​ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា​ ការ​អភិវឌ្ឍ​ទៅ​លើ​គម្រោង​ណា​មួយ​ត្រូវ​គិត​គូរ​ពី​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ ដូច្នេះ​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​សិក្សា។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​បាន​រាល់​គម្រោង​ផ្សេងៗ​ដែល​អាច​មាន​លក្ខណៈ​ប៉ះពាល់​ជាមួយ​នឹង​បរិស្ថាន​ ចាំបាច់​ត្រូវ​តែ​មាន​ការ​សិក្សា​អំពី​ផល​ប៉ះ​ពាល់​ដែល​យើង​ហៅ​ EIA ​[Environmental Impact Assessment]​ ដែល​ពេល​ខ្លះ​ចំណាយ​អស់​ថវិកា​រាប់​លាន​ដុល្លារ​ រាប់​ឆ្នាំ»។​

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ក៏​បាន​បេ្តជ្ញា​ចិត្ត​មិន​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេគង្គ​នោះ​ទេ ​បើ​ទោះ​បី​ជា​វា​បាន​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​ការ​ផលិត​អគ្គិសនី។​ ប៉ុន្តែ​លោក​ថា​ ត្រូវ​ផ្តោត​សំខាន់​លើ​បរិស្ថាន​ជា​មុន​សិន។​

លោក​ថ្លែង​ថា៖​ «យើង​បាន​ប្តេជ្ញា​ចិត្ត​មិន​ឱ្យ​កសាង​ទំនប់​វារី​អគ្គិសនី​ណា​មួយ​នៅ​តាម​ជាប់​ផ្ទាល់​ជាមួយ​ទន្លេ​មេគង្គ​ទេ​ កុំ​ឱ្យ​ប៉ះ​ពាល់​ទោះ​បី​ជា​ផលិត​ភ្លើង​បាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ​នេះ​ជា​កាតព្វ​កិច្ច​របស់​យើង​ដែល​ត្រូវ​ធ្វើ ​…​ធ្វើ​យ៉ាង​ណា​ការ​អភិវឌ្ឍ​របស់​យើង​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ និង​ទៅ​អនាគត​ខ្លី​សម្រាប់​អ្នក….​មាន​បច្ចុប្បន្ន ​….​តែ​ត្រូវ​ថែ​រក្សា​នូវ​បរិស្ថាន​ដើម្បី​មនុស្ស​រាប់​សិប​ជំនាន់​បន្ត​ទៅ​ទៀត។​នេះ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ»។

លោក ​ហ៊ុន ម៉ាណែត ​បាន​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្រ្តី​រយៈ​ពេល៤​ខែ​មក​ហើយ។ ​រដ្ឋា​ភិបាល​អាណត្តិ​មុន​ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក ​គឺ​អតីត​នាយក​រដ្ឋមន្រ្តី​ លោក ​ហ៊ុន សែន ​រង​ការ​រិះគន់​ថា​ មិន​បាន​បង្ហាញ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​សិក្សា​អំពី​ផល​ប៉ះ​ពាល់​បរិស្ថាន ​(EIA)​ ជា​សាធារណៈ​ឡើយ។​

លោក​ ហេង គឹម​ហុង​ ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ ប្រាប់​វីអូអេ​ថា ​កម្ពុជា​មាន​អនុក្រឹត្យ​ស្តីពី​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន ​(EIA)​ ដែល​នឹង​វិវត្ត​ទៅ​ជា​ក្រម​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នៅ​ខែ​កក្កដា ​ឆ្នាំ​២០២៤​ខាង​មុខ។ ​លោក​បន្ត​ថា ​បើ​ទោះ​បី​អនុក្រឹត្យ​ EIA នេះ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​តាំង​ពី​ទស​វត្សរ៍​ ១៩៩០​ក៏​ដោយ​ ក៏​បញ្ហា​ប្រឈម​នានា​នៅ​តែ​បន្ត​កើត​មាន​ឡើង ​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​មិន​បាន​អនុវត្ត​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ជា​មុន​នោះ​ទេ ​នៅ​ពេល​ដែល​ពួក​គេ​អភិវឌ្ឍ​តំបន់​ណា​មួយ។ ​លោក​បន្ថែម​ថា​ មាន​ពេល​ខ្លះ ​ក្រុមហ៊ុន​បញ្ចប់​ការ​សាង​សង់​ហើយ ​ទើប​មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​តាម​ក្រោយ។​

រូបឯកសារ៖ កាណូតមួយបើកបរលើដងទន្លេសាប​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ កាណូតមួយបើកបរលើដងទន្លេសាប​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

បើ​តាម​លោក ​ហេង គឹម​ហុង​ នៅ​ចន្លោះ​ឆ្នាំ​ ២០០៨-២០១៣ ​មាន​ករណី​ជា​ច្រើន​បាន​កើត​ឡើង​ពី​ការ​អភិវឌ្ឍ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហ​គមន៍។​ លោក​បញ្ជាក់​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​នីតិ​វិធី​ EIA ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ខ្លះ​មិន​បាន​ចុះ​ទៅ​ពិភាក្សា​ផ្ទាល់​ជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​សហ​គមន៍​ទេ ​ និង​គ្រាន់​តែ​និយាយ​ជាមួយ​មន្រ្តី​អាជ្ញាធរ​មូល​ដ្ឋាន​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «យើង​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​អំឡុង​ចន្លោះ​ឆ្នាំ​ ២០០៨-២០១៣ ​មាន​សហ​គមន៍​ជា​ច្រើន​ត្រូវ​បាន​រង​គ្រោះ​ ដោយ​សារ​តែ​ការ​អភិវឌ្ឍ​ដោយ​អត់​មាន​ការ​ពិភាក្សា​គ្នា​ជា​មុន ​ឬ​ក៏​ពេល​ខ្លះ​អត់​បាន​ធ្វើ​ EIA​ ទៀត ​ បែរ​ជា​ចុះ​ទៅ​អភិវឌ្ឍ​ជាដើម។​ ទាំង​អស់​ហ្នឹង​បាន​បង្ក​ជា​ផល​ប៉ះ​ពាល់​ជា​ច្រើន​ ហើយ​ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​នីតិវិធី​ EIA ​ដែរ»។​

លោក​ ហេង គឹមហុង ​ក៏​បាន​លើក​ឡើង​ថា​ កន្លង​ទៅ ​ប្រជា​ពលរដ្ឋ​នៅ​សហ​គមន៍​ជាច្រើន​បាន​រង​គ្រោះ​ពី​ការ​អភិវឌ្ឍ ​ដូច្នេះ​លោក​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​ និង​ក្រសួង​បរិស្ថាន​មាន​ការ​បើក​ចំហ​ផ្សព្វ​ផ្សាយ​ពី​របាយ​ការណ៍ ​ឬ​ឯកសារ​ផ្សេងៗ​ស្តីពី​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន ​ដើម្បី​បង្ហាញ​តម្លាភាព​រវាង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ​និង​រដ្ឋាភិបាល​ ក៏​ដូច​ជា​ផ្តល់​ព័ត៌មាន​សំខាន់​នានា​ដើម្បី​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណ​ជន​បាន​យល់​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​នីមួយៗ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​មេត្តា​ចាត់​ទុក​ឯកសារ​ EIA ​ជា​ឯកសារ​សាធារណៈ​ឱ្យ​រាល់​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​ទទួល​បាន​ការ​សម្រេច​ហើយ ​គឺ​ត្រូវ​តែ​មាន​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ឬ​ក៏​ប្រជា​ពលរដ្ឋ​លោក​បាន​ដឹង​បាន​ឮ។ ​សិស្ស​និស្សិត​មាន​ឱកាស​សិក្សា​ស្វែង​យល់​អំពី ​EIA។ សាធារណ​ជន​គាត់​អាច​ដឹង​អំពី​ផល​ប្រយោជន៍​ និង​គុណ​វិបត្តិ​នៃ​ការ​អភិវឌ្ឍ​ នេះ​ក៏​បង្ហាញ​ពី​តម្លាភាព​របស់​រដ្ឋាភិបាល​ចំពោះ​មុខ​ពលរដ្ឋ​ខ្លួន​ដែរ​បាទ»។​

ចំណែក​លោក ​សឿង សារឿន ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រចាំ​កម្ពុជា​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​ដែរ ​ប្រាប់​វីអូអេ​ថា​ ការ​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះ​ពាល់​បរិស្ថាន ​(EIA)​ ជាទូទៅ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​របស់​រដ្ឋា​ភិបាល ​អ្នក​ជំនាញ​បរិស្ថាន ​និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ។​ ប៉ុន្តែ​លោក​ថាមិន​មាន​ឯកសារ​ដែល​ទាក់​ទង​នឹង​លទ្ធ​ផល​ EIA​ ណា​មួយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«កន្លង​មក​ យើង​បាន​ធ្វើ​ការ​ជាមួយ​គ្នា ​ជាមួយ​ក្រសួង​បរិស្ថាន។ ​យើង​ចុះ​ប្រមែ​ប្រមូល​ព័ត៌មាន​ជាមួយ​ក្រសួង​ផង​ ហើយ​ពេល​ខ្លះ​ក៏​យើង​ធ្វើ​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ​របស់​យើង​ផង។ ​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឃើញ​ថា​ កញ្ចប់​នៃ​ការ​វាយ​តម្លៃ​ គឺ​របាយ​ការណ៍​មិន​ទាន់​បាន​បោះ​ពុម្ព​ជា​សាធារណៈ​ទេ»។​

លោក​ សឿង សារឿន ​ជំរុញ​រដ្ឋា​ភិបាល​ឱ្យ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ស្តីពី​លទ្ធ​ផល ​EIA ​ដល់​សាធារណ​ជន​ឱ្យ​បាន​ទូលំទូលាយ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ហើយ​បាន​កន្លង​មក​នេះ​ យើង​ជំរុញ​ឱ្យ​មាន​ការ​តាក់​តែង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឱ្យ​បាន​លឿន​ ដើម្បី​ងាយ​ស្រួល​ក្នុង​សាធារណ​ជន​លោក​អាច​ស្នើ ​ទទួល​បាន​នូវ​របាយ​ការណ៍​នានា​ ដែល​ជា​របាយ​ការណ៍ ឧទាហរណ៍​របាយ​ការណ៍​វាយ​តម្លៃ​អំពី​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​សង្គម​ ទន្លេ ​គម្រោង​កម្មវិធី​វិនិយោគ​អ្វី​ផ្សេងៗ​ជាដើម»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន ​លោក​ អ៊ាង សុផល្លែត ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក​ ផៃ ប៊ុនឈឿន​ បាន​នៅ​ឡើយ​ទេ ​ទាំង​តាម​ទូរស័ព្ទ​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូល​រួម​ដោះស្រាយ​ និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សហ​គមន៍​អន្តរជាតិ ​ទាំង​កម្រិត​តំបន់​ និង​ពិភពលោក ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ក៏​ដូច​ជា​រក្សា​និង​បង្កើន​ភាព​បៃតង​នៃ​ភព​ផែនដី​សម្រាប់​អ្នក​ជំនាន់​ក្រោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG